កម្មករជាង៧០នាក់​នៅ​រោង​ចក្រ​មួយ​ក្នុ​ង​​​ខេត្ត​​កណ្ដាល​​តវ៉ា​​ករ​ណី​​ក្រុម​​ហ៊ុន​​បញ្ឈប់​​ពួក​​​គេ​ពី​ការ​ងារ

កម្មករ​ជាង ៧០​នាក់ ធ្វើកា​រ​​​​នៅ​រោង​ចក្រកាត់​ដេរ​បូវ​ឃើរ ហ្គា​​មេន ហ្វេក​ធើរី (ខេមបូឌា )នៅ​ស្រុក​​អង្គ​ស្នួល ​ខេត្ត​កណ្ដាល​ ​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​រោង​ចក្រ​ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​នេះ ទាម​ទារ​​​ឱ្យ​​​មាន​ដំណោះស្រាយ​​ក្រោយ​​​​រោង​​ចក្រ​បញ្ឈប់ពួកគេ​​ពី​ការងារ ដោយមិន​​​ផ្តល់​អត្ថប្រយោជន៍​​ស្រប​ទៅ​​តាម​​ច្បាប់​។

កម្មការិនីរោងចក្របូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា)​ដែលបានទៅតវ៉ានៅមុខរោងចក្រ អ្នកស្រី ម៉េត និមល អាយុ ២៩​ឆ្នាំ បានប្រាប់​ Press Start Cambodia ថា ខាង​រោង​ចក្រ​​បាន​បង្ខំ​ឱ្យ​​កម្មករចំនួន​ ៧៥នាក់ ក្នុងនោះមានទាំងរូបគាត់ ផ្លាស់​​​ពី​ផ្នែក​ប៉ាក់ ទៅ​ផ្នែកដេរ ដោយគ្មានការព្រមព្រៀងជាមួយ​ពួកគាត់​ឡើយ​។ អ្នកស្រីនិយាយថា ការផ្លាស់ប្តូរការងារនេះ បណ្តាលឱ្យគាត់បាត់បង់អត្ថប្រយោជន៍​​​​ដែល​ធ្លាប់ទទួល​បាន​ ខណៈ​ពួក​គាត់ក៏​​មិ​ន​មាន​ជំនាញ​ក្នុង​ការ​ដេរផង​ដែរ។

អ្នកស្រីនិយាយថា៖ «ដោយមិនមានស្នាមមេដៃពួកខ្ញុំ មិនមានលើកិច្ចព្រមព្រៀងពីពួកខ្ញុំក៏គាត់កាត់អត្តនោម័តដោយខ្លួនឯងចឹងខាង ក្រុមហ៊ុន។ ប្រាក់ខែបានធម្មតាប៉ុន្តែប្តូរការងារ យើងអត់មានលុយរង្វាន់នោះទេ ព្រោះបើខ្ញុំនៅកន្លែងប៉ាក់ ពួកខ្ញុំត្រឹមតែម៉ោង៤ ពួកខ្ញុំ ១ខែពួកខ្ញុំទទួលបាន១០០ជាងអី។ បើសិនជាមកផ្នែកដេរពួកខ្ញុំអត់មានជំនាញផង ហេតុអីបានអត្ថប្រយោជន៍»។

អ្នកស្រីបន្ត​ថា ពួកគាត់​បានស្នើទៅរោង​ចក្រ​ជួយ​រក​ការ​ងារ​ផ្នែកប៉ាក់ឱ្យពួកគាត់​ធ្វើ ដោយសុំមិនដូរទៅផ្នែក​ដេរ ប៉ុន្តែ​ខាង​រោង​ចក្រ​បែរ​ជា​ចេញលិខិត​ជូនដំណឹង នៅថ្ងៃទី​២៦ ខែ​កញ្ញា​ ដោយ​បញ្ឈប់ពួកគាត់ពីការ​ងារ ក្រោមហេតុផល​ថា ពួកគាត់​ទាំង ៧៥នាក់ បាន​បោះបង់ការ​ងារ​ចោលទៅវិញ ហើយ​ខា​ងរោង​ចក្រ​ក៏​​បានបិទ​ច្រក​មិន​ឱ្យ​កម្មករ​ចូលធ្វើការ​នោះទេ។​

អ្នកស្រីសំណូមថា៖«គោលជំហរខ្ញុំនៅដដែល ធ្វើនៅកន្លែងប៉ាក់ ​ប្រសិន​ជា​ឲ្យ​ខ្ញុំ​ធ្វើ​ការ យក​ពួក​ខ្ញុំ​ទៅចាត់​ចែង​ទៅ​ក្រុម​ដេរ​ពួកខ្ញុំអត់ទៅទេ ព្រោះខ្ញុំអត់មានទំនុកចិត្តលើក្រុមហ៊ុនទៀតទេ ដោយសារកាត់ឈ្មោះពួកខ្ញុំ​អត់ផ្តល់ដំណឹងឲ្យមុន»។

កម្មការិនីធ្វើកា​រនៅរោង​ចក្រ​បូវឃើរ​ម្នាក់ទៀត ឈ្មោះ ស្រី សរ ដែលមានផ្ទៃពោះជាង ៧ខែ បានឱ្យ​ដឹង​ដែរ​ថា ខា​ងរោង​ចក្រ​​​បាន​បញ្ចប់កិច្ច​សន្យាការ​ងារ​របស់គាត់​​ និង​ក្រុម​កម្មករ​ផ្សេង​ទៀត ដោយ​គ្មាន​ការ​ជូន​ដំណឹង​​​ជាមុន ហើយ​​​ខាង​រោង​ចក្រ​​ក៏​បា​ន​ប្រាប់​សន្តិ​សុខ​ឲ្យ​ទប់​ស្កាត់​កម្មករទាំង​ ៧៥នាក់​​ មិនឱ្យ​​ចូលរោង​ចក្រនោះទេ។ ករណីនេះ អ្នកស្រីចាត់ទុកការ​បញ្ឈប់​កម្មករ​ទាំង ៧៥នាក់ ពីសំណាក់រោង​ចក្រ​ថាជារឿងអយុត្តិធម៌ និង​ទាមទារឱ្យ​មាន​ដំណោះស្រាយចំនួន ៥ចំណុច ​ទៅតាមច្បាប់​ការងារ រួមមាន ទូរទាត់​ប្រាក់​ជូន​ដំណឹង ប្រាក់​បំណាច់ឆ្នាំ ប្រាក់​ខែ​ចុង​ក្រោយ ប្រាក់​អតីត​ភាព​ការ​ងារ និង​ប្រាក់ជំងឺចិត្ត។

អ្នកស្រីថា៖ «បញ្ឈប់​ការ​ងារ​អត់​មាន​មូល​ហេតុ​ ពួក​ខ្ញុំ​ឈប់​ទៅ​ភ្ជុំ​ហ្នឹង​ ក៏​គា​ត់អ​ត់​បាន​បើក​ប្រាក់​ខែ​ឲ្យ​ដែរ បាន​តែ​ប្រាក់​បំណាច់​ឆ្នាំហ្នឹង​ បាន​តែ​១០០ជាងហ្នឹង​។ ពួក​យើង​មាន​លុយ​ណា​ទៅ​ស្រុក​ម្នាក់ៗ​នៅតែ​ផ្ទះជួល​អត់​បាន​ទៅ​ស្រុក​ទៅ​ស្រែ​ នៅ​ផ្ទះ​ជួល​ហូប​តែ​អំបិល​ប្រហុក​ហ្នឹង។ លុយ​បង់​ធនាគារ​ក៏​អត់​មាន​លុយ​ដែរ អត់ម៉ង ធនាគារទាទេតាមបង់លុយ ខាងរោងចក្រកាត់លុយកម្មករអត់ប្រាប់អត់មានមូលហេតុ»។

ប្រធានរដ្ឋបាលរោងចក្របូវឃើរ​ ហ្គាមេ​ន ហ្វេក​​​ធើរី អ្នក​ស្រី ចាន់ វាសនា បានឆ្លើយតបថា បញ្ហា​ដែល​កើត​ឡើង​ ​ដោយ​​សារតែ​​ក្រុម​​ហ៊ុន​​​​​​ខ្វះ​​ការ​​បញ្ជា​ទិញតាំ​ង​ពី​ខែឧ​សភា ឆ្នាំ​២០២៥​មក ហើយ​ខាង​ក្រុម​ហ៊ុន​បាន​អនុវត្ត​គោល​ការណ៍​ផ្លាស់​ប្តូរ​កម្មករ ពី​ផ្នែក​លើស​ទៅ​ជួយ​ផ្នែកដែល​​ខ្វះ។

យ៉ាង​ណាក៏​ដោយ អ្នកស្រីថា កម្មក​រមួ​យ​ចំនួន​មិន​ព្រម​ទទួល​ការ​ងារ​ថ្មី ហើយ​បន្ត​មិន​ធ្វើ​ការទោះ​បី​ក្រុម​ហ៊ុន​កែ​តម្រូវ​ឲ្យ​ត្រឡប់​ទៅ​ក្រុម​ដើមក៏ដោយ​។ អ្នកស្រីបន្តទៀត​​ថា ខាង​ក្រុម​ហ៊ុនបាន​ចេញ​សេច​ក្ដី​ជូន​ដំណឹង កាលពី​​ថ្ងៃ​ទី​១៥ ខែកញ្ញា អំពាវ​នាវ​ឲ្យ​កម្មករ​ចូល​ធ្វើការ​នៅ​ថ្ងៃ​​ទី ​១៧ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ហើយបើកម្មករ​មិន​អនុវត្ត​ទេ នឹង​ត្រូវ​ចាត់​ទុក​ថា​បោះ​ប​ង់​ការ​ងារ។

អ្នកស្រីថា៖ «អ៊ីចឹងបើសិនជាពួកគាត់ល្មើសនៅក្នុងការចាត់ចែងហ្នឹងដែរ តែគាត់មានមូលដ្ឋានណា​មួយ​ដែលស្នើសុំ ៥ចំណុច ពី​ខាង​ក្រុម​ហ៊ុន ព្រោះ​ក្រុម​ហ៊ុន​បាន​ទូទាត់​គាត់​តាម​នីតិវិធីច្បាប់​ហើយ ប៉ុន្តែ​ពួក​គាត់​ទាម​ទារ​លើស​ពី​នីតិ​វិធី ដោយ​លើក​មូល​ហេតុ​ថា កំហុស​របស់​ខាងក្រុម​ហ៊ុន​បន្ត​ការ​ងារ​គាត់​ធ្វើតែ​ក្រុមហ៊ុន​គេ ទៅ​ដឹង​ហើយ​ថា​គេមាន​ការងា​រ​ផ្នែក​ផ្សេងៗដែលគាត់ធ្វើ ប៉ុន្តែមិនមែនការងារខាងប៉ាក់»។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុល នាង បានប្រាប់ថា ក្រុមការងារនិង​​ស្ថាប័ន​​ពាក់ព័ន្ធ បាន​និង​​កំពុ​ងដោះ​​ស្រាយ​បញ្ហា​រ​វាង​កម្មក​រ​និយោជិត និង​ភាគី​និយោជក​នៅ​រោង​ចក្រ​កាត់​ដេរ​បូវឃើរ​នៅឡើយ។

លោកថា៖ «យើងកំពុងតែសម្របសម្រួល ហ្នឹងហើយកំពុងតែសម្របសម្រួល ក្រុមការងារកំពុងធ្វើការអត់ទាន់ចប់​ផង[…]ចាំមើលល្ងាចបន្តិច[…]បញ្ហារឿងព្យួរការងាររឿងអីហ្នឹង ចាំមើលល្ងាចបន្តិចរបាយការណ៍ច្បាស់លាស់»។

ទោះយ៉ាងណា​​ លោក ម៉ៅ សុភ័ត្រា្ត អគ្គ​សហព័ន្ធ​សហជីព​កម្ពុជា បាន​ឱ្យដឹ​ង​ថា តាម​និតិវិធី​ច្បាប់​រាល់​ការ​បញ្ឈប់​កម្មក​រ​ឬបញ្ចប់​កិច្ច​សន្យា​ គឺ​ត្រូវ​តែ​ជូន​ដំណឹង​ជា​មុន ខណៈ​សេដ្ឋ​កិច្ច​ទីផ្សារ​ការ​ងារ​បច្ចុប្បន្ន​ គឺ​នៅ​មាន​កម្រិត​នៅឡើ​យ​ក្នុង​ការ​ដែល​ឱ្យក​ម្មករ​ស្វែង​រក​ការ​ងារ​ថ្មី​ធ្វើ។

លោកស្នើឱ្យអ្នកពាក់ព័ន្ធ និងក្រុមហ៊ុន​ ពិចារណាទទួលកម្មករទាំងនោះចូលធ្វើការវិញ ព្រោះពួកគេក៏ជាចំណែកមួយជួយដល់ក្រុមហ៊ុនកន្លងមកដែរ។

លោកថា៖ «ទាក់ទងនឹងសំណូមពរក្នុងនាមយើងជាសហជីព ដែលកំពុងតែធ្វើការនៅក្នុងក្រុមហ៊ុន ទាំង៧៥នាក់ហ្នឹង សូមឱ្យទទួលយកគាត់ចូលធ្វើការវិញ ក្នុងនាមគាត់ជាកម្មករនិយោជិតដែលបានជួយក្រុមហ៊ុន​តាំងពីមុន​ រហូតដល់មានការបញ្ចប់កិច្ចសន្យានេះ […] ហើយសំណូមពរមួយទៀត សូមឱ្យរោងចក្រសហគ្រាសព្រមទាំងក្រសួងការងារ គិតបន្ថែមពីការបញ្ចប់កិច្ចសន្យាតើវាត្រូវតាម អ្វីដែលជានិតិវិធីច្បាប់ឬក៏អត់»។

បើតាមក្រុមកម្មករ ក្នុង​រោង​ចក្រ​កាត់ដេរ​​បូវ​ឃើរ ហ្គា​​មេន ហ្វេក​ធើរី (ខេមបូឌា)នេះ មាន​កម្មករ​-កម្មការិនីធ្វើការ​សរុបចំនួន ៣ ២៣៤នាក់។ ពួកគេ​បញ្ជាក់ថា នឹង​បន្តការ​តវ៉ាទាមទារ​រហូត​ដល់មានដំណោះស្រាយ​សមស្រប ខណៈការ​ចរចា​នៅថ្ងៃចន្ទនេះ ក្រោមការ​សម្របសម្រួលរបស់​មន្ត្រីក្រសួងការងារ កម្មករ​អះអាង​ថា ​ខាង​រោង​ចក្រ​ផ្តល់​ឱ្យ​តែ ៣ចំណុច ក្នុងចំណោម ៥ចំណុច​ដែល​កម្មករ​បានទាមទារ ក្នុងនោះ​ មាន​​ប្រាក់​​ខែ​ចុង​ក្រោយ ប្រាក់​អតីត​​ភាព​ការ​ងារ និង​ប្រាក់បំណាច់​ឆ្នាំ​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍