ធនា​គារ​​ជាតិ​​សុំ​​ការ​យោគយល់ ខណៈ​ធនាគារព្រីនស៍និងផេនដាកំ​ពុង​​ស្ថិត​ក្រោមការ​ជម្រះបញ្ជី

ធនាគារជាតិ នៃកម្ពុជាស្នើសុំការយោគយល់​ពី​​​អតិថិជន​របស់​ធនាគារព្រីនស៍ (PRINCE plc.) និងធនា​គារ​ពាណិជ្ជផេនដា (Panda) ខណៈដែល​អ្នក​​ជំ​នាញ​​​កំ​ពុង​ដំណើរ​ការ​នីតិវិធី​ជម្រះ​បញ្ជី​ ក្រោយពី​ធនា​គារ​ទាំងពីរត្រូវ​បានផ្អាកដំ​ណើរ​​​​ការ​​។ 

នៅក្នុង​វីដេអូរយៈ​ពេល​ប្រមាណ​៥នាទីចេញផ្សាយ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៦​នេះ​ លោក​ស្រី ជា សិរី ទេសាភិបាលធនា​គារ​ជាតិនៃកម្ពុជា បាន​សុំ​ការ​យោគ​យល់​​ពី​អតិ​ថិ​ជនរបស់ធនាគារទាំងពីរ​ ខណៈ​ពេល​ធនាគារ​ជាតិនៃកម្ពុជា​​កំពុង​ធ្វើ​ការ​​ជាមួយ​អ្នក​ជំនាញ​ជម្រះបញ្ជី​ ដើម្បី​ពន្លឿន​នីតិវិធី​។

​​លោកស្រី ជា សិរី មាន​ប្រសាសន៍ថា៖ “ខ្ញុំសូមឱ្យអតិថិជនទាំងអស់មានការយោគ​​​យល់និងទុកពេលវេលាឱ្យអ្នកជម្រះបញ្ជីគាត់ធ្វើការងារគាត់ដោយមានប្រសិទ្ធិភាព… ធនា​គារជាតិនៃកម្ពុជា​កំពុងតែធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងអ្នកជម្រះបញ្ជីទាំងនោះ ដើម្បីពន្លឿននីតិវិធី ហើយធ្វើយ៉ាងណាឱ្យអតិថិជនរបស់ធនា​​គារ​អាចទទួលបានប្រាក់បញ្ញើវិញយ៉ាងឆាប់រហ័ស​​»។ 

នៅ​ក្នុង​វីដេអូខ្លីនេះដែរ លោកស្រី ជា​ សិរី បាន​ពន្យល់​អំពី​នីតិវិធី​ចំនួនពីរ​ដែល​ត្រូវ​​អនុវត្ត​​នៅពេលរកឃើញ​ថា ធនាគារ​មួយ​មិន​មាន​លទ្ធភាព​បើក​ប្រាក់​បញ្ញើ​ជូន​អតិថិជន​របស់ខ្លួន​រយៈ​​ពេលយូរ ឬ​រកឃើញ​ថា អាចមាន​បញ្ហា​​និរន្តរភាព​ប្រតិ​បត្តិ​ការ។

លោកស្រីពន្យល់ថា​​​ ដំណាក់កាលទី​១ គឺ​នីតិវិធី ​នៃ​ការ​ធ្វើ​អភិបាល​បណ្តោះអាសន្ន ដែល​ជា​ការ​វាយតម្លៃដោយក្រុ​មហ៊ុនសវនកម្មទៅលើស្ថានភាពរបស់គ្រឹះ​ស្ថាន​ទាំងនោះផ្ទាល់ និង​ទី​២ គឺ​ការ​ជម្រះ​បញ្ជី ដែលធនាគារនឹងត្រូវបានផ្អាក ហើយក្រុមហ៊ុនសវនកម្មនឹងចុះត្រួតពិនិត្យទ្រព្យសម្បត្តិរបស់ធនាគារ ដើម្បីបំប្លែង​ជាសាច់ប្រាក់សងជូនអតិថិជនវិញ។ ទោះបីជា​យ៉ាងណា លោកស្រី​បញ្ជាក់​ថា នីតិវិធី​ទាំង​ពីរនេះ​ ត្រូវ​ការ​ពេលវេលា​។​

លោកស្រីពន្យល់ថា ៖ «កាលណាគាត់បំប្លែងទ្រព្យសម្បត្តិទាំងអស់នោះលឿនពេក គឺធ្វើអោយតម្លៃទ្រព្យសម្បត្តិទាំងអស់នោះធ្លាក់ថោក ហើយកាលណាបើទ្រព្យសម្បត្តិនោះធ្លាក់ថោក គាត់នឹងអាចខ្វះលទ្ធភាពក្នុងការសងប្រាក់ទៅអ្នកដែល​ធនាគារជំពាក់នោះឱ្យបានពេញលេញ។ ដូច្នេះហើយបានជាកន្លងមកយើង​សង្កេតថា ពេលវេលានោះ វាមានដំណើរការយូរ​​ »​។ 

គួរបញ្ជាក់ថា ធនាគារព្រីនស៍ត្រូវបានផ្អាកសកម្មភាព ក្រោយលោក ចេន ហ្ស៊ី ជាស្ថាបនិក ត្រូវ​បានចាប់ខ្លួនបញ្ជូនទៅប្រទេសចិនពាក់​ព័ន្ធនឹង​សកម្មភាព​ឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា និងការលាងលុយកខ្វក់ ហើយខាងធនាគារជាតិនៃកម្ពុជាក៏​បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ (Morisonkak MKA) ជាអ្នកជម្រះ​បញ្ជីធនាគារព្រីនស៍ ដោយទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងរាល់ប្រតិបត្តិការ​និងទ្រព្យសម្បត្តិរបស់ធនាគារនេះ កាលពីថ្ងៃទី ០៨ ខែ​ មករា​ ឆ្នាំ ២០២៦ ។ 

ស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០២៦ ធនាគារជាតិក៏​បាន​សម្រេច​ដក​ហូត​អាជ្ញាបណ្ណ​​ធនាគារ​ផេនដា​ និងដាក់​ឱ្យស្ថិតក្រោមការ​ជម្រះបញ្ជី​ដោយ​ក្រុមហ៊ុនម៉ូរីសុនកាក់នេះដូចគ្នា ដោយ​ផ្នែក​ថា ស្ថានភាពហិរញ្ញវត្ថុនៃធនា​គារនេះបានធ្លាក់ចុះជាបន្ដបន្ទាប់ ដែលឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវា​ធនាគារបានទៀត៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍