មន្ត្រីការទូតម៉ាឡេស៊ី ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមធ្វើជាអធីបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលគ្រោងធ្វើ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាចុងខែតុលា ឆ្នាំ២០២៥នេះ។
នេះបើតាមការបញ្ជាក់ជាថ្មីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក មហាម៉ាត់ ហាសាន (Mohamad Hasan) ក្នុងសន្នីសីទសារព័ត៌មានមួយ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ និងត្រូវបានដកស្រង់មកចុះផ្សាយដោយសារព័ត៌មាន CNA ។
ប្រភពដដែលបន្តថា ក្នុងសន្និសីទនោះ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី លោក មហាម៉ាត់ ហាសាន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោក ត្រាំ «កំពុងទន្ទឹងរង់ចាំធ្វើជាសាក្សីក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។
លោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នាពេលខាងមុខ ហើយប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នឹងជួយសម្របសម្រួលការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ឱ្យបានពេញលេញ ដោយធ្វើយ៉ាងណាឲ្យកម្ពុជា និងថៃ ដោះគ្រាប់មីន និងដកកាំភ្លើងធំៗចេញឲ្យអស់ពីតំបន់ព្រំដែន។
លោក មហាម៉ាត់ បន្ថែមថា៖ «ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ យើងសង្ឃឹមថា នឹងឃើញការចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលគេស្គាល់ថា ជាកិច្ចព្រមព្រៀង Kuala Lumpur រវាងប្រទេសជិតខាងទាំងពីរនេះ ដើម្បីធានាបាននូវសន្តិភាព និងបទឈប់បាញ់ដ៏យូរអង្វែង»។
ប្រភពដដែលបានចុះផ្សាយដែរថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្តូរវេន បានអះអាងកាលពីពេលថ្មីៗនេះដែរថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ ពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នឹងរៀបចំធ្វើឡើងនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ហុក សុភា មានប្រសាសន៍នៅថ្ងៃទី១៤ ខែតុលាថា កម្ពុជាកំពុងពិចារណាក្នុងការចូលរួមពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលគ្រោងធ្វើឡើងនៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដោយសារតែថៃបានដាក់លក្ខខណ្ឌថា លុះត្រាតែកម្ពុជាឈប់គំរាមកំហែងថៃ។ លោកថា ការចោទប្រកាន់នេះ ជាតាក់តិចរបស់ថៃដើម្បីគេចវេះក្នុងការចុះហត្ថលេខា ខណៈដែលកម្ពុជាមិនដែលគំរាមកំហែងថៃនោះទេ ។
លោកបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងនេះ ខាងថៃ គេដាក់លក្ខខណ្ខលុះត្រាណាភាគីខ្មែរឈប់គំរាមកំហែងគេ។ តាមពិតខ្មែរមិនដែលគម្រាមកំហែងនរណាទេ តែនេះជាល្បិចរបស់ថៃក្នុងការគេចវេះមិនចង់ចុះហត្ថលេខា»។
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ទៅឲ្យនាយករដ្ឋមន្រ្តីថៃ លោក អានុធិន ឆ័នវីរៈគូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយ។
ក្នុងលិខិតនោះ លោក ដូណាល់ ត្រាំ បានសរសេរថា លោកចង់ឃើញប្រទេសជិតខាងទាំងពីរកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។
ក្រោយមកនៅថ្ងៃទី១២ ខែតុលា ភាគីកម្ពុជា ថៃ ម៉ាឡេស៊ី និងអាមេរិក បានរៀបចំកិច្ចប្រជុំចតុភាគីមួយនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលក្នុងកិច្ចប្រជុំនោះ ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងបញ្ជាក់ជាថ្មីអំពីជំហររបស់កម្ពុជា ដែលគ្មានបំណងចង់បានអ្វីដែលមិនមែនជារបស់កម្ពុជា ហើយថា កម្ពុជាក៏មិនទទួលយកការបាត់បង់កម្មសិទ្ធិរបស់ខ្លួននោះដែរ។
បើតាមសេចក្តីរាយការណ៍ដដែលរបស់បណ្តាញព័ត៌មាន CNA កាលពីថ្ងៃទី១៤ ខែតុលានេះ បានដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីថៃ អានុទិន ចាន់វីរៈគុល ដែលអះអាងបន្ទាប់ពីទទួលបានលិខិតពីលោក ដូណាល់ ត្រាំ ថា ប្រទេសថៃត្រៀមចរចា លុះត្រាកម្ពុជាដកអាវុធធន់ធ្ងន់នៅតាមតំបន់ព្រំដែន ដោះមីន បង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងផ្លាស់ទីប្រជាពលរដ្ឋរបស់ខ្លួន ចេញពីតំបន់ព្រំដែនដែលថៃអះអាងជារបស់ខ្លួន។ ទោះបីជាយ៉ាងណា កម្ពុជាបានអះអាងថា ពលរដ្ឋរបស់ខ្លួនបានរស់នៅតំបន់មានជម្លោះនេះច្រើនទសវត្សរ៍មកហើយ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ទំនងជាមិនអាចទៅរួចឡើយ ដោយសារការទាមទាររបស់ភាគីថៃ ឱ្យកម្ពុជាដកអាវុធ និងជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែន និងទីតាំងមានវិវាទ គឺសុទ្ធតែក្នុងដែនអធិបតេយ្យភាពកម្ពុជា។ ម្យ៉ាងវិញទៀត លោកថា សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន បានហក់ឡើងសារជាថ្មី ដែលអាមេរិកមិនពេញចិត្តចំពោះវត្តមានចិនចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រាងសន្តិភាពនោះទេ។
ជាមួយគ្នានេះ អ្នកវិភាគនយោបាយរូបនេះ ទទូចឱ្យកម្ពុជាត្រូវរក្សាជំហរមួយ ដើម្បីរក្សាតុល្យភាពរវាងមហាអំណាចទាំងពីរ រួមទាំងគោលការណ៍ច្បាប់អន្តរជាតិ។
លោកនិយាយថា៖ «កិច្ចការហ្នឹងវាមិនអាចកើតឡើងទេ ទស្សនៈខ្ញុំ ព្រោះភាគីថៃ វាដាក់លក្ខខណ្ឌច្រើន ហើយលក្ខខណ្ឌទាំងបួនរបស់ថៃ ដែលលើកឡើងសុទ្ធតែជាស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ពាក់ព័ន្ធនឹងការដកទ័ព ពាក់ព័ន្ធនឹងការរើប្រជាពលរដ្ឋចេញ ហើយលក្ខខណ្ឌហ្នឹង គឺកម្ពុជាមិនអាចទទួលយកបានទេ»។
កងកម្លាំងកម្ពុជា-ថៃ បានប៉ះទង្គិចគ្នាអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតទាល់តែមានបទឈប់បាញ់ ក្រោមការសម្របសម្រួលពីម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។
តែយ៉ាងណា ក្រោយមានកិច្ចព្រមព្រាងបទឈប់បាញ់ កងកម្លាំងរបស់ថៃ បានចាប់កងកម្លាំងកម្ពុជាចំនួន ២០នាក់ ដែលរហូតមកដល់ពេលនេះ នៅសល់១៨នាក់ទៀត ថៃនៅមិនទាន់មានការដោះលែងនៅឡើយ ហើយ ទាហានថៃ ក៏នៅតែបន្តធ្វើសកម្មភាពចូលមករាយបន្លាលួស ដាក់សំបកកង់ឡាន និងគ្រឿងចក្រ នៅតាមបណ្តោយព្រំដែន ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងព្រមានប្រើច្បាប់អាជ្ញាសឹករបស់ខ្លួន ក្នុងការបណ្តេញពលរដ្ឋខ្មែររស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ពីលំនៅឋានផងដែរ៕