ក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្នរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោក គ្រី សីហា ក្រោយព្រះរាជអាជ្ញារងរូបនេះ ដោះលែងជនសង្ស័យដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
យោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ផ្ញើជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ពីការផ្អាកមុខងារជាបណ្តោះអាសន្នរបស់ លោក គ្រី សីហា ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្រាវជ្រាវទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនសង្ស័យដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តពោធិ៍សាត់។
ចំណាត់ការភ្លាមៗរបស់ក្រសួងយុត្តិធម៌ទៅលើព្រះរាជអាជ្ញារងរូបនេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពិនិត្យ និងចាត់វិធានការទៅលើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈសមត្ថកិច្ចខេត្តនេះ បានបើកយុទ្ធនាការបង្ក្រាបបទល្មើសល្បែងអនឡាញ។ នេះបើតាមសារជាសំឡេងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលត្រូវបានចែករំលែកក្នុងបណ្តាញសង្គម នាយប់ថ្ងៃទី១៦ ខែកក្កដា។
លោកថា៖ «ខេត្តពោធិ៍សាត់ ខំបើកយុទ្ធនាការដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ ស្រាប់តែគណៈអភិបាលខេត្ត ដឹកនាំធ្វើកិច្ចការងារនេះ បង្ក្រាបបានប៉ុន្មាននាក់ ជាមួយសមត្ថកិច្ចខំធ្វើការ ស្រាប់តែមានព្រះរាជអាជ្ញារងមួយ លឺសូរថា ទៅដោះលែងគេ ជនដែលប្រព្រឹត្តល្មើសទាំងអស់នោះ ឥលូវឱ្យក្រសួងយុត្តិធម៌ត្រូវចាត់ចែងជាបន្ទាន់ ហើយបើសិនជាមានការយកលុយយកកាក់ ខាង ACU នៅក្នុងគណ:កម្មាការចំពោះកិច្ចរបស់យើង ត្រូវចាត់ការភ្លាម ហើយឱ្យចាត់ការភ្លាម អត់មានចាំស្អែកទេ។ យ៉ាងហោចណាស់គឺខាងក្រសួងយុត្តិធម៌របស់យើងត្រូវធ្វើការងារបន្ទាន់ ហើយឱ្យពិនិត្យមើល បើសិនមានការមិនប្រក្រតីយកលុយយកកាក់ជាថ្នូរនឹងការដោះលែងនេះ សូមឱ្យ ACU ធ្វើការភ្លាម បើមិនមិនចឹងទេ អាជ្ញាធរបងប្អូនយើងខំធ្វើការ ទីបំផុតមានអ្នកចាំយកផល ហើយដោះលែងជនប្រព្រឹត្តល្មើសបែបនេះទៅមិនបានទេ»។
Press Start Cambodia មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេ នៅថ្ងៃ១៧ ខែកក្កដានេះ។
ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា សុំមិនឆ្លើយតបចំពោះករណីផ្អាកមុខងាររបស់ លោក គ្រី សីហា នេះទេ។
យ៉ាងណា លោកថា ចំពោះការបោសសម្អាតសកម្មភាពឆបោកតាមអនឡាញនេះ គឺរដ្ឋាភិបាលបានតាមដាន និងមានការបង្ក្រាបជាហូរហែរជាយូរណាស់មកហើយ ហើយស្ថានភាពបច្ចុប្បន្ន ក៏មិនស្ថិតក្នុងភាពព្រួយបារម្ភពេកនោះដែរ ព្រោះរដ្ឋាភិបាលបាននិងកំពុងដាក់គោលដៅយ៉ាងច្បាស់លាស់ ដើម្បីបង្ក្រាបបទល្មើសនេះឱ្យអស់ពីទឹកដីកម្ពុជា។
លោក ប៉ែន ប៉ូណា ថ្លែងថា៖ «អត់គួរបារម្ភពេកទេ! តាមពិតកម្ពុជាធ្វើរឿងឆបោកតាមបច្ចេកវិទ្យានេះយូរមកហើយ គ្រាន់តែផ្សាយខ្លះ មិនផ្សាយខ្លះ។ យើងខិតខំណាស់តែក្រុមបរទេសទាំងនោះតែងឆ្លៀតចូលមកទឹកដីយើង ទើបបង្កើតការកិច្ចសហការឆ្លើយតបយ៉ាងតឹងរ៉ឹងនេះ ដើម្បីសម្អាត និងដាស់ស្មារតីមន្ត្រីដែលចូលរួមបើកដៃ»។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាល និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងបទបញ្ជានោះ បានលើកឡើងថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោក និងតំបន់ ហើយនៅកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។
ស្របពេលគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានព្រមានបញ្ចប់មុខតំណែងមន្ត្រីទាំងឡាយណាដែលខកខានមិនបានបោសសម្អាតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពីភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។
អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានឱ្យដឹងតាមរយ:ហ្វេសប៊ុកផេករបស់រដ្ឋបាលខេត្ត នៅថ្ងៃទី១៦ ខែកក្កដាថា លោកបានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក-ឃុំ-សង្កាត់ និងមន្ទីរពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្ត្រី ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ឱ្យមានប្រសិទ្ធភាព។
លោកបានគូសបញ្ជាក់ថា៖«សូមតាមដាននូវរាល់សកម្មភាពរបស់ជនបរទេសទាំងឡាយណា ចូលមកជួលផ្ទះ និងសំណង់អគារផ្សេងៗ ក្នុងទឹកដីខេត្តកំពង់ធំ ព្រមទាំងពិនិត្យលើវត្តមានជនបរទេស ដែលកំពុងតែស្នាក់នៅ ឬធ្វើការងារនៅក្នុងមូលដ្ឋាន។ ករណីមានការសង្ស័យ សូមរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចុះសិក្សាស្រាវជ្រាវកំណត់មុខសញ្ញាទាំងនេះ ឱ្យបានទាន់ពេលវេលា»។
ជុំវិញបញ្ហានេះ អ្នកវិភាគសង្គម លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ការដាក់ចេញនូវបទបញ្ជា និងការធ្វើយុទ្ធនាការបង្ក្រាបនូវបទល្មើស ព្រមទាំងចំណាត់ការទៅលើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដែលដោះលែងជនល្មើសក្នុងបទល្មើសឆបោកតាមអនឡាញនេះ គឺជាដំណើរឆ្ពោះទៅរកការពង្រឹងការអនុវត្តច្បាប់ និងការលុបបំបាត់នូវរាល់ការដាក់បន្ទុក ឬការចោទប្រកាន់ពីសំណាក់សហគមអន្តរជាតិមកលើកម្ពុជា។
លោកថា៖ «វិធានការនេះ សបញ្ជាក់ថា ជាវិធានការតឹងរ៉ឺង ប្រសិនបើនាយករដ្ឋមន្ត្រីចាត់ហើយមិនធ្វើ គាត់អាចសាបរលាប ឬលែងមានឥទ្ធិពល»។
ទោះយ៉ាងណា លោក ឯម សុវណ្ណារ៉ា មិនអាចសន្និដ្ឋានបាននៅឡើយថា យុទ្ធនាការនេះ នឹងមានប្រសិទ្ធភាពកម្រិតណានោះទេ ដោយសារកន្លងមក រដ្ឋាភិបាលកម្ពុជា ធ្លាប់មានការប្តេជ្ញាចិត្ត និងមានចំណាត់ការទៅលើការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរ ការចាប់ជំរិត និងបង្ខាំងមនុស្សនេះ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបទល្មើសនៅតែបន្តកើតមាន។
ជាមួយគ្នានេះដែរ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក នី សុខា បានសាទរចំពោះការដាក់ចេញនូវបទបញ្ជារបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងការធ្វើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ ស្របពេលដែលលោកសង្កេតឃើញថា កម្ពុជា កំពុងទទួលរងនូវការរិះគន់ពីសហគមន៍អន្តរជាតិដែលថា ជាទីតាំងសម្បុកឧក្រិដ្ឋកម្ម។
ទោះយ៉ាងណា លោកក៏ចង់ឃើញរដ្ឋាភិបាលមានជំហរច្បាស់លាស់ ដូចការអះអាង ដើម្បីចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើស និងអ្នកនៅពីក្រោយបទល្មើសទាំងនោះ យកមកផ្តន្ទាទោសទៅតាមច្បាប់។
លោក នី សុខា ថ្លែងបន្តថា៖ «ខ្ញុំគិតថា សមត្ថកិច្ចកម្ពុជាក៏មិនមែនអន់ណាស់ណាពេកដែរ ប្រសិនបើគាត់ចង់ធ្វើ ខ្ញុំយល់ថាពួកគាត់មានទាំងសម្ថភាព បច្ចេកទេស ការស្រាវជ្រាវ និងកម្លាំងក៏មានគ្រប់គ្រាន់ ដែលមិនអាចថា មិនកម្ចាត់រឿងទាំងអស់នេះបានទេ »។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកនានា ឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី បានចេញបទបញ្ជា អាជ្ញាធរខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន០៤កន្លែង ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៦៣នាក់។
លុះថ្ងៃបន្ទាប់ អាជ្ញាធរខេត្តក្រចេះ ក៏បានចុះបង្រ្កាបទីតាំងផ្ទះជួល០១កន្លែង ដោយបានឃាត់ខ្លួនមនុស្ស ៣១២នាក់ រួមមាន ជនជាតិចិន វៀតណាម បង់ក្លាដែស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងថៃ ហើយនៅថ្ងៃដដែលនោះ អាជ្ញាធរខេត្តពោធិ៍សាត់ ក៏បានស្រាវជ្រាវរកឃើញផ្ទះជួលមួយកន្លែង ដែលជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនេះ ឈានដល់ឃាត់ខ្លួនមនុស្សសរុប ២៧នាក់ រួមមានជនជាតិចិន វៀតណាម និងមីយ៉ាន់ម៉ា។
ចំណែក នៅរាជធានីភ្នំពេញ សមត្ថកិច្ចក៏បានបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(អនឡាញ)ជាច្រើនកន្លែង នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៦ ខែកក្កដា ដោយឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ជនជាតិចិន និងជនជាតិវៀតណាម សរុបចំនួន១០០នាក់ និងដកហូតឧបករណ៍ប្រព្រឹត្តបទល្មើសជាច្រើនផងដែរ៕