ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងធ្វើយុទ្ធនាការជាតិ ដើម្បីលើកកម្ពស់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងការអប់រំកម្រិតមូលដ្ឋាន ខណៈអត្រាសិស្សបោះបង់ការសិក្សានៅតែមានកម្រិតខ្ពស់។
តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងអប់រំ ដោយមានការគាំទ្រពីអង្គការយូនីសេហ្វ បាននិងកំពុងធ្វើយុទ្ធនាការទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាអត្រាសិស្សបោះបង់ការសិក្សាដែលនៅកម្រិតខ្ពស់ និងធានាថា កុមារគ្រប់រូបចាប់ពីវ័យកុមារតូច រហូតដល់វ័យជំទង់ទទួលបានការអប់រំប្រកបដោយបរិយាប័ន្ន និងគុណភាព។
ប្រភពដដែលបន្តថា ទោះបីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ កម្ពុជាបានសម្រេចនូវវឌ្ឍនភាពក្នុងវិស័យអប់រំ ដោយកុមារបានចុះឈ្មោះចូលរៀនកំពុងមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែកុមារនិងក្មេងជំទង់ជាច្រើននៅតែមិនបានចូលរៀន។
សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា៖ «កុមារមកពីគ្រួសារក្រីក្រ តំបន់ជនបទ សហគមន៍ជនជាតិដើមភាគតិច និងកុមារដែលមានពិការភាពបន្តប្រឈមនឹងឧបសគ្គក្នុងការរៀនសូត្រ និងមានចំនួនតិចតួចក្នុងថ្នាក់រៀន។ កុមារដែលមានពិការភាពទំនងជាមិនបានចូលរៀនរហូតដល់ទៅពីរដង បើធៀបជាមួយកុមារដទៃដែលមានអាយុប្រហាក់ប្រហែលគ្នា។ យុទ្ធនាការរួមគ្នានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង កៀរគរសហគមន៍ និងពង្រឹងប្រព័ន្ធគាំទ្រ ដើម្បីរក្សាកុមារឱ្យនៅបន្តសិក្សា និងបង្កើនលទ្ធផលសិក្សា»។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសិក្សា និងការកាត់បន្ថយអត្រាកុមារបោះបង់ការសិក្សា នៅតែជាអាទិភាពចម្បងនៃផែនការយុទ្ធសាស្ត្ររបស់វិស័យអប់រំ។ លោកបន្តថា ទោះបីកម្ពុជាមានការរីកចម្រើនក្នុងការផ្តល់ឱកាសឲ្យកុមារចូលរួមសិក្សា ប៉ុន្តែកម្ពុជាក៏ត្រូវធានាថា កុមារគ្រប់រូបមិនត្រឹមតែចូលរៀនប៉ុណ្ណោះទេ តែត្រូវបញ្ចប់ការសិក្សាដោយមានជំនាញ និងចំណេះដឹង ដែលអាចប្រើប្រាស់បានសម្រាប់ជីវិត និងការងារ។
លោកថា៖ «ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយយូនីសេហ្វ និងដៃគូរបស់យើង កំពុងចាប់ផ្តើមយុទ្ធនាការ ដើម្បីពង្រឹងការគាំពារ និងអភិវឌ្ឍកុមារតូច លើកកម្ពស់ការរៀនសូត្រប្រកបដោយបរិយាប័ន្ន និងដោះស្រាយបញ្ហាប្រឈម នានាដែលនាំឱ្យកុមារបោះបង់ការសិក្សា។ យើងកំពុងធ្វើការរួមគ្នាដើម្បីកសាងប្រព័ន្ធអប់រំ ដែលមានសមធម៌ មានភាពធន់ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សាគ្រប់រូបនៅទូទាំងប្រទេសកម្ពុជា”។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែល នាយកយូនីសេហ្វប្រចាំនៅកម្ពុជា លោកបណ្ឌិត វីល ផាកស៍ មានប្រសាសន៍ថា ការអប់រំប្រកបដោយគុណភាព គឺជាកាតព្វកិច្ចដែលត្រូវធ្វើ ខណៈអនាគតរបស់កុមារមិនអាចរងចាំបានទេ ដូច្នេះចាំបាច់ត្រូវធ្វើសកម្មភាពឥលូវនេះ ដើម្បីធានាថា កុមារគ្រប់រូបត្រូវបានមើលឃើញ គាំទ្រ និងផ្តល់ឱកាសដោយស្មើគ្នា។
លោកបន្តថា៖ «ទាំងនេះជាមូលហេតុ ដែលយើងគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចាប់ផ្ដើមយុទ្ធនាការសាធារណៈចំនួនពីរ រួមគ្នាដោយគោលដៅតែមួយគឺ ធានាបាននូវការអប់រំប្រកបដោយគុណភាពសម្រាប់កុមារគ្រប់រូប ចាប់ពីវ័យ កុមារតូចរហូតដល់វ័យជំទង់»។
នៅឆ្នាំ២០២៣ កម្ពុជាមានកុមារក្នុងវ័យសិក្សាប្រមាណ ៣លាននាក់ ប៉ុន្តែកុមារនិងក្មេងជំទង់ប្រហែល ៣ សែននាក់ នៅក្រៅសាលា។ ជាមួយគ្នានេះ នៅឆ្នាំ២០២៤ អត្រាបោះបង់សិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិមានចំនួន ១៥.៥ភាគរយ ខណៈកុមារអាយុ ៥ឆ្នាំ ប្រមាណ ៣០ភាគរយ មិនទាន់បានចុះឈ្មោះចូលរៀន ហើយក្មេងជំទង់កំពុងរៀន មានតែ ៦០ភាគរយ បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ និងអង្គការយូនីសេហ្វ។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោកលី វណ្ណៈ យល់ថា ការធ្វើយុទ្ធនាការជាតិ ដើម្បីកៀរគរកុមារឱ្យចូលរៀន និងកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សានេះ គឺមានសារៈសំខាន់ណាស់ ខណៈអាជ្ញាធរមូលដ្ឋានបាននិងកំពុងផ្សព្វផ្សាយ និងព្យាយាមជំរុញដល់អាណាព្យាបាល និងសិស្សានុសិស្សបន្ថែម ដើម្បីឱ្យពួកគាត់បានយល់ដឹងពីគុណតម្លៃនៃការអប់រំ។
លោកថា៖«ទន្ទឹមនឹងនោះដែរ គឺយើងជំរុញពួកគាត់បន្ថែម ជាពិសេសការផ្សព្វផ្សាយអប់រំ បញ្ជ្រៀបការអប់រំរបស់គាត់ អំពីការយល់ដឹងបំណិនជីវិតផ្សេងៗ ទាំងនេះគឺពិតជាបានជួយ យើងចង់កាត់បន្ថយឲ្យបានច្រើន យើងជួយដើម្បីឲ្យពួកគាត់នឹងទទួលបានការងារសមស្រប ដើម្បីចិញ្ចឹមជីវភាពនៅថ្ងៃមុន»។
បើតាមការកត់សម្គាល់របស់អ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះ មូលហេតុនៃអត្រាសិស្សបោះបង់ការសិក្សា គឺដោយសារកត្តាជីវភាព ខណៈគ្រួសារជាច្រើននៅតាមជនបទ បានធ្វើចំណាកស្រុកហើយពួកគេបាននាំកូនៗទៅជាមួយ ដែលធ្វើឱ្យកុមារទាំងនោះ មិនអាចបន្តការសិក្សាបាន ហើយក្មេងជំទង់ខ្លះ ក្រោយពេលប្រលងមិនជាប់ ក៏សម្រេចចិត្តបោះបង់ការសិក្សា ដើម្បីទៅរកការងារធ្វើជំនួសវិញ។
ប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង និងជាអាណាព្យាបាលកុមារ២នាក់ លោក អិន ថាន បានលើកឡើងថា ចៅស្រីរបស់គាត់ចំនួន២នាក់ ក្នុងនោះម្នាក់អាយុ ១៣ឆ្នាំ និងម្នាក់ទៀត អាយុ ១៤ឆ្នាំ បានសម្រេចបោះបង់ការសិក្សានៅថ្នាក់ទី៧ ដោយសារតែជីវភាពគ្រួសារមានការខ្វះខាត។
លោកថា៖«អត់មានលុយបង់ធនាគារ ខ្ញុំរកអត់ទាន់ ណាមួយសាលាឆ្ងាយពីផ្ទះ អត់សោហ៊ុយទៅទៀត ខ្វះខាត ក៏បោះបង់ការសិក្សាទៅ»។
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មើលឃើញពីមូលហេតុមួយចំនួនដែលជាកត្តានាំឱ្យកុមារបោះបង់ការសិក្សា ដូចជា ផ្ទះឆ្ងាយពីសាលា កត្តាជីវភាពគ្រួសារតម្រូវឱ្យកូនៗឈប់រៀន និងបញ្ហាបំណុលជាដើម។ អ្នកស្រីយល់ថា យុទ្ធនាការរបស់រដ្ឋាភិបាល និងអង្គការដៃគូរមិនទាន់អាចឆ្លើយតបទៅនឹងបញ្ហានៃការបោះបង់ការសិក្សារបស់សិស្សនៅតំបន់ដាច់ស្រយាលបានឡើយ ដោយសារតែកត្តាជីវភាពរបស់ពួកគាត់នៅខ្វះខាត និងការយល់ដឹងនៅមានកម្រិត។
អ្នកស្រីថា៖ «បើយើងនិយាយអំពីការឆ្លើយតបនៅតាមជនបទ នៅតាមតំបន់ដាច់ស្រយ៉ាលហ្នឹង ធ្វើឲ្យការឆ្លើយតបហ្នឹង មិនអាចការឆ្លើយតបគ្នាទេ ព្រោះអីដូចខ្ញុំមើលឃើញចឹង ប្រជាពលរដ្ឋធ្វើអីអត់បាន គាត់ធ្វើអីអត់បាន ត្រូវតែចំណាកស្រុកមកធ្វើកម្មករសំណង់ ធ្វើអីនៅកន្លែងមានមនុស្សច្រើនហើយ ហើយតំបន់ដាច់ស្រយាលហ្នឹង យើងឃើញហើយ យើងមើលឃើញបែបខាងតំបន់ព្រំដែន កំពុងតែហានិភ័យ ដូចឃើញថា មានចោរសៀមឈ្លានពាន អីចឹងទៅអូសប្រលាលួស ជាហានិភ័យធំសម្រាប់ប្រជាពលរដ្ឋសម្រាប់សិក្សានុសិស្សទាំងអស់ មិនទទួលបានការអប់រំ»។
ទោះជាយ៉ាងណា ក្រសួងអប់រំ និងអង្គការយូនីសេហ្វ លើកទឹកចិត្តដល់ដៃគូរអភិវឌ្ឍ រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គភាពព័ត៌មានទាំងអស់ ជួយផ្សព្វផ្សាយ និងអនុវត្តយុទ្ធនាការនេះនៅក្នុងខេត្តរៀងៗខ្លួន ដើម្បីធានាថាកុមារទាំងអស់នៅកម្ពុជា ជាពិសេសកុមារដែលងាយរងគ្រោះបំផុត ទទួលបានអត្ថប្រយោជន៍ពីអន្តរាគមន៍ទាំងអស់នេះ៕