ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នរវាងកម្ពុជា និងថៃ មិនមែនជាការគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែជាការកំណត់នូវខ័ណ្ឌសីមានៅលើដីជាក់ស្តែង ដែលបញ្ជាក់ពីខ្សែព្រំដែនដែលត្រឹមត្រូវ និងច្បាស់លាស់រវាងប្រទេសទាំងពីរ ដើម្បីធានាការការពារអធិបតេយ្យភាពជាតិ។
យោងតាមសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅមុខទៀត។
លោកបន្តថា ស្របតាមស្មារតីដែលបានឯកភាពគ្នា រវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ ៥២-៥៩ នៅខេត្តបាត់ដំបងដែលការងារនេះ មិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេស ដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ បានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះ មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបង គឺដើម្បីកំណត់នូវខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវ និងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗ ដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្របតាមបែបបទការងារឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស ដែលភាគីទាំងពីរបានឯកភាពគ្នា»។
លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។
លោកបានសង្កត់ធ្ងន់ថា៖ «កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ»។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីមានការលើកឡើងជាហូរហែរតាមបណ្ដាញសង្គម ដោយមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិការចោទជាសំណួរ និងការបង្ហាញពីកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និងលេខ៥២-៥៩ ទាក់ទិនទៅនឹងការខាត ឬចំណេញដី ពីសំណាក់ភាគីណាមួយ។
Press Start Cambodia មិនទាន់អាចសុំការអធិប្បាយបន្ថែមជុំវិញករណីនេះ ពី លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទេនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះ។
ចំណែក លោក លី សុវណ្ណារិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍យ៉ាងខ្លីថា លោកមិនអាចផ្ដល់ការវិវឌ្ឍចុងក្រោយនៃការវាស់វែង និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃ បានទេ ដោយសារតែលោកមិនមែនជាសមាជិកនៅក្នុងក្រុមការងារបោះបង្គោលផ្ទាល់។
លោកបានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងកិច្ចការព្រំដែននេះ ខ្ញុំអត់បានមាននៅក្នុងក្រុមការងារបោះបង្គោល ពាក់ព័ន្ធនឹងគណៈកម្មាធិការខណ្ឌសីមាចម្រុះកម្ពុជា-ថៃហ្នឹង គេមានក្រុមការងារគេ។ អ៊ីចឹងពាក់ព័ន្ធនឹងការបោះបង្គោលនេះ អាចស្ដាប់សាររបស់សម្ដេចបវរធិបតីទៅ ដឹងច្បាស់ហើយ»។
ពាក់ព៌ន្ធនឹងរឿងនេះ អ្នកវិភាគកិច្ចការសង្គម និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន យល់ថា ការចេញមុខមកបកស្រាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជុំវិញបញ្ហាព្រំដែននេះ គឺជារឿងល្អ ដើម្បីផ្ដល់ព័ត៌មានបន្ថែមទៅដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងលុបបំបាត់ ក៏ដូចជាកាត់បន្ថយការសង្ស័យ និងការព្រួយបារម្ភរបស់ពួកគាត់ ជុំវិញបញ្ហាព្រំដែននេះ។
លោកថា៖ «ការបញ្ចេញយោបល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងការងារចុះវាស់វែង និងបោះបង្គោលព្រំដែនរវាងអាជ្ញាធរខ្មែរជាមួយនិងថៃ វាជាសញ្ញាល្អដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋយើង ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន។ […] បើទោះបីជាការលើកឡើងទាំងនោះ មានភាពលើសលស់ដែលអាចប៉ះពាល់ដល់អារម្មណ៍របស់មន្ត្រីប្រតិបត្តិការ ប៉ុន្តែនេះគឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យសេរី ដែលប្រជាពលរដ្ឋមានសិទ្ធិនៅក្នុងការសួរនាំនិងបញ្ចេញមតិ ដល់ពេលខ្លះអាចបង្កប់នូវការសង្ស័យ ប៉ុន្តែវាគឺជារឿងធម្មតាទេ»។
អ្នកវិភាគកិច្ចការសង្គមរូបនេះ បន្តថា អ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើបន្តនោះ គឺផ្ដល់ព័ត៌មានជាប្រចាំ និងទៀងទាត់ គ្រប់ជ្រុងជ្រោយទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីដំណើរការនៃការវាស់វែង និងបោះបង្គោលព្រំដែន។
លោកបានលើកឡើងថា៖ «ករណីមួយទៀត ប្រសិនបើមានការដឹងឮ និងការចូលរួមសង្កេតពីភាគីពាក់ព័ន្ធមួយចំនួន ដែលអាចចាត់ទុកជាក្រុមដែលមានជំហរអព្យាក្រឹត្យចំពោះជាតិ និងមានការផ្សព្វផ្សាយទូលំទូលាយ ខ្ញុំជឿថា អាចនឹងកាត់បន្ថយការយល់ច្រឡំ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទៅលើដំណើរការនៃការវាស់វែង»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យដឹងថា បើគិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ បានចំនួន ១៥៧ បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន ១៦៦ ស្មើនឹង ប្រមាណ ៩៥%។
ប្រភពដដែលបន្តថា ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ ដល់ ៤៧ ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។
បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានចុះអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដោយសម្រេចបានប្រវែងប្រមាណ ៥,៣ គ.ម ស្មើនឹងប្រមាណ ៧៦% ដោយការងារ ថតរូបពីលើអាកាសនេះនឹងបញ្ចប់នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ៕

