សាលាឧទ្ធរណ៍ភ្នំពេញ ពន្យាលពេលបើកសវនាការសំណុំរឿង​​ក្រុម​មាតា​ធម្ម​ជាតិ

សាលា​ឧទ្ធរណ៍ភ្នំពេញ ពន្យាពេល​បើកសវនាការ​ជំនុំជម្រះ​លើសំណុំ​រឿង​របស់ក្រុម​យុវជន​មាតា​​​ធម្មជាតិ និ​ងយុវជនផ្សេងទៀត​ ដែល​មានជន​ជាប់ចោទសរុប​ចំនួន​១០នាក់ ខណៈ​​សាច់ញាតិ និង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ការ​​ទទួលបានយុត្តិធម៌របស់​ពួកគេ។​

យោងតាម​លិខិតជូនដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី​២៤ ខែមិថុនា ឱ្យ​ដឹង​ថា ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ិត សុធា បានសម្រេចពន្យាពេល​បើកសវនាការពិភាក្សាក្នុងសំណុំរឿង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» «ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» និង «រួមគំនិតក្បត់» របស់​ជន​ជាប់​ចោទ ​១០នាក់​​ ដោយ​អះ​អាង​ថា ឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន និងជនជាប់ចោទមួយចំនួនទៀត មិនអាចបញ្ជូនដីកាកោះដល់ ខណៈជនជាប់ចោទមួយ​ចំនួន​​ដែលនៅក្រៅឃុំមិនដឹងថាទៅរស់នៅទីណា។

លិខិតខាងលើ បានបន្ថែមថា ក្នុងសំណុំរឿងនេះ ក៏ទើបតែដាក់កម្មវិធីជំនុំជម្រះលើកទី១ ហេតុដូចនេះហើយ ជាការ​​គោរព​តាម​គោល​ការណ៍​និង​ការ​កាត់​ក្ដី​ដោយ​យុត្តិ​ធម៌ ក្រុម​ប្រឹក្សា​ក៏សម្រេច​លើក​ពេល​សវនាការ​នៅ​ពេល​ក្រោយ។

យ៉ាង​ណាក៏​ដោយ លិខិតខាងលើមិនបានបញ្ជាក់ថា សាលាឧទ្ធរណ៍​នឹងបើកសវនាការលើ​សំណុំរឿង​នេះ នៅថ្ងៃណា​នោះទេ ខណៈតុលាការ​នាពេល​កន្លង​ទៅ គ្រោង​បើក​សវនាការ​លើ​សំណុំ​រឿងនេះ នៅថ្ងៃទី​២៦ ខែ​មិថុនាស្អែកនេះ។

បើតាមខ្លឹមសារក្នុងលិខិតដដែល អ្នកជាប់ចោទក្នុងសំណុំរឿងនេះទាំង​១០នាក់ ដែលភាគច្រើនជា​​សកម្មជន​មាតា​ធម្មជាតិ​នោះ​​​ រួមមាន​ លោក អាឡិច​ហ្សង់ដ្រូ លោក យឹម លា​ងហ៊ី កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់​ដារ៉ាវុធ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួង​ កែវ​រស្មី កញ្ញា រ៉ៃ​ រក្សា លោក ពក ខើយ និង​លោក ប៉ិញ ពិសិដ្ឋ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ថ្លែងថា លោកមិនទាន់ទទួលបានដំណឹងនៃការពន្យាពេលសវនាការរបស់សកម្មជនមាតាធម្មជាតិនេះនោះទេ។

លោកនិយាយថា៖ «អត់ទាន់ទទួលបានដំណឹងនេះ ជាប់ប្រជុំសិន»

មេធាវីការពារក្ដីឱ្យសកម្មជនមាតាធម្មជាតិ លោក សំ ចំរើន ថ្លែងថា លោកមិនមានយោបល់អ្វីបន្ថែមលើ​ការ​លើក​ឡើងរបស់តុលាការឡើយ។

លោកបញ្ជាក់ថា៖ «ខ្ញុំមិនមានយោបល់អីទេ ដោយសារនេះជាមូលហេតុដែលលើកឡើងដោយ​តុលាការ ហើយនីតិវិធីនៅសាលាឧទ្ធរណ៍​ក៏មិនបានកំណត់ដែរ (ការបើកសវនាការ)»។

ការប្រកាសអូសបន្លាយពេលបើកការជម្រះក្ដីក្នុងសំណុំរឿងនេះ អ្នកស្រី សាន សារ៉ន ជាម្ដាយរបស់​កញ្ញា ឡុង គន្ធា ដែល​កំពុងជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារ បានបង្ហាញការ​សោក​ស្តាយ​ ដោយថា សំណុំរឿងនេះមិនគួរណា​ពន្យាពេល​ទៀត​នោះទេ ខណៈកូនរបស់គាត់​រង​ចាំ​យុត្តិធម៌​​ជិត​១ឆ្នាំ​មកហើយ។

អ្នកស្រី សារ៉ន យល់ថា កូនរបស់អ្នកស្រី មិនមានកំហុសដូចការចោទប្រកាន់របស់តុលាការជាន់​ទាបនោះទេ ដោយគាត់គ្រាន់តែការពារបរិស្ថាន មិនមែនជាអ្នកកាប់បំផ្លាញព្រៃឈើឡើយ​។

អ្នកស្រី​និយាយថា៖ «ខ្ញុំសង្ឃឹមថា តុលាការបើកសវនាការឆាប់ៗហ្នឹងទៅ ហើយដោះលែងកូនខ្ញុំមក»។

លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ មានប្រសាសន៍ថា ការលើកឡើងពីមូលហេតុរបស់តុលាការជានីតិវិធី​មួយ តែអ្នកជាប់ឃុំកំពុងបាត់​បង់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ឱ្យបានឆាប់រហ័ស។

លោកថា៖ «ពីព្រោះជនជាប់ចោទទាំងឡាយត្រូវទទួលបាន ការជំនុំជម្រះឱ្យបានឆាប់ដែលអាច​ធ្វើទៅបាន ហើយមានសិទ្ធិទទួលបានយុត្តិធម៌ ចំពោះមុខច្បាប់។ ចឹងពន្យាពេលវាប៉ះពាល់ដល់សិទ្ធិរបស់ពួកគាត់ ព្រោះពួកគាត់ប្ដឹងទៅឧទ្ធរណ៍នេះ ព្រោះចង់ឃើញភាពយុត្តិធម៌ ការផ្ដល់យុត្តិធម៌ពីសាលាឧទ្ធរណ៍សម្រាប់​ពួកគាត់»។

លោកបានបន្ថែមថា ការបន្តឃុំខ្លួនសកម្មជនមាតា​ធម្មជាតិ រដ្ឋាភិបាល​អាចនឹងទទួលបានការរិះគន់បន្ថែមទៀត ក្រោយការពន្យាពេលបើកសវនាការនេះ ខណៈសង្គមស៊ីវិលនៅតែទទូចឱ្យមានការដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។

ជុំវិញសំណុំរឿងនេះ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​លោក អាឡិច​ហ្សង់ដ្រូ ហ្គន់សា​ឡេស ​ដេវិត​សិន (Alex Gonzalez Davidson) សហស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ រួមទាំងលោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ចំនួន៨ឆ្នាំ និងពិន័យជា​ប្រាក់​ម្នាក់​ ១០លាន​រៀល​ ពីបទប្រមាថ​ព្រះមហាក្សត្រ និងរួម​គំនិត​ក្បត់។

ចំណែក​ លោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា លោក ពក ខើយ លោក​ ប៉ិញ ពិសិដ្ឋ និង​​កញ្ញា រី រក្សា​ ត្រូវ​បាន​ផ្តន្ទាទោសម្នាក់ៗចំនួន ​៦ឆ្នាំ ពីបទរួម​គំនិតក្បត់​។

ក្រោយការ​កាត់ទោស និង​ចាប់ខ្លួន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំងនោះ​ ក្រុមអង្គការ​សង្គម​​ស៊ីវិល​ការ​ពារ​​សិទ្ធិមនុស្សជាតិ និង​អន្តរជាតិ​ ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) និង​អង្គការ​លើកលែងទោសអន្តរជាតិ​ (Amnesty Internnational) ជាដើម បាន​រិះគន់​ថា​​ជាការ​សម្រេច​ដែល​​មាន​ភាពអយុត្តិធម៌ និងជាការ​គំរាម​កំហែងដល់​សកម្មជនផ្សេងទៀត​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍