នៅព្រឹកថ្ងៃពុធនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជាយុវជនម្នាក់ ដែលសកម្មក្នុងការបញ្ចេញមតិអំពីបញ្ហាសង្គម ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ងួន រតនៈ មានប្រសាសន៍ថា ៖ “តុលាការសម្រេចផ្តន្ទាទោសជនជាប់ចោទ ធូ វ៉ាឃីម ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”។
លោកចៅក្រម ងួន រតនៈ ក៏បានបង្គាប់ឱ្យរឹបអូសទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone X និងកុំព្យូទ័រមួយគ្រឿងផងដែរ។
លោក វ៉ាឃីម ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីលោកបានបញ្ចេញមតិតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានលក្ខណៈរិះគន់រដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់អង្គការលីកាដូ។
អង្គការលីកាដូបានបន្ថែមទៀតថា មុនពេលចាប់ខ្លួន លោក វ៉ាឃីម តែងតែលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី និងធ្លាប់បានអំពាវនាវឱ្យមានការដោះលែងយុវជនជាសកម្មជនសង្គម និងបរិស្ថាននានា ដែលរួមមាន លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ (KSILA) សកម្មជនចលនាមាតាធម្មជាតិទាំង ៥ រូប និងទាមទារឱ្យមានយុត្តិធម៌លើការស្លាប់របស់លោក បណ្ឌិត កែម ឡី ជាដើម។
លោក ធូ អ៊ុង បងប្រុសបង្កើតលោក ធូ វ៉ាឃីម ដែលបានរង់ចាំនៅក្រៅតុលាការ បន្ទាប់ពីត្រូវបានមន្ត្រីសន្តិសុខបដិសេធមិនឱ្យចូលស្តាប់ការប្រកាសសាលក្រម បានសម្តែងការខកចិត្ត និងចាត់ទុកសេចក្តីសម្រេចរបស់តុលាការថា មានលក្ខណៈធ្ងន់ធ្ងរចំពោះប្អូនប្រុសរបស់លោក ដោយលោកត្អូញត្អែរពីផលវិបាកក្នុងការចំណាយច្រើន ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខប្អូន ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់។
លោកនិយាយថា ៖“ដូចថា ធ្ងន់ធ្ងរខ្លាំង។ វាអត់សម ពិន័យគ្នាដល់ទៅ២ឆ្នាំ ហើយពិន័យជាប្រាក់ ៤លានរៀលទាំងគ្នាគ្មានកំហុសអី។ សោកស្តាយ”។

លោក ឯម ចន្ថា មេធាវីការពារក្តីឱ្យលោក ធូ វ៉ាឃីម មានប្រសាសន៍ថា លោកនឹងប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចនេះ នៅសប្តាហ៍ក្រោយ ព្រោះលោកយល់ថា មិនមានធាតុផ្សំគ្រប់គ្រាន់ ដើម្បីចោទប្រកាន់កូនក្តីរបស់លោកនោះទេ។
លោកមានប្រសាសន៍ថា ៖“ខ្ញុំយល់ថា កូនក្ដីខ្ញុំមិនមានកំហុសដូចការចោទប្រកាន់ និងផ្តន្ទាទោសទេ” ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានមានប្រសាសន៍ថា តុលាការបានសម្រេចផ្តន្ទាទោស ធូ វ៉ាឃីម ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំនិងពិន័យជាប្រាក់៤លានរៀល ជាកម្រិតទោសអតិបរមា ហើយថា ការផ្តន្ទាទោសនេះជះឥទ្ធិពលមិនល្អសម្រាប់សេរីភាពក្នុងការបញ្ចេញមតិ។
លោកមានប្រសាសន៍ថា ៖ “វាបះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រោះសង្គមប្រជាធិបតេយ្យត្រូវការនូវការរិះគន់ ដើម្បីធ្វើការស្ថាបនា ហើយសេរីភាពក្នុងការបញ្ចេញមតិ វាជាមូលដ្ឋានគ្រឹះមួយ នៃលទ្ធិប្រជាធិបតេយ្យ។ បើសិនជាលំហសេរីភាពក្នុងការបញ្ចេញមតិរួមតូច អាហ្នឹងដំណើរការលទ្ធិប្រជាធិបតេយ្យក៏មានបះពាល់ផងដែរ”។
ក្នុងរបាយការណ៍ចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការលីកាដូរកឃើញថា មានពលរដ្ឋយ៉ាងតិច ៨២នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងឃុំខ្លួន ដោយសារតែការបញ្ចេញមតិ និងការយល់ឃើញតាមបណ្តាញសង្គម ដោយបានចាត់ទុកឆ្នាំ២០២៥ គឺជាឆ្នាំដ៏អាប់អួរ នៃសេរីភាពក្នុងការបញ្ចេញមតិ។ បើតាមលីកាដូថា លោក ធូ វ៉ាឃីម ស្ថិតក្នុងចំណោមមនុស្សចំនួនសរុប ៩៧នាក់ ដែលត្រូវបានចាប់ខ្លួនដោយប្រើសិទិ្ធ ពាក់ព័ន្ធនឹងភាពសកម្មនិយម និងការបញ្ចេញមតិរបស់ពួកគេ៕

