ប្រជាសហគមន៍១៩៧ប្រមាណ ៤០នាក់ រស់នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បាននាំគ្នាឡើងមករាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកញ្ញានេះ ដើម្បីតាមដានញ្ញតិដែលបានដាក់នៅក្រសួងរៀបចំដែនដី និងជំរុញឱ្យក្រសួងពន្លឿនការដោះស្រាយករណីជម្លោះដីធ្លីដែលបានកើតឡើងអស់រយៈពេលជិត២០ឆ្នាំ។
តំណាងប្រជាសហគមន៍១៩៧ អ្នកស្រី កើត នៅ និយាយថា ប្រជាពលរដ្ឋសម្រេចឡើងមកប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដីដោយផ្ទាល់នេះ ក្នុងគោលបំណងសួរនាំពីការអនុវត្តការងាររបស់មន្រ្តី ទាក់ទិននឹងញត្តិរបស់ពួកគេដែលបានដាក់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលក្នុងញត្តិនោះស្នើឱ្យក្រសួងជួយដោះស្រាយរឿងវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចំនួន២។
អ្នកស្រីបន្តថា កាលពីពេលដាក់ញត្តិនៅចុងខែឧសភានោះ ក្រសួងរៀបចំដែនដីបានប្រាប់ឱ្យពលរដ្ឋបង្វែរការស្វែងរកដំណោះស្រាយជម្លោះដីធ្លី ទៅជាការស្នើសុំដីសម្បទានសង្គមកិច្ចវិញ ហើយពួកគាត់ក៏បានយល់ព្រមចំពោះសំណើរនេះ ដោយដាក់លក្ខខណ្ឌមួយចំនួន ដូចជា សហគមន៍មិនឆ្លងកាត់ការសម្ភាសន៍ឬសួរនាំ ដោយត្រូវផ្ដល់សំណងជាកញ្ចប់ ហើយប្រសិនបើបានសំណងប៉ុន្មានក្នុងមួយគ្រួសារ គឺត្រូវបានស្មើៗគ្នាទាំង ១៩៧គ្រួសារ។
អ្នកស្រីនិយាយថា៖ «ដាក់ញត្តិជំរុញឱ្យក្រសួងដែនដី ជំរុញការដោះស្រាយផ្ដល់ដីសម្បទានឱ្យពួកយើង មិនឆ្លងកាត់ការសម្ភាសន៍ ដោយជាកញ្ចប់ បើឆ្លងការសម្ភាសន៍ពួកយើងមិនព្រមទទួលយកទេ នៅតែទាមទារដំណោះស្រាយ»។
ជុំវិញទំនាស់ដីធ្លីនេះ គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបន្តអូសបន្លាយជិត ២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៧ ដល់ពេលបច្ចុប្បន្ន។ ពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ១២០០ ហិកតា ជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគមន៍ នៅមិនទាន់អាចរកច្រកចេញបាននៅឡើយ។ ក្រៅពីការដាក់ញត្តិទៅក្រសួងដែនដី ប្រជាសហគមន៍ក៏បានដាក់ញត្តិស្វែងរកដំណោះស្រាយពីអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ផងដែរ។
ប្រជាសហគមន៍មួយរូបដែលបានឡើងមកតាមដានញត្តិផងដែរ លោក ប៉ែន ផែងវណ្ណៈ អាយុ៥៩ឆ្នាំ សង្ឃឹមថា ក្រសួងនឹងមានដំណោះស្រាយចំពោះករណីនេះ ដោយសារជម្លោះបានកើតឡើងជាយូរឆ្នាំមកហើយ។ លោកបន្តថា ស្រែចំការ និងដំណាំចន្ទីរបស់លោក បានខ្ទេចខ្ទីនៅពេលដែលក្រុមហ៊ុនបានចាប់ផ្ដើមចូលទៅឈូសឆាយមកដល់តំបន់របស់លោកធ្លាប់អាស្រ័យផល។
លោកបន្តថា បច្ចុប្បន្នលោកនៅមានកូនចំនួនពីរនាក់នៅក្នុងបន្ទុក ដែលពួកគេកំពុងរៀនថ្នាក់ទី៥និងទី៧ ខណៈលោកមានការងារនៅក្រុមហ៊ុនឯកជន និងមានសល់ដីស្រែខ្លះសម្រាប់បង្កបង្កើនផលផ្សំគ្នា។
ប្រជាសហគមន៍រូបនេះ ស្នើឱ្យក្រសួងផ្ដល់ដីសង្គមកិច្ចទំហំ ៣ហិកតា និងសំណង៧ពាន់ដុល្លារ។
លោកនិយាយថា៖ «ដំណោះស្រាយចង់បានដីនិងសំណងខ្លះ ព្រោះកាលគាត់ [ក្រុមហ៊ុន] រំលោភយកទៅ គាត់បានឆូសបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋជាច្រើន ដូចជាដំណាំស្វាយចន្ទី ដីស្រែ ដើមដូង អី»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដីលោក សេង ឡូត មិនអាចសុំការអត្ថាធិប្បាយបាន ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។
ស្របពេលប្រជាសហគមន៍ កំពុងប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដីនេះ គេសង្កេតឃើញមានមន្ត្រីក្រសួង បានចេញមកជួបសួរនាំពួកគាត់ផងដែរ ប៉ុន្តែលទ្ធផលឬការឆ្លើយតបយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយ គិតត្រឹមម៉ោងជាង៤រសៀលថ្ងៃចន្ទនេះ។
ចំណែក អភិបាលរងខេត្តកោះកុង លោក ឈេង សុវណ្ណដា មានប្រសាសន៍យ៉ាងខ្លីជុំវិញបញ្ហាដីធ្លីនេះថា ៖ «យើងបានធ្វើរបាយការណ៍ជូនក្រសួងអស់ហើយ ការងារហ្នឹង។ យើងរាយការណ៍ជូនក្រសួងហើយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)លោក អំ សំអាត មានប្រសាសន៍ថា ជម្លោះដីធ្លីដ៏រាំរ៉ៃនៅសហគមន៍១៩៧ រួមទាំងសហគមន៍ដីធ្លីផ្សេងទៀតក្នុងខេត្តកោះកុង ល្មមដល់ពេលដែលស្ថាប័នពាក់ព័ន្ធពន្លឿនក្នុងការដោះស្រាយ ដើម្បីចៀសវាងប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ខណៈពលរដ្ឋមួយចំនួនក៏ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ដែលជាបន្ទុកដល់គ្រួសារគេបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ករណីនេះ នាំឱ្យប៉ះពាល់ជីវភាពរស់នៅរបស់សហគមន៍ដែលរង់ចាំនូវដំណោះស្រាយ។ ម្យ៉ាងទៀតកន្លងមក មានតំណាងសហគមន៍ជាច្រើននាក់ នៅក្នុងខេត្តកោះកុងនេះត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ដែលជាបន្ទុកមួយបន្ថែមទៀតសម្រាប់គ្រួសារ និងពួកគាត់។ ដូច្នេះករណីដីធ្លីនេះគឺល្មមដល់ពេលដែលក្រសួង និងស្ថាប័នពាក់ព័ន្ធពន្លឿនដំណោះស្រាយសម្រាប់ពួកគាត់ឱ្យបានឆាប់»៕