អគារទំនើបៗ ឈរបង្អួតរាងខ្ពស់សន្លឹម នៅប្របនឹងដងវិថីក្នុងរាជធានីភ្នំពេញ។មហាវិថីខ្វាត់ខ្វែងអមដោយផ្ទះថ្ម នៅត្រៀបត្រាជាប់ជាជួរៗ មិនពីដាច់គ្នា។សំណងអគារខ្លះជាប្រភេទផ្ទះល្វែង ហើយខ្លះទៀតជាប្រភេទផ្ទះវិឡា ដែលមើលទៅគួរជាទីគយគន់។រីឯនៅជ្រុងម្ខាងទៀត នៃដងវិថីមានវត្តមួយឈ្មោះថា វត្តនិរោធ។នៅពីខាងក្រៅទីធ្លានៃទីវត្តអារាមមួយនេះ ហ៊ុំព័ន្ធទៅដោយរបងខ្ពស់ត្រឈឹងត្រឈៃ អមដោយក្បូរក្បាចរចនាដ៏ល្អឯក។ប៉ុន្តែនៅមិនឆ្ងាយប៉ុន្មានពីរបងវត្តនិរោធ គេនឹងឃើញជម្រកមួយដែលដំបូលប្រក់ពីតង់ពណ៌ខៀវ ហើយមានសភាពទ្រុឌទ្រោម ដោយសារទទួលរងឥទ្ធិពលពីបរិយាកាស។តាមពិតទៅ ភាពទំនើបនៃសំណងអគារទាំងនេះ មិនបានជួយឱ្យធ្វើគ្រួសារមួយ ដែលបានបម្លាស់ទីពីខេត្តព្រៃវែង និងប្រឹងក្រាញននៀលនៅទីនេះ មានជម្រកស្នាក់នៅដោយសមរម្យ ដូចគេឯងនោះឡើយ។
សម្បុរសណ្ដែកបាយ រាងស្តើងប្រកបដោយកាយសម្បទាមាំទាំ សក់រុញអង្គាដីលាយល្បាយពណ៌ស លោក ហ៊ាន អៀន រៀបរាបថា លោកជ្រើសរើសការរស់នៅក្បែររបងវត្តនេះ ជាកន្លែងស្នាក់អាស្រ័យ នោះក៏ព្រោះតែគ្មានជម្រើសណាដែលល្អជាងនេះឡើយ។ប៉ុន្តែជម្រករបស់លោកនេះមិនមានសុវត្តិភាពនោះទេ ថ្ងៃខ្លះពេលសម្រាកនៅពេលយប់លោកតែងត្រូវក្មេងៗ មកលួចរបស់របរ និងប្រាក់កាសដែលលោកខំសន្សំបានបន្តិចបន្តួច អស់គ្មានសល់ក៏មានដែរ។រាល់ពេលកើតរឿងនេះម្តងៗ ធ្វើឱ្យលោក និងកូនៗត្រូវដាច់បាយ ដោយសារគ្មានលុយ ព្រោះតែលុយកាក់ដែលប្រឹងសន្សំបានខ្លះៗ ត្រូវក្រុមក្មេងៗលួចអស់។
មិនតែប៉ុណ្ណោះ ថ្ងៃខ្លះកាន់តែជួបទុក្ខជាងនេះ គឺអាជ្ញាធរមកប្រមូលឥវ៉ាន់របស់លោកយកទៅដាក់នៅខណ្ឌ ក្រោមហេតុផល ជម្រករបស់លោកនាំឱ្យប៉ះពាល់មុខមាត់ ឬរំខានដល់ពិធីបុណ្យសពរបស់អ្នកធំ ឬអ្នកមុខអ្នកការ ដោយសារគ្រួសាររបស់លោកនៅជាប់នឹងរបងវត្ត។ម្តងម្កាល អាជ្ញាធរខណ្ឌតែងមករើឥវ៉ាន់ដែលលោកស្នាក់នៅម្តង។ប្រការនេះ អាជ្ញាធរសណ្ឋាប់ធ្នាប់លើកឡើងថា ការធ្វើដូចនេះនាំឱ្យខូចសោភ័ណភាពទីសាធារណៈ។ក្រោយចប់កម្មវិធី ទើបគេហៅលោកឱ្យទទួលយកមកវិញ។
លោកបន្តថា៖«មានប៉ូលីសគេដេញ ដេញយើងគេរើ យករបស់របរអីអស់ អញ្ចឹងឱ្យយើងទៅយក របស់របរដូចជាខោរអាវជាអីៗហ្នឹង គេយកទៅគេដាក់កន្លែងខណ្ឌគេហ្នុង គេថាបើចង់ទៅយកទៅយកវិញទៅ គេប្រាប់យើងថាគេមានអ្នកធំអ្នកអីគេមោអញ្ចឹងទៅ អ្នកខ្មោចងាប់អ្នកធំៗអញ្ចឹងទៅណាស់ គេមោចឹងគេដេញយើងឱ្យចេញ ឱ្យកុំនៅរបស់របរសំពីងសំពោងអញ្ចឹង ចឹងយើងចេញទៅតែមួយភ្លេតទៅយើងមកវិញ»។
លោក ហ៊ាន អៀន និយាយទៀតថា តាមពិតទៅមុខរបររើសអេតចាយនេះ មិនមែនជាក្តីប្រាថ្នារបស់លោកទេ។ដើមឡើយលោកមានការងារ ដែលចាត់ទុកថាសមរម្យនឹងគេដែរ គឺជាកម្មករបម្រើការនៅក្នុងរោងចក្រម្សៅមីមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញនេះ។ តែក្រោយមក នៅអំឡុងឆ្នាំ២០២១ ដោយសារគ្រួសាររបស់លោកមានកូនតូច ហើយពុំមានអ្នកនៅមើលថែផង ទើបលោកសម្រេចចិត្តប្តូរមុខរបរជាអ្នករើសអេតចាយវិញម្តង ព្រោះថាការងារមួយនេះអាចផ្តល់ឱកាសឱ្យលោក មានពេលវេលាជួយមើលថៃកូនៗដែលជាការសម្រាលបន្ទុកភរិយារបស់លោកបានខ្លះ។

កំពុងអង្គុយចោងហោង ក្បែររទេះ ក្រសែភ្នែកបង្ហាញនូវភាពសោកសៅ តែប្រឹងបញ្ចេញស្នាមញញឹមតិចៗ លោក ហ៊ាន អៀន ប្រាប់គេហទំព័រ Press Start Cambodia ថាលោក មានស្រុកកំណើតនៅភូមិគោករការ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ប៉ុន្តែបានមករស់នៅរាជធានីភ្នំពេញនេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ។ថ្វីបើមុខរបរមួយនេះមិនជួយឱ្យលោកទទួលបានចំណូលខ្ពស់ និងទៀងទាត់ ហើយត្រូវរស់នៅនិងកាក់សំណល់ ជាពិសេសត្រូវមនុស្សម្នាមួយចំនួនមើលមុខក្រោយក្តី ក៏លោកមិនដែលមា នអារម្មណ៍រុញរា និងស្អប់ខ្ពើមការងារមួយនេះម្តងណាឡើយ។
លោកបន្តថា៖ «ខ្ញុំឥតខ្មាស់អៀនអីទេ ព្រោះអាជីពយើងប៉ុណ្ណឹងហើយ ទៅខ្មាស់ម៉េចកើត បើខ្មាស់ត្រូវតែអត់ អត់ស៊ីអត់ចាយ » ។
ក្នុងនាមជាបុរសពោះម៉ាយ ដែលទើបបាត់បង់ភរិយាជាទីស្រឡាញ់ដោយសាររោគគាពាធ នៅក្នុងឆ្នាំ២០២៥។ ភាពសោកសៅនៃការបាត់បង់នេះ លោក ហ៊ាន អៀន ត្រូវទទួលរាប់រងតែម្នាក់ឯងនូវអំរែកនៅក្នុងគ្រួសារដែលមានកូនតូចៗ៣នាក់នៅក្នុងបន្ទុក។រៀងរាល់ថ្ងៃ លោក អៀន តែងត្រាចចរគ្រប់ច្រកល្ហក និងកន្លុកកន្លៀត ដោយមានរទេះអូសមួយជាមិត្ត។មិនថាចន្ទ ឬអាទិត្យទេពេលណាចេញរកអេតចាយម្តងៗ លោក អៀន មិនដែលពាក់អាវទេ នោះក៏ព្រោះតែលោកត្រូវធ្វើដំណើរពេញៗមួយព្រឹកក្រោមកំដៅថ្ងៃមិនដែលលោះពេល។ដៃប្រឹងអូសរទេះ រីឯភ្នែកប្រឹងរំពៃរកមើលគំនរសម្រាម ដែលគេគរចោលនៅប្របនិងដងផ្លូវ។

ដោយមានជីវភាពខ្វះមុខខ្វះក្រោយ រាល់ថ្ងៃលោក ហ៊ាន អៀន ត្រូវប្រឈមនឹងកម្ដៅថ្ងៃ ភាពកខ្វក់ និងការសម្លឹងមើលពីសំណាក់ក្រសែភ្នែកមនុស្សម្នាជាច្រើន ដើម្បីប្តូរយកសំណល់បន្តិចបន្តួចមកចិញ្ចឹមក្រុ មគ្រួសារ។ដោយឡែក កូនៗទាំងបីនាក់ដែលមានវ័យចន្លោះពី៤ ទៅ៩ឆ្នាំ ពួកគេមិនដែលបានចូលសាលារៀនម្តងណាឡើយ។ក្នុងចំណោម២ប្រុស និងស្រី១ លោក អៀន និយាយថា ការខកខានេះ ដោយសារទាំងសំបុត្រកំណើត និងឯកសារផ្សេងៗត្រូវទទឹកភ្លៀងខូចខ្ទេចខ្ទីអស់ទៅហើយ។
ក្រោមពន្លឺនៃព្រះអាទិត្យដែលជះរស្មីបំភ្លឺនៅតាមដងផ្លូវស្រាលៗនាពេលព្រឹក បុរសចំណាស់រូបនេះចាប់ផ្តើមថ្ងៃថ្មីដោយលាងមុខរបស់គាត់នឹងទឹកសល់ក្នុងដបជ័រមួយ។ក្លិនផ្សែងធូលីលាយឡំនឹងក្លិនភ្លៀងយប់មិញ គឺជាខ្យល់អាកាសពេលព្រឹករបស់គាត់ខណៈកូនតូចៗទាំងបីនាក់នៅតែដេកលក់គងជើងគ្នាពេញក្រោមរទេះឈើនៅឡើយ ដែលមានក្រណាត់ជូតរុំព័ទ្ធជុំវិញជាជញ្ជាំង នៅក្រោមដំបូលប្រក់តង់ពណ៌ខៀវដើម្បីការពារពីភ្លៀងផ្គរ។
បើតាមលោក ហ៊ាន អៀន របររើសអេតចាយមួយនេះ មួយថ្ងៃកាត់មួយថ្ងៃកោរទេ ចំណូលមិនទៀងទាត់ ដោយបីថ្ងៃលោកត្រូវយកទៅលក់ម្តង ហើយជួនថ្ងៃណារកបានទៅ អាចបានចំណូលជាង៣ម៉ឺនរៀលដែរក្នុងមួយថ្ងៃ ចំពោះថ្ងៃខ្លះគ្មានចំណូលសោះតែម្ដងក៏មានដែរ។លោកបានប្រកបរបរជាអ្នករើសអេតចាយនេះអស់រយៈពេលជាង ៤ឆ្នាំ មកហើយ។ តែយ៉ាងណាមិញមុខរបរមួយនេះ មិនអាចផ្តល់ជីវភាពរស់នៅសមរម្យក្នុងទីក្រុងភ្នំពេញបានឡើយដែលតម្រូវឱ្យលោកត្រូវបង្ខំចិត្តមករស់នៅក្បែររបងវត្តនិរោធនេះ។
លោកបន្តថា៖ «ថ្ងៃខ្លះត្រូវបានៗទៅ ត្រូវអត់បាន អត់ដែរហ្នឹងព្រោះវាបីថ្ងៃបានៗមួយជើង ជួនកាលថ្ងៃណារកបានទៅ មួយថ្ងៃបានមួយជើងទៅ ថ្ងៃណាអត់ទៅទទេរតែហ្មងទៅ »។
លោក អៀន រំលឹកថា ភាពស្ងៀមស្ងាត់នៅពេលព្រឹកព្រលឹម តែងនាំមកនូវការនឹករលឹក និងការចងចាំដ៏ឈឺចាប់អំពីភរិយាដែលបានលាចាកលោកជារៀងរហូត។ កន្លែងដែលធ្លាប់មាននាងដេកលក់ក្បែរ បានជំនួសដោយភាពទទេស្អាត និងភួយចាស់មួយដែលធុំក្លិននៃធូលី។ ប៉ុន្តែ ភាពសោកសៅមិនអាចទប់ជើងរបស់គាត់បានទេ។រាល់ពេលលោកចេញរកអេតចាយម្តងៗ មុនពេលកូនៗក្រោកពីដំណេក លោកតែងផ្តាំផ្ញើឱ្យអ្នកជិតខាងដែលអ្នកលក់ដូរឥវ៉ាន់នៅក្បែរវត្តជួយមើលថៃ មុនពេលលោកមកដល់កន្លែងវិញ។ព្រះទិន្នករចាប់បញ្ចេញរស្មីពណ៌មាសព្រលឹមស្រាងៗ នោះគឺជាពេលវេលាមាសរបស់លោកក្នុងការស្វែងរកអេតចាយ។លោកដឹងថា រាល់គីឡូក្រាមនៃក្រដាសកាតុង ដែក សំណប៉ាហាំង សំបកកំប៉ុង និងដបជ័រ គឺជាអាហារសំរាប់កូនៗរបស់ខ្លួន។
នៅរៀងរាល់ម៉ោង ប្រហែល៨ព្រឹកស្របពេលដែលមហាជនទូទៅចាប់ផ្តើមធ្វើដំណើរតាមរយៈយានជំនិះនៅតាមដងផ្លូវដើម្បីទៅប្រកបការងាររបស់ពួកគេតាមកន្លែងរៀងៗខ្លួន។បរិយាកាសនេះ ក៏មិនខុសគ្នាដែរ លោក ហ៊ាន អៀន ក៏បានបញ្ចប់ការសម្រាករបស់គាត់ហើយរៀបចំខ្លួន និងអូសរទេះរបស់លោកដើម្បីដើររើសអេតចាយនៅតាមដងផ្លូវដែលមានគំនរសម្រាម មិនដែលលោះពេលឡើយ។
គេសង្កេតឃើញថាលោកបានទាញរទេះដ៏ធ្ងន់របស់ខ្លួនចេញពីក្បែររបងវត្តដែលមានកូនស្រីអាយុ៤ឆ្នាំផង គេងលក់នៅក្នុងអង្រឹងលើរទេះនោះ។សំឡេងកង់កកិតបន្តិចៗ ឆ្ពោះទៅរកទីប្រជុំជនដែលពោរពេញទៅដោយក្តីសង្ឃឹមដ៏ផុយស្រួយ ដែលមានក្រសែភ្នែករំពៃមើលធុងសម្រាម និងគំនរសម្រាមដែលមនុស្សម្នាទាំងឡាយស្ទើរតែមិនចង់ទៅក្បែរផងនោះ ប៉ុន្តែវាបែរជាទីកន្លែងដែលលោកហាក់សប្បាយរីករាយនិងការស្វែងរកសំណល់ដែលគេបានបោះចោល។ហើយកាកសំណល់នេះហើយ ដែលជួយឱ្យលោកអាចទទួលបាននូវចំណូល និងដោះស្រាយជីវិភាពក្នុងគ្រួសារបានមួយពេលៗដែរ។
អង្គការសមាគមធាងត្នោត រកឃើញថាប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញចន្លោះពី៦០ ទៅ៧០ភាគរយ កំពុងជួបវិបត្តិគ្មានផ្ទះសម្បែង ខណៈសំណង់ និងអគារខ្ពស់ៗកប់ពពក កំពុងបង្ហាញរាងស្កើមស្កៃ ប៉ុន្តែភាពទំនើប និងស៊ីវិល័យទាំងនោះ មិនបានជួយឱ្យពលរដ្ឋមួយក្រុមធំ ទទួលបានលំនៅឋានសមរម្យ នៅក្នុងសម័យទំនើបនេះទេ។
តាមរយៈរបាយការណ៍ ដែលអង្គការសមាគធាងត្នោត បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថាប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ទទួលស្គាល់ថាពិតជាមានភាពជឿលឿន និងអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។ក្រុមវិនិយោគិន ដែលផ្តោតទៅលើវិស័យអចនទ្រព្យ ដូចជាក្រុមហ៊ុន ជីបម៉ុងលែន បុរីប៉េងហួតបឹងស្នោ និងក្រុមហ៊ុនអរគីដេ ជាដើម។ពួកគេ បានសម្រុកសាងសងលំនៅឋានប្រណិតៗ ប៉ុន្តែតម្លៃដាក់លក់នៅលើទីផ្សារ មិនអាចជួយឱ្យអ្នកដែលមានចំណូលក្រោមធម្យម ទិញបានទេ។
ផ្ទុយទៅវិញ ផ្អែកលើនិន្នាការនេះ អង្គការសមាគមធាងត្នោតរកឃើញថា នៅចំពោះមុខនេះ ពលរដ្ឋចន្លោះពី៦០ ទៅ៧០ភាគរយ នៃប្រជាពលរដ្ឋសរុបក្នុងទីក្រុងភ្នំពេញ កំពុងតែជួបវិបត្តិគ្មាននៅលំនៅឋានសមរម្យ ហើយពួកគេរឹតតែគ្មានលទ្ធភាពទិញផ្ទះ ដែលកំពុងដាក់លក់នៅលើទីផ្សារ ដូចបច្ចុប្បន្ននេះថែមទៀតផង។មិនតែប៉ុណ្ណោះ សមាគមធាងត្នោត បង្ហាញទុទិដ្ឋិនិយមថា ភាពប្រឈមមុខនេះ នឹងនាំឱ្យកំណើនពលរដ្ឋ ដែលគ្មានលទ្ធភាពទិញផ្ទះ ចេះតែបន្តកើនឡើងខ្ពស់ នៅក្រោយឆ្នាំ២០៣០។បញ្ហានេះ បានបង្កើតជាក្តីបារម្ភមួយដ៏ធំសម្រាប់ស្ថាប័នសង្គមស៊ីវិល ដែលទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់ពីឱ្យរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានធនាគារ។
ចំណែកលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ឱ្យដឹងថាក្រុមអ្នករើសអេតចាយ គឺជាក្រុមគោលដៅ ដែលសមាគមលោកបានធ្វើការងារជាមួយតាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន គឺជាង១៥ឆ្នាំមកហើយ ដើម្បីផ្តល់កិច្ចគាំពាសង្គម និងការពារសិទ្ធិពួកគេ។ លោកបានអះអាងថា ប្រទេសកម្ពុជា ក៏មានគោលនយោបាយមួយដែលគាំពារមនុស្សទាំងអស់ ក្នុងនោះក៏មានក្រុមអ្នករើសអេតចាយដែរ ដោយផ្ដោតទៅលើប្រព័ន្ធជំនួយសង្គម និងប្រពន្ធផ្សព្វផ្សាយសង្គម។
លោកបន្តថា៖«សម្រាប់អ្នករើសអេតចាយភាគច្រើន គាត់គ្របដណ្ដប់ទៅលើប្រព័ន្ធជំនួយសង្គម ដោយសារគាត់ខ្វះខាតមិនមានលទ្ធភាពបង់ប័ណ្ណ ប.ស.ស ចឹងនៅក្នុងគោលនយោបាយជាតិត្រូវទាក់ទងនិងគោលនយោបាយកិច្ចគាំពាសង្គមដែលរដ្ឋត្រូវយកចិត្តទុកដាក់ទៅលើ សុខមាភាព ជាពិសេសដែលមានស្ថានភាពក្រីក្រដូចជាអ្នករើសអេតចាយ»។
បើតាមលោក វន់ ពៅ ចំពោះទិន្នន័យជាក់លាក់ស្តីពីចំនួនអ្នករើសអេតចាយនៅភ្នំពេញលោកបញ្ជាក់ថា មិនទាន់មានការស្រាវជ្រាវអំពីតួលេខនេះ ឱ្យបានប្រាកដប្រជានៅឡើយទេ។ប៉ុន្តែកន្លងមកដំណឹងដែលលោកទទួលបានពីសាលាក្រុងភ្នំពេញ នៅតាមគំនរសំរាមស្ទឹងមានជ័យ បឹងជើងឯក គឺមានអ្នកប្រកបរបររើសអេតចាយនេះមិនក្រោមពី១០០០នាក់ឡើយ។
ជុំវិញរឿងនេះ គេហទំព័រ Press Start Cambodia មិនអាចស្នើសុំការបកស្រាយលម្អិត ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយលោកបដិសេធក្នុងការផ្តល់យោបល់។ផ្ទុយទៅវិញ អ្នកនាំពាក្យរូបនេះ ឱ្យបង្វែរសំណួរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជំនួសវិញ។
លោកបន្តថា៖«សំណួរហ្នឹងសូមប្អូនទៅសួរខាងក្រសួងសង្គមកិច្ចទៅ។សំណួរនេះក៏សូមប្អូនទៅសួរក្រសួងសង្គមកិច្ចទៅ បើសួរខ្ញុំទាក់ទងនឹងរឿងចំនួនកម្មកររោងចក្រអីអាហ្នឹងមានទិន្នន័យ ព្រោះយើងធ្វើការច្រើនជាមួយកម្មកររោងចក្រ»។
យ៉ាងនេះក្តី ទិន្នន័យរបស់រដ្ឋាភិបាលតាមរយៈ យុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ បានបង្ហាញថា អ្នកប្រកបមុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា មា នចំនួនច្រើន និងស្ថិតនៅក្នុងវិស័យជាច្រើន ដូចជាវិស័យដឹកជញ្ចូន សេវាកម្ម សិប្បកម្ម និងកសិកម្មជាដើម។
ប្រភពបន្តថា៖«អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបប្រទះនឹងបញ្ហាជីវភាពខ្វះខាត និងមិនអាចរ៉ាប់រងបន្ទុកចំណាយលើការបំពេញអនុលោមភាព។អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានតម្រូវការខ្ពស់ផ្នែកថែទាំសុខភាព ប៉ុន្តែការផ្តល់ការថែទាំសុខភាពតាមរយៈបណ្ណមូលនិធិសមធម៌សុខាភិបាល និងបណ្ណ ប.ស.ស នៅមិនទាន់មានវិសាលភាពគ្របដណ្ដប់និងការប្រើប្រាស់បានទូលំទូលាយនៅឡើយ » ។
បន្ថែមពីលើនេះ យុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ស្របតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ ”។
តាមពិតទៅ ហ៊ាន អៀន និងអ្នករើសអេដចាយដទៃទៀតក្នុងទីក្រុងភ្នំពេញ ប្រហែលជាមិនត្រូវរស់នៅ ដោយការលំបាកបែបនេះទេ ប្រសិនបើរដ្ឋាភិបាល គិតគូឱ្យបានស៊ីជម្រៅ និងល្អិតល្អន់ ដូចពាក្យស្លោកដែលបានដាក់ចេញថា «មិនបោះបង់នរណាម្នាក់ចោល»។
ការអនុវត្តគោលនយោបាយ ដោយតម្លាភាព និងមានគណនេយ្យភាព តាមរយៈគោលការណ៍សម្បទានដីសង្គមកិច្ច ហើយផ្តល់ឱ្យពួកគេ ដោយស្មើៗភាព និងមានប្រព័ន្ធបណ្តាញទឹក ភ្លើង សាលារៀន និងទីផ្សារសមល្ម ដូចមានកំណត់នៅក្នុងគោលការណ៍សមធម៌សង្គម ប្រហែលជាមិនត្រូវជួបការលំបាកបែបនេះឡើយ។ប៉ុន្តែពេលនេះ លោក ហ៊ាន អៀន នៅដើរតត្រុករើសអេដចាយ ដូចមុនដដែល ដោយសារមិនមានគោលនយោបាយ ដែលអាចដោះស្រាយចំពោះអ្នកគ្មានទីពឹង ដូចជាពួកគេនេះបាន។ដោយសារខ្វះគោលនយោបាយគាំពារ ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាលោក អៀន នេះហើយ បានជាលោកនិយាយថា ជាការពិតគ្រួសាររបស់លោកមិនចង់បន្តមុខរបររើសអេដចាយនេះទៀតទេ បើនៅតែធ្វើបែបនេះទៀត គ្មានអនាគតឡើយ។ហើយកូនៗទាំងបីនាក់របស់លោក ដែលមានវ័យចន្លោះពី៤ ទៅ៩ឆ្នាំ នឹងគ្មានឱកាសបានស្គាល់សាលារៀននោះដែរ។
ហ៊ាន អៀន និយាយថា៖« ទៅថ្ងៃមុខបើបន្តអាជីពមួយនេះទៀតគឺមិនកើតទេព្រោះបើបន្តប្រហែលកូនៗរបស់លោកនឹងត្រូវដាច់បាយជាក់ជាមិនខាន។ចង់ប្តូរអាជីពនេះដែរ ប៉ុន្តែបើប្តូរឥឡូវនេះគឺពិបាកព្រោះកូននៅតូចៗពេកប្រសិនបើប្តូរគឺគ្មានអ្នកមើលកូនរបស់លោកទេ »៕