សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង លើសំណុំរឿងលោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋាននៃសមាគម IDEA ទុកជាបានការដដែល ទោះបីជាអគ្គព្រះរាជអាជ្ញា បានស្នើឱ្យទម្លាក់បទចោទលើរូបលោកក៏ដោយ។
កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀង បានសម្រេចផ្តន្ទាទោស លោក ជា ចាន់ថា ថ្នាក់ដឹកនាំមូលដ្ឋានរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ប្រចាំខេត្តស្វាយរៀង ដាក់ពន្ធនាគាររយៈពេល ១៨ខែ ពីបទ ឆបោក និងបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ តាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៦១០ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីផ្សព្វផ្សាយព័ត៌មានពីប័ណ្ណប.ស.ស ដល់អាជីករ។
សំណុំរឿង លោក ជា ចាន់ថា នេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ហើយអំឡុងពេលសវនាការនោះ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានស្នើដល់ប្រធានចៅក្រមជំនុំជម្រះ លុបចោលសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ដែលផ្តន្ទាទោស លោក ជា ចាន់ថា ដោយសំអាងថា លោកធ្វើសកម្មភាពរឿងសមាគមIDEAរបស់គាត់ ដោយមិនពាក់ព័ន្ធ បសស នោះទេ។ នេះបើតាមលោក យី សុខសាន្ត មន្ត្រីសមាគមអាដហុកដែលបានតាមដានសវនាការនោះ។
ទោះជាយ៉ាងណា មេធាវីការពារសិទ្ធិឱ្យ លោក ជា ចាន់ថា ដែលសុំមិនបញ្ចេញឈ្មោះ បង្ហាញការសោកស្តាយចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ ដោយលោកថា ការសម្រេចនេះពុំបានផ្អែកលើអង្គហេតុ និងភស្តុតាងពិតប្រាកដឡើយ។
លោកថា៖ «ចំពោះការចោទប្រកាន់ថា លោក ជា ចាន់ថា ថាបានប្រព្រឹត្តបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ ត្រង់ចំណុចនេះលោក ជា ចាន់ថា ធ្វើសកម្មភាពនិយាយប្រាប់ពលរដ្ឋឱ្យទៅចុះឈ្មោះប្រើប័ណ្ណ ប.ស.ស គឺជាការធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំ ជាមួយការបំពេញមុខងារសាធារណៈ នោះក៏ពុំត្រឹមត្រូវផងដែរ ពីព្រោះតាមសាក្សីនៅក្នុងសំណុំរឿងក៏បានបញ្ជាក់ហើយថា លោក ជា ចាន់ថា គឺជាអ្នកតំណាងឱ្យសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពុំមែនជាមន្រ្តី ប.ស.ស និងមានពលរដ្ឋយល់ច្រឡំថា ជាមន្រ្តីប.ស.ស នោះទេ ហើយការបង់ប្រាក់ចុះឈ្មោះប្រើប័ណ្ណប.ស.ស ទៀតសោតគឺពួកគេបានទៅចុះឈ្មោះ និងបង់ប្រាក់នៅការិយាល័យ ប.ស.ស ដោយខ្លួនឯងផ្ទាល់ ហើយលោក ជា ចាន់ថា ក៏ពុំដែលបានទទួលប្រាក់នេះផ្ទាល់ម្តងណាឡើយ និងផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ»។
មេធាវីរូបនេះ យល់ថា សកម្មភាពរបស់កូនក្តីលោក គួរតែទទួលបានការគាំទ្រ និងលើកទឹកទឹកជំនួសឱ្យការចាប់ខ្លួន ព្រោះលោកបានចូលរួមជួយផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងបន្ថែមពីការចុះឈ្មោះប្រើ ប.ស.ស។
អ្នកស្រី ឡេង ចន្ធី ភរិយារបស់លោក ជា ចាន់ថា បានស្នើសុំឲ្យតុលាការ ពិនិត្យសំណុំរឿងនេះឡើងវិញ និងផ្តល់យុត្តិធម៌ដល់ប្តីរបស់អ្នកស្រី ដែលជាមនុស្សស្មោះត្រង់។
អ្នកស្រីនិយាយថា៖ «អយុត្តិធម៌ណាស់អូនអើយ […] គាត់អត់មានកំហុសអត់មានខុសអីទេហ្នឹងគ្រាន់តែភ័ន្តច្រឡំ មិនគួរណាដល់ថ្នាក់ហ្នឹង ហើយគេមិនអនុគ្រោះឱ្យគាត់ ដោះលែងគាត់ ខ្ញុំឆ្ងល់មែនទែន[…]ខ្ញុំសុំស្នើ សុំលោកធំៗ តុលាការឬមួយចៅក្រមអីហ្នឹងដែរជួយមើល ដូចថា គាត់ជាមនុស្សទៀងត្រង់ ប្រជាជនទៀងត្រង់ទេ អត់មានអីខុសទេគ្រាន់តែគាត់ភ័ន្តច្រឡំតែប៉ុណ្ណឹង អាចទម្លាក់កំហុសគាត់ កុំឲ្យគេចោទប្រកាន់គាត់»។
ចំណែក ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ក៏បានបង្ហាញខកចិត្ត និងយល់ថាជារឿងអយុត្តិធម៌ ដែលសាលាឧទ្ធរណ៍ភ្នំពេញ បន្តរក្សាសាលក្រមដើមរបស់សាលាដំបូងខេត្តស្វាយរៀងទុកជាបានការ។
លោកបន្តថា លោក ចាន់ថា មិនបានប្រព្រឹត្តអំពើខុសច្បាប់ឡើយ ព្រោះសកម្មភាពគាត់ជាការជួយសង្គម និងជាតិ ជាពិសេសការផ្សព្វផ្សាយអំពីការចុះបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងការយល់ដឹងបរិស្ថាន។ លោកបានអំពាវនាវឲ្យតុលាការដោះលែង លោក ចាន់ថា វិញ ដើម្បីឱ្យគាត់អាចបន្តសកម្មភាពការងារជួយសង្គមបន្តទៀត។
លោកនិយាយថា៖«ខ្ញុំសូមឱ្យរាជរដ្ឋាភិបាលពិនិត្យពិចារណា សុំឲ្យក្រសួងយុត្តិធម៌ជួយជំរុញឡើងវិញទៅលើ លោក ជា ចាន់ថា ដើម្បីដោះលែងគាត់ឲ្យមានសេរីភាព ពីព្រោះយើងពេលវេលានេះដែលខ្មែររួមគ្នាជាធ្លុងមួយបង្ហាញពី ឆន្ទៈរួម អំពីសាមគ្គីភាព […]ចឹងមិនគួរទុកអ្នកណាមួយចោល រងភាពអយុត្តិធម៌ក្នុងពន្ធនាគារបែបនេះទេ»។
អ្នកស្រី ចាប ចិន្តា អាយុ ៤៣ឆ្នាំ មានមុខរបរជាអ្នកលក់ដូរតាមផ្លូវនៅរាជធានីភ្នំពេញ និងជាសមាជិកសមាគមIDEAផងនោះ បាននិយាយថា ការចាប់ខ្លួន និងកាត់ទោស លោក ជា ចាន់ថា គឺជារឿងអយុត្តិធម៌ ព្រោះគាត់គ្រាន់តែជួយសង្គម និងមិនបានប្រព្រឹត្តអំពើខុសច្បាប់។
អ្នកស្រីបន្តថា គ្រួសារលោក ចាន់ថា មានភាពលំបាក ព្រោះបែកពីប្រពន្ធ កូនតូច គ្មានប្រាក់ចំណូល និងត្រូវប្រឈមការរស់កាន់តែពិបាក។ អ្នកស្រីបានស្នើឱ្យតុលាការដោះលែង លោក ចាន់ថា ឱ្យមានសេរីភាពវិញ ដើម្បីបន្តជួយសង្គម និងឲ្យជាតិខ្មែររួបរួមគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេស។
អ្នកស្រីនិយាយថា៖ «ខ្ញុំស្នើឱ្យទៅខាងតុលាការដោះលែងគាត់ ព្រោះគាត់គ្មានទោស ស្នើហើយស្នើទៀត ព្រោះថាប្រពន្ធកូនពិបាកណាស់ ពិបាកមែនទែន ព្រោះថាបាត់មេគ្រួសារមួយ ដូចបន្ទុកមួយដែលជួយពួកគាត់មានជំពាក់លុយធនាគារទៀត ហើយបើបងគិតមើលមួយឆ្នាំហ្នឹង បង់អី ធនាគារនឹងព្រោះគាត់ម្នាក់ឯងហ្នឹង ហើយធនាគារគេអត់លើកលែងយើងទេ គេអត់ដឹងទេ គឺដឹងតែលុយគេទេ ពួកយើងទៅខ្ចីលុយគេ គេដឹងតែដល់ខែលុយ»។
ជុំវិញរឿងនេះ Press Start Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍បានទេ។
មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក យី សុខសាន្ត ដែលតាមដានករណីនេះ ក៏បានបង្ហាញការសោកស្តាយដែរ ដែលតុលាការនៅបន្តរក្សាបទចោទទៅលើលោក ជា ចាន់ថា បើទោះជាមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ស្នើសុំលុបចោលសាលក្រមរបស់តុលាការជាន់ទាបក៏ដោយ។
លោកបន្តថា៖ «ដូច្នេះហើយអ្វីជាការឃុំខ្លួននេះ គឺជាការរំលោភសិទ្ធិធ្ងន់ធ្ងរពាក់ព័ន្ធទៅនឹងជនស៊ីវិល ដែលជនធ្វើការងារសង្គម ដែលមិនបានប្រព្រឹត្តខុស ត្រូវបានស្ថាប័នតុលាការយកមកដាក់ទោសឲ្យគាត់ជាប់ទោសដោយគ្មានកំហុស។ ក្នុងនាមអង្គការសង្គមស៊ីវិល យើងស្នើសុំដោយទទូចឱ្យសាលាដំបូង ក៏ដូចជាតុលាការឧទ្ធរណ៍ ក៏ដូចជាតុលាការកំពូល មេត្តាដោះលែងឱ្យគាត់មានសេរីភាពឡើងវិញ ពីព្រោះគាត់អត់បានប្រព្រឹត្តកំហុសដូចការដែលរកឃើញរបស់ព្រះរាជអាជ្ញានៅសាលាឧទ្ធរណ៍ទេ»៕