ពលរដ្ឋភៀសសឹកជិត៦០ម៉ឺននាក់ ឬស្មើ ៨៩ភាគរយបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈពលរដ្ឋជិត៧ម៉ឺននាក់ផ្សេងទៀត ពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ៩៤៨នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដែលធ្វើឱ្យចំនួនពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅលំនៅឋានកើនដល់ ៥សែន ៨ម៉ឺននាក់ ឬស្មើ ៨៩ភាគរយ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុប ៦សែន ៤ម៉ឺននាក់ ខណៈនៅមានពលរដ្ឋចំនួន៦៩.៥៦៨នាក់ទៀត (ស្ត្រី៣៦.៦៤៨នាក់និងកុមារ២៤.៦៧០នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា មានសាលារៀន ៨ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៥ នៅខេត្តឧត្តរមានជ័យ សាលារៀន ៥និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ នៅខេត្តបន្ទាយមានជ័យ សាលារៀន ២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅខេត្តព្រះវិហារ នៅបន្តផ្អាក។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្រសួងមហាផ្ទៃបានបង្ហាញការគាំទ្រពេញទំហឹងលើការតវ៉ាដាច់អហង្ការរបស់រដ្ឋាភិបាលចំពោះសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ និងអំពាវនាវឱ្យភាគីថៃមានភាពស្មោះត្រង់ អនុវត្តឱ្យបានពេញលេញតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពគូឡាគាំពួនិងអនុញ្ញាតឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) បំពេញភារកិច្ចបានឆាប់បំផុត និងបញ្ឈប់ការប្រើប្រាស់លេសនយោបាយ ដើម្បីពន្យារពេលបន្តទៀត៕
អត្ថបទដោយ សួន សុខចេង

