សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ ស្នើរដ្ឋាភិបាលពិចារណាកាត់បន្ថយពន្ធលើប្រេងឥន្ធនៈសម្រាប់រយៈពេលខ្លី ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ខណៈតម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ដោយ វិបត្តិសង្រ្គាមនៅមជ្ឈឹមបូព៌ា។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា មានប្រសាសន៍នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះថា តម្លៃប្រេងឥន្ធនៈនៅបណ្តាប្រទេសជាច្រើនក្នុងពិភពលោកបានហក់ឡើងខ្ពស់ ដោយសារវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ និងភាពតានតឹងនៅក្នុងតំបន់មជ្ឈឹមបូព៌ា ក្នុងនោះកម្ពុជាក៏កំពុងជួបនូវប្រទះបញ្ហានេះផងដែរ។ លោកបន្តថា កម្ពុជាជាប្រទេសនាំចូលប្រេងឥន្ធនៈសឹងតែ ១០០ភាគរយ ដូច្នេះជៀសមិនផុតទេ ដែលអាចបង្កផលប៉ះពាល់ដល់ជីវភាពពលរដ្ឋ ជាពិសេសពលរដ្ឋសាមញ្ញ ឬក្រីក្រ ដែលកំពុងជួបបញ្ហាជីវភាពស្រាប់ផងនោះ។
យ៉ាងណា លោកសង្កេតឃើញថា បញ្ហានេះ រដ្ឋាភិបាលក៏បានព្យាយាមដោះស្រាយ និងដាក់ចេញនូវវិធានការខ្លះហើយដែរ ក្នុងការជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ករណីនេះ លោកជំរុញដល់រដ្ឋាភិបាលកម្ពុជា បន្តជួយដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈនេះ ដើម្បីជាការរួមចំណែកសម្រួលទុក្ខលំបាក និងជីវភាពរបស់ពលរដ្ឋ។
លោកថា៖ «រាជរដ្ឋាភិបាលគួរគិតគូរពីការកាត់បន្ថយពន្ធលើតម្លៃប្រេង ដើម្បីធានាថាប្រជាពលរដ្ឋនឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះការកើនឡើងនូវតម្លៃប្រេង ក្នុងកាលៈទេសៈដែលពិភពលោកកំពុងមានសង្រ្គាមនៅអ៊ីរ៉ង ដូចជាវិបត្តិនៅមជ្ឈឹមបូព៌ាហ្នឹង»។
លើសពីនេះ លោក គង់ មុនីកា បានបង្ហោះសារលើហ្វេសប៊ុកលដោយទទួលស្គាល់ថា តម្លៃប្រេងឡើងខ្ពស់ដោយសារវិបត្តិសង្រ្គាមនៅអ៊ីរ៉ង់ និងភាពតានតឹងក្នុងតំបន់មជ្ឈឹមបូព៌ា ប៉ុន្តែកម្ពុជាពុំគួរបន្ទោសតែលើវិបត្តិពីខាងក្រៅពេកទេ តែត្រូវផ្តោតលើការត្រៀមខ្លួនក្នុងករណីមានវិបត្តិបែបនេះ។
លោកបន្តថា ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលគួរពិចារណាកាត់បន្ថយពន្ធលើប្រេងឥន្ធនៈសម្រាប់រយៈពេលខ្លី ព្រមទាំងតម្រូវឱ្យក្រុមហ៊ុនប្រេងកំណត់អាត្រានៃប្រាក់ចំណេញដុលរបស់ខ្លួន ហើយសម្រាប់រយៈពេលវែង រាជរដ្ឋាភិបាលត្រូវបង្កើតទុនបម្រុងប្រេងឥន្ធនៈជាតិជាយុទ្ធសាស្ត្រ ធ្វើពិពិធកម្មការនាំចូលថាមពល/ប្រេងឥន្ធនៈ វិនិយោគលើថាមពលកកើតឡើងវិញបន្ថែមទៀត។
ចំណែក ពលរដ្ឋរស់នៅរាជធានីភ្នំពេញ អ្នកស្រី ពេជ្រ លីណា គាំទ្រឱ្យរដ្ឋាភិបាលជួយសម្រួលកាត់បន្ថយតម្លៃប្រេងឥន្ធនៈ កុំឱ្យឡើងថ្លៃខ្ពស់ពេក ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
អ្នកស្រីថា៖ «ខ្ញុំគិតថាបញ្ហាប្រេងសាំងឡើងថ្លៃនេះ រដ្ឋាភិបាលគួរតែជួយសម្រួលដល់ពលរដ្ឋ ព្រោះបើកាលណាប្រេងសាំងឡើងថ្លៃ មិនថាខ្ញុំ ថាគេទេ សុទ្ធតែប្រឈមផលប៉ះពាល់ ឬផលលំបាក ដូច្នេះខ្ញុំក៏ស្នើដល់រាជរដ្ឋាភិបាល សូមលោកជួយសម្រួលដល់តម្លៃប្រេងកុំឱ្យឡើងខ្ពស់ពេក នូវពេលដែលប្រទេសយើង ក៏កំពុងប្រឈមការឈ្លានពានពីប្រទេសជិតខាង»។
ជុំវិញបញ្ហានេះ Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានទេ នៅថ្ងៃទី១០ខែមីនានេះ។
យ៉ាងណា រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រនតៈ បានលើកឡើងក្នុងវេទិកាសាធារណៈមួយ និងត្រូវបានស្រង់សម្តីមកចុះផ្សាយដោយសារព័ត៌មានកម្ពុជាថ្មី និងសារព័ត៌មានមួយចំនួន នៅថ្ងៃទី០៨ ខែមីនាថា រាជរដ្ឋាភិបាល កំពុងតែបើកការចរចាជាមួយក្រុមហ៊ុនអ្នកវិនិយោគនាំប្រេងចូល រួមមានក្រុមហ៊ុនអាមេរិក បារាំង ម៉ាឡេស៊ី និងសិង្ហបុរីជាដើម ដើម្បីធានាថា កម្ពុជានៅតែបន្តមានប្រេង និងឧស្ម័នចូលប្រទេសមិនឱ្យខ្វះ។
លោកក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ត្រូវមានកាតព្វកិច្ចសីលធម៌លក់ប្រេងទៅតាមការកំណត់ដែលមានតម្លៃសមរម្យ ដើម្បីជួយជាតិ។ ជាមួយគ្នានេះ លោកក៏បានព្រមានថានឹងដកអាជ្ញាបណ្ណឈប់ឱ្យលក់ប្រេងមួយជីវិត បើម្ចាស់ស្ថានីយប្រេងឥន្ធនៈលក់ប្រេងលើសតម្លៃដែលរដ្ឋាភិបាលបានកំណត់។
លោកថា៖ «ចំពោះអ្នកដែលមានមិនមានអាជ្ញាបណ្ណលក់ប្រេងសាំង ហាមទិញសាំងទាំងកានៗយកទៅដាក់លក់ ហើយលក់លើសថ្លៃនោះនឹងប្រឈមចាប់តែម្តង ព្រោះថា មិនមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយមិនបានគោរពស្តង់ដារសុវត្ថិភាពបានត្រឹមត្រូវ ដែលអាចប្រឈមនឹងការគ្រោះថ្នាក់ ឬត្រូវប្រឈមនឹងចាប់ហើយ»។
ចំណែក ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីណែនាំមួយ ស្តីពី ការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ និងដេប៉ូ ដើម្បីធានាបាននូវតម្លៃភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈផងដែរ។
សេចក្តីណែនាំនោះ ក្រសួងប្រាប់ទៅក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
ក្រសួងសង្កត់ធ្ងន់ថា កាតព្វកិច្ចរបស់ស្ថានីយ និងដេប៉ូ ចំពោះអតិថិជនត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈ ដោយយោងសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយជាគោល និងត្រូវធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន។ ក្រៅពីនោះ ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់សេវាសាធារណៈចាំបាច់ និងប្រជាកសិករ បុគ្គលពាក់ព័ន្ធក្នុងខ្សែចង្វាក់ផលិតកម្ម និងភស្តុភារ ដែលមានតម្រូវការចម្បងក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន់ ពៅ យល់ថា វាជារឿងល្អ បើរដ្ឋាភិបាលបានជួយសម្រួលកាត់បន្ថយតម្លៃពន្ធលើប្រេងឥន្ធនៈនេះមែន។ លោកបន្តថា បញ្ហាប្រេងសាំងឡើងថ្លៃនេះ រដ្ឋាភិបាលគួរឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋភ្លាម ព្រោះតម្លៃប្រេងសាំងគឺជាតម្លៃគោលមួយ កាលណាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ទំនិញគ្រប់យ៉ាងក៏នឹងឡើងថ្លៃដែរ។
ការណ៍នេះ លោក វន់ ពៅ ស្នើឱ្យរដ្ឋាភិបាលជួយសម្រួលកាត់បន្ថយតម្លៃពន្ធលើតម្លៃប្រេងឥន្ធនៈនេះផងដែរ ដើម្បីរួមចំណែកដោះស្រាយបញ្ហាទុក្ខលំបាកពលរដ្ឋ ខណៈពិភពលោកកំពុងជួបបញ្ហាវិបត្តិសង្រ្គាម។
លោកថា៖ «បញ្ហានេះរដ្ឋត្រូវមានវិធានការជាបន្ទាន់ ព្រោះនេះជាតម្រូវការចំបាច់របស់ពលរដ្ឋ ដូចជាវិនិយោគ ដូចជាអ្នកផ្សេងៗ អីចឹងរដ្ឋត្រូវធ្វើយ៉ាងណាឱ្យប្រេងឥន្ធនៈ ឬឧស្ម័ន កុំឱ្យឡើងថ្លៃអីឱ្យសោះ ដើម្បីឆ្លើយតបតម្រូវការពលរដ្ឋ នាពេលបច្ចុប្បន្ននេះ»។
បើតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងសាំងធម្មតា លក់រាយ ៤៤០០ រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ៥១៥០ រៀល ក្នុងមួយលីត្រ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ ខណៈតម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នឹងត្រូវលក់ក្នុងតម្លៃ ៥២០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៦០៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត៕

