រដ្ឋបាលរាជធានីភ្នំពេញណែនាំវិធានការមួយចំនួន ដើម្បី​ចូលរួម​ទិវាសន្តិភាពអន្តរជាតិ​លើកទី២៣

ដោយៈ

Press Start Avatar

រដ្ឋបាល​រាជធានីភ្នំពេញ​បានដាក់​ចេញនូវ​វិធានការ​​ណែនាំមួយចំនួន​ដល់​រដ្ឋបាល​​ខណ្ឌ មន្ទីរ​អប់រំ​ មន្ទីរ​ធម្មកា​រ​និងសាសនា​ មន្ទីរ​វប្បធម៌​​ ស្នងការដ្ឋាន​រាជធានីភ្នំពេញ​និង​ស្ថាប័ន​ពាក់​ព័ន្ធផ្សេងទៀត​ ដើម្បី​ចូល​រួម​អបអរសាទរ​និង​រៀប​ចំ​​ទិវាសន្តិភាព​អន្តរជាតិ​ លើកទី​២៣ ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៥​​ ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​។​

នៅក្នុង​សេចក្តីណែនាំ​របស់​ខ្លួន​​ចុះថ្ងៃទី​២១ ខែ​សីហា​ ឆ្នាំ​២០២៥​ សាលារាជធា​នី​ភ្នំពេញ​បានណែនាំ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ រដ្ឋ​បាល​សង្កាត់​ទាំង​១០៥ មន្ទីរ​ អង្គភាព​ជំនាញ​​ គ្រឹះស្ថាន​សិក្សា​ រោង​ចក្រ​ សហគ្រាស​ ផ្សារ​ រមណីយដ្ឋាន​ មជ្ឈមណ្ឌល​កម្សាន្ត​ និង​មូលដ្ឋាន​ទីតាំង​អាជីវកម្ម​ទាំង​អស់​នៅ​ក្នុង​រាជធានីភ្នំពេញ​ រៀប​ចំ​តុបតែង​លម្អទង់ជាតិ​ ទង់​សាសនា​ ទង់ព្រះមហាក្សត្រ​ ចងបដា​ពាក្យ​ស្លោក​ អម​ដោយ​ការ​រចនា​ភ្លើង​ពណ៌​ បំផុស​និង​លើក​ទឹក​ចិត្ត​មន្ត្រីរាជ​​ការ និង​ប្រជា​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ទូលំទូលាយ​អំពី​ទិវា​សន្តិភាព​អន្តរជាតិ​ ២១ កញ្ញា​ ជា​ទិវាគ្មាន​អំពើ​ហិង្សា និង​បញ្ឈប់​ការ​ផ្ទុះអាវុធ​គ្រប់ប្រភេទ​។​

សាលារាជធានីភ្នំពេញ​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​អប់រំ​ និង​មន្ទីរ​ធម្មការ​និង​សា​សនា មន្ទីរវប្បធម៌​និងវិចិត្រសិល្បៈ​ ដូចជា​ត្រូវ​បំផុស​លោកគ្រូ​ អ្នក​គ្រូ​ និង​សាស្ត្រា​ចារ្យ​ពន្យល់​ណែនាំដល់សិស្សា​នុសិស្ស​ និង​ណែនាំ​គ្រប់វ​ត្ត​អារាម​ឱ្យ​តុប​តែង​​លម្អ​ទង់ជាតិ​ ទង់សាសនា​ ទង់ព្រះមហាក្សត្រ​ ចង់បដា​ផ្សេងនិង​រៀប​ចំឱ្យ​​មាន​កម្មវិធីសូត្រ​កំណាព្យ​និង​កម្មវិធីសម្តែង​សិល្បៈ​នៅ​តាម​រមណីយដ្ឋាន​ទេស​ចរណ៍​ ទីសាធារណៈនានា​ឬនៅតាម​ទីតាំង​សម​ស្រប​ណាមួយ។​

សាលារាជធានីភ្នំពេញ​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​និង​ស្ថាប័ន​ពាក់​ព័ន្ធមួយចំនួន​ទៀត​​រួម​ទាំង​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ អនុវត្ត​ផែន​ការ​ការពារ​សន្តិសុខ​ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ និង​របៀបរៀប​រយ​សង្គម​ឱ្យ​បាន​ល្អប្រសើរ​៕​

អត្ថបទ​ដោយ ស៊ន សោភា​

អត្ថបទគួរឱ្យចាប់អារម្មណ៍