តុលាការព្រះវិហារ​ឃុំខ្លួនមនុស្ស​​​៣​នាក់ ពាក់​​ព័​ន្ធ​​បទល្មើសព្រៃឈើ​​ក្នុង​​តំបន់​​ការ​​ពារព្រៃ​ព្រះរការ

សាលាដំបូង​​ខេត្តព្រះវិហារ បាន​សម្រេច​ឃុំខ្លួន​ជន​សង្ស័យ​ចំនួន ៣នាក់ និង​កំពុង​ស៊ើប​អង្កេត​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែលលួ​ច​កាប់​ព្រៃ​ខុស​ច្បាប់ នៅ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ព្រៃព្រះរការ ខេត្តព្រះវិហារ ក្រោយ​សហគមន៍​​ចុះ​ល្បាត​​រក​​ឃើញ​​បទ​ល្មើស ​និង​រាយការណ៍ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យ​ដឹង​នៅថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៦​នេះ​ថា ក្រោយ​ពី​មាន​សេចក្តី​រាយ​ការណ៍​ពីប្រជាសហគមន៍ថា​មានបទល្មើស​លួចកាប់ឈើនៅតំបន់​អូរស្កាច (តំបន់៩៤) នៃដែនជម្រកសត្វព្រៃឆែប-ព្រះរការនោះ ​ក្រសួង​បាន​ចាត់មន្ត្រី​ជំនាញ​ និង​​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរបរិស្ថាន​ខេត្ត​ ចុះពិនិត្យ​ស្រាវ​ជ្រាវ ស៊ើប​អង្កេត និង​បាន​​បង្រ្កាប​​ភ្លាមៗនៅ​នឹង​កន្លែង។

លោក​បន្តថា ក្នុង​ប្រតិបត្តិការណ៍​នោះ មន្ត្រី​ជំនាញ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ៣​នាក់ កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ ហើយ​សាលា​ដំបូង​ខេត្ត បាន​សម្រេច​ឃុំខ្លួន​​ជន​សង្ស័យ​ទាំងនោះ​​ជា​បណ្តោះអាសន្ន។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់​ដែរ​​ថា៖ «នៅពេលចុះប្រតិបត្តិការ យើងក៏ជួបប្រទះនឹងជនល្មើសកំពុងតែដឹកឈើ​ចេញពីតំបន់ការពារធនធានធម្មជាតិ នៅក្នុងនោះយើងឃាត់ឈើអារដូចមានរូបភាពហ្នឹង និងឃាត់ខ្លួនមនុស្ស និងជនសង្ស័យនោះ៣នាក់ និងបញ្ចូនទៅតុលាការ​»។

បើតាមមន្ត្រី​អ្នក​នាំ​ពាក្យ​រូបនេះ ក្រសួង​នឹង​បន្ត​ធ្វើកា​រ​ត្រួត​ពិនិត្យ និង​ស៊ើប​អង្កេត ដើម្បីស្វែងរកអ្នកបញ្ជា និងអ្នកពាក់ព័ន្ធបទល្មើសធនធានធម្មជាតិនេះបន្ថែមទៀត ដើម្បីមកទទួលទោសតាម​ផ្លូវ​ច្បាប់។

លោកថ្លែងថា៖ «ក្រុមការងារក្រសួងនៅតែបន្តធ្វើការនៅក្នុងតំបន់ការពារនេះបន្ថែមទៀត ដើម្បីស៊ើបអង្កេតទប់ស្កាត់បទ​ល្មើស​ធនធានធម្មជាតិជាពិសេសតំបន់ភូមិសាស្ត្រខេត្តព្រះវិហាររកអ្នកដែលកាប់ព្រៃឈើបន្តទៀត និងអ្នកនៅពីក្រោយ​ខ្នង។ នីតិវិធីនេះ នឹងនៅតែបន្តទៀត» ។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារលោក ស្រេង វុទ្ធា  បានឱ្យដឹងថា ក្រោយតុលាការទទួលបានសំណុំរឿងនេះ សាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន​ជនទាំង៣នោះ នៅពន្ធនាគារ​ខេត្ត​​​ជាបណ្តោះអាសន្ន​​ ក្រោម​ការ​​​ចោទប្រកាន់ពីបទ «ដឹកជញ្ជូន​ធនធានធម្មជាតិដោយគ្មានលិខិត​អនុញ្ញាត»​ ប្រព្រឹត្តនៅចំណុចទីលានចាក់សម្រាម ស្ថិត​ក្នុងភូមិ​បុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ កាល​ពីថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២៦ ​ដែល​​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ មានចែង និង​ត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៨៥០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

បើតាម លោក ស្រេង វុទ្ធា បុរស​ជា​​​សង្ស័យទាំង ៣នាក់នេះ រួមមាន ឈ្មោះ នុត ជា អាយុ ៤៧​ឆ្នាំ, ឈ្មោះ ខុន សាស អាយុ ៣២​ឆ្នាំ និង​ឈ្មោះ សាធ វី អាយុ ៣៣ឆ្នាំ។

លោក​ថា៖ «​តុលាការដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ពីបទ ដឹក​ជញ្ជូន ធន​ធាន​ធម្ម​ជាតិ​ដោយ​​គ្មាន​​លិខិតអនុញ្ញាត ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី»។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ៨៥០ ចែងថា បុគ្គល​ណាដែ​ល​ប្រព្រឹត្ត​អំពើប​ទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ថ្នាក់​ទី២ នៅ​ក្នុង​តំបន់​ការពារធម្មជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនា​គារពី ១(មួយ)ឆ្នាំ ទៅ​៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០ (មួយរយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំ​រយ​លាន) រៀល។

យុវជនជនជាតិដើមភាគតិចកួយដែលបានសហការជាមួយអាជ្ញាធរដោយជូនពួកគេទៅត្រួតពិនិត្យទីតាំងផ្ទាល់ កាលពីម្សិលមិញ លោក ខាក់ ភារិទ្ធម៉ាស៊ី សាទរចំពោះចំណាត់ការរបស់ក្រសួង​បរិស្ថាន។

លោកមានប្រសាសន៍ថា៖ «គឺថាល្អ ចំណាត់ការរបស់ក្រសួង និងមន្ទីរដែលបានចាប់បានជនល្មើស ប៉ុន្តែខ្ញុំបានចុះទៅជាមួយមន្ត្រីដែនដែរ កាលពីម្សិល[មិញ] អត់បានឃើញជនល្មើសទេ មិនដឹងក្រុមមន្ត្រីគាត់ចុះទៅចំនុចណាខ្លះដែលបានចាប់ ព្រោះខ្ញុំទើបឃើញព្រឹកមិញ ក្រសួងថាចាប់បានជនល្មើសបីនាក់បែបនេះ» ។

តែយ៉ាងណា​ លោកថា លុះត្រាតែអាជ្ញាធរ​ស៊ើបអង្កេតចាប់មេខ្លោង​​បាន ទើប​បទល្មើសព្រៃឈើ​អន់ថយ។

លោកថា៖ « ប្រសិនជាចង់ឱ្យបទល្មើសអន់ថយមែនទែន គួរណាតែស៊ើបសួររកថៅកែណា ឬក៏ឈ្មួញ​ណា​ដែល​ទិញឈើចេញពីព្រៃយកទៅលក់ ចង់ឱ្យមន្ត្រីបរិស្ថានស៊ើបដើម្បីចាប់មេក្លោងបាន ទើបព្រៃ​ឈើ​វា​អត់​អស់» ។

​ស្រដៀងគ្នានេះដែរ ប្រធានសហគមន៍ជនជាតិដើមភាគតិច​កួយ លោក ថាប់ សុខឃី ស្នើឱ្យក្រសួងធ្វើការស៊ើបអង្កេតឱ្យបានម៉ត់ចត់ ដើម្បីចាប់អ្នក​នៅពីក្រោយ​ខ្នង​​ពិតប្រាកដ។

លោក​ថា៖ «ប្រហែលជាមានថៅកែដែលទិញឈើ ទើបពួកគាត់​ទៅកាប់ ទៅអារ ខ្ញុំចង់ឱ្យក្រសួងស៊ើបអង្កេត​ថានរណា​ជា​អ្នកបញ្ជាពិតប្រាកដ គាត់លក់ឱ្យថៅកែណា ដើម្បីងាយស្រួលនៅក្នុងការធ្វើការ និងចាប់បានអ្នកនៅពីក្រោយពិតប្រាកដ » ។

កញ្ញា ហេង គឹមសួ មន្ត្រីផ្នែកគោលនយោបាយ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ សាទរចំពោះចំណាត់ការ​ភ្លាមៗរបស់ក្រសួង និង​សង្ឈឹមថា ករណីបន្តបន្ទាប់ទៀត ក្រសួងនឹងចាត់វិធានការរឹតបន្តឹងច្បាប់ទៅលើជនល្មើស​ដែលប្រព្រឹត្តិបទល្មើសព្រៃឈើខុសច្បាប់នេះផងដែរ។

កញ្ញាថា៖ «ដំណោះស្រាយ ដើម្បីកុំឱ្យមានករណីកាប់ឈើខុសច្បាប់នៅតែបន្តកើតមានទៀត គឺរដ្ឋាភិ​បាល​គួរតែ​រឹតបន្តឹង​ច្បាប់ មន្ត្រីក្រសួងបរិស្ថានគួរតែសហការណ៍ជាមួយនឹងអ្នកដែលរស់នៅតំបន់នោះផ្ទាល់ ដែលគាត់ស្គាល់ពីភូមិសាស្ត្រ​​ទីតាំងនោះ ហើយសហការណ៍ជាមួយគាត់ ដើម្បីចុះចាប់បទល្មើសទាំងអស់គ្នា និងដាក់ទោសទៅលើអ្នកដែលប្រព្រឹត្ត​យ៉ាងធ្ងន់ធ្ងរ​ទៅលើអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់ទាំងនោះ» ។

ជាមួយគ្នានេះ កញ្ញា ហេង គឹមសួរ​ ស្នើឱ្យក្រសួងយកចិត្តទុកដាក់លើបញ្ហានេះ និងផ្តល់ជាកញ្ចក់ថវិកា ឬគាំទ្រដល់ប្រជាសហគមន៍ឱ្យពួកគាត់អាចចុះល្បាតព្រៃ ព្រោះនេះមិនមែនគ្រាន់តែជាអត្តសញ្ញាណរបស់ដូនតាពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែជាអត្ថប្រយោជន៍សម្រាប់មនុស្សទាំងអស់គ្នា។

បើតាម​អង្គការ​ភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ តំបន់ដែនជម្រកសត្វព្រៃព្រះរការ ទំហំ​​ជាង ​៩០ ៣៦១ ហិកតា ហ៊ុមព័ទ្ធដោយស្រុក​ចំនួន​៣ ក្នុង​​ខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាដែនជម្រកសត្វព្រៃព្រះរកា កាលពី​​ថ្ងៃទី៩ ​​​ខែ​ឧសភា ឆ្នាំ​២០១៦​។ យ៉ាងណា ​​អង្គការ​នេះ​សង្កេត​ឃើញថា បើ​ទោះបីជាដាក់បញ្ចូល​ព្រៃព្រះរការ ជា​តំបន់​ការពារក្តី ប៉ុន្តែ​​បទល្មើសព្រៃឈើនៅតំបន់នេះ នៅតែបន្តកើតមានជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍