សមត្ថកិច្ចខេត្តព្រះសីហនុ​​ឃាត់ខ្លួន​មនុស្ស​ជិត​៥០នាក់ ក្នុងករណីផ្ទុះអាវុធ​រវាង​ជន​ជាតិ​​ចិន​​២ក្រុម

សមត្ថកិច្ចខេត្តព្រះសីហនុ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន នេប៉ាល់ និង​ខ្មែរសរុបជិត ៥០នាក់ ក្នុង​​​ករណី​ផ្ទុះអា​វុធ​រវាងជនជាតិចិន​២ក្រុម នៅហាងបាយមួយ​កន្លែង ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខណៈហេតុការណ៍នេះ ​បាន​បង្ក​នូវកា​រភ័យខ្លាចជាថ្មីទៀត​សម្រាប់​ពលរដ្ឋរស់​​​នៅទីនោះ។​

តាមរយៈទំព័រហ្វេសប៊ុក​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញផ្សាយថ្ងៃទី១២ ខែកញ្ញានេះ ​បានឱ្យដឹង​ថា សមត្ថកិច្ចចម្រុះ​បាន​ចុះប​ង្ក្រាប​ករ​ណី​ផ្ទុះ​អាវុធ​ រវាង​ជន​ជាតិ​ចិន​២ក្រុម នៅហាង​បាយ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​ពលរដ្ឋ​រាយការណ៍​ករណី​នេះ​ ទៅកា​ន់​សមត្ថ​កិច្ច​​​កាលពី​​ម៉ោង២២យប់ ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៥។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ដំបូង​សមត្ថកិច្ច​បានឃាត់ខ្លួនបានជនសង្ស័យ​ជនជាតិចិន បាន១៤នាក់ (ស្ត្រីម្នាក់)។ ក្រោយ​មក​ កម្លាំង​ជំនាញ​បាន​បន្ត​ស្រាវ​ជ្រាវ​ជាបន្ត​បន្ទាប់ និង​បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន​ ៤៧នាក់ (​ស្ត្រី៥នាក់) ដែលក្នុង​មាន​ជនជាតិ​ចិន ៣៥​នាក់ ជនជាតិ​នេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់។

ប្រភពបន្ត៖ «ចំពោះមូលហេតុ ករ​ណី​ផ្ទុះអា​វុធ​ខាង​លើ សមត្ថកិច្ច​កំពុង​សាក​សួរ និង​ស្រាវ​ជ្រាវ​។ ករណី​ខាង​លើ​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​អយ្យការអមសាលា​ដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់»។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា សមត្ថកិច្ចបានដកហូតវត្ថុតាងពីករណីនេះ ដូច​ជា អាវុធវែង ២ដើម និង​អាវុធខ្លី ១១ដើម គ្រាប់ជាច្រើនគ្រាប់ ម្សៅសដែលសង្ស័យ​ជាសារធាតុញៀនមួយចំនួន ព្រមទាំងរថយន្តចំនួន ៥គ្រឿង។

ស្នងការ​នៃ​ស្នងការ​ដ្ឋាននគរបាល​ខេត្តព្រះសីហនុ លោក​ ស រដ្ឋា បាន​បដិសេធអត្ថាធិប្បាយ​បន្ថែមជុំវិញករណី​នេះ។​

ប្រជា​ពលរដ្ឋម្នាក់រស់​នៅខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា អ្នក​ស្រី​មានការ​ព្រួយ​បារម្ភ​​នៅ​ពេល​ដែល​មាន​ករណី​ផ្ទុះ​អាវុធ​ដែល​បង្កឡើង​ដោយជនជាតិ​ចិន​ កើត​ឡើ​ង​​នៅ​ក្នុងតំបន់​ដែល​គាត់​រស់​នៅ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ពលរដ្ឋ​ស្លូត​ត្រង់។

អ្នកស្រីថា៖ «នៅពេលដែលមានបញ្ហាផ្ទុះអាវុធអី គឺយើងព្រួយបារម្ភណាស់ ព្រោះអាវុធវាអត់មាន​ភ្នែកទេ វាអត់ដឹងថាអ្នកណាមិត្តអ្នកណាសត្រូវទេ ហើយអ្នកណាបាញ់ចេញពីកន្លែងណាទៅកន្លែងណា ទោះបីជាយើងមិនពាក់ព័ន្ធជាមួយករណី​ហ្នឹង ក៏វាអាចរត់មករកយើងដែលជាអ្នកអត់ដឹងអីដែរ ហើយដែលពេល​ណា​មានគ្រោះថ្នាក់មានអីបញ្ហាឡើង វាអាចបើវាធ្ងន់ធ្ងរវាអាចបាត់បង់ជីវិត បើវាតិចតួចទេវារបួសស្នាម»។

អ្នកស្រី ជៀប សុធារី សាទរដែលសមត្ថកិច្ចបង្ក្រាបបាននូវករណីផ្ទុះអាវុធនេះ ហើយអ្នកស្រីសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ​ដាក់​ទោស​ជន​បង្ក​ទៅ​តាម​ច្បាប់ ដោយ​គ្មាន​ការ​អនុ​គ្រោះ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព។

កញ្ញា សឿង ណារី អាយុ២៨ឆ្នាំ​​ រស់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ បាន​បង្ហាញ​ការ​ភ័យ​ខ្លាច​ និងការ​ព្រួយ​បារម្ភដែរ​ថា សកម្មភាពរបស់ជនបរទេស​ទាំង​នោះ ក៏​អាច​នឹង​ប៉ះ​ពាល់សន្តិសុខ សណ្តាប់​ធ្នាប់ និង​ប៉ះពាល់​​ដល់​​ភ្ញៀវ​​ទេសចរក្នុង​ស្រុក​​ និង​ក្រៅ​ប្រទេស។

កញ្ញាថា៖ «បើសិនជានៅតែ លក្ខណៈថាសេរី[បាញ់បោះ]​ពេកចឹ​ង​ទៅ បា​ត់បង់ភ្ញៀវ និយាយទៅមិនថាភ្ញៀវបរទេសទេ ភ្ញៀវជាតិក៏មិនហ៊ានមកដែរ គេខ្លាចហាស គេខ្លាចការបាញ់បោះហ្នឹង​ ចឹង​គេមិ​ន​សូវ​មក​ទេ ហើយមួ​យទៀ​ត​ដូច​អ្នក​កំពង់​សោម បើ​សិន​ជា​ទៅ​លេង​ភាគ​ច្រើន គេ​អត់​សូវ​ដើរ​លេង​យប់​ទេ គេដើរ​តែ​​ពេល​ថ្ងៃ​អីចឹង មនុស្ស​ច្រើន​ពេក​ក៏​គេ​អត់​ដើរ​ដែរដោយ​សារ​អី គេដឹងថាតំបន់ណាវាម៉េច តំបន់ណាវាម៉េច​ចឹង វាជាការប្រុងប្រយ័ត្នរបស់ប្រជាជនដែរចឹង ហើយមួយទៀតបើសិនជាមានបញ្ហាអីកើតឡើង អ្នកដែលរស់នៅហ្នឹងផ្ទាល់ម៉ង គេរត់អស់​ ហើយគេអត់ជួយទេ ព្រោះគ្រាប់កាំភ្លើង​អត់​ភ្នែកទេ»។

ចំណែកឯ ពលរដ្ឋម្នាក់ទៀត លោក កែវ តុលា រស់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភ​ទាក់ទងនឹងសុវត្ថិភាព និងអាជីវកម្មនានារបស់​លោកផងដែរ។

លោកថា៖ «អ្នកនៅម្តុំហ្នឹង តាមមើលទៅវាមិនសូវច្រើនទេ ណាមួយ​ការបាញ់បោះនេះ កំពង់សោមមែន តែលើកទីមួយទេ ​ចូលប៉ុន្មានឆ្នាំមុនហើយ ដូចបងដឹងស្រាប់ ហើយការបារម្ភវាមាន​ហើយ ទី១​ការលក់ដូរ ទី២ការដើរហើរ ទី៣​ការទុកដាក់ទ្រព្យសម្បត្តិរបស់គាត់ ទី៤ ទាក់​ទង​នឹង​សុវត្ថិភាពតាមផ្លូវ អាហ្នឹងវាត្រូវតែមានការព្រួយបារម្ភទៅលើសុខសុវត្ថិភាព»។

លោកស្នើឱ្យ​អាជ្ញាធរ​ពង្រឹងបន្ថែម ទៅលើការត្រួតពិនិត្យកា​រប្រើ​ប្រាស់​​អាវុធ​​ផ្សេងៗ​​របស់​​ជន​ជាតិ​​ចិន​ទាំងនោះ​។

លោកថា៖ «សំណូមពរមានតែឱ្យខាងអ្នកដែលរៀបចំសណ្តាប់ធ្នាប់ ​មន្តី្រដែលគាត់មើលអាហ្នឹង​ឱ្យគាត់ជួយពង្រឹងបន្ថែម​លើការល្បាត លើការឆែកឆេរអាវុធ​ទៅតាមដងផ្លូវពេលយប់ឡើង​អី»។

ជុំវិញករណីនេះ អ្នកសម្របសម្រួលសមាគមន៍អាដហុកប្រចាំខេត្តព្រះសីហនុ លោក ង៉ែត ស៊ីណាត សង្កេត​ឃើញថា បញ្ហាផ្ទុះអាវុធតែងតែកើតមានឡើងជាបន្តបន្ទាប់ នាពេលកន្លងទៅ ក៏ប៉ុន្តែករណីនេះជារឿងគួរឱ្យចាប់​អារម្មណ៍ ព្រោះវាបានបង្កអសន្តិសុខដល់ពលរដ្ឋក្នុងខេត្តព្រះសីហនុ។

លោកមានប្រសាសន៍ថា៖ «ក្នុងករណីនេះ យើងមើល​ឃើញថា មានករណីកើតឡើងបាញ់បោះ ឬក៏អីហ្នឹងជាហូរហែរមកដែរ​ពីមុនទៅតាមសារព័ត៌មាន ក៏ដូចជាភាពជាក់ស្ដែង[…]នេះគឺជាករណីមួយដែលយើងគួរតែចាប់អារម្មណ៍ ដែលវាធ្វើឱ្យមានអសន្តិសុខនៅក្នុងខេត្ត នៅក្នុងតំបន់ដែលមានបញ្ហា អ៊ីចឹងទេវាធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ[…] និយាយរួមវាអសន្តិ​សុខ ប្រជាពលរដ្ឋពិបាកក្នុងការប្រកបអាជីវកម្មលើអីផ្សេងៗ នៅក្នុងការរកស៊ីចិញ្ចឹមជីវិត​របស់ពួកគាត់»។

ករណីនេះ លោក ង៉ែត ស៊ីណាត ស្នើរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះ​សីហនុ ចាត់​វិធានការ ដោយពង្រឹងការ​អនុវត្ត​​ច្បាប់ និងរឹត​បន្តឹង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍