រដ្ឋសភាអនុម័តច្បាប់ឱ្យ​ដក​សញ្ជាតិ​ខ្មែរ ខណៈ​សង្គម​ស៊ីវិលបារម្ភ​ពី​ផលប៉ះពាល់​ដល់​សិទ្ធិ​​របស់​​ពលរដ្ឋ

រដ្ឋសភា អនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពី​​សញ្ជាតិ ដែល​​អនុញ្ញាត​​​ឱ្យ​​ដក​សញ្ជាតិ​ខ្មែ​រពីជន​​ណា​​ដែល​​បំពាន​​អង្គ​​ព្រះ​មហា​ក្សត្រ ឬ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ខណៈ​អង្គ​ការ​សង្គម​ស៊ីវិល​សម្ដែង​​ក្ដី​​បារម្ភ​​ពី​ផល​ប៉ះពា​ល់​​​នៃការ​អនុម័ត​​សេចក្តីព្រាង​ច្បាប់នេះ ទៅ​លើ​​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ។

នៅថ្ងៃ​ទី២៥ ខែសីហា ឆ្នាំ​២០២៥នេះ​ រដ្ឋ​សភា​​ បាន​​បើក​សម័យ​ប្រជុំ​លើក​ទី៤ ដែល​មានសមា​ជិក​១២០​រូប ដើម្បី​ពិភាក្សា​និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួនពីរ ក្នុងនោះមាន សេចក្តីព្រាង​ច្បាប់ស្ដីពី វិសោធន​កម្មច្បាប់​ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជា​ជាតិ​ស្តីពីច្បាប់សមុទ្រ។

បើតាមទំព័រហ្វេសប៊ុករបស់រដ្ឋសភា បានរៀបរាប់​ថា សេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់​ស្ដីពីសញ្ជាតិ​​នេះ មា​ន​ពីរ​មាត្រា ខណៈ​ការ​ពន្យល់របស់​​រដ្ឋាភិបាល​កន្លង​មក ការ​ធ្វើវិសោធន​កម្មច្បាប់ស្តីពី​សញ្ជាតិ​នេះ ដើម្បីធានាបាននូវសន្តិភាព ខឿនការពារជាតិ ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ ព្រមទាំង​​​ទប់​ស្កាត់​និង​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ពីខា​ង​ក្រៅ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុ​ងរ​បស់​កម្ពុជា ជាពិសេសកា​រ​ប្រឆាំង​នឹង​អំពើក្ប​ត់​ជាតិ និង​អំពើ​គប់គិត​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស។ ការ​ដក​សញ្ជាតិ​ខ្មែរ គឺ​ជា​ការ​កាត់​ផ្តាច់​ចំណង​គតិ​យុត្ត​ និង​នយោបាយ​ចំពោះ​ជន​ដែល​ក្បត់​ជាតិ​តែ​ប៉ុណ្ណោះ។

ប្រភពដដែល បានគូសបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាយ៉ាងផុល​ផុស​តាមនីតិវិធី អង្គរដ្ឋសភាបានអនុម័ត​សេចក្តី​ព្រាងច្បាប់ស្ដីពី វិសោធន​កម្ម​ច្បាប់​ស្តីពី​ស​ញ្ជាតិ ដោយ​សំឡេងយល់ព្រម​​ចំនួន​១២០​​នៃចំនួនសមាជិករដ្ឋសភាចូលរួមប្រជុំ​១២០រូប។

ពាក់ព័ន្ធនឹងច្បាប់ស្ដីពីការដកសញ្ជាតិខ្មែរនេះ លោកស្រី ចៅ រតនា ជំទប់ទី២នៃក្រុមប្រឹក្សាសង្កាត់​ប៉ោយ​ប៉ែត កូតាគណបក្សភ្លើងទៀន យល់ថា ប្រទេសកម្ពុជាមិនគួរមានច្បាប់ស្ដីពីការដកសញ្ជាតិខ្មែរពីកំណើតនោះ​ទេ ដោយអ្នកស្រីថា ការដកសញ្ជាតិនេះ គួរមានសម្រាប់តែជនបរទេសដែលបានសញ្ជាតិខ្មែរប៉ុណ្ណោះ។

អ្នកស្រី​ថា៖ «ចម្ងល់សម្រាប់ខ្ញុំ ក៏ដូចជាពលរដ្ឋទូទៅ ថាតើបើដកសញ្ជាតិពីប្រជាជន ដែលមានសញ្ជាតិដើមពីកំណើត ហើយគាត់មានសញ្ជាតិខ្មែរតែមួយ  តើឱ្យគាត់ទៅណា? ចូលជាសញ្ជាតិ​អ្វី​វិញ? ឬពួកគាត់ជាជនគ្មាន​សញ្ជាតិ? តើមានយុត្តិធម៌ចំពោះពួកគាត់ដែរឬទេ»

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ អង្គការ​ សមាគម និង​សហគមន៍​ចំនួន ​៥០ស្ថាប័ន បានចេញ​សេចក្ដីថ្លែងការណ៍រួមមួយ ដោយសម្ដែងក្ដីបារម្ភយ៉ាងខ្លាំង ចំពោះសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីសញ្ជាតិ ដែលអាចនឹងត្រូវបានចែងយ៉ាង​ស្រពេចស្រពិល ក្នុងការអនុញ្ញាតឱ្យ​រាជ​រដ្ឋាភិបាល​អាចដកហូតសញ្ជាតិខ្មែរ​ពីប្រជាពលរដ្ឋបាន ហើយនិងអាចនឹង​មាន​ផល​ប៉ះពាល់​អវិជ្ជ​មាន​យ៉ាង​សម្បើម មក​លើ​សេរីភា​ព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

ពួកគេ អះអាងថា សេចក្ដីព្រាងច្បាប់នេះ គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិនានា និង​រដ្ឋធម្ម​នុញ្ញ​ពាក់ព័ន្ធនឹងការគោរពសិទិ្ធមនុស្សជាមូលដ្ឋាន ។

បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍ដដែល បាន​បន្ត​ថា ​វិសោធនកម្ម​​​នៃ​​ច្បាប់​​ស្តី​ពី​​សញ្ជាតិ​​នេះ​ ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​​ ​អាច​នឹង​ត្រូវ​បាត់បង់​អត្តសញ្ញាណ​​របស់​ខ្លួន​ជា​ «​ខ្មែរ» ​ប្រសិនបើ​អ្នក​ទាំងនោះ​​ធ្វើសកម្មភាព​​ណា​មួយ​ ​ដែល​រិះគន់​រាជរដ្ឋាភិបាល​ ​ការពារ​បរិស្ថាន​ ​ឬ​ការពារ​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​។​

សង្គមស៊ីវិល​ទាំងនោះ បន្តទៀត​ថា ​​ប្រសិន​បើ​​រដ្ឋាភិបាល​​ដក​ហូត​​សញ្ជាតិ​​​ ពលរ​ដ្ឋខ្មែរនឹង​បាត់​បង់​​សិទិ្ធ​​សេរី​ភាព​​ជា​​មូល​ដ្ឋាន​​ទាំង​អស់​​ នៅ​ក្នុង​ប្រទេសកំណើត​ ថែមទាំង​​អាច​នឹង​​បាត់បង់​​សិទិ្ធ​ជា​​ម្ចាស់​​កម្ម​​សិទិ្ធ​​លើ​​ដីធ្លី​ សិទិ្ធ​ទទួល​បាន​សេវា​សុខាភិបាល​ ​ការអប់រំ​ ​ការ​រៀបអាពាហ៍ពិពាហ៍​ស្រប​ច្បាប់​ សិទិ្ធ​ធ្វើការងារ​ស្រប​ច្បាប់​ ​និង​សិទិ្ធ​ក្នុង​ការ​ធ្វើនយោបាយ​ ​។​ ​

សេចក្ដីថ្លែងការណ៍លើកឡើង​​ថា៖ «នៅពេលដែល​សេចក្តីព្រាង​វិសោធនកម្ម​នៃ​ច្បាប់​មួយ​ដែល​​ចែង​យ៉ាង​ទូលាយ​ ​ចូលជាធរមាន​អាច​នឹង​បង្ក​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ ​និង​ហួសប្រមាណ​ ​ប្រសិនបើ​អាជ្ញាធរ​រដ្ឋ​យកទៅ​ប្រើប្រាស់​ ​ដោយ​ផ្តោត​ទៅ​មនុស្ស​មួយ​​​ក្រុម​ ​ផ្អែក​​ទៅលើ​ជាតិសាសន៍​ ​និន្នាការនយោបាយ​ ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ភាព​សកម្ម​និយម​ផ្នែក​បរិស្ថាន​ ​និង​សង្គម​។​ ​រាជរដ្ឋាភិបាល​មានអំណាច​ពេញលេញ​ ​ប៉ុន្តែ​មិនគួរ​រហូតដល់​អាច​សម្រេច​​ថា​ ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ «​គួរ​ជាខ្មែរ​» ​ហើយ​ពលរដ្ឋ​ខ្មែរ​ណា​ «មិនគួរ​ជាខ្មែរ​» ​នោះ​ទេ»។​

សេចក្ដីថ្លែងការណ៍ បន្ថែមថា៖ «យើងខ្ញុំ​ ​សូម​សំណូមពរ​ដល់​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា​ ​សូម​ពិចារណា​ ​ដោយ​​ពុំគួរ​អនុម័ត​លើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​នេះ​ទេ​។​ ​យើង​ទាំងអស់គ្នា​ ​សុទ្ធតែ​ជា​ «​ខ្មែរ​» ​ហើយ​មិនទាន់​យឺត​ពេល​ទេ​ ​ក្នុង​ការ​ជៀសវាង​ការ​បន្ត​ឱ្យ​មាន​ភាព​ឈឺចាប់​នៅ​ក្នុង​ប្រទេស​យើង​ទាំងអស់គ្នា​»។​

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិ​មនុស្ស​​លីកាដូ មានប្រសាសន៍ថា លោកមានការបារម្ភចំពោះ​មាត្រាខ្លះនៃច្បាប់នេះ ចែងស្រពេចស្រពិល និងមាត្រាខ្លះទៀតខ្លឹម​សារទូលំទូលាយពេក ដែលអាចប៉ះពាល់ដល់សិទ្ធិនិងសេរីភាពរបស់ពលរដ្ឋខ្មែរ ជាពិសេស​ពលរដ្ឋខ្មែរមានសញ្ជាតិ​តែមួយ ហើយកំពុងរស់នៅឯបរទេស។

លោក​អះអាងថា ប្រសិន​បើចង់ឱ្យការបង្កើតច្បាប់មួយល្អ និងអនុវត្តបានដោយប្រសិទ្ធិនោះ គឺទាម​ទារឱ្យសិក្សា និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ហើយស្របតាមច្បាប់អន្តរជាតិស្ដីពី​សិទ្ធិមនុស្ស។

លោក​បញ្ជាក់ថា៖ «ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត និងប្រកាសឱ្យប្រើនាពេលឆាប់ៗខាងមុខ​គឺយើងមានការព្រូយបារម្ភ ព្រោះមានមាត្រាខ្លះនៅមានភាពស្រពេចស្រពិលមិនច្បាស់​​លាស់ និង​មាត្រាខ្លះចែងទូលាយពេក។ ដូច្នេះយើងបារម្ភថានៅពេលអនុវត្តគឺអាចមានផលប៉ះពាល់​ដល់សិទ្ធិ និងសេរីភាពប្រជាពលរដ្ឋខ្លះៗ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរ​តែមួយ ហើយរស់នៅប្រទេសខ្មែរ ប្រសិន​បើ​បាន​ប្រព្រឹត្តកំហុស ហើយចូលក្នុងលក្ខខណ្ឌច្បាប់​នេះ រួចត្រូវដកសញ្ជាតិគាត់ តើផលប៉ះពាល់អ្វីខ្លះដល់គាត់ និងក្រុមគ្រួសារ»

បើតាមខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ លក្ខខណ្ឌពលរដ្ឋខ្មែរអាចត្រូវបានដកសញ្ជាតិ ក្នុងករណីណាមួយដូច​ជា៖ ១. ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាព​ឃុប​ឃិត​​គ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ប្រយោជន៍ស្នូលរបស់ជាតិ។ ២. ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។ ៣. ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្មគ្រចិត្ត ឬបំពេញតួនាទីជាមន្រ្តីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា។ ៤. បានទទួលសញ្ជាតិ​ខ្មែរ​ដោយការក្លែងបន្លំ ឬការផ្ដល់ព័ត៌មានមិនពិត។ ៥. ត្រូវបានផ្ដន្ទាទោស​​ពី​បទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម។

សេចក្តីព្រាង​ច្បាប់​ដដែល បន្តថា ​ការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះត្រាតែប្រជា​ពលរដ្ឋខ្មែររូបនោះ​ មានអាយុ១៨ឆ្នាំ យ៉ាងតិច និងមានសញ្ជាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះ​អាចទទួលបានសញ្ជាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋបរទេស។

សេចក្តីព្រាង​ច្បាប់ដដែល បានចែងទៀតថា ការដកសញ្ជាតិខ្មែរពីកំណើត ត្រូវធ្វើឡើងបន្ទាប់ពី​ទទួលបានយោបល់ពីគណៈកម្មការជាតិមួយ ដែលការបង្កើតនិងដំណើរការគណៈកម្មការជាតិនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។​ បែបបទនិងនីតិវិធីនៃការដកសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។ ការដកសញ្ជាតិខ្មែរត្រូវសម្រេចដោយព្រះរាជ្យក្រឹត្យ។

កាលពីចុងខែមិថុនា ឆ្នាំ២០២៥ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សិក្សា​ពី​ការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី​បើក​ផ្លូវ​ឱ្យ​ដកសញ្ជាតិ​ពលរដ្ឋខ្មែរពីបុគ្គលដែលត្រូវបានរកឃើញថាបាន​គប់គិត​ជាមួយ​បរទេសបំផ្លាញផលប្រយោជន៍ជាតិ​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍