ក្រសួងព័ត៌មានប្រកាសអនុវត្តគម្រោង “យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ” ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានការចូលរួមពី ចិន ឡាវ វៀតណាម និងមីយ៉ាន់មា សម្រាប់រយៈពេល ១ឆ្នាំ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ។
គម្រោង ដែលចាប់ផ្តើមអនុវត្តពីខែមករាដល់ខែធ្នូ ឆ្នាំ២០២៦នេះ មានបំណងបង្កើនការយល់ដឹងរបស់សាធារណជនទាំងក្នុងប្រទេសកម្ពុជា និងក្នុងមហាអនុតំបន់មេគង្គ អំពីគ្រោះថ្នាក់និងផលប៉ះពាល់ នៃព័ត៌មានក្លែងក្លាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ និងគ្រប់មធ្យោបាយដែលមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា គម្រោងនេះ ក៏មានបំណងលើកកម្ពស់អក្ខរកម្មព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ក្នុងការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មាន ហើយក្រសួងព័ត៌មាននឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ ជាលក្ខណៈតំបន់ ទី១ យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ទី២ វេទិការសារព័ត៌មាន ផ្តោតលើវិធានការទប់ស្កាត់ការរីករាលដាល នៃព័ត៌មានក្លែងក្លាយឆ្លងដែន និងទី៣ កម្មវិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកា ស្តីពីការលុបបំបាត់ព័ត៌មានក្លែងក្លាយល្អជាងគេ។
សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងនេះត្រូវគេរំពឹងថា នឹងរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយក្នុងតំបន់តាមរយៈការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងសន្តិសុខព័ត៌មាននិងការពង្រឹងការទូតព័ត៌មាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោកនិងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ។
លោក នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានដកស្រង់សំដីនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថា “ តួអង្គដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺសារព័ត៌មាន និងប្រជាពលរដ្ឋ។ ដូច្នេះ វិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺការផ្សព្វផ្សាយនិងទទួលបានព័ត៌មានពិតក្នុងចំណោមប្រជាពលរដ្ឋ”។
លោកបន្តថា “ ដើម្បីសម្រេចបាននូវវិធានការនេះ កាតព្វកិច្ចដ៏សំខាន់ដែលប្រទេសទាំងអស់នៅលើសកលលោកត្រូវតែយកចិត្តទុកដាក់ គឺការពង្រឹងសន្តិសុខព័ត៌មាន ដើម្បីធានាការទទួលបានព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន”។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងជួយពង្រឹងតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងការចូលរួមជាមួយប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ក៏ដូចប្រទេសផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ៕

