រដ្ឋសភាកម្ពុជាបានអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលគប់គិតជាមួយបរទេសប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា។
នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋសភាបានអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ដោយសំឡេង១២៥ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដែលនឹងអនុញ្ញាតឱ្យមានការរៀបចំក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងការទទួលបានសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរផងពីពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តិអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងពលរដ្ឋខ្មែរ មានការគប់ឃិតជាមួយបរទេសជាអាទិ៍។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១១ កក្កដា។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ «ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍ប្រទេសជាតិ»។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងពីហេតុផលសំខាន់បី ដែលនាំឱ្យមានការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ។ លោកថា ទី១ មានគោលបំណង ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិ ប្រជាពលរដ្ឋខ្មែរចំពោះជាតិ និងប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ ទី២ ដើម្បីធានាការគោរពនូវមាត្រា៤៩ ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ និងទី៣ ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើឃុបឃិតគ្នាជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិឯង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីសម័យប្រជុំរដ្ឋសភា លោក កើត រិទ្ធ មានប្រសាសន៍ថា៖“ មានការលើកឡើងថា ការរៀបចំនេះមានមូលហេតុនយោបាយ ឥឡូវខ្ញុំសូមបញ្ជា្របទៅវិញតើគោលបំណងគឺជាអ្វី? គឺគោលបំណងជានយោបាយដើម្បីការពារប្រទេស មូលហេតុធំជាងគេ គឺដើម្បីលើកកម្ពស់ឧត្តមគតិជាតិមាតភុមិកម្ពុជា សួរថាតើនយោបាយទេ? អត់ខុសទេ អាហ្នឹងនយោបាយ ប៉ុន្តែនយោបាយនេះ សម្រាប់ជាតិរបស់យើង ដើម្បីការពារជាតិរបស់យើង”។
ការអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនេះ កើតមាន បន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងនូវគំនិតផ្តួចផ្តើមឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី២៧ ខែមិថុនា អំឡុងពិធីសំណេះសំណាលមួយនៅខេត្តព្រះវិហារ ដើម្បីដកសញ្ជាតិអ្នក ដែលឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញផលប្រយោជន៍ខ្មែរ ហើយការផ្តួចផ្តើមនេះ ត្រូវបានលើកឡើងស្របពេល ដែលកម្ពុជាកំពុងមានភាពតានតឹងជាមួយប្រទេសថៃជុំវិញបញ្ហាជម្លោះព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា បណ្តាលឱ្យយោធាកម្ពុជាម្នាក់ពលីជីវិត។
ប្រធានគណបក្សកំណែទម្រង់កម្ពុជា លោក អ៊ូ ចាន់រ័ត្ន លើកឡើងថា ជាទូទៅរាល់គំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាច គឺតែងតែអនុម័តលឿនរហ័ស ហើយពុំមានឧបសគ្គមករារាំងឡើយ ពិសេសច្បាប់ពាក់ព័ន្ធនឹងគណបក្សប្រឆាំង។
បើតាមលោក អ៊ូ ចាន់រ័ត្ន ថា នេះអាចជាចេតនាសំដៅលើជនជាតិខ្មែរដែលវាយប្រហារមកលើប្រទេសកម្ពុជានោះឯង ប៉ុន្តែលោកយល់ថា រដ្ឋាភិបាលកម្ពុជាគួរមានមធ្យោបាយផ្សេង ដើម្បីបញ្ជៀសកុំឱ្យមានការប្រើប្រាស់ប្រជាពលរដ្ឋខ្មែរ ឬជនជាតិខ្មែរវាយប្រហារគ្នាឯង។
លោក អ៊ូ ចាន់រ័ត្ន មានប្រសាសន៍ថា៖ «ដូច្នេះ មិនមានអ្វីចម្លែកទេ វាអាចជាចេតនាទប់ស្កាត់មិនឱ្យបរទេស ឬប្រទេសជិតខាង ដែលកំពុងតែមានអរិភាពជាមួយប្រទេសកម្ពុជា ប្រើប្រាស់ខ្មែរមកប្រហារនៅប្រទេសកម្ពុជា តែយ៉ាងណា កែច្បាប់នេះមិនចំណេញដល់ប្រទេសជាតិយើងទេ »។
ជុំវិញករណីនេះ លោក ម៉ែន សុថាវរិន្ទ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីចុងឆ្នាំ២០១៧ បានប្រាប់ Press Start Cambodia នៅថ្ងៃទី១១ កក្កដា ថា លោកមិនមានការព្រួយបារម្ភចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិនេះទេ ប៉ុន្តែលោកចាត់ទុកថា សកម្មភាពនេះ មានលក្ខណៈផ្តាច់ការ និងផ្តើមចេញពីរឿងទំនាស់បុគ្គលសុទ្ធសាធ ហើយថា លោក ហ៊ុន សែន ទំនងជាគុំកួននឹង លោក សម រង្សី ដែលបានរិះគន់រដ្ឋាភិបាលទាក់ទិននឹងបញ្ហាក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងដំណើរនៃសំណុំរឿងដែលបានប្តឹងប្រទេសថៃទៅតុលាការយុត្តិម៌អន្តរជាតិ(ICJ)។
លោក ម៉ែន សុថាវរិន្ទ មានប្រសាសន៍ «ខ្ញុំពុំមានការបារម្ភទេ ខ្ញុំមើលឃើញថា នឹងប្តូរពីគ្រោះទៅជាលាភវិញទេ គាត់អាចធ្វើបាន តែខ្ញុំជឿជាក់ថា គង់មានប៉ះពាល់ផ្លូវចិត្តពលរដ្ឋខ្មែរណាមួយមិនខាន »។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ ឱ្យដឹងថា ចំពោះផលប៉ះពាល់ នៃការអនុម័តច្បាប់នេះ លោកមិនអាចវិភាគលម្អិតបានទេ ដោយរង់ចាំច្បាប់នេះ ចេញជារូបរាងសិន។ ក៏ប៉ុន្តែ លោកសង្កេតឃើញថា សកម្មភាពនេះ ជារបត់សង្គមថ្មីមួយរាប់ចាប់ពីឆ្នាំ១៩៩៣មក គឺប្រទេសកម្ពុជាពុំមានច្បាប់ដកសញ្ជាតិនោះទេ ពោលមានតែកិច្ចគាំពារមិនឱ្យដកសញ្ជាតិ។
លោក អំ សំអាត សម្តែងក្តីបារម្ភថា៖ «ជាការពិតនៅលើពិភពលោកមានច្បាប់ដកសញ្ចាតិជាច្រើន តែអ្វីដែលយើងព្រួយបារម្ភដោយសារប្រទេសគេមានប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធតុលាការរឹងមាំ តែកម្ពុជាយើងមិនសូវជាមានច្បាប់រឹងមាំទេ ស្ថិតក្នុងការរិះគន់នៅឡើយ នេះហើយជាអ្វីដែលយើងបារម្ភ»។
ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ លោក ម៉ែន ពេចន៍ពណ្ណរាយ វ័យ៦១ឆ្នាំ និយាយថា លោកមិនបានចាប់អារម្មណ៍តាមដានការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរឡើយ ដោយសារលោករវល់ប្រកបការងាររកស៊ី។
លោក ម៉ែន ពេចន៍ពណ្ណរាយ និយាយថា៖«រឿងកែច្បាប់កែអ្វីពូមិនបានតាមដានទេ រវល់ព្រឹកឡើងក៏លក់ដូរល្ងាចក៏លក់ដូរ មិនដឹងគេធ្វើអ្វីដល់ណា? និយាយរួមខ្ញុំមានការគិតផ្សេងពីហ្នឹង »។
Press Start Cambodia មិនអាចសុំការអធិប្បាយពីលោក ឡេង ប៉េងឡុង អគ្គលេខានៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភាបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
បើយោងតាមសេចក្តីប្រកាសពត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ការដកសញ្ជាតិខ្មែរពីពលរដ្ឋណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជាកាលពីសម័យមុន ក៏មានច្បាប់កំណត់ពីការដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ប្រកាសដោយព្រះរាជក្រមលេខ៣៧៧/ ៦៨-ប.រ.ចុះថ្ងៃទី១៦ តុលា ឆ្នាំ១៩៦៨ ជាដើម៕
អត្ថបទដោយ ឡូន សៅដា