អង្គការ​​​ចំនួន​​​២០នៅកម្ពុជា អំពាវនាវ​ឱ្យ​ថៃ​ដោះ​លែង​ទាហាន​ខ្មែរ​ និង​អនុវត្តបទឈប់បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នៅ​​កម្ពុជា​​ចំនួន​ ២០​ស្ថាប័ន​ អំពាវនាវ​​ឱ្យ​ភាគី​​​ថៃ​​​ឱ្យ​​ដោះ​លែង​​ទាហាន​​ខ្មែរ​​ចំនួន ១៨នាក់ ជា​បន្ទាន់​ និង​​គ្មាន​​លក្ខ​ខណ្ឌ ព្រមទាំង​អនុ​វត្ត​ឱ្យ​មាន​ប្រសិទ្ធភាពនូវ​បទឈប់បាញ់រវាងកម្ពុជា​-ថៃ ក្រោយ​​មាន​​កិច្ច​​ព្រម​​ព្រៀង​​ថ្មី​​ដែ​ល​​សម្រេច​​បាន​​ពី​​កិច្ច​ប្រ​​ជុំ​​វិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ។

តាមរយៈលិខិតចុះថ្ងៃទី៨ ខែសីហា ឆ្នាំ​២០២៥ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជារួមមាន អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) និងសមាគមបណ្តាញយុវជនកម្ពុជា (CYN)ជាដើម បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះលែ​ង​យោធិន​កម្ពុជា​ដែលជាប់ឃុំជាបន្ទាន់ ហើយអនុវត្តបទឈប់បាញ់​រវាងកម្ពុជា និងថៃ ដោយ​ប្រសិទ្ធ​ភាព។

លិខិត​បន្ដ​ថា៖ «យើងខ្ញុំសូមអបអរសាទរចំពោះការសម្រេចចិត្តរបស់កិច្ចប្រ​ជុំ​វិសាមញ្ញានៃគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ (GBC) ប៉ុន្តែយើងខ្ញុំនៅតែអំពាវនាវឱ្យមានការដោះលែង​ដោយ​សុវត្ថិ​ភា​ព និង​ដោ​យរលូន​ភ្លាមៗ​នៃ​យោធិន​កម្ពុជា​ទាំង​១៨​នាក់ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង ពី​សំណាក់​កងកម្លាំង​ថៃ។ ការ​ចាប់​ខ្លួន និងបន្តឃុំខ្លួននេះ គឺវាផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់»។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ​ក៏​បាន​អំពាវនាវ​ដល់​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុកសិទ្ធិ​មនុស្ស (OHCHR) ទៅសួរសុខទុក្ខយោធិនកម្ពុជា​ដែលកំពុងជាប់ឃុំទាំងអស់ វាយតម្លៃ​ពី​សុខមាល​ភាព និង​តាម​ដាន ការ​ព្យាបាលរ​បស់​ពួក​គេ ដើម្បី​ធានាបា​ន​ការ​អនុវត្ត​ច្បាប់ម​នុស្ស​ធម៌ និង​សិទ្ធិ​មនុស្សអន្តរ​ជាតិ។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) សាទរ​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ ក្នុង​ការ​ដោះស្រា​យ​វិវាទ​តាម​ព្រំដែន។ ទោះ​ជា​យ៉ាង​ណា លោក​មានការ​ព្រួយ​បារម្ភ​ចំពោះ​ប្រសិទ្ធ​ភាព​នៃកា​រ​អនុវត្ត​កិច្ច​ព្រម​ព្រៀងនេះ ស្របពេល​ដែល​ភាគី​​ថៃ​​​នៅ​តែ​ប​ន្ត​ឃុំ​ខ្លួនទាហាន​កម្ពុជា។

លោកនិយាយថា៖«យើងមានការព្រួយបារម្ភ ព្រោះយើងឃើញថា ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​ហ្នឹង​ វា​មិន​សូវមាន​ប្រសិទ្ធិ​ភាព។ ជាក់ស្តែងយើងឃើញថា ភាគីថៃក្រោយពីមានការអន្តរាគមន៍ពីសហរដ្ឋអាមេរិក និងចិន យើង​មាន​កិច្ច​ព្រម​ព្រៀង​ហើយ ភាគី​ថៃ​នៅ​តែប​ន្ត​ឃុំខ្លួ​ន​កង​កម្ពុជា​យើង[….] ហើយ​ដោយ​សារ​កន្លងមកហ្នឹង ឆ្លុះបញ្ចាំងថាមិនមានការគោរពកិច្ចព្រមព្រៀង ចឹងហើយយើងមានការព្រួយបារម្ភថា ការអនុវត្ត​ទៅ​មុខទៀ​ត​វា​ទៅ​ជា​យ៉ាង​ណា។ យើងសូមឱ្យភាគីទាំងពីរ ភាគីថៃហ្នឹងធ្វើយ៉ាងម៉េចអនុវត្តឱ្យបានម៉ឺងម៉ាត់ទៅលើច្បាប់អន្តរជាតិពាក់ព័ន្ធអំពើហិង្សាទាក់ទងទៅនឹងសង្គ្រាម»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសិទសារព័ត៌មានព្រឹកថ្ងៃទី៩ ខែសីហានេះថា ក្នុង​ជំនួប​រវាង​រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា រ៉ាត់ ដារ៉ារ័ត្ន និង​លោក Lloyd Gillett ប្រតិភូ​កង​ទ័ព​ថ្នាក់​តំបន់​នៃគ​ណៈកម្មា​ធិការ​កាក​បាទ​ក្រហម​អន្តរ​ជាតិ (ICRC)កាលពីរសៀល​​ថ្ងៃទី​០៨ ខែសីហា​ម្សិលមិញ​ ខាង​ប្រតិភូ ICRC បានប្រាប់ថា យោធិន​កម្ពុជា​ទាំង​១៨​រូប ដែ​ល​យោធាថៃបានចាប់ខ្លួននោះ ​មាន​សុវត្ថិ​ភាព និង​សុខ​ភាព​ល្អ។

អ្នកស្រីបន្ថែមថា៖«ចំពោះការចុះសួរសុខទុកពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC នេះ បាន​ទទួល​ព័ត៌​មាន​ថា ទាហាន​យើង​ទាំង​១៨រូ​ប​នៃ​កង​យោទ​ពល​​ខេម​រ​ភូមិ​ន្ទដែ​ល​កំពុង​ស្ថិត​នៅ​ក្រោម​​ការ​ឃុំខ្លួ​ន​របស់​ភាគី​ថៃ​នេះ គឺ​មាន​សុវត្ថិ​ភាព និងមានសុខភាពល្អទាំងអស់គ្នា។ កម្ពុជា​ស្នើ​ឱ្យ​​ភាគី​ថៃ ឆាប់​បញ្ជូន​កង​កម្លាំង​របស់​យើង​ទាំង​១៨រូប ឱ្យត្រឡប់មកវិញ ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌​អន្តរជាតិ និងកងយោធ​ពលខេមរភូមិន្ទ សូមគូស​បញ្ជាក់​យ៉ាង​ម៉ឺង​ម៉ាត់​ថា យើងនឹងមិនទុកសមាជិកយើងណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ក្នុងស្មារតីនេះកម្ពុជាសង្ឃឹមថាថៃនឹងដោះលែង ទាហានកម្ពុជាដែលចាប់ខ្លួនទាំង១៨រូបនោះជាបន្ទាន់ ហើយស្របតាមការអំពាវនាវយ៉ាងទទូចពីប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន»។

ភរិយា​យោធាកម្ពុជា​ម្នាក់ ក្នុងចំណោមយោធាទាំង​១៨នាក់ដែលថៃបានចាប់ខ្លួន អ្នកស្រី ហាន ប៊ុន​ធាន អាយុ ៣៥​ឆ្នាំ រស់នៅ​ឃុំឆែបមួយ ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឱ្យ​ដឹង​ថា ប្តីរបស់គាត់​ឈ្មោះ​ អាង អឿង យុ ៣៧ឆ្នាំ បាន​ចូល​​បម្រើការ​ងារក្នុង​ជួរ​កង​ទ័ព​រយៈ​ពេល ១៧​ឆ្នាំ មកហើយ។ អ្នកស្រីបន្តថា គិត​ពីថ្ងៃចាប់ខ្លួន​ មក​ដល់ពេល​នេះ អ្នកស្រីនៅ​មិន​ទាន់​ទទួលបាន​ដំណឹងណាមួយ​ពីប្តីអ្នកស្រីនៅឡើយ ដែល​ធ្វើ​ឱ្យ​អ្នកស្រី និងគ្រួសារ មាន​ក្តីបារម្ភជា​ខ្លាំង។

អ្នកស្រីថា៖ «មានអារម្មណ៍តឹងទ្រូង ភ័យណាស់ឃើញគេចាប់ទៅ គេចងគេអីចឹង យើងមានអារម្មណ៍ថារាងស្លុតចិត្តដែរ ព្រោះអីឃើញគេចាប់ចង[ដៃ] គ្នាទៅក្រោយចឹង […] ហើយបន្ទាប់ពីបានឃើញព័ត៌មានគេថតមកឃើញប្តីមានសុខភាពល្អ ក៏ឈប់គិតច្រើន ដូច​ថា វា​មិន​សូវ​​គិ​ត​​ដូច​​​កាល​​មុន»។

បើទោះជាទទួលដំណឹងថា ប្តីរបស់​អ្នកស្រី និង​ទាហាន​១៧នាក់ទៀត មានសុវត្ថិភាព និង​សុខភាពល្អ ក៏អ្នកស្រីនៅតែមាន​ក្តីបារម្ភ និង​អំពាវនាវ​ដល់រដ្ឋាភិបាល​ពន្លឿន​ការ​​ជួយ​អន្តរាគមន៍ទៅភាគី​ថៃ ឱ្យមានការ​ដោះលែងទាហាន​ទាំង​១៨នាក់ ត្រឡប់មកវិញឱ្យ​បាន​ឆាប់ ដើម្បីបានជួបជុំគ្រួសារវិញ។​

អ្នកស្រីថា៖ «ខ្ញុំសំណូមពរឲ្យខាងរដ្ឋាភិបាលជួយសម្របសម្រួល​ដោះស្រាយ​ឲ្យកា​ន់​តែ​រហ័ស ឲ្យ​គាត់​មកជួប​ជុំ​គ្រួសារ»។

Press start Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេនៅ​ថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា ទាហាន​កម្ពុជាចំនួន ២០នាក់ ត្រូវ​បាន​ទាហាន​ថៃចាប់ខ្លួនដល់បន្ទាយទ័ពកម្ពុជា កាលពី​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ​២០២៥ បើទោះជាកម្ពុជា និងថៃ បាន​ប្រកាសអនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់បាញ់ ក្រោមការ​ផ្តួចផ្តើមពីលោក​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​មានការ​ចូលរួមពីតំណាង​នៃ​ប្រទេស​ចិន។​

ក្រោយពីមានការ​អំពាវនាវ​ឱ្យដោះលែង​ជាហូរហែរពីសំណាក់រដ្ឋាភិបាលកម្ពុជា ទាហានថៃ ​កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បាន​បញ្ជូន​ទាហាន​កម្ពុជា​ចំនួន​២រូប ក្នុងចំណោម​២០រូប ត្រឡប់មកកម្ពុជា​វិញ ខណៈទាហាន​កម្ពុជាចំនួន ១៨រូបទៀត បន្ត​ស្ថិត​នៅក្រោមការ​ឃុំខ្លួនពីយោធាថៃ។​

ជុំវិញ​ករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បាន​ស្វែងរ​កកិ​ច្ចអ​ន្តរា​គមន៍​ពីខា​ង​​​​កាក​​បាទ​​ក្រហម​អន្តរ​ជាតិ និង​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នានា​​ ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ​ដោះ​លែង​កង​ទ័ព​កម្ពុជា​ចំនួន​១៨នាក់ ឱ្យ​​មក​​មាតុ​ប្រទេស​វិញ​ឱ្យបា​ន​ឆាប់​បំផុត។

មេដឹកនាំគណបក្ស​កាន់អំណាច និង​ជា​​ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់​នៅលើទំព័រហ្វេសប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃទី​០៤ ខែសីហា ថ្មីៗនេះ​ថា​ លោក​​បាន​ពិភាក្សា​​ជាមួយ​​លោក​នាយ​ក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជុំវិញ​ការពឹង​ពាក់​លើ​កាក​​បាទ​​ក្រហម​អន្តរ​ជាតិ ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​ទាំង​១៨​នាក់ ដែល​ថៃ​ចាប់​ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​រយៈ​ពេល​៨ម៉ោង។

លោកបានចោទ​ជាសំណួរ​​ថា៖ «ហេតុផលអ្វីទៅ ដែល​ថៃមិនព្រម​ប្រគល់កងទ័ពកម្ពុជា១៨រូបមក​ឲ្យកម្ពុជា​វិញ?»

អតីតនាយករដ្ឋមន្រ្តីកម្ពុជារូប​នេះ បានចាត់ទុក​​សកម្មភាពកងទ័ពថៃ​ ដែលចល័តទ័ពចូលមកចាប់កង​ទ័ព​ក្នុង​​​​បន្ទា​យ​​​ទ័ព​កម្ពុជា បន្ទាប់​ពីមា​ន​បទ​ឈប់​បាញ់ ជា​ការរំលោភ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់ ដែល​ហាម​បាញ់ ហាម​​ចល័តទ័ព និង​ហាមបន្ថែមកងទ័ព៕

អត្ថបទគួរឱ្យចាប់អារម្មណ៍