ក្រុមបាល់ទះ​ស្នងការនគរបាល​រាជធានីភ្នំពេញ លើក​ពាន​ជើងឯកលើកដំបូង

ដោយៈ

Press Start Cambodia Avatar

ក្រុមបាល់ទះស្នងការនគរបាល​រាជធានីភ្នំពេញបាន​យក​ឈ្នះ​ក្រុមស្នងការនគរបាល​ខេត្ត​កោះ​កុងក្នុងលទ្ធផល ​៣សិតទល់នឹង​០ ក្នុងជំ​នួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាល​ទី៤​ ដោយ​លើក​ពាន​ជើង​​ឯក​​​លើក​ដំបូង​​ក្នុង​ប្រវត្តិរបស់​ខ្លួន​។​

ជាមួយ​នឹងពាន​ជើងឯកអម​ជាមួយ​ទឹកប្រាក់​ ៥០លាន​រៀលកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ​២០២៦ ​ក្រុមបាល់ទះស្នងការនគរ​​បាល​​រាជធានីភ្នំពេញ មិន​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្ររបស់ខ្លួនខកចិត្តនោះទេ​ ដោយបង្ហាញទម្រង់​​លេងយ៉ាងល្អ ស៊ីសង្វាក់គ្នានិង​វាយ​ផ្តាច់​​​ប្រកប​ដោយ​ទំនុកចិត្ត​។

ពី​មួយ​ប្រកួត​ទៅ​មួយប្រកួត ក្រុម​ស្នងការនគរបាល​រាជធានីភ្នំពេញ​ហាក់មានស្មារតីប្រ​​កួតខ្លាំងក្លា ជា​ពិសេស​នៅ​ពេលឈានជើងចូល​មកដល់វគ្គផ្ដាច់ព្រ័តនេះ។ ពួកគេ ធ្វើ​​ឲ្យអ្នកទស្សនាអង្គុយលែងជាប់ ក្រោកឈរ ស្រែកហ៊ោបន្ទរតាម​ភ្លេង​​ស្ទើរតែពេញ​កីឡដ្ឋាន។ លើសពីនេះ អ្នកគាំទ្រមួយចំនួនរំភើបដល់ស្រក់ទឹកភ្នែកចំពោះជ័យជម្នះ​មួយនេះ ផងដែរ។

នៅរដូវកាលនេះ កីឡាករ ចាន់ វាសនា ជាប់​ជា​កីឡាករ​ល្អ​ផ្តាច់​គេ​ប្រចាំ​ព្រឹត្តិ​ការ​ណ៍ និង​ជា​អ្នកប្រយុទ្ធ​​ស្លាប​ស្តាំ​ល្អ​ជាង​គេ។  រុន សុខជា ជា​កីឡាករ​ប្រយុទ្ធ​ស្លាប​ឆ្វេង​ល្អ​ជាង​​គេ ហើយ​អ្នក​លើក​បាល់​ យ៉ុន ខេមរៈ ទទួលបានពាន​កីឡាករ​លើក​បាល់​ល្អ​ជាង​​គេ និង​កីឡាករ ឧក រដ្ឋា ឈ្នះ​ពាន​កីឡាករ​ធ្វើ​រនាំង​ការពារ​ល្អ​ជាង​គេ។

សូមបញ្ជាក់ថា មុនពេលក្រុមបាល់ទះស្នងការនគរបាល​រាជធានីភ្នំពេញ ឡើងមក​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ ពួកគេ​បានយកឈ្នះ​លើក្រុម​សមាគមន៍កីឡាបាល់ទះវិសាខា ៣-០​​។

ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាល​ទី៤នេះ មានក្រុមចូល​រួម​ប្រកួត ៣២ក្រុម ដោយបែងចែកជា ៥ពូល និង​ចំណាយរយៈពេលជិត១ខែ ពោលគឺ​ចាប់ពីថ្ងៃទី៧ ខែកុម្ភ: ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដោយ​​ប្រកួតជម្រុះ​រហូតរកបាន​ក្រុមខ្លាំងចំនួន២ មកប្រកួតវគ្គផ្ដាច់ព្រ័តនៅពហុកីឡដ្ឋានជាតិអូឡាំ​​​ពិក៕

អត្ថបទដោយ៖ នៅ​ ធាវីត  

អត្ថបទគួរឱ្យចាប់អារម្មណ៍