ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា នៅខេត្តរតនគិរី​

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ភាសា​ចារ៉ាយ ក្នុង​កម្ម​វិធី​អប់​រំ​ពហុភាសា នៅខេត្តរតនគិរី ដើម្បីសម្របសម្រួលការសិក្សា​សម្រាប់​​សិស្សជនជាតិដើមភាគតិច និងអភិរក្សភាសារបស់ពួកគេ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះថ្ងៃទី​២២​ ខែ​មករា ឆ្នាំ​២០២៦ បានឱ្យដឹងថា ការដាក់​ឱ្យ​ប្រើ​ប្រាស់​ភាសា​ចារ៉ាយ​ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា នឹង​ចាប់​ផ្តើម​នៅថ្ងៃទី​២៧ ខែ​មករា ក្នុងនោះ​ក៏មានការ​​រៀបចំ និងបកប្រែសៀវភៅ​សិក្សា សម្ភារៈសិក្សា​ជាភាសាចារ៉ាយផងដែរ។ ក្រសួង​បន្តថា ​ការ​​ដាក់​ឱ្យអ​នុវត្ត​សាក​ល្បង នឹង​ធ្វើ​ឡើង​​​នៅសាលារៀ​ន​បឋម​សិក្សាចំ​នួន ៧ ក្នុង​ស្រុក​អូរ​យ៉ាដាវ និងស្រុក​​​អណ្តូងមាស ខេត្តរតនគិរី​។​

ក្រសួ​ងបន្តថា ​ដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំពហុភាសាប្រកបដោយប្រសិទ្ធភាព ក្រសួងបានរៀបចំ ក៏​បាន​​​រៀបចំ​​យន្តការ និងក្របខណ្ឌគតិយុត្ត​មួយចំនួន រួមមាន ការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើត​ជន​ជាតិដើមភាគតិច ទំពួន គ្រឹង ពៅ កាវ៉ែត ព្នង និងចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជា​គោល ផែនការ សកម្មភាពអប់រំពហុភាសា ២០២៤-២០២៨ កម្មវិធីសិក្សា​ សៀវភៅសិក្សា និងសម្ភារៈសិក្សា ដែលផ្សាភ្ជាប់​នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍​ជនជាតិដើមភាគតិច។

អ្នកនាំពាក្យក្រសួងអប់រំ និងជា​​ប្រធាននាយកដ្ឋានបឋមសិក្សា លោក កាន់ ពុទ្ធី មានប្រសាសន៍​​នៅ​ថ្ងៃទី​២៣ ​ខែ​មករា​នេះ​ថា ការ​ដាក់​បញ្ចូល​ភាសា​ចារ៉ាយ នៅ​ក្នុងកម្មវិធី​អប់រំ​ពហុភាសា​នេះ ធ្វើ​ឡើង​​ក្នុងគោល​បំណង​ជួយដល់កុមារ​ជនជាតិដើមភាគតិចចារ៉ាយ ដែលមិនទាន់ចេះ​ភាសាខ្មែរ អាច​ប្រាស្រ័យទាក់ទង និងនិយាយ​ភាសាខ្មែរបាន។

លោកមានប្រសាសន៍ថា៖ «ការដាក់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសានេះ មានគោលបំណងជួយកុមារជនជាតិ​ដើមភាគតិច​​ដែលមិនទាន់ចេះនិយាយ និងប្រាស្រ័យទាក់ទងជាភាសាជាតិក្នុងថ្នាក់រៀនបាន​ ដោយឱ្យរៀនជាភាសាកំណើត និងភាសាជាតិ​ ពីមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ ហើយជាស្ពានទៅ​រៀន​ភាសា​ជាតិ​មួយរយភាគរយ​នៅថ្នាក់ទី៤» ។

លោកថា នេះក៏ជាការ​​ចំណែកមួយនៅក្នុងការចូលរួមអភិរក្ស ថែរក្សា ប្រពៃណី វប្បធម៌​ និងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចចារ៉ាយផងដែរ ដោយក្រសួងចងក្រង ភាសា ទំនៀមទម្លាប់​ ប្រពៃណីរបស់គាត់ ដាក់ចូលទៅក្នុងសៀវភៅសម្រាប់សិក្សា។

យុវជនជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី​ លោក​ សេវ បៃ មើលឃើញថា ក្រសួងអប់រំ​ បានកំពុងព្យាយាមលើក​កម្ពស់នូវភាសារបស់ជនជាតិដើមភាគតិចចារ៉ាយ នៅក្នុងប្រព័ន្ធអប់រំ ហើយក៏ជាចំនុចល្អមួយ​ដែលក្រសួង​បានគិតគូរអំពីជនជាតិដើមភាគតិច។ ទោះជា​យ៉ាង​ណា លោកថា ការដាក់ភាសា​​ចារ៉ាយនៅក្នុងកម្មវិធីសិក្សានេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។

លោកថ្លែងថា៖ «ការដាក់បញ្ចូលនេះល្អ ហើយក៏មានផលលំបាកដែរ ផលលំបាកគឺថាការអាន និងការប្រកបមួយចំនួន ពាក្យពេជន៍ភាសាចារ៉ាយ នៅក្នុងអក្សរខ្មែរ គឺវាមានភាពពិបាកអាន ពិបាកយល់ បើ​សិន​ជា​មានការដាក់បញ្ចូលភាសាចារ៉ាយនៅក្នុងប្រព័ន្ធអប់រំហើយ សូមឱ្យមានការសាកល្បងនៅក្នុងការបង្រៀននេះ គឺសាកល្បងនៅភូមិណាដែលខាងក្រសួងអប់រំ ឬអង្គការ NGO ឱ្យបង្រៀងតែនៅក្នុងភូមិដែល​បានបកប្រែភាសានោះបានហើយ ព្រោះភូមិផ្សេងៗទៀត សូរសៀង អត្ថន័យ ពាក្យពេជន៍នៅក្នុងការ​ប្រកប​​របស់របរនោះគឺផ្សេងៗគ្នាទាំងអស់ ចំពោះចារ៉ាយ ដូច្នេះបើដាក់នៅភូមិផ្សេងគឺធ្វើឱ្យក្មេងៗភូមិផ្សេងអាចភ្លេចភាសាដើមនៅក្នុងភូមិរបស់គាត់ ដូច្នេះវាអាចធ្វើឱ្យបាត់បង់អត្តសញ្ញាណនៅក្នុងតំបន់មួយ»

លោកបានលើកឡើងថា ការដាក់បញ្ចូលភាសាចារ៉ាយ​ក្នុងកម្មវិធីអប់រំនេះ មិន​អាច​ធានា​ថា​នឹង​ធ្វើ​​ឱ្យ​សិស្សទទួល​បាន​លទ្ធផល​សិក្សាល្អប្រសើរឡើងទាំងស្រុងនោះទេ ព្រោះវាអាស្រ័យទៅលើវិធីសាស្ត្រ និងគុណភាពនៃការអប់រំជាចម្បង។

ចំណែក ប្រធានសមាគមជនជាតិដើមភាគតិចកម្ពុជា លោក​ រម៉ាម ប្លេន មានប្រសាសន៍ថា ​ការដាក់បញ្ចូល​ភាសាចារ៉ាយ នៅក្នុងកម្មវិធីអប់រំនេះ ជាចំនុចមួយយ៉ាងសំខាន់នៅក្នុងការអភិរក្ស​ភាសាជនជាតិដើមភាគតិចចារ៉ាយ។

លោកថា ថ្វីត្បិតតែបច្ចុប្បន្ន ជនជាតិដើមភាគតិចចារ៉ាយទទួលបានឱកាសរៀនភាសាខ្មែរ ក្រៅ​ពី​ភាសា​កំណើត​របស់ខ្លួនក៏ដោយ ប៉ុន្តែតាមរយៈការការអប់រំពហុភាសានេះ នឹងជួយដល់ក្មេងៗ នៅថ្នាក់មតេយ្យ រហូត​ដល់ថ្នាក់ទី​៣ គឺមានឱកាសចងចាំភាសារបស់ខ្លួន ហើយអាច និយាយ និង​ប្រើប្រាស់ភាសាខ្លួនបានតាមរយៈការបង្រៀននេះ​ផងដែរ។

លោកសង្កេតឃើញថា កន្លងមក ក្រសួងអប់រំ បានធ្វើការលើរឿងនេះច្រើនមកហើយ នៅក្នុងការ​ចូលរួមអភិរក្សភាសាជនជាតិដើមភាគតិច ប៉ុន្តែ​​លោកថា ក្រសួងគួរតែពង្រីក​បន្ថែម នៅចំនួន​សាលា​ដែលមានជនជាតិដើមភាគតិចសិក្សា និងបញ្ចូលភាសាជនជាតិដើមផ្សេងទៀតនៅក្នុងកម្មវិធីអប់រំ។

លោកមានប្រសាសន៍ថា៖ «ជាចំនុចវិជ្ជមានខ្លាំងដែលចាប់ផ្តើមពង្រឹងការអប់រំពហុភាសា ថ្វីត្បិតថាទទួលបានឥទ្ធិពល​ការអប់រំសកល ក៏ប៉ុន្តែសម្រាប់ភាសា គឺជាអត្តសញ្ញាណវប្បធម៌ជនជាតិដើមភាគតិច […] អ្វីដែលខ្ញុំចង់ឃើញបន្តទៀត ក្រសួងអាចថាពង្រឹងលទ្ធភាពបន្ថែមទៀតនៅក្នុងការជំរុញឱ្យមាន [កម្មវិធីសិក្សា] រហូតដល់ថ្នាក់ទី៦ យ៉ាងតិច កាន់​តែល្អ ហើយនឹងបន្ថែមកញ្ចប់ថវិកាបន្ថែមទៀត ម៉្យាង​អាចថាពង្រីកឱ្យមាននៅគ្រប់សាលា​ដែលមានជនជាតិដើមភាគតិច​ចារ៉ាយ ឬជនជាតិដើមភាគតិចផ្សេងៗទៀត ដូចជា ស្អូច ដែលកំពុងតែរងផលប៉ះពាល់នៅក្នុងការបាត់បង់ភាសា » ។

បច្ចុប្បន្ននេះ តាមរយៈ​កម្មវិធីអប់រំពហុភាសា ក្រសួងអប់រំ បាននឹងកំពុងបន្តផ្តល់ការអប់រំពហុភាសា​ដល់កុមារមកពីសហគមន៍ជនជាតិដើម​ភាគតិច ប្រមាណ ៧ ​៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់​ទី៣ ចំនួន៦ ភាសា ដូចជា ព្នង កាវ៉ែត គ្រឹង ទំពួន ព្រៅ និងចារ៉ាយ​ និងបាន​ផ្តល់ឱកាសការងារដល់ជន​ជាតិ​ដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ ជារៀង​រាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុង​​ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួង​​អប់រំ។​

យោងតាមរបាយការណ៍ស្តីពីស្ថានភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ច របស់​ជនជាតិ​ដើម​ភាគតិច​កម្ពុជា បច្ចុប្បន្នភាព ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ជនជាតិ​ដើម​ចារ៉ាយ​នៅ​កម្ពុជា មាន​ចំនួន​​ជិត ៣​ម៉ឺន​នាក់។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ គឺជា​ជនជាតិ​ដើម​ភាគតិច​មួយ ក្នុងចំណោម​ជនជាតិ​ដើម​ទាំង​២៤​អំបូរ​នៅ​កម្ពុជា​។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ពួកគេ គឺពឹងផ្អែកទៅលើបរិស្ថានធម្មជាតិ ដោយ​ផ្សា​ភ្ជាប់នឹងដីធ្លី និងព្រៃឈើ ដើម្បីប្រកបមុខរបរចម្បងសម្រាប់ជីវិត ដែលមាន​ដូចជាការ​ធ្វើ​កសិកម្ម​លើ​ដី​ចំការ​វិល​ជុំ ការប្រមូលអនុផលព្រៃឈើ ការប្រមាញ់ ការនេសាទ និងការចញ្ចឹមសត្វ។ល។

ចាប់តាំងពីឆ្នាំ២០០៣ មក ក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសា តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា(កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។

ទន្ទឹមនឹងនេះ ក្រសួងក៏បាន​ ដាក់បញ្ចូលកម្មវិធីអប់រំពហុភាសាក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ នៅ​មជ្ឈ​មណ្ឌល​​គរុ​កោសល្យភូមិភាគ ឦសាន្តខេត្តស្ទឹងត្រែង សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ និងសាលា​គរុកោសល្យ និងវិក្រឹតការ ខេត្តព្រះវិហារផងដែរ៕