លីកាដូ៖ មនុស្ស​​ជាង​១០០​នាក់​បាន​ស្លាប់​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុងរយៈពេល​ ៥ឆ្នាំមក​នេះ

អង្គការការ​ពារ​សិទ្ធិមនុស្ស​​លីកាដូ រកឃើញថា​ មាន​ជន​រង​គ្រោះ​​យ៉ាង​តិច​ចំនួន​ ​១​៤​​៦​​នាក់​ ​បាន​​ស្លាប់​​ដោយ​​​សារ​​អំពើ​​ហិង្សា​​ក្នុង​​គ្រួសារ​ ​និង​​ហិង្សា​ផ្លូវ​ភេទ ​ក្នុង​រយៈពេល​ជាង ៥ឆ្នាំ​កន្លងមក​នេះ ដែល​ករណីនេះ លីកាដូ​បានជំរុញ​ដល់​រដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់​វិបត្តិនេះ ដើម្បីកា​រពារ​អ្នកងាយ​រង​គ្រោះ។​​​

តាមរយៈអត្ថបទមួយចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ(LICADHO) បានឱ្យដឹងថា ​អំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទបាន​កើត​ឡើង​​​​ជា​ច្រើនករណី​ បណ្តាល​​ឱ្យ​​ជនរងគ្រោះ​​យ៉ាងហោចណាស់​ចំនួន​ ​១​៤​៦​នាក់បាន​ស្លាប់​​បាត់​បង់ជីវិត​ ក្នុង​នោះមាន​​​កុមារ​ចំនួន​ ​៤​៦​នាក់ ក្នុងរយៈពេលជាង៥ឆ្នាំចុងក្រោយនេះ។

អង្គការលីកាដូ ឱ្យដឹងទៀតថា ទំនងជាមាន​ជនរងគ្រោះ​ជាច្រើន​ទៀត ​​ត្រូវ​បាន​សម្លាប់​ក្នុង​ករណី​ក្រៅពីអំពើ​ហិង្សាក្នុងគ្រួសារ និងអំពើហិង្សាផ្លូវភេទ។ ទន្ទឹមនឹងនេះ ក៏មាន​មនុស្សជា​ច្រើន​នាក់​ផ្សេងទៀត​កំពុង​ប្រឈមនឹង​អំពើ​ហិង្សា​ ​និង​ហា​និ​ភ័យ​ជា​រៀងរាល់ថ្ងៃ​​។

លីកាដូបន្ថែម៖ «ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ ​ក្នុង​ករណី​ដែល​អង្គការ​លី​កា​ដូ​បាន​ចងក្រង​ ​មាន​អាយុ​ជាមធ្យម​ ​៣​១​ឆ្នាំ​ ​និង​រួម​មាន​ទារក​អាយុ​ចាប់ពី​ ​១​ខែ​ ​រហូតដល់​មនុស្ស​វ័យ​ចំណាស់​អាយុ​ ​៨​៤​ឆ្នាំ​ ​ក្នុង​នោះ​ស្ត្រី​យ៉ាងតិច​ ​៤​នាក់​ ​កំពុង​មានផ្ទៃពោះ​ ​នៅពេលដែល​ពួកគេ​ត្រូវ​បាន​សម្លាប់​»។

ប្រភពដដែល បញ្ជាក់ថា ច្រើនជាង​ពាក់កណ្ដាល​នៃ​ករណីឃាតកម្ម​ទាំងនេះ​ ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយដៃ​គូ​ ​ឬ​អតីត​ដៃគូ​របស់​ជនរងគ្រោះ​ ​ដូចជា ​ប្ដី​ ​គូ​ដណ្ដឹង​ ​មិត្ត​ប្រុស ឬ​ឪពុក​​ជាដើម​ ក្នុងនោះមាន​​ស្រី្ត​ចំនួន​ ​៧​៨​នាក់ ​និង​ក្មេងស្រី​អាយុ​ ​១​៧​ឆ្នាំ​ម្នាក់​​ ត្រូវ​បាន​សម្លាប់​ដោយដៃគូរបស់ខ្លួន។

ជាមួយគ្នានេះ លីកាដូថា មានស្ត្រីចំនួន​ ​២​៤​នាក់ រួមទាំងក្មេងស្រីផង ក្នុងនោះមានជនរង​គ្រោះ​​​ខ្លះ​ ទើប​តែ​អាយុ​៥ឆ្នាំ បាន​ស្លាប់ ​​ដោយ​សារ​បុរស​ ​និ​ង​​ក្មេង​ប្រុស​​បាន​​ចាប់​​រំលោភ​ ​ឬ​ប៉ុន​ប៉ង​​ចាប់​​រំលោភ​ ខណៈ​អំពើ​ហិង្សា​​ផ្លូវ​​ភេ​ទ​​ភាគ​ច្រើន​ ​ប្រព្រឹត្ត​​ដោយ​​អ្នក​ជិតខាង​ ​ឬ​អ្នក​រស់នៅ​ក្នុង​សហគមន៍​​ជាមួយគ្នា​ ​ឬដោយ​មិត្ត​រួមការ​​ងារ​ ​មិត្ត​ភក្តិ​ ​មិត្ត​​ប្រុស​ ​និង​សាច់ញាតិ​របស់​ជនរងគ្រោះ​​។

ករណីនេះ អង្គការលីកាដូ ​បាន​ស្នើ​ដល់​​​រា​ជ​រដ្ឋាភិបាល ​ត្រូវ​ពង្រឹង​ជាបន្ទាន់​នូវ​កម្មវិធី​ទប់​ស្កាត់​ ​ផ្តល់​សេវា​គាំទ្រ​ ​និង​​ច្បាប់​នានា​ ​ដើម្បី​ធានា​នូវ​ការ​ការពារ​ឱ្យបាន​ល្អ​ប្រសើរ​ជាង​មុន​ ​ជាពិសេស​សម្រាប់​ស្ត្រី​ ​និង​កុមារ​។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ច​ការ​ទូទៅនៃ​​អង្គការលីកាដូ ​មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​ក្នុងគ្រួសារ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ កំពុង​សម្លាប់ និង​បំផ្លាញ​ជីវិត​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន ដែល​ការណ៍​​នេះ រាជ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋគ្រប់រូប ត្រូវចាប់ផ្ដើមចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់អំពើហិង្សា​ទាំងនេះ។

លោកបន្តថា រាជរដ្ឋាភិបាល​គួរតែចាត់វិធានការ​​ដើម្បីបញ្ឈប់វិបត្តិអំពើហិង្សា ដោយពង្រឹងការទប់ស្កាត់ និងសេវា​គាំទ្រដល់ជនរងគ្រោះ ក្នុងនោះរួមមាន ការផ្ដល់សេវាតាមផ្លូវច្បាប់ និងតុលាការដែលមានប្រសិទ្ធភាព ការផ្ដល់ដីការក្សាការពារ និងសេចក្ដីសម្រេចរដ្ឋបាល ការការពារផ្នែកច្បាប់ ទីជម្រកសុវត្ថិភាព ការជួយ​ផ្នែកហិរញ្ញវត្ថុ សេវាសុខភាព សេវាប្រឹក្សាផ្លូវចិត្ត និងសេវាកម្មចាំបាច់ផ្សេងៗទៀត។

 លោកបន្តថា៖ «ធ្វើការកែសម្រួលបទដ្ឋានគតិយុត្តមួយចំនួនឱ្យបានឆាប់ និងទូលំទូលាយ ជាពិសេសច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដើម្បីកំណត់និយមន័យ និងដាក់ទោសទណ្ឌនូវរាល់ទង្វើនៃអំពើហិង្សាក្នុងគ្រួសារ និងហាមឃាត់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ចំពោះករណីអំពើហិង្សាក្នុងគ្រួសារ។ ធ្វើការបែងចែកធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ ច្បាស់លាស់ និងក្នុងរយៈពេលវែងក្នុងថវិកាជាតិ សម្រាប់ការអនុវត្តផែនការសកម្មភាពសមធម៌យេនឌ័រ គោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល»។

អ្នកស្រី ហៀង យន់ បងស្រីបង្កើតរបស់ជនរងគ្រោះម្នាក់ដែលស្លាប់​ដោយសារ​អំពើហិង្សា​ក្នុងគ្រួសារ បានឱ្យដឹងថា ប្អូនស្រី​គាត់​បាន​បាត់​បង់​ជីវិត​ កាលពីថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​​២០២៥ ដោយ​សារ​ប្ដីរបស់​ប្អូន​គាត់បាន​វាយ​នឹង​​​ដែក​​ទីប ព្រោះតែ​​​ប្រច័ណ្ឌ​ប្រពន្ធ។ អ្នកស្រីបន្តថា មុនឈានដល់ការ​សម្លាប់​ប្រពន្ធ​ បុរស​ជា​ប្តីនោះ បាន​ប្រើហិង្សា​​ជា​​ច្រើន​​លើក​​មក​ហើយ​ ដែលនៅពេល​វាយម្តងៗ​ បុរសជាប្តីមាន​ស្ថានភាពស្រវឹង ហើយ​​ស្ថានភាពនៃការ​ប្រើប្រាស់ហិង្សា​ក្នុងគ្រួសារ​​នេះ បាន​ធ្វើឱ្យ​ប៉ះពាល់ទៅដល់​អារម្មណ៍របស់កូនៗពួកគេ​ចំនួន​ ៣នាក់​ផង​ដែរ​។

ករណីនេះ ​អ្នកស្រីស្នើថា៖ «ខ្ញុំសំណូមពរថា បើសិនណាខ្ញុំប្តឹង​ពេលប្អូនខ្ញុំឈ្លោះគ្នា ឬប្អូនខ្ញុំប្តឹងទៅហើយ ប្រធាន​ភូមិ ឬប៉ូលីសនៅកាន់ខាងប្រធានភូមិ ឬប៉ូលីសនៅកាន់ខាងប៉ុស្តិ៍ហ្នឹង ឱ្យរុះរាន់​មកជយយប្អូនខ្ញុំ ប្អូន​ខ្ញុំវាស្លាប់អណោចអធ័ម ប្តីហ្នឹងវាប៉ុនប៉ងសម្លាប់ប្អូនខ្ញុំពីរបីដងហើយអត់បាន ដោយសារមានកូនជួយខ្ញុំជួយម៉ែជួយឱ្យរត់ពួនគេចពីក្តីស្លាប់»។

Press Start Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​កិច្ច​ការ​នារី លោកស្រី ស ស៊ីណែត បានទេ នៅថ្ងៃទី១៦ ខែតុលានេះ។

នាយកប្រតិបត្តិអង្គការក្លាហាន អ្នកស្រី ម៉ៅ ម៉ាប់ ក៏បាន​បង្ហាញក្ដីបារម្ភចំពោះបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទនេះផងដែរ។ អ្នកស្រីថា បើអំពើហិង្សា​នៅតែបន្តកើតមាន នឹង​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​ស្ត្រី និង​​កុមារ ជាពិសេស​​​គ្រោះថ្នាក់ដល់រាងកាយ ផ្លូវចិត្ត ឬជីវិត ប៉ះពាល់ដល់ការសិក្សា ជីវភាព សេដ្ឋកិច្ច ការ​​បាត់បង់សេចក្តីថ្លៃ​ថ្នូរ និង​ធន​ធាន​មនុស្ស​សម្រាប់​អភិវឌ្ឍ​ន៍​ប្រទេស។

ករណីនេះ អ្នកស្រីបាន​ជំរុញ​ដល់​​​រដ្ឋាភិបាល ត្រូវ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សាក្នុ​ង​គ្រួសារ ពង្រឹង​​សេវា​ជំនួយ​បន្ទាន់ ដល់​ជន​រង​គ្រោះ ពង្រឹង​សមត្ថ​ភាព​មន្រ្តី​អនុវត្ត​ច្បាប់ និងអប់រំសិស្សពីកម្រិតបឋមសិក្សា អំពីសមភាពយេនឌ័រ និងផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន។

អ្នកស្រី ម៉ៅ ម៉ាប់ បានបន្ថែម​​ថា៖ «ពង្រឹង​សមត្ថ​ភាព​បន្ថែម​ដល់​មន្រ្តី​អ្នក​អនុវត្ត​ច្បាប់ ជាពិសេស​អាជ្ញាធរ​មូល​ដ្ឋាន​ អំពី​វិធី​សាស្រ្ត​ផ្តោត​លើ​អ្នក​រស់​រាន​មាន​ជីវិត (Survivors-center ​Approach) និង​ការ​គិត​​គូ​ពីយេន​ឌ័រ (gender-sensitivities) ពង្រឹងប្រព័ន្ធអប់រំតាំងពីកំរិត​ប​ឋមសិក្សាអំពី សមភាព​យេនឌ័រ ស្វ័យ​​ភាព​រាងកាយ និងអំពីការព្រមព្រៀង ដើម្បី​ឈានទៅផ្តាស់ប្តូរនូវផ្នត់គំនិតយេនឌ័រ អាកប្បកិរិយាមួយ​ចំនួនដែល​មានលក្ខណៈគាបសង្គត់ និងត្រួតនានា»។

កាលពីថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៥ ក្រុម​​អង្គការ​សង្គម​ស៊ីវិល​​ចំនួ​ន​​១៣ ក៏បានចេញ​សេចក្តីថ្លែង​ការណ៍រួមមួយ ដោយ​​​ជំរុ​ញ​​ដល់​​រដ្ឋាភិបាល ​ធ្វើ​​វិសោធន​កម្ម​​ច្បាប់ ស្តី​​ពី  អំពើ​​ហិង្សា​ក្នុង​​គ្រួសារ​​​ឱ្យ​​បាន​​ឆាប់ ដើម្បី​​ធានា​ថា​​មនុស្ស​​គ្រប់​​រូ​ប​អាច​​រស់​នៅ​រួច​​ផុត​ពីអំ​ពើ​ហិង្សា ខណៈ​ពួក​គេ​​ថា ការ​​ពន្យា​ពេល​​ក្នុង​ការ​​កែត​ម្រូវ​​ច្បាប់​​នេះ កំពុង​បង្ក​ហានិភ័យ​ដល់​អាយុជីវិត​​របស់​មនុស្ស៕

អត្ថបទគួរឱ្យចាប់អារម្មណ៍