កាលពីថ្ងៃសុក្រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ច្រានចោលការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃដែលថា កម្ពុជាប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។
បណ្តាញព័ត៌មានថៃ The Nation Thailand បានរាយការណ៍កាលពីថ្ងៃទី២៤ ខែកុម្ភៈ ថា លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃបានប្រាប់លោក Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូថា ការខូចខាតនឹងមិនកើតឡើងទេ ប្រសិនបើកម្ពុជាមិនបានប្រើប្រាស់ប្រាសាទនេះ ជាមូលដ្ឋានប្រតិបត្តិការយោធា។
ជាការឆ្លើយតបចំពោះការចោទប្រកាន់នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាកាលពីថ្ងៃទី២៧ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍មួយបដិសេធការចោទប្រកាន់នេះទាំងស្រុង ដោយលើកឡើងថា ប្រាសាទព្រះវិហារ គឺជាតំបន់បូជនីយដ្ឋានវប្បធម៌ សាសនា និងជាបេតិកភណ្ឌពិភពលោកដ៏មានតម្លៃលេចធ្លោជាសកលរបស់អង្គការយូណេស្កូ ពុំមែនជាទីតាំង ដែលបានកំណត់ បង្កើត ឬប្រើប្រាស់ជាមូលដ្ឋានយោធានោះទេ។
សេចក្តីថ្លែងការណ៍នេះបន្តថា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ ១៩៧២ កម្ពុជាបង្ហាញការប្តេជ្ញាចិត្តក្នុងការការពារសម្បត្តិវប្បធម៌និងធានាថា ទីតាំងបេតិកភណ្ឌពិភពលោកនេះ ត្រូវបានថែរក្សាសម្រាប់គោលដៅសន្តិភាព វប្បធម៌ និងសាសនាតែប៉ុណ្ណោះ។
យោងតាមសេចក្ដីថ្លែងការណ៍ខាងលើបញ្ជាក់ផងដែរថា វត្តមានរបស់អាជ្ញាធរកម្ពុជានៅទីតាំងប្រាសាទព្រះវិហារនោះ គឺដើម្បីការពារបេតិកភណ្ឌវប្បធម៌ មិនអាចត្រូវបានបកស្រាយខុសថា ជាការប្រើប្រាស់ប្រាសាទក្នុងគោលបំណងយោធានោះឡើយ ហើយការគ្រប់គ្រងប្រាសាទនៅតែស្ថិតក្រោមអាជ្ញាធរបេតិកភណ្ឌស៊ីវិល។
ក្រសួងវប្បធម៌លើកឡើងថា កម្ពុជាមានកាតព្វកិច្ចការពារប្រាសាទព្រះវិហារ ស្របតាមច្បាប់អន្តរជាតិ ដូចដែលបានបញ្ជាក់ដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ ថា ប្រសាទព្រះវិហារ គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងវប្បធម៌បន្តថា ចាប់ពីឆ្នាំ១៩៦២ ដល់ឆ្នាំ ២០០៨ ប្រាសាទព្រះវិហារជាកន្លែងសក្ការៈបូជា ការធ្វើធម្មយាត្រា និងទេសចរវប្បធម៌របស់ភ្ញៀវជាតិ និងអន្ដរជាតិ។ នៅឆ្នាំ ២០០៨ យោធាថៃបានទន្ទ្រានចូលកាន់កាប់តំបន់ជុំវិញ រួមទាំងវត្តកែវសិក្ខាគិរីស្វារៈ ដោយផ្អែកលើផែនទីព្រំដែនធ្វើឡើងដោយឯកតោភាគី បង្កភាពតានតឹងប្រដាប់អាវុធ និងបំផ្លាញផ្នែកខ្លះនៃប្រាសាទ ហើយនៅឆ្នាំ ២០២៥ ប្រតិបត្តិការយោធាស្រដៀងគ្នានេះ របស់កងទ័ពថៃនៅតាមបណ្តោយព្រំដែន បានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធ និងការខូចខាតមិនធ្លាប់មានចំពោះបូជនីយដ្ឋាន និងតំបន់ជុំវិញប្រាសាទ។
ក្រសួងបន្ថែមទៀតថា ការប៉ុនប៉ងបកស្រាយថា ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា គឺបង្ហាញពីការមិនអើពើចំពោះតថភាពផ្លូវច្បាប់ បំផ្លាញអំណាចតុលាការ និងគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ស្របពេលដែលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះច្បាប់អន្តរជាតិ ការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយ៕
អត្ថបទដោយ នៅ ធាវីត

