ខួប១ឆ្នាំនៃការជាប់ឃុំ សង្គមស៊ីវិល​និង​គ្រួសារ​​សកម្មជន​​ស្នើ​​រដ្ឋាភិបាល​​​ដោះ​លែង​​សកម្ម​ជន​​​មាតា​​ធម្មជាតិ​​ទាំង​​៥នាក់​

សង្គមស៊ីវិល និងគ្រួសាររបស់សកម្មជនចលនាមាតាធម្មជាតិ ស្នើឱ្យ​រដ្ឋាភិបាលដោះលែងសកម្ម​ជន​ទាំង​៥នាក់ ​ឱ្យមានសេរីភាពឡើងវិញ ក្នុងពិធីគម្រប់ខួប១ឆ្នាំនៃការឃុំខ្លួនពួកគេ ​ដោយអ្នកចូលរួម​លើក​ឡើង​ថា​ ពួក​គេរងនូវ​ភាពអយុត្តិធម៌។

នៅក្នុងពិធីគម្រប់ខួប១ឆ្នាំនៃការឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ រួម​មានលោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា និងលោក យឹម លាងហ៊ី ដែលធ្វើឡើងនៅថ្ងៃ​ទី១ ខែកក្កដា នៅការិយាល័យអង្គការសង់ត្រាល់ ក្រុមអង្គការសង្គម​ស៊ីវិល និងសមាជិកគ្រួសាររបស់​សកម្មជន​​ទាំង៥នាក់ បានបញ្ចេញមតិ លើកឡើងពីបញ្ហាទុក្ខលំបាក​នានារបស់គ្រួសារពួកគេ​ក្នុង​រយៈ​ពេល​​មួយនេះ ព្រមទាំងស្នើរដ្ឋាភិបាលដោះលែងសកម្មជនទាំងនោះឱ្យ​មានសេរីភាពវិញ។

លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ មានប្រសាសន៍ប្រាប់ Press Start Cambodia ថា ការរំលឹកខួប១ឆ្នាំនៃការឃុំខ្លួនសកម្មជនបរិស្ថាន​នេះ គឺធ្វើឡើងក្នុងបំណងរំលឹកអំពីវីរៈភាពរបស់សកម្មជនទាំង៥នាក់​​ ដែលលះបង់ដើម្បីធនធានធម្ម​ជាតិ បរិស្ថាន និងដើម្បីទាមទារឱ្យអា​ជ្ញាធរទម្លាក់រាល់បទចោទប្រកាន់លើ​ពួកគេ​។

លោកថា៖ «ថ្ងៃនេះ យើងរំលឹកវីរៈភាព អំពីការចូលរួមរបស់ពួកគាត់នៅក្នុងកិច្ចការងារ ការពារធនធានធម្មជាតិ បរិស្ថាន”។

លោក ថារ៉ូ បន្តថា សកម្មជន​ទាំង​នេះ មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ព្រហ្មទណ្ឌ ដោយសារ​តែ​សកម្ម​ភាព​​ការ​ពារបរិស្ថាន​របស់​ពួកគាត់នោះ​​ទេ។​

លោកថា៖ «ការចោទប្រកាន់ទៅលើពួកគាត់ទាំង​៥នាក់ គឺអយុត្តិធម៌ ហើយយើងជំរុញ ទាម​ទារ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ ក៏ដូចជាតុលាការទម្លាក់ចោលនូវបទចោទប្រកាន់ប្រឆាំងទៅហ្នឺងពួកគាត់»។

ភរិយាសកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត់ រស្មី បាន​ស្នើ​ឱ្យថ្នាក់ដឹក​នាំ​ពិចារណា​ក្នុងការដោះលែង លោក ថុន រដ្ឋា ឱ្យមានសេរីភាពវិញ ហើយ​ថាការឃុំខ្លួន​នេះ គឺជារឿងអយុត្តិធម៌ ព្រោះប្តីរបស់​អ្នកស្រីមិនមានកំហុសទេ។

អ្នកស្រីបន្តថា៖ «ខ្ញុំនៅតែទទូចឱ្យរាជរដ្ឋាភិបាល តុលាការ និងមន្រ្តីពាក់ព័ន្ធទាំងអស់ហ្នឹង គួរតែពិចារណាឡើងវិញ ដើម្បីឱ្យគាត់មានសេរីភាព ឆាប់បានជួបប្រ​ពន្ធកូន […] គាត់គ្មានកំហុសទេ គឺគាត់ធ្វើការដើម្បីតែបរិស្ថាន ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយទេ អញ្ចឹងការចាប់គាត់ដាក់ពន្ធនាគារជាង១ឆ្នាំនេះ វាជារឿងអយុត្តិធម៌មែនទែន»។

រីឯឪពុកលោក​​ យឹម លាងហ៊ី គឺលោក ឡូយ យីម មានវ័យ​៦៩ឆ្នាំ បានប្រាប់អ្នកសាព័ត៌មានថា ក្នុងឱកាសគម្រប់ខួប១ឆ្នាំនៃការជាប់ពន្ធនាគារ លោកស្នើឱ្យតុលាការ និងរាជរដ្ឋាភិបាល ដោះលែងសកម្មជនចលនាមាតាធម្មជាតិទាំង៥រូប​ឱ្យមានសេរីភាពឡើងវិញ។

លោកថា តាំងពីកូនប្រុសលោកជាប់ពន្ធនាគារ ពិតជា ប៉ះពាល់ដល់ស្ថានភាពផ្លូវកាយ និងផ្លូវចិត្តក្រុមគ្រួសារ​យ៉ាងខ្លាំង ព្រោះលោកផ្ទាល់មានជំងឺបេះដូង ហើយប្រពន្ធរបស់លោក​ក៏​​មាន​ជំងឺម​ហារីក​ក្នុងដំណាក់​កាល​ចុង​ក្រោយ​ទៀត ខណៈ​លោក លាង​ហ៊ី ក៏​មិន​បាន​ជួប​មុខ​កូន​ស្រី​ពៅ ព្រោះលោក​ត្រូវ​បាន​ចាប់​ខ្លួន​មុន​ប្រពន្ធ​​​សម្រាល​កូន២០ថ្ងៃ។

លោកបន្តថា៖ «សំ​ណូមពរទៅដល់​រាជរដ្ឋាភិបាល និងតុលាការដែលបានចោទទៅលើកូនខ្ញុំ ក៏ដូចជា​ក្មេងៗ​៥នាក់ដែលចោទប្រកាន់ខាងបរិស្ថានហ្នឹង សុំឱ្យតុលាការទម្លាក់ការចោទប្រកាន់ចោល និងរាជរដ្ឋាភិបាលកុំចោទប្រកាន់គាត់ថា រួមគំនិតក្បត់ ព្រោះអី គាត់ក្មេងៗណាស់ គាត់៥នាក់នោះ អត់មានទៅធ្វើអ្វីកើត​ទេ​»។

ជាមួយគ្នានេះ ម្តាយរបស់លោក លី ចាន់តារ៉ាវុត សុំមិនបញ្ចេញ​ឈ្មោះ លើក​ឡើង​ថា បច្ចុប្បន្ន កូន​ប្រុស​របស់​គាត់​​​មានស្ថានភាពផ្លូវ​ចិត្តរឹងមាំ តែផ្លូវកាយកំពុង​កើតរមាស់ ព្រោះតែភាពចង្អៀត​​នៅក្នុងពន្ធនាគារ។ អ្នកស្រីថា អ្នកស្រីពិតជាមានមោទនភាពចំពោះទង្វើ និងការលះ​បង់​របស់​កូន​ប្រុស​គាត់​ បើទោះបីជាអ្នកស្រីត្រូវរងសម្ពាធ​ការងារ និងបារម្ភពីកូនយ៉ាងណាក្តី។

អ្នកស្រីបន្តថា៖ «អត់ពីគាត់វាពិបាកៗការងារក្នុងផ្ទះ ក្នុងក្រុមគ្រួសារ នៅគាត់នៅយើងមានអារម្មណ៍ថា មានភាពកក់ក្តៅ មានគាត់ជាទីពឹង។ [ខ្ញុំ​ ] មានមោទនភាពដែលគាត់[លី ចាន់ ដារ៉ាវុត] មានចំណេះដឹងគាត់យកមកចែករំលែកដល់ទាំង​អស់គ្នា និងលះបង់យុវភាពរបស់ខ្លួននៅក្នុងពន្ធនាគារទាំងវ័យក្មេងខ្ចី និងមិនមានកំហុស»។

អ្នកស្រីសំណូមពរដល់រាជរដ្ឋាភិបាលដោះលែងឱ្យសកម្មជនបរិស្ថាន​ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគាត់អាចមានលទ្ធ​ភាពបន្តការសិក្សា និងជួយកសាងសង្គមជាតិ។

ជុំវិញករណីនេះ លោក យី សុខសាន្ត ជាមន្ត្រីអង្កេតការណ៍ជាន់ខ្ពស់នៃសមាគមន៍​អាដហុក​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​នោះ​ថា បើកម្ពុជាចាត់ទុកខ្លួនថា ជាប្រទេស​​​​ប្រកាន់​របបប្រជាធិបតេយ្យសេរីពហុ​បក្ស ការបញ្ចេញ​មតិរបស់ក្រុមចល​នា​មាតាធម្មជាតិនេះ គ្រាន់តែ​ដើម្បីការពារ​ប្រ​យោជន៍​រួមរបស់​​ប្រ​ទេ​ស​ជាតិ​។ លោកបន្តថា ពាក្យថាសន្តិភាព​មិនមែនមានន័យថា តែការផ្សះ​ផ្សា​បង្រួបបង្រួមសម្រាប់តែអ្នកនយោបាយទេ គឺ​រួម​ទាំង​ការផ្សះផ្សា​បង្រួបបង្រួមអ្នក​ការ​ពារ​​​បរិស្ថាន​ផងដែរ។

លោកមានប្រសាសន៍ថា៖ «អញ្ចឹងហើយសារដែលខ្ញុំសរសេរថ្ងៃនេះ ខ្ញុំចង់ផ្ញើរ​ជូន​ទៅរដ្ឋាភិបាលថា ដោះលែងសកម្មជនបរិស្ថាន វាស្មើនឹងការពារបរិស្ថាន។ បើចាប់សកម្មជនបរិស្ថាន វា​ស្មើ​នឹង​បំផ្លាញ​បរិស្ថាន»។​

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានឆ្លើយតបថា ការទាម​ទារដោះលែង​សកម្ម​ជន​មាតាធម្មជាតិ​មិនអាចអនុវត្តបានទេ ព្រោះកម្ពុជាជា​ប្រទេសនីតិរដ្ឋ ដែលមនុស្ស​ណាប្រព្រឹត្តិល្មើស​ក៏ត្រូវបានកាត់ទោសទៅតាមច្បាប់​។ លោកបន្តថា តុលាការមិនអាចទទួលបញ្ជាដកសេចក្តី​សម្រេចពីនរណាម្នាក់​បានទេ។

លោកមាន​ប្រសាសន៍​ថា៖ «នៅកម្ពុជា មានអ្នកទោសច្រើនណាស់មិនមែនមានតែក្រុមមនុស្សប៉ុន្មាននាក់ដែលពួកគេលើកឡើងនោះទេ។ ដូច្នេះបើត្រូវដោះលែងមនុស្សមួយក្រុមតូច ក៏ត្រូវដោះលែងអ្នកទោសទាំងអស់ដូចគ្នា។ ដូច្នេះ តើការទាមទារនេះត្រឹមត្រូវទេ? សូមឱ្យពួកគាត់ពិចារណា។ ម្យ៉ាងទៀត គ្មានបុគ្គលណា ឬក្រុមណាអាចបង្គាប់បញ្ជាតុលាការឱ្យធ្វើតាមការចង់បានរបស់ខ្លួនបានទេ។ មានតែការនាំគ្នាគោរពច្បាប់ទេ ទើបអាចចៀសផុតពីចំណាត់ការផ្លូវច្បាប់បាន»។

លោក សេង ឌីណា អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​ មិន​អាចទាក់ទងសុំការ​អត្ថាធិប្បាយ​បានទេ​។​

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បាន​ផ្តន្ទាទោស​លោក អាឡិច​​ហ្សង់ដ្រូ ហ្គន់សា​ឡេស ​ដេវិត​សិន (Alex Gonzalez Davidson) សហស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ រួមទាំងកញ្ញា ស៊ុន រដ្ឋា និងលោក​ យឹម លាងហ៊ី ចំនួន៨ឆ្នាំ ព្រមទាំងពិន័យជាទឹកប្រាក់ប្រមាណ ១០លានរៀលក្នុងម្នាក់ ក្រោមបទចោទប្រមាថព្រាះមហាក្សត្រ និងរួមគំនិតក្បត់ផងដែរ។

រីឯ​ លោក​ ថុន រដ្ឋា លោក​ លី ចាន់ដារ៉ា​វុត កញ្ញា ភួន​ កែវរស្មី កញ្ញា ឡុង គន្ធា លោក ពក ខើយ លោក​ ប៉ិញ ពិសិដ្ឋ និង​​កញ្ញា រី រក្សា​ ត្រូវ​បាន​ផ្តន្ទាទោសម្នាក់ៗចំនួន ​៦ឆ្នាំ ពីបទរួម​គំនិតក្បត់​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍