អ្នកឃ្លាំមើលសង្គម យល់ស្របចំពោះការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលប្រមុខរដ្ឋាភិបាល គ្រោងចាប់ផ្តើមនៅឆ្នាំ២០២៦ខាងមុខ ប៉ុន្តែជំរុញឱ្យមានការត្រៀមថវិកាជាតិសម្រាប់ជួយផ្គត់ផ្គង់ដល់យុវជនដែលចូលហ្វឹកហាត់ ឬអនុវត្ត ដើម្បីជៀសវាងផលប៉ះពាល់ជីវភាព ដោយសារការហ្វឹកហាត់មានរយៈពេលច្រើនខែ។
ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែកក្កដា ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រ សាសន៍ថា ច្បាប់កាតព្វកិច្ចយោធា ដែលបង្កើតឡើងកាលពីឆ្នាំ២០០៦ នឹងត្រូវអនុវត្តនៅឆ្នាំ២០២៦ ខាងមុននេះ។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យលើការធ្វើវិសោធនកម្មមាត្រាមួយចំនួន មុននឹងដាក់ឱ្យអនុវត្ត ដើម្បីឱ្យស្របនឹងបរិបទឬស្ថានភាពកម្ពុជាបច្ចុប្បន្ន ជាពិសេសទៅលើពេលវេលានៃការអនុវត្ត ដោយប្តូរពី ១៨ខែ ទៅ២៤ខែវិញ។
លោកថ្លែងថា៖ «ច្បាប់កាតព្វកិច្ចយោធា វាជួយអី ជួយយើងទី១ នៅក្នុងការបង្កើនបរិមាណសាច់ទ័ព យើងរើសទ័ពកាតព្វកិច្ច យើងមានលទ្ធភាពរើសទូលំទូលាយជាងរើសទ័ពអាជីព អីចឹងយើងអាចបំពេញ ឥលូវយើងរើសបំពេញចូលសោធនប៉ុន្មាន យើងរើសបំពេញប៉ុណ្ណឹង។ ទី២ គឺបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ទ័ពដែលរើសមកហ្វឹកហ្វឺនមួយរយៈខ្លីទៅបំពេញ ឥលូវគឺនឹងត្រូវអនុវត្តច្បាប់នេះ ចឹងទ័ពដែលចូលមកក្នុង ២ឆ្នាំ គាត់នឹងជាប់កាតព្វកិច្ច ចឹងឋាន្តរស័ក្តិអីអត់ព្រួយបារម្ភទេ គឺបំពេញសាច់ទ័ព អង្គភាពខ្លះយើងមានតែក្បាលទេ ចឹងគឺយើងមានយោធិនសម្រាប់ ២ឆ្នាំហើយចល័តរហូតរាល់ឆ្នាំ»។
ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនេះ លោកបណ្ឌិត មាស នី អ្នកវិភាគនិងស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា ជាពេលវេលាដ៏ស័ក្តិសម សម្រាប់កម្ពុជាក្នុងការអនុវត្តច្បាប់ស្តីពី កាតព្វកិច្ចយោធា នេះព្រោះកន្លងមករហូតដល់បច្ចុប្បន្ន កម្ពុជាតែងតែទទួលរងនូវការគំរាម ឬការម៉ាក់ងាយ ពីប្រទេសជិតខាង ដែលមានថៃ និងវៀតណាមជាដើម។
លោកបន្តថា៖ «ខ្ញុំគិតថា ពេលវេលាសម្រាប់ធ្វើការរៀបចំកម្លាំង កងកម្លាំងប្រដាប់អាវុធបម្រុង ឬការបរិច្ចាគកិច្ចយោធា គឺជាភាពចាំបាច់សម្រាប់ប្រទេសមួយ អញ្ចឹងបើសិនរាជរដ្ឋាភិបាលមានលទ្ធភាពហើយ គួរតែធ្វើទៅប៉ុណ្ណាទៅតាមហ្នឹងទៅ យ៉ាងហោចក៏មានកម្លាំងសម្រាប់ត្រៀមដែរ។ បើយើងត្រៀមនេះ មិនមែនបានន័យថា យើងរៀបកងកម្លាំងសម្រាប់ទៅវៃគេ ទៅតតាំងអីជាមួយគេទេ ប៉ុន្តែគឺជាការបង្ហាញនូវការយកចិត្តទុកដាក់ទៅលើវិស័យការពារជាតិផងដែរ»។
តែយ៉ាងណា លោក មាស នី បានជំរុញដល់រដ្ឋាភិបាលគិតគូរពីការត្រៀមថវិកាជាតិ សម្រាប់ជួយដល់អ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា ដើម្បីជួយសម្រួលដល់ជីវភាព ឬសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ ដោយសារពេលវេលានៃការអនុវត្តមានរយៈពេលច្រើនខែ ខណៈយុវជនវ័យចាប់ពី១៨ឆ្នាំ ដល់៣០ឆ្នាំ ដែលច្បាប់ចែងពីការតម្រូវឱ្យអនុវត្តកាតព្វកិច្ចនេះ ជាវ័យដែលកំពុងសិក្សា និងពេញកម្លាំងក្នុងការប្រកបរបរចិញ្ចឹមជីវិត និងគ្រួសារ។
លោកថ្លែងថា៖ «ខ្ញុំគិតថា សម្រាប់ការចូលបម្រើក្នុងវិស័យយោធានេះ អាចមានផ្តល់ជំនួយខ្លះៗពីរដ្ឋទៅ ពីថវិកាជាតិ អញ្ចឹងនេះអាស្រ័យលើការជ្រើសរើស តែបើទាញមនុស្សដែលកំពុងតែកម្លាំងពេញ ហើយធ្វើការចិញ្ចឹមគ្រួសារយកមកបម្រើបរិយាកិច្ចយោធា អាហ្នឹងប៉ះពាល់ជៀសមិនរួចទេ»។
ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដោយមាន៦ជំពូក និង១៨មាត្រា។ ច្បាប់នេះបានកំណត់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំង២ភេទ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។
ស្រដៀងគ្នានេះដែរ លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជាគំនិតមួយមានសារៈសំខាន់ចំពោះការការពារជាតិ ប៉ុន្តែរដ្ឋាភិបាលត្រូវត្រៀមខ្លួន ជាពិសេសផ្នែកសេដ្ឋកិច្ច និងថវិកាជាតិឲ្យបានគ្រប់គ្រាន់ សម្រាប់ផ្តល់ដល់អ្នកទៅអនុវត្តកាពត្វកិច្ចយោធា ស្របពេលថេរវេលានៃការអនុវត្តមានរហូតដល់ ១៨ខែ ឬដល់ទៅ ២៤ខែបើមានការកែសម្រួលមាត្រាមួយចំនួនក្នុងច្បាប់នេះ។
លោកថា៖ «ខ្ញុំគិតថា ប្រទេសណាក៏គេត្រូវការកម្លាំងប្រដាប់អាវុធ ក៏ដូចជាកាតព្វកិច្ចនៃពលរដ្ឋម្នាក់ៗ សូម្បីតែខ្ញុំធ្លាប់ទៅចិន អាឡឺម៉ង់អី គេឱ្យពលរដ្ឋម្នាក់មានសិទ្ធិមានកាតព្វកិច្ចត្រូវទៅហាត់ទៅរៀន[…] វាអត់អីទេ ប៉ុន្តែវាអាស្រ័យថា តើរដ្ឋាភិបាលលោក មានលទ្ធភាពដែលឱ្យពួកគាត់ទៅរៀនហ្នឹង រៀនមួយឆ្នាំកន្លះហ្នឹងថា តើយើងមានលទ្ធភាពអាចផ្តល់ជាអីខ្លះ ដូចជា ប្រាក់ខែ ឬការចិញ្ចឹមគាត់ឱ្យទៅរៀនទៅអីហ្នឹងណា ថា តើមានលទ្ធភាពដែរឬអត់ ដែលយើងមើលកន្លងមកសូម្បីតែទាហានយើង ដូចជា នៅប្រាក់ខែទាប បញ្ហាជីវភាពនៅខ្វះខាត នៅពេលដែលយើងបង្កើត អាហ្នឹងមួយទៀតវាធ្វើឱ្យរដ្ឋត្រូវតែត្រៀមលក្ខណៈ ដើម្បីរកថវិកាដើម្បីផ្តល់ឱ្យពួកគាត់»។
យុវជន ធូ វ៉ាឃីម អាយុ២៣ឆ្នាំ គាំទ្រចំពោះរដ្ឋាភិបាល ដែលគ្រោងនឹងដាក់ឱ្យអនុវត្តច្បាប់នេះនៅឆ្នាំក្រោយ ខណៈលោកយល់ថា ការអនុវត្តកាតព្វកិច្ចយោធា ជារឿងមួយសំខាន់សម្រាប់យុវជន និងប្រជាពលរដ្ឋ ក្នុងការទទួលបានឱកាសហ្វឹកហាត់ផ្នែកយោធា ចូលរួមជាមួយសង្គម ចាកឆ្ងាយពីការធ្វើក្មេងទំនើង និងចូលរួមការពារបូរណភាពទឹកដីផងដែរ។
លោកថា៖ «ខ្ញុំយល់ឃើញថា នេះគឺវាជាការល្អហើយបើមានច្បាប់នឹងកើតឡើងមែន ក៏ខ្ញុំចូលរួមសាទរហើយនិងស្វាគមន៍ ហើយនិងសហការរីករាយជាមួយរដ្ឋាភិបាល ដើម្បីចូលរួមជាមួយការការពារទឹកដីបូរណភាពទឹកដីផងដែរ[…] បើមានច្បាប់នេះពិតមែននៅឆ្នាំ២០២៦ យើងនឹងមើលឃើញ មើលឃើញអំពីធនធានយុវជនឬក៏យុវជន ឬក៏ប្រជាពលរដ្ឋណាដែលនឹងហ៊ានលះបង់ យើងនឹងមើលឃើញថា នរណាគេដែលអ្នកស្នេហាជាតិពិតប្រាកដ អ្នកណាគេដែលទៅចូលរួមពិតប្រាកដ»។
យ៉ាងណា លោកថា សម្រាប់ពេលវេលានៃការអនុវត្តកាតព្វកិច្ចយោធា ដែលមានរយៈពេល១៨ខែ នៅក្នុងច្បាប់ ឬក៏អាចឡើងដល់ ២៤ខែ បើមានការធ្វើវិសោធនកម្មច្បាប់មែននោះ វាអាចជាពេលវេលាមួយយូរដែរ សម្រាប់អ្នកដែលមានគ្រួសារនៅក្នុងបន្ទុក ព្រោះពួកគេត្រូវការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព។ ប៉ុន្តែសម្រាប់អ្នកដែលមិនមានគ្រួសារក្នុងអំឡុងពេលនោះ និងអ្នកដែលមានជីវភាពធូរធារ ប្រហែលជាមិនមានផលប៉ះពាល់នោះទេ។
លោកថា៖ «មិនយូរទេ សម្រាប់ខ្ញុំជាអ្នកមានពេលវេលា តែសម្រាប់អ្នកផ្សេងគេអត់សូវមានពេល អាចថាយូរ ក្នុង១ឆ្នាំទៅ២ឆ្នាំហ្នឹង សម្រាប់ខ្ញុំនៅរៀនជិតចប់ ណាមួយយើងមានពេលច្រើនចូលរួមដើម្បីយកបទពិសោធន៍ ហើយយល់អំពីគុណតម្លៃនៃការលះបង់របស់យោធាផ្សេងៗ វាមិនយូរប៉ុន្មានទេ។ តែសម្រាប់អ្នកមានគ្រួសារ មានកូន អាចនឹងប៉ះពាល់ មែនទែនទៅ គេរើសចាប់ពី ១៨[ឆ្នាំ] ដល់៣០[ឆ្នាំ] អ្នកខ្លះក៏មានគ្រួសារ អ្នកខ្លះក៏អត់»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា មិនទាន់អាចឆ្លើយតបជុំវិញនីតិវិធីនៃការធ្វើវិសោធនកម្មច្បាប់នេះ មុននឹងការដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦នៅឡើយ។
លោកស្រីថា៖ «ខ្ញុំនឹងពិនិត្យ និងផ្តល់ការឆ្លើយតបតាមលទ្ធភាពជាក់ស្តែង បើបានទទួលព័ត៌មានពីអង្គភាពជំនាញ»។
បើតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏មានចែងពីទោសប្បញ្ញត្តិផងដែរ ប្រសិនបើប្រជាពលរដ្ឋ មិនចូលរួមក្នុងការអនុវត្តនូវកាតព្វកិច្ចយោធានេះ។
មាត្រា១៣ នៃច្បាប់ស្តីពីកាតព្វកិច្ចយោធា ចែងថា ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួនតាមការអញ្ជើញក្នុងរយៈពេល ៣០ថ្ងៃ គិតពីថ្ងៃទទួលដំណឹង ត្រូវចាត់ទុកជាជនរឹងរូស លើកលែងតែមានមូលហេតុត្រឹមត្រូវពុំអាចមកបង្ហាញខ្លួនបាន។
ជនដែលរឹងរូស និងជនរួមគំនិតក្នុងការគេចវេះពីកាតព្វកិច្ចយោធា ក្នុងកាលៈទេសៈប្រទេសមានសន្តិភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១ឆ្នាំ។ ក្នុងកាលៈទេសៈប្រទេសមានសង្គ្រាម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។
រីឯ មាត្រា១៥ ចែងថា ជនណាដែលឆ្លៀតយកឋានៈតួនាទី ដើម្បីរាំងស្ទះមិនឱ្យពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធា ឬប្រើប្រាស់ច្បាប់នេះធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៥ឆ្នាំ.
យ៉ាងណា បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រៅពីការប្រកាសពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា នៅឆ្នាំ២០២៦ខាងមុខ លោកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលក៏គ្រោងនឹងបង្កើនថវិកាសម្រាប់វិស័យការពារជាតិ ដើម្បីពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិនេះផងដែរ ហើយវិធានការនេះ មិនមែនដើម្បីគំរាម ឬឈ្លានពាននរណានោះទេ តែជាការពង្រឹងកិច្ចការពារបូរណភាពទឹកដី៕