ក្រុមចលនាមាតាធម្មជាតិ បានផ្សព្វផ្សាយវីឌីអូលើបណ្តាញសង្គមពីភស្តុតាងបន្សល់ទុកដោយឧក្រិដ្ឋកម្មឆបោកអនឡាញនៅឧទ្យានជាតិភ្នំបូកគោ ខេត្តកំពត ដោយទាមទារឱ្យរដ្ឋាភិបាលស៊ើបអង្កេត ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មនេះឱ្យដល់ឬសគល់ ខណៈអាជ្ញាធរខេត្តថាមិនមានករណីនេះនៅតំបន់នោះទេ។
ទំព័រហ្វេសប៊ុកយុវជនចលនាមាតាធម្មជាតិនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានផ្សព្វផ្សាយវីឌីអូដែលមានរយៈពេលជិត១នាទី បានផ្តិតយករូបភាព និងកាសសំណល់លើភ្នំបូកគោ ក្នុងនោះមានរូបថតជនបរទេស និងអក្សរចិន ឯកសារជាច្រើនសន្លឹក អគារគ្មានមនុស្សនៅ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មតាមអនឡាញ។
ក្នុងវីឌីអូនោះ រំលេចអក្សរថា៖ «ទោះជាមជ្ឍមណ្ឌលឆបោកអនឡាញសម្អាតជិត ២០០ករណីនៅទូទាំងប្រទេសក្តី តែអំពើពុករលួយជាគ្រោះថ្នាក់ធំនៃការបំផ្លាញឧទ្យានជាតិនេះ។ អង្គការរដ្ឋមានទួនាទីសំខាន់ស៊ើបអង្កេតករណីនេះ»។
បន្ថែមលើនេះ សមាជិកក្រុមយុវជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា បានថ្លែងប្រាប់ Press Start Cambodia នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះថា ភស្តុតាងទាំងនោះ ក្រុមការងារចលនាមាតាធម្មជាតិ បានប្រទះឃើញនៅក្នុងគំនរសំរាមលើភ្នំបូកគោ ពេលធ្វើដំណើរកំសាន្តជុំគ្នានៅទីនោះ។
កញ្ញាថា៖ «ពេលដែលយើងប្រមូលឯកសារហ្នឹង ក្នុងបញ្ជីឈ្មោះមួយៗមានជនជាតិវៀតណាមច្រើនមែនទែន ក្រៅពីវៀតណាម មានជនជាតិចិន រចនាសម្ព័ន្ធហ្នឹងគឺអក្សរចិន ប៉ុន្តែអ្នកដែលធ្វើការក្នុងអាគារមួយៗហ្នឹង គឺមានជនជាតិវៀតណាមច្រើនជាងគេ»។
យ៉ាងណា កញ្ញា លីសា បានគូសបញ្ជាក់ថា៖ «ឥលូវនេះ គេចាប់ផ្កើមធ្វើការបោសសម្អាតនៅលើភ្នំបូកគោ កំឡុលពេលដែលពួកយើងទៅ។ ហើយមានភស្តុតាងមួយចំនួន ដែលសង្ស័យថា ជាកាកសំណល់ចេញពីអាគារអនឡាញស្កេមហ្នឹង។ យើងដឹងហើយអគារអនឡាញលើភ្នំបូកគោ មានការស៊ើបអង្កេតតាំងពីមុនៗមក ជាពិសេសបណ្តុំអគារនៅក្រោយសណ្ឋាគារឋានសួគ៏ ដែលស្ថិតនៅក្នុងទីតាំងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ឧកញ៉ា សុខ គង់។ មានសំនួរតាំងពីយូរយាមកហើយថា ហេតុអីបានឧក្រិដ្ឋកម្មអនឡាញហ្នឹង ត្រូវបានជ្រៀតចូលទៅក្នុងឧទ្យានជាតិ មុន្នីវង្សភ្នំបូកគោ ដែលជាទីមរតកវប្បធម៌ និងមរតកធនធានធម្មជាតិ»។
Press Start Cambodia មិនអាចសុំការឆ្លើយតបជុំវិញករណីនេះពីអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេនគ្រុប ដែលទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល លើទំហំដីប្រមាណ ៤ម៉ឺនហិកតា នៅឧទ្យានជាតិព្រះមុនីវង្ស(បូកគោ) ចាប់តាំងពីឆ្នាំ២០០៨នោះ បានទេនៅរសៀលថ្ងៃទី១១ ខែមិនានេះ។
យ៉ាងណា អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានឆ្លើយតបយ៉ាងខ្លីថា គ្មានករណីបទល្មើសឆបោកតាមអនឡាញនៅតំបន់ឧទ្យានជាតិភ្នំបូកគោនោះទេ និងជំរុញឱ្យចុះទៅជួបអាជ្ញាធរផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។
លោកថា៖ «ឱ្យវា[ចលនាមាតាធម្មជាតិ]មកជួបជាមួយគណៈបញ្ជាការឯកភាពខេត្ត ឬក៏សួទៅស្នងការដ្ឋាននគរបាលខេត្តក៏បានដែរ ចង់ដឹងការពិតមកសួរមកថា ស្ថានភាពវាយ៉ាងម៉េច! ទាន់ទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីការដូ លោក អំ សំអាត យល់ថា នៅពេលមានការរាយការណ៍ ឬមានព័ត៌មានទាក់ទងទីតាំងសង្ស័យនៃបទល្មើសឆបោកតាមអនឡាញ អាជ្ញាធរគួរចុះទៅស៊ើបអង្កេតឱ្យបានម៉ងចត់ និងឈានទៅបង្រ្កាបឱ្យមានប្រសិទ្ធភាពស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលដាក់ទិសដៅក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញឱ្យអស់ពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦នេះ។
លោកថា៖ «នៅពេលដែលមានការទទួលព័ត៌មានទាំងអស់ហ្នឹង គប្បីដាក់គោលដៅក្នុងការស្រាវជ្រាវ និងការស៊ើបអង្កេត ជាជាងការឆ្លើយតប បដិសេធ ឬដាក់បន្ទុកទៅដោយនិន្នាការ។បញ្ហាឆបោកនេះ ជាបញ្ហាមួយធ្ងន់ធ្ងរ ប៉ះពាល់ដល់សេដ្ឋកិច្ចសម្រាប់កម្ពុជា ជាពិសេសយើងឃើញហើយវិស័យទេសចរណ៍បរទេស វិស័យវិនិយោគ វិស័យផ្សេងទៀត និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា»។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ឱ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ជនបរទេសសរុបចំនួន ៧២៤នាក់ (ស្រី ១៦៣នាក់) មាន១៥សញ្ជាតិ រួមមាន ចិន ជប៉ុន ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី ចិន កូរ៉េ ជាដើម ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ និងធ្វើការងារខុសច្បាប់នៅកម្ពុជា៕

