ពលរដ្ឋ​រងគ្រោះដោយសារ​ក្រុមហ៊ុនពិភពដីមាស ស្នើ​​តុលាការ​​ពន្លឿន​នីតិ​វិធី​​ខណៈ​ពួក​គេ​កំពុង​ជួប​វិបត្តិ​បំណុល​

ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ដែលអះអាងថា​បានចាញ់បោក​ក្រុមហ៊ុន​ពិភពដីមាស របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង បាននាំគ្នា​ប្រមូល​ផ្តុំ​​នៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ស្នើ​​ឱ្យ​​តុលា​ការ​​​ពន្លឿន​​​និតិ​វិធី​​ក្នុ​ងការ​​ស្វែង​​​រក​​​​​​យុត្តិ​​ធម៌​​​ជូន​​​ពួក​​​គាត់ ខណៈពួកគាត់កំពុងជាប់បំណុល​វ័ណ្ឌក និង​ជួបកា​រលំបាកក្នុងជីវភាព។

ការ​ស្នើនេះ បាន​ធ្វើ​ឡើង​ស្របពេល​ដែលសាលា​ដំបូង​រាជធានីភ្នំពេញ បាន​បើក​​សវនា​ការ​​លើ​សំណុំ​រឿង​​ «គំរាមកំហែង» ដែលជាមានជនជាប់​ចោទឈ្មោះ ហ៊ែល ស៊ីធីន និង​ឈ្មោះ រ៉ន ចាន់​​ថន ដែលពលរដ្ឋអះ​អាង​​​ថា ​​​ជា​បក្ខពួក​​របស់​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង នៅថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៥ ប៉ុន្តែ​ក្នុង​សវនាការ​នោះ​​ពុំមានវត្ត​មាន​ជនជាប់ចោទ​នោះទេ។​

អ្នក​ស្រី ម៉ៅ រ៉ានី អាយុ ៤៦ឆ្នាំ ​ជាប្រជាពលរដ្ឋ​មក​ពី​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង ដែលអះអាងថា​​ចាញ់​​បោក​ក្រុមហ៊ុន​ពិភពដីមាស បានថ្លែងនៅមុខ​សាលា​ដំបូង​រាជធានីភ្នំពេញ​​ថា អ្នកស្រីបានខ្ចីបុល​ពីធនាគារចំនួន ៣ម៉ឺន​ដុល្លារ​​ អំឡុង​ឆ្នាំ​២០២០ ដើម្បីចូលរួម​វិនិយោគ​​ទិញដី​ពី​ក្រុមហ៊ុន​ពិភពដីមាស អ៊ីនវេស​មិន ឯ.ក ដោយ​ក្រុមហ៊ុន​សន្យា​ឱ្យការ​ប្រាក់ចំនួន ៣% ប៉ុន្តែ​មកដល់ពេលនេះនៅពុំទាន់បានដី ឬប្រាក់​តាមកា​រសន្យាឡើយ។

ស្រ្តី​ដែលមានកូន​ពីរ​ក្នុងបន្ទុក​រូបនេះ បាន​ឱ្យ​ដឹងទៀត​ថា ក្នុង​រយៈពេល​ប្រមាណ ២ឆ្នាំមក​នេះ គ្រួសារ​របស់អ្នកស្រីត្រូវ​រស់​នៅក្រោមសម្ពាធបំណុល ដោយមិនមានលុយបង់​ធនាគារ ខណៈ​កូនៗ​ត្រូវ​ប្រឈម​នឹង​កា​របោះបង់​ការ​សិក្សា ដែលធ្វើឱ្យស្ថានភាពគ្រួសារ​កាន់តែធ្លាក់ដុន​ដាប​ទៅៗ។​

អ្នកស្រី ម៉ៅ រ៉ានី និយាយ​ថា៖ «ខ្ញុំអត់​មាន​លុយ​បង់ ប្រឈម​ធនាគារ​ប្តឹង អញ្ចឹង​រាល់​ថ្ងៃកំ​ពុង​តែ​ដាក់​ដី​លក់ គេ​ប្តឹង​ឱ្យ​សង​លុយ​គេ​តែ​ខ្ញុំ​អត់​លទ្ធភាព ព្រោះ​ខ្ញុំ​ជា​ស្រ្តី​មេម៉ាយ មាន​កូន២នាក់។ កូន​ក៏​បាត់​បង់​ការ​រៀន​សូត្រ​ដែរ​[…] ខ្ញុំ​សង្ឃឹម​ទៅ​លើ​តុលាការ​ហើយ បាន​ជា​ខ្ញុំ​ដាក់​ពាក្យ​ប្តឹង ខ្ញុំ​សង្ឃឹម​ទៅ​លើ​ច្បាប់ ច្បាប់​នឹង​រក​យុត្តិ​ធម៌​ឱ្យជន​រង​គ្រោះ​ទាំង​អស់​គ្នា ព្រោះ​ខ្ញុំ​ជឿជាក់​ថាតុលាការ មិន​កាន់​ជើង​មនុស្ស​បោក​ប្រាស់ មិន​កាន់​ជើង​មនុស្ស​ខូច​ទេ។ ថ្ងៃនេះខ្ញុំមកនេះ​ចង់បានតែភាព​ត្រឹមត្រូវ និងយុត្តិធម៌ទេ»។

ចំណែក អ្នកស្រី ហួន សុខនី អាយុ៣១ឆ្នាំ ជាប្រជាពលរដ្ឋ​មកពី​​ស្រុក​ដង​ទង់ ខេត្ត​កំពត ប្រាប់អ្នក​សារ​ព័​ត៌មាន​នៅ​មុខ​តុលាការ​ថា កន្លងមក ក្រុមហ៊ុនពិភពដីមាស របស់​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង បាន​ស្នើឱ្យពលរដ្ឋ​​ទុកពេលឱ្យ​ពួកគេ​ ៣៦ខែ ឬ៣ឆ្នាំ ដើម្បីដោះស្រាយ​បញ្ហានេះ ប៉ុន្តែ​អ្នកស្រីនិងពលរដ្ឋ​ផ្សេង​ទៀត មិន​អាច​ទទួលយកបានទេ ព្រោះពួកគេ​បានរង​គ្រោះ និង​រកចាំ​យុត្តិធម៌​​អស់​រយៈពេល​២ឆ្នាំ​មកហើយ។

អ្នកស្រីបន្តថា ពួកគាត់​កំពុងជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ក្នុ​ងជីវភាព ជាពិសេស​បញ្ហាបំណុលធនាគារ ដែលករណីនេះអ្នកស្រីបានស្នើ​​ដល់រាជ​រដ្ឋាភិបាល និង​​​តុលាការ ជួយ​ស្វែងរកដំណោះ​ស្រាយ និង​ពន្លឿននិ​តិវិធី​ក្នុង​​កា​រស្វែងរក​យុត្តិធម៌សម្រាប់ពួកគាត់​ និ​ងចាត់ការ​ទៅ​លើ​អ្នកប្រព្រឹត្ត​អំពើឆបោក​ពលរដ្ឋ​ទៅតាម​ច្បាប់។​

អ្នកស្រីបាន​ថ្លែង​ថា៖ «ខ្ញុំបង់មួយខែ​១លាន​២០​ម៉ឺន​រៀល ទុក្ខ​លំបាក​ខ្លាំង សូម្បី​គ្រួសារ​ក៏​អត់​​នៅ​ជុំ​គ្នា កូន​រៀន​ក៏​មាន​បាន​ផ្តល់​​លុយ​ឱ្យ​កូន​រៀន​គ្រប់​គ្រាន់ ជីវភាព​ការ​ហូប​ចុក​ក៏​ខ្វះ​ខាត យើង​ពិបាក​ខ្លាំង ហើយ​ធនាគារ​មក​រាល់​ថ្ងៃ ពិបាក ពិបាក​​ហ្នឹង​ថ្លែង​ប្រាប់​ណាស់[…] យើង​ឈឺ ជួន​ណា​អត់​មាន​លុយ​មើល​ទេ សូម្បី​តែ​កូន​ក៏​អត់​ដែរ ឈឺ​ឡើ​ង​ខ្ចី​គេ​គ្រប់​កន្លែង​ រាល់​ថ្ងៃវេ​ទនា​មាំ​ណាស់ ផ្ទះ​សម្បែង​ក៏​គេម​ក​រឹប​អូសដែរ បើអត់បង់ធនាគារ គឺធនាគារមករាល់ថ្ងៃម៉ង»។

ក្រៅពីប្រជាពលរដ្ឋមកពីខេត្ត​កំពត និង​ស្វាយរៀងនេះ ក៏មានពលរដ្ឋ​មកពីរាជធានីភ្នំពេញ ​ខេត្ត​​​​កណ្តាល ពោធិ៍សាត់ និង​​ព្រៃវែង​ ជាដើម ក៏បាន​មកប្រមូលផ្តុំ​ទាមទាររក​យុត្តិធម៌​នៅ​មុខ​តុលាការ​ផង​ដែរ។

លោក សេង ហាន់ អាយុ ៤២ឆ្នាំ ជាពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ និង​ជា​តំណាង​ពលរដ្ឋដែលរងគ្រោះដោយសារ​គម្រោងវិនិយោគដីនិងផ្ទះ​របស់ក្រុមហ៊ុន​ពិភព​ដីមាស បាន​ឱ្យដឹ​ង​ថា គិត​មក​ដល់​បច្ចុប្បន្ននេះ មានពលរដ្ឋ​ចំនួន ២៧នាក់ដែលបានស្លាប់ដោយសារ​គ្មានលុយព្យាបាល​ជំងឺ​​ និង​​ពលរ​ដ្ឋ​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ កំពុង​ជួប​បញ្ហា​ប្រឈមក្នុងជីវភាព និង​​​ជាប់​​បំណុល​​ធនាគារ ដោយសារ​ក្រុមហ៊ុន​ពិភព​ដីមាសនេះ ខណៈពលរដ្ឋមួយចំនួន​ក៏​រង​នូវ​ការ​គំរាម​កំហែង ពីបក្ខពួករបស់​​លោក ហ៊ី គឹម​ហុងផង​ដែរ។

លោកបន្តថា៖ «ក្នុងនាមខ្ញុំជាតំណាងប្រជាពលរដ្ឋ សំណូមពរធ្វើម៉េច ឱ្យតុលាការជួយដោះស្រាយ​ឱ្យបានលឿនបំផុត ដែល​អាច​ធ្វើ​បាន ដោយ​សារ​រា​​ល់​ថ្ងៃ​នេះ ទុក្ខ​លំបាក​នោះ​លើស​ពី​ទុក្ខ​លំបាក​ហើយ និយាយ​​លែង​ចេញ​ហើយ គ្រាន់​តែ​អ្នក​ស្លាប់​កើន​ដល់​២៧​នាក់​ហើយ អញ្ចឹង​ខ្ញុំ​សំណូមពរ​ឱ្យ​តុលាការ​ពន្លឿន​ដីកា​ជម្រះ ហើយ​ដោះ​ស្រាយ​លុយ​ជូន​ប្រជា​ពលរដ្ឋ​ឆាប់ៗ និង​សូម​តុលាការ​ចាប់​ឃាត់​ខ្លួន​គាត់ ហើយ​នឹង​បក្ស​ពួក​គាត់​ទាំង​អស់ ដោយ​រឹប​អូស​ទ្រព្យ​សម្បត្តិ​គាត់​ទាំង​អស់ ទាំងលោក ហ៊ី គឹមហុង ម្ចាស់​ក្រុម​ហ៊ុន​ដីមាស ទាំង​គូកន​ទាំង​អស់​ហ្នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ព្រោះ​ទ្រព្យ​សម្បិត្ត​ទាំងនោះ​ជា​របស់​ប្រជាពលរ​ដ្ឋ​ទេ​»។

តំណាង​ពលរដ្ឋ​រូបនេះ ឱ្យ​ដឹងទៀត​ថា ក្រោយ​មានការ​គំរាមកំហែងពីសំណាក់បក្ខពួក​លោក ហ៊ី គឹម​ហុង នោះពលរដ្ឋ​បាន​ដាក់ពាក្យប្តឹងទៅលើបុគ្គល​ពីររូប ក្នុងនោះមាន​ឈ្មោះ ហ៊ែល ស៊ីធីន និង​ឈ្មោះ រ៉ន ចាន់​​ថន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទ​ «គំរាមកំហែង» ដែល​​​តុលាការ​បាន​លើកយកសំណុំរឿងនេះមកជំនុំ​ជម្រះ នៅថ្ងៃទី​២១ ខែ​កក្កដានេះ ប៉ុន្តែ​ក្នុង​សវនាការ​មិនមានវត្តមានជនជាប់ចោទនោះទេ។

លោក សេង ហាន់ បានឱ្យដឹងថា តុលាការនឹង​ប្រកាសសាលក្រមលើសំណុំរឿងនេះ នៅថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ​​២០២៥ ខាង​មុខ។​

បើតាមក្រុមប្រជាពលរដ្ឋ អ្នកដែលចាញ់បោក​ក្រុមហ៊ុនពិភពដីមាស មានប្រមាណ ៨០០០នាក់ បាត់​​ប​ង់​​ថវិ​កា​​ប្រមាណ​ ៤០០​លាន​ដុល្លារ​​អាមេរិក។

អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ ​លោក សួស វិទ្យា​រ៉ាឌី បាន​ឱ្យដឹងថា សំណុំ​រឿងដែល​ចៅក្រម លើកយកមកជំនុំជម្រះ​នៅថ្ងៃទី២១​ ខែកក្កដានោះ ជាសំណុំរឿង​ គំរាមកំហែង ទៅលើ​​​​​ជន​​រង​គ្រោះ​ដោយសារ​ក្រុមហ៊ុន​​ពិភព​ដី​មាស ដោយបុគ្គល២រូប មិន​មែន​ជា​សំណុំរឿងពាក់ព័ន្ធ​នឹង លោក ហ៊ី គឹម​​ហុង នោះឡើយ។

លោកថា៖ «ជនរងគ្រោះខាងដីមាសទេ អត់​ពាក់​ព័ន្ធ​ជាមួយ​លោក គឹមហុង ហ្នឹង​ទេ សវនាការ​ព្រឹក​មិញ​​ ហើយ​អ្នកដែល​មក​ហ្នឹង​មក​តាម​[ការ​កោះ​ហៅ]​ចូល​សវនាកា​រ​ទេ […] ហើយ​ចៅក្រម​គាត់​សម្រេច​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ»។

Press Start Cambodia មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញបញ្ហានេះ ​ពីអគ្គនាយ​ក​ក្រុមហ៊ុន​ពិភព​ដីមាស លោក​​ ហ៊ី គឹម​​ហុង បាន​ទេនៅថ្ងៃទី២១ ខែ​កក្កដានេះ ដោយទូរសព្ទ​ចូល​ជា​​ច្រើន​ដង​ពុំមានអ្នកទទួល។

មន្រ្តី​​​អង្កេត​​​​ជាន់​​​​ខ្ពស់​​នៃ​សមាគម​ការ​ពា​រ​សិទ្ធិ​មនុស្ស អាដ​ហុក(Adhoc) លោក យី សុខសាន្ត ​សង្កេត​ឃើញ​​ថា បច្ចុប្បន្ន ​មានករណី​​ឆបោក​​កាន់​​តែ​​ច្រើន​​ឡើងជុំវិញ​ការ​ទិញដីទិញផ្ទះ​នេះ ដែលករណីនេះ លោក​អំពាវនាវ​​ដល់​​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​គិត​ពិចារណា​ឱ្យ​ស៊ី​ជម្រៅ​មុន​នឹង​ទិញ​ឬ​លក់​អចលនទ្រព្យ​​ផ្សេងៗ។

លោកថា៖ «បច្ចុប្បន្ននេះ យើងមើលឃើញហើយគឺការឈរបោកច្រើនណាស់ មាន​ទាំង​បរទេស​មាន​ទាំង​ខ្មែរ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ឆបោក ការ​ទិញ​តែ​ផ្ដល់​ប្រាក់​ដើម្បី​ថា​ឱ្យ​ការ​ប្រាក់​ខ្ពស់ អញ្ចឹង​ឱ្យ​ប្រជាពលរដ្ឋ​យើង​​ពិចារណា​ មុន​នឹង​ធ្វើ​អ្វី​មួយ​គួរ​តែ​ពិចារណា​ដែរ កុំ​ឱ្យ​ផុង​ខ្លួន​ទៅ​លើ​ការ​ឆបោក​ពី​សំណាក់​ គេ​ហៅ​ថា​ ឧក្រិដ្ឋ​ជន​ដែល​ឆបោក មិន​ថា​តែ​យើង​ទិញ​ផ្ទះទិញ​ដី​ធ្លី ឬ​មួយ​ក៏ការ​ផ្តល់​ការ​ធានា​ដើម្បី​ឲ្យ​បាន​អ្វី​មួយ​ជា​ល្បិច​កល​នៃ​ក្រុម​ជន​ឆបោក​ អញ្ចឹង​ប្រជាព​លរដ្ឋ​យើង​គួរ​តែ​មុន​នឹង​ធ្វើ​អ្វី​មួយ​ គួ​រ​តែ​ប្រឹក្សា​យោបល់​ ក៏​ដូច​ជា​ជជែក​ជាមួយ​អាជ្ញាធរ ឬ​ក៏​អ្នក​ច្បាប់ ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​លើ​ឧបាយ​កលរបស់​អ្នក​បោក»។

អគ្គនាយកក្រុមហ៊ុនពិភពដីមាស គឺអតីត​​​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​​​បាន​​​ចា​ប់​​ខ្លួន ​​​កាល​​​​​​ពី​​ខែ​​សីហា ឆ្នាំ​​​២០២៣​ ពី​បទ ឆបោក​​ពលរដ្ឋ តែ​​ប្រមាណ ៤ខែ​​ក្រោយ​​មក ពោល​​​គឺ​​នៅ​​ខែ​​វិច្ឆិកា ឆ្នាំ​២០២៣ តុលាការបាន​សម្រេច​​​​ដោះ​​លែង​​វិញ ក្រោយ​​សន្យា​​រក​​លុយ​​សង​​ជន​​រង​​គ្រោះ​​វិញ។

តែយ៉ាងណា បើតាមក្រុមប្រជាពលរដ្ឋ មកដល់ពេលនេះ គឺពួកគាត់នៅមិនទាន់ទទួលបាន​ដំណោះស្រាយ​សមរម្យនៅឡើយទេ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍