សំណើធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណា ដែលចាត់ទុកថា បាន “ប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងពលរដ្ឋខ្មែរ” ដោយគប់គិតជាមួយបរទេស ធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមថ្នាក់ដឹកនាំនយោបាយបក្សប្រឆាំង អ្នកវិភាគសង្គម និងមន្ត្រីសង្គមស៊ីវិល។ ពួកគេលើកឡើងថា ការធ្វើបែបនេះ អាចប៉ះពាល់ដល់ស្មារតីសាមគ្គីជាតិនិងគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា។
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើរបស់តំណាងរាស្ត្រហត្ថលេខីទាំង ១២៥រូប ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ និងបានប្រគល់ភារកិច្ចជូនគណៈកម្មការជំនាញពិនិត្យសិក្សា នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ។
សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងនឹងបើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការពិនិត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី៨ ខែកក្កដា ហើយសំណើរសុំធ្វើវិសោធនកម្មមាត្រា៣៣នេះ នឹងត្រូវដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សានិងអនុម័តនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដាខាងមុខនេះ។
លោក ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានលើកឡើងនូវគំនិតផ្តួចផ្តើមនេះ កាលពីថ្ងៃទី២៧ ខែមិថុនា អំឡុងពេលជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ក្នុងខេត្តព្រះវិហារ ទីដែលលោកបានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យពិចារណាធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ។ លោកអះអាងថា ការកែប្រែច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីធានាថា កម្ពុជានឹងមិនត្រូវបានជ្រៀតជ្រែកឬជនជាតិខ្មែរណាម្នាក់ត្រូវបានប្រើប្រាស់ដោយជនបរទេស ដើម្បីប្រឆាំងផលប្រយោជន៍ជាតិនោះទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «វាល្មមដល់ពេលហើយដែលកម្ពុជាត្រូវធ្វើរឿងនេះ ត្រូវធ្វើរឿងនេះ ដើម្បីជាការធានាអះអាងមួយថា កម្ពុជាមិនត្រូវទទួលការជ្រៀតជ្រែកនិងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរ ដើម្បីប្រឆាំងផលប្រយោជន៍របស់ខ្លួនទេ»។
គួរបញ្ជាក់ថា សំណើរបស់លោក ហ៊ុន សែន បានធ្វើឡើងចំពេលមានភាពតានតឹងជាមួយនឹងប្រទេសថៃជុំវិញបញ្ហាជម្លោះព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា បណ្តាលឱ្យយោធាកម្ពុជាម្នាក់ពលីជីវិត។
ជុំវិញបញ្ហានេះ កម្ពុជាសម្រេចស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់តាមយន្តការតុលាការអន្តរជាតិ (ICJ) ទាក់ទិននឹងចំណុចរសើបចំនួន៤ មានប្រសាទតាមាន់តូច តាមាន់ធំ តាក្របីនិងតំបន់មុំបី។ ខណៈពេលដែលសាធារណជនមានការតាមដានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះវិធានការផ្លូវច្បាប់របស់កម្ពុជាទៅកាន់តុលាការអន្តរជាតិ រដ្ឋាភិបាលរងការរិះគន់ជាបន្តបន្ទាប់ពីក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ជាពិសេសជុំវិញចំណាត់ការលើក្រុមឧក្រិដ្ឋកម្មឆបោកអនឡាញ។
ត្រឹមតែ៦ថ្ងៃ បន្ទាប់ពីការថ្លែងរបស់លោក ហ៊ុន សែន ក្រុមប្រឹក្សាធម្មនុញ្ញបានចេញលិខិតមួយនៅថ្ងៃទី២ ខែកក្កដា ដោយបញ្ជាក់ថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ អាចធ្វើទៅបាន ដោយសារវាមិនប៉ះពាល់ ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ និងស្របពេលដែលកម្ពុជាមិនស្ថិតក្នុងភាពអាសន្ន។
យោងតាមលិខិតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ការធ្វើវិសោធនកម្មនេះ នឹងអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្ត “អំពើក្បត់ជាតិ” ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ជាពិសេសតាមរយៈការគប់គិតជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនិងសេចក្តីសុខសាន្តរបស់ប្រជាជន។
ភ្លាមៗនោះ មន្ត្រីគណបក្សកាន់អំណាចបានប្រកាសគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន ដោយចាត់ទុកការធ្វើវិសោធនកម្មនេះថា ដើម្បីទប់ស្កាត់សកម្មភាពគប់គិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅខេត្តកំពង់ធំកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរនេះ គឺសំដៅទៅលើប្រជាពលរដ្ឋខ្មែរណា ដែលប្រឆាំងនឹងផលប្រយោជន៍របស់ខ្មែរតែប៉ុណ្ណោះ ហើយបានច្រានចោលការព្រួយបារម្ភទាំងនោះ។
លោកមានប្រសាសន៍ថា៖ «អ្នកដែលមិនទៅគប់គិតជាមួយបរទេស ដើម្បីបំផ្លាញផលប្រយោជន៍ជាតិធ្ងន់ធ្ងរនោះទេ កុំព្រួយបារម្ភ […] ទស្សនខុសគ្នាវាជាការធម្មតា ទស្សននយោបាយ គោលនយោបាយខុសគ្នា វាមិនអីទេ តែកុំធ្វើសកម្មភាពអីដែលបំផ្លាញជាតិ ជាពិសេសកុំទៅគប់គិតជាមួយបរទេសនៅក្នុងការបំផ្លាញជាតិ»។
លោក ហ៊ុន ម៉ាណែត ក៏បានការពារគំនិតផ្តួចផ្តើមនេះផងដែរ ដោយអះអាងថា អ្វីដែលកម្ពុជាធ្វើមិនខុសពីបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោកនោះទេ សូម្បីមហាអំណាចក៏ធ្វើច្បាប់នេះដែរ ជាពិសេសគឺនៅក្នុងសំណុំរឿងក្បត់ជាតិ។ លោកថា ប្រទេស ១៩៥ ក្នុងអង្គការសហប្រជាជាតិ មាន១៥០ប្រទេសមានច្បាប់ដកសញ្ជាតិ ដែលក្នុងនោះមាន១៣៤ប្រទេសមានច្បាប់ដកសញ្ជាតិពីបទក្បត់ជាតិ។
បើទោះបីជាមានការធានាបែបនេះក៏ដោយ ការផ្តួចផ្តើមឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទទួលរងការរិះគន់ដ៏ច្រើនពីអ្នកនយោបាយបក្សប្រឆាំង អ្នកជំនាញផ្នែកច្បាប់ និងអ្នកវិភាគសង្គម ដែលបានជំទាស់ថា វាជារឿងមិនចាំបាច់ ហើយអាចនាំឱ្យមកនូវការបែកបាក់ជាតិកាន់តែធ្ងន់ធ្ងរ។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណ:បក្សកម្ពុជានិយម លើកឡើងថា ខណៈពេលលោកយល់ស្របថា ការការពារឯករាជ្យជាតិ បូរណភាពទឹកដី និងអធិបតេយ្យជាតិពីមហិច្ឆតាឈ្លានពានរបស់បរទេស គឺជារឿងសំខាន់ ប៉ុន្តែលោកមិនគាំទ្រឱ្យមានច្បាប់ដកហូតសញ្ជាតិខ្មែរពីកំណើតនោះទេ ព្រោះការធ្វើបែបនេះអាចប៉ះពាល់ដល់សាមគ្គីជាតិ។
លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា៖ «មិនគួរកើតមានឡើយ! បើក្នុងករណីរកឃើញថា បរទេសនោះប្រព្រឹត្តខុសធ្ងន់ធ្ងរ គប់គិតជាមួយបរទេសបំផ្លាញខ្មែរ នោះទើបគួរមានច្បាប់ស្តីពីការដកហូតសញ្ជាតិ ព្រោះខ្មែរមានច្បាប់គ្រប់គ្រាន់សម្រាប់ដាក់ទោសទណ្ឌហើយ»។
លោកបន្តថា ដូច្នេះបញ្ហានេះ មិនមែនជារឿងអទិភាពដែលរដ្ឋាភិបាលគួរដោះស្រាយនោះទេ ផ្ទុយទៅវិញ សាមគ្កីជាតិ ឯកភាពជាតិ ទើបជារឿងសំខាន់ដែលខ្មែរគ្រប់និន្នាការត្រូវមានស្មារតីសាមគ្គីគ្នា។
ចំណែកលោក អ៊ូ ចាន់រ័ត្ន អនុប្រធានគណបក្សកំណែទម្រង់កម្ពុជា បានយល់ស្របនឹងការលើកឡើងរបស់លោក យ៉ែម បុញ្ញឫទ្ធិ ដែរថា ច្បាប់ដកហូតសញ្ជាតិនេះ ពុំមែនជារឿងចាំបាច់ដែលគួរកើតមានក្នុងសង្គមខ្មែរទេ ពីព្រោះធ្វើឱ្យខ្មែរងាយបែកបាក់គ្នាកាន់តែខ្លាំងទៅៗ។
លោក អ៊ូ ចាន់រ័ត្ន មានប្រសាសន៍ថា៖ «បើបុគ្គលម្នាក់គាត់មានសញ្ចាតិពីកំណើតហើយ បើទៅដកសញ្ជាតិគ្នាទៀត សួរថា តើឱ្យគ្នាចាប់យកសញ្ជាតិអី?”។ បើតាម លោក អ៊ូ ចាន់រ័ត្ន កាលណាប្រទេសមួយកែប្រែច្បាប់ញឹកញាប់នឹងធ្វើឱ្យរដ្ឋធម្មនុញ្ញគ្មានភាពមិនរឹងមាំ និងបាត់គុណតម្លៃកាន់តែខ្លាំង។
ជុំវិញការធ្វើវិសោធនកម្មច្បាប់នេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា សុំមិនអត្ថាធិប្បាយថា តើចំណាត់ការនេះ សំដៅលើក្រុមប្រឆាំង និងអតីតសមាជិកបក្សប្រឆាំងនៅក្រៅប្រទេសឬយ៉ាងណានោះទេ។ លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ចំពោះរឿងវិសោធនកម្មច្បាប់ទាំងអម្បាលម៉ានពូសុំមិនលម្អិតទេ ព្រោះថ្នាក់ដឹកនាំលោកពន្យល់អស់ហើយ មានប្រសាសន៍លើកឡើងអស់ហើយ ខ្ញុំសុំមិននិយាយ »។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ អះអាងថា វត្ថុបំណងនៃការធ្វើវិសោធនកម្មនេះ គឺសំដៅលើខ្មែរទាំងឡាយណាដែលប្រឆាំង ហើយចូលដៃជើងជាមួយបរទេស ខណៈប្រទេសខ្លួនឯងកំពុងប្រឈមការឈ្លានពាន ហើយថា សកម្មភាពបែបនេះត្រូវតែមានវិធានការដកសញ្ជាតិជាចាំបាច់។
លោក ជា ធិរិទ្ធិ មានប្រសាសន៍ថា៖ «ខ្មែរដែលពួកគាត់ស្រឡាញ់ប្រទេសជាតិ ស្នេហាជាតិ គាត់មិនខ្លាចរអារនឹងច្បាប់នេះទេ ហើយការបារម្ភចំនួនសម្ដែងមក យើងក៏មិនដឹងធ្វើម៉េច? បើពួកគាត់ក្បត់ជាតិខ្លួនឯងទៅហើយ យើងមិនអាចយកការបារម្ភទាំងនោះទុកឱ្យរំលោភលើប្រជាជនជាច្រើនលាននាក់ដែលកំពុងរស់នៅបានសុខសាន្តក្នុងប្រទេសបានឡើយ នេះចាត់ទុកជាសិទ្ធិបញ្ចេញមតិគាត់ទៅចុះ»។
ទោះបីជាយ៉ាងណា អ្នកវិភាគសង្គម លោក មាស នី សម្តែងការព្រួយបារម្ភថា ប្រសិនបើការអនុម័តច្បាប់ដកសញ្ជាតិនេះ លេចចេញឡើងជារូបរាងមែន វានឹងក្លាយជាឧបករណ៍មួយទៅថ្ងៃអនាគត ដែលអ្នកនយោបាយខ្មែរនឹងយកមកប្រើ ដើម្បីសងសឹកគ្នាតជំនាន់ ជាក់ជាមិនខាន។
លោក មាស នី មានប្រសាសន៍ថា៖ «ដូច្នេះ ដើម្បីជាដំណោះស្រាយការពារកុំឱ្យមានការបែកបាក់ជាតិ រដ្ឋាភិបាលគួរធ្វើត្រឹមកម្រិតណាមួយ! ជាឧទាហរណ៍ការដកហូតចំពោះតែអ្នកដែលមានសញ្ជាតិពីរគឺ សញ្ជាតិបរទេសមួយ សញ្ចាតិខ្មែរមួយ ក្នុងករណីប្រព្រឹត្តអំពើឧក្រិដ្ឋ ឬរកឃើញថា ក្បត់ជាតិផ្សេងៗពិតមែន កុំឱ្យចាកឆ្ងាយពីរដ្ឋធម្មនុញ្ញខ្លំាងពេក» ។
ប្រធានផ្នែកសិទ្ធមនុស្សនៃសមាគមអាដហុក លោក នី សុខា ឱ្យដឹងថា កម្ពុជាជាប្រទេសទទួលសច្ចាប័ណ្ណលើសិទ្ធិមនុស្សជាច្រើន ពិសេសកតិកសញ្ញាពលដែលធានាអំពីសិទ្ធិនៃសញ្ជាតិហើយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកន្លងមកក៏ឃើញថា មានភាពសមស្រប និងឆ្លើយតបនឹងគោលការណ៍សិទ្ធិមនុស្សគួរឱ្យកត់សម្គាល់ ប៉ុន្តែបើរដ្ឋាភិបាលអនុម័តកំណែទម្រង់នេះឡើង មានន័យថា រដ្ឋាភិបាលកំពុងរំលោភគោលការណ៍ជាសកលផង និងគោលការណ៍ធម្មជាតិនៃមនុស្សម្នាក់ៗដែលមានសិទ្ធិទទួលបានសញ្ជាតិផង។
លោក នី សុខា ថា៖« ស្ថានភាពបច្ចុប្បន្នយើងកំពុងមានវិបត្តិនយោបាយខាងក្នុងចោទខាងក្រៅ ខាងក្រៅចោទខាងក្នុង វាហានិភ័យខ្លាំងជំរុញមនុស្សមួយចំនួនត្រូវបានដកសញ្ជាតិ ពិសេសអ្នកដឹកនាំនយោបាយកំពូលៗ ដែលខ្ញុំគិតថា ជាធនធានសម្រាប់ប្រទេសជាតិយើង បែរជាមិនអាចចូលធ្វើកិច្ចការប្រទេសជាតិបាន ដូច្នេះរដ្ឋាភិបាលលោកគួរពិចារណា»។
លោក សុខ សំអឿន ជាអ្នកជំនាញផ្នែកច្បាប់មានប្រសាសន៍ថា ប្រសិនបើពលរដ្ឋខ្មែរណាម្នាក់ត្រូវបានដកសញ្ជាតិនោះ នោះបុគ្គលនោះ អាចនឹងបាត់បង់សិទ្ធិមួយចំនួនដូចសិទ្ធជាកម្មសិទ្ធិករលើដីធ្លី សិទ្ធិធ្វើនយោបាយ បើបុគ្គលនោះនៅក្រៅប្រទេស គឺមិនមានសិទ្ធិចូលប្រទេស ប៉ុន្តែនៅតែអាចចូលបាន បើប្រើប៉ាស្ព័រជនជាតិដទៃ។
លោកពន្យល់បន្ថែមថា បើក្នុងករណីបុគ្គលនោះអត់មានសញ្ជាតិអ្វីផ្សេង អាជ្ញាធរក៏មិនអាចបណ្តេញចេញបានដែរ ព្រោះវាបំពានសិទ្ធិមនុស្ស តែបើបុគ្គលនោះនៅក្រៅប្រទេសស្រាប់ វាទៅជាងាយក្នុងការសុំសញ្ជាតិរបស់ប្រទេសដែលបុគ្គលនោះកំពុងរស់នៅទៅវិញ ព្រោះគ្មានសញ្ជាតិ ហើយគេនៅតែមានសិទ្ធិនិយាយពីបញ្ហានយោបាយនិងរិះគន់រដ្ឋាបាលកម្ពុជាបានដដែល។
ដូច្នេះ លោកយល់ថា វាមិនមានភាពចាំបាច់អ្វីនៅក្នុងការធ្វើវិសោធនកម្មច្បាប់ ដើម្បីដកសញ្ជាតិនោះទេ ដោយសារថា សព្វថ្ងៃតុលាការអាចដកសិទ្ធិនយោបាយរបស់ជនណាម្នាក់បាន ហើយបើគេចទៅក្រៅប្រទេសដោយសារតែតុលាការកាត់ឱ្យមានទោសនោះ ក៏មិនអាចចូលស្រុកបានដោយងាយនោះដែរ។
លោកមានប្រសាសន៍ថា៖ “បើជាយោបល់ខ្ញុំការធ្វើច្បាប់នេះ វាមិនមានផលប្រយោជន៍នយោបាយអ្វីទេ វាគ្រាន់តែបង្ហាញថា រដ្ឋធម្មនុញ្ញយើងទន់ជ្រាយ ងាយនឹងត្រូវបានកែឬធ្វើវិសោធនកម្មតែប៉ុណ្ណោះ“។
យោងតាមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ គិតត្រឹម ឆ្នាំ២០២២ កម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន១០លើករួចមកហើយ។ ការធ្វើវិសោធនកម្មលើកទី១០ បានរងនូវមតិរិះគន់ខ្លាំងពីសំណាង់អង្គការសង្គមស៊ីវិលនិងក្រុមអ្នកនយោបាយក្រៅរដ្ឋាភិបាល ដោយពួកគេចាត់ទុកថា ជាការពង្រឹងអំណាចរបស់រដ្ឋាភិបាល៕