ពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៣​នាក់​ទៀត​របួស ដោយសារការបាញ់ប្រហារពីយោធា​​​ថៃនៅ​ភូមិ​ព្រៃ​ចាន់​

ពលរដ្ឋ​ខ្មែរ​ម្នាក់ បាន​ស្លាប់ និង​៣នាក់ទៀត​ រង​របួស ដោយសារ​ការ​បាញ់ប្រហារ​ពីសំណាក់​​កង​កម្លាំង​យោធា​​ថៃ នៅ​រសៀល​ថ្ងៃ​ពុធនេះ ​ខណៈប្រជាពលរដ្ឋ​ខ្មែរជាច្រើននាក់​​ ​កំពុង​ស្នាក់​នៅ​​ក្នុង​ជម្រក​កៅ​ស៊ូតង់ក្នុង​ដែន​អធិប​តេយ្យ​​​កម្ពុជា​​ ស្ថិត​នៅ​​ភូមិ​​ព្រៃចាន់ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ។

អ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា លោកស្រី ម៉ាលី សុជាតា បាន​ឱ្យ​ដឹង​នៅក្នុង​ហ្វេសប៊ុក​ក្រសួងការ​ពារ​ជាតិថា យោធា​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​​ម៉ោង​ប្រមាណ ១៥:៥០​នាទី និង​ម៉ោង ១៧:៥៤នាទី​ល្ងាច និង​កំពុង​​ប​ន្ត​​បាញ់​​ប្រហារ​​មក​​លើ​​ប្រជាពលរដ្ឋ​​ខ្មែរ ​មក​ទល់​ពេល​នេះ នៅ​ក្នុង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ដែល​យោងតាមព័ត៌​មាន​បឋម​ពី​អាជ្ញាធរ​មូល​ដ្ឋាន បង្ក​ការ​របួស​ជន​ស៊ីវិល​ចំនួន ០៣​រូប និងស្លាប់​ម្នាក់។​

លោកស្រី​​​បន្តថា ការបើកការវាយប្រហារនេះ ធ្វើឡើង​បន្ទាប់​ពី​យោធា​ថៃបា​ន​ធ្វើស​កម្ម​ភាព​បង្កហេតុ​ជា​ច្រើន​រាប់​មិន​អស់​ច្រើន​ថ្ងៃម​ក​ហើយ ក្នុង​ចេតនា​ញុះ​ញង់​ដើម្បី​នាំ​ដល់​ការ​ប៉ះទ​ង្គិច​គ្នា ខណៈកម្ពុជា ​ប្រកាន់​ខ្ជាប់​បំផុត​នូវ​ការ​គោរព និង​ការ​អនុវត្ត​បទ​ឈប់​បាញ់ និង​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពីកិ​ច្ច​ព្រម​ព្រៀង​សន្តិភា​ពរ​វាង​កម្ពុជា​និង​ថៃ រួម​ទាំង គោល​ការណ៍​ដែល​បាន​ឯកភាព​គ្នា រវាង​ភាគី​កម្ពុជា-ថៃ ដោយ​ឈរលើមូល​ដ្ឋាន​នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះដែរ​​ ​ក្រសួងការពារជាតិកម្ពុជា ក៏បាន​ចេញសេចក្ដីប្រកាសថ្កោល​ទោស​ចំពោះ​​ សកម្ម​​ភា​ព​របស់​​យោធា​​ថៃ ដែល​បាញ់​ប្រហារ​លើជ​ន​ស៊ីវិល​ខ្មែរ ថា​ជា​ទង្វើ​អមនុស្ស​ធម៌ សាហាវ​ឃោរ​ឃៅ ហើយ​ជាកា​ររំ​លោភ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ ដែល​បាន​ចុះ​ហត្ថ​លេខាកាល​ពី​ចុង​ខែ​តុលា នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យអន្តរជាតិថ្កោលទោស​យ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន​កិច្ចព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀត និងទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពាននេះ។

ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែង​ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ចំណែក លោក​​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅម៉ោង​​ជាង​៦ល្ងាចថ្ងៃ​ពុធ​នេះ ក៏បា​ន​សរ​សេរលើ​ទំព័រ​ហ្វេស​​ប៊ុក​របស់​លោក ដោយ​ថ្កោលទោស​ចំពោះ​ការ​ប្រើ​ហិង្សា​របស់​ភាគី​ថៃ​មក​លើពលរដ្ឋ​ស៊ីវិល ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង០៣​នាក់​ទៀត​របួស។ លោក​បន្ត​ថា ទង្វើ​របស់​យោធា​ថៃ បាន​ផ្ទុយ​ទៅ​នឹង​ការ​ឯកភាព​គ្នា​កន្លង​មក ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

លោកបានសរសេរ​ក្នុង​សំណេរ​ដើម​​ថា៖ «ខ្ញុំសូមឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំង​មក​លើ​ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ»។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ក៏ស្នើឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យ ជុំវិញ ហេតុ​ការណ៍​​នេះ និង​អំពាវ​នាវ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ភាគី​បរទេស​ដែល​មាន​ជំនាញ ដើម្បី​ស្វែង​រក​ការ​ពិត និង​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋខ្មែរ​​​ដែល​រង​គ្រោះ​ ដោយសារការបាញ់ប្រហារ។

ទន្ទឹងនឹងនេះ លោក ហ៊ុន ម៉ាណែត ក៏ប្រាប់ឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ ចាត់វិធានការជា​បន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋ ជាពិសេសគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគេ​ឱ្យបាន។

Press Start Cambodia នៅមិនទាន់អាចសុំ​ការ​អត្ថាធិប្បាយបន្ថែម​ជុំវិញ​ហេតុ​ការណ៍នេះ ពីអ្នក​​​នាំ​​ពាក្យ​​រដ្ឋបាល​​ខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណា​រិទ្ធ បានទេ ដោយទូរសព្ទចូលតែមិនមានអ្នកទទួល។

ចំណែក អ្នកវិភាគនយោបាយលោក មាស នី មានប្រសាសន៍ថា កម្ពុជា​អាចប្រមូលភស្តុតាងដើម្បី​ប្ដឹងថៃទៅកាន់សហរដ្ឋអាមេរិក ជុំវិញការបំពានកិច្ចព្រមព្រៀងឈប់បាញ់​ ដែលមានអាមេរិក​ជាសាក្សី។ យ៉ាងណា លោកថា ក្រោយមានប្រតិកម្មពីសហរដ្ឋអាមេរិក ហើយថៃនៅតែមិនអើពើ កម្ពុជាមានតែតស៊ូប្រយុទ្ធ ប្រសិនបើស្ថានការណ៍នៅតែបន្តបែបនេះ។

លោកថា៖ «ខ្ញុំគិតថា កម្ពុជាអាចមានភស្តុតាងគ្រប់គ្រាន់ ប្រសិន​បើមានការផ្ទុះអាវុធ នៅប៉ុន្មាន​ម៉ោងក្រោយនេះ យប់នេះ ឬព្រឹកស្អែក នៅតាមបណ្ដោយព្រំដែន គឺយើងមានមូលហេតុគ្រប់​គ្រាន់ដើម្បីអះ​អាង​ថា ថៃ​ជាអ្នកបំពានមកបាញ់លើជនស៊ីវិលយើងមុន។ ប្រសិនបើស្ថានភាពបែបនេះទៀត យើងមិនអើពើតបតទេ ខ្ញុំគិតថា ថៃនឹងគឃ្លើនដើម្បីធ្វើបាបយើងបន្តទៀត។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជានិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព​នៅ ក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានកិច្ចប្រជុំកំពូលអាស៊ានប្តូរ​វេន​​ ធ្វើជាសាក្សី​។

ក្នុង​​កិច្ចព្រមព្រៀងនោះ បានបញ្ជាក់ពីការដោះលែង​ទាហាន​ខ្មែរ​​​ ចំនួន​ ១៨នាក់ ដែល​ភាគី​ថៃ​បាន​ចាប់​ឃុំ​ខ្លួន ការ​ដក​ហូត​អាវុធ​ធុន​​ធ្ងន់​​​ពី​តំបន់​ព្រំដែន និង​ការ​ជួយ​សហការ​ដោះ​ស្រាយ​បញ្ហា​​មីន​សល់​ពី​​សង្គ្រាម ព្រមទាំង​ពង្រឹង​សន្តិភាព​តាម​បណ្តោយ​ព្រំដែន និង​សហការ​ក្នុង​ការ​ដោះ​​ស្រាយ​ជម្លោះ​ដោយ​សន្តិភាព។

ប៉ុន្តែ​​បន្ទា​ប់​ពីមាន​ហេតុការណ៍ទាហាន​ថៃ​​ជាន់មីនរង​របួស កាល​ពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា​ថ្មីៗ​​នេះ រដ្ឋាភិបាលថៃ បាន​ប្រកាស​​ផ្អាក​​ការ​អនុវត្ត​​តា​ម​​កិច្ច​​ព្រម​​ព្រៀង​​សន្តិភាព​ជាមួយ​កម្ពុជា និង​បាន​ចោទ​កម្ពុជា​ថា បាន​ដាក់​​មីន​ថ្មី​តា​ម​​បណ្តោយ​​ព្រំ​ដែន។

យ៉ាងណា ភ្លាម​ៗនោះ ​ក្រសួងការពារជាតិ និងក្រសួងការ​បរទេស​កម្ពុជា បានចេញសេចក្តីថ្លែងការណ៍​​​ច្រាន​​​ចោល​ការ​ចោទ​ប្រកាន់​​រប​ស់​ថៃ ដោយ​បញ្ជាក់​ថា កម្ពុជា មិនដែលដាក់​មីន​ថ្មី​នៅ​តាមព្រំដែន​ឡើយ ហើយ​​បាន​អំពាវ​នាវ​ឱ្យ​ភាគី​ថៃ​ ត្រូវមានការ​​ប្រុង​ប្រយ័ត្ន ដោយ​មិនត្រូវ​​​ធ្វើ​ការ​ល្បាត​នៅ​តំបន់​​​ដែល​​មាន​មីន​សល់​​ពី​សម័យ​សង្គ្រាមឡើយ​​។

គួរបញ្ជាក់ថា ​កងកម្លាំងកម្ពុជា-ថៃ ធ្លាប់​​មានការ​​ប៉ះទង្គិចគ្នាដោយ​សព្វាវុធ ​អស់​រយៈ​ពេល​៥ថ្ងៃ ​ម្តង​រួច​មក​ហើយ ​ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៥ រហូតទាល់តែមានបទឈប់បាញ់ ក្រោម​ការ​សម្រប​​សម្រួល​ពី​ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។ តែយ៉ាងណា ​ភាព​តាន​តឹង​នៅ​តំបន់​ព្រំដែន ​នៅ​​តែប​ន្ត​​កើត​​មាន ដោយ​សារ​​កងកម្លាំង​យោធា​​ថៃ ​បាន​​រាយបន្លាលួស ដាក់សំណាញ់ និង​សំបកកង់ឡាន ​នៅ​តំបន់មួយ​ចំនួន ជាពិសេស​នៅភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគ​ជ័យ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ចូល​​​ដែន​អធិបតេយ្យ​កម្ពុជា៕