កម្ពុជា-ថៃសម្រេចឯកភាពគ្នាលើ១១ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ (RBC) រវាងមេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា និងមេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ភាគីទាំងពីរបានសម្រេចឯកភាពលើ១១ចំណុចរួមមានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តអនុវត្តសេចក្តីសម្រេចនៃកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រក្សាទំនាក់ទំនងជាប្រចាំរវាងយោធភូមិភាគនិងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព ជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង និងឯកភាពមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា រាល់ការធ្វើសកម្មភាព ដើម្បីធានាសុវត្ថិភាព រួមទាំងការល្បាតនិងការសាងសង់ឬការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ឬលេណដ្ឋាន ដែលមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងស្ថិតនៅតែខាងខ្លួនឯងប៉ុណ្ណោះ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងឯកភាពជាគោលការណ៍បង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បីពង្រឹងទំនាក់ទំនងគ្រប់កម្រិត។
ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវឆន្ទៈ ធ្វើកិច្ចសហប្រតិបត្តិការនិងកិច្ចសហការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធនិងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត និងបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័សចំពោះការតវ៉ាទៅលើជម្លោះណាមួយដែលកើតមានឡើងតាមព្រំដែន។ ភាគីទាំងពីរក៏ឯកភាពគ្នាផងដែរថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល១ខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទដោយ ឃុត ពិសី