​លីកាដូថា ពលរដ្ឋយ៉ាងតិច​ ​៨២នាក់​ត្រូវ​បានចាប់ខ្លួននៅ​ឆ្នាំ​២០២៥ ទាក់ទិន​​​ការ​បញ្ចេញ​មតិតាម​​បណ្តាញសង្គម​​

ដោយៈ

Press Start Cambodia Avatar

អង្គការ​លីកាដូ​រក​ឃើញថា មាន​ពលរដ្ឋ​យ៉ាងតិច ​៨២​នាក់​ ត្រូវបានចាប់ខ្លួន​ ចោទប្រកាន់ និង​​ឃុំខ្លួន​ ដោយសារតែ​ការ​បញ្ចេញមតិ​ និង​ការ​យល់ឃើញ​នៅតាម​បណ្តាញ​សង្គម​​ ដោយ​បានចាត់ទុក​ឆ្នាំ​២០២៥ គឺជា​ឆ្នាំ​ដ៏អាប់អួរ ​នៃសេរីភាព​ក្នុង​ការ​បញ្ចេ​ញ​​​មតិ​។​

អង្គកាលីដូ​រកឃើញថា នៅក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ​៨២​នាក់នោះ មាន​ពលរដ្ឋ​ចំនួន​៧៦​នាក់​ បានកំ​ពុង​ឃុំខ្លួន​នៅពន្ធនាគារតាម​បណ្តារាជធានីខេត្តនៅទូទាំងប្រទេស​ គិតត្រឹមខែធ្នូ ឆ្នាំ​២០២៥​។ នេះបើ​តាម​របាយ​​ការណ៍ ​ចុះថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦។​

អង្គការ​លីកាដូ អះអាងថា ពលរដ្ឋ​ទាំង​នោះ ត្រូវ​​បាន​ចាប់ខ្លួន​ ចោទប្រកាន់​និង​ឃុំខ្លួន​​ ដោយ​សារតែ​ពួកគេ​ចែករំលែក​បន្តនូវ​ទស្សនៈ ការបញ្ចេញមតិ​ និងការយល់ឃើញ​ តាម​បណ្តាញ​សង្គម​ ដែលភាគច្រើន​ទាក់​ទិន​នឹង​ករណីឃាតកម្មលើ​សកម្មជននយោបាយ​ លោក លិម គិមយ៉ា ស្ថានភាព​នៃការផ្តល់ជំនួយពីបរ​ទេស​​មកប្រ​ទេសកម្ពុជា បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-ថៃ និង​បញ្ហា​សង្គម​ផ្សេងៗទៀត​។

អង្គការ​លីកាដូ​ បន្ត​​ថា ក្នុងចំណោម​អ្នក​កំពុង​ជាប់ពន្ធនាគារទាំង​​ ៧៦​នាក់​នោះ​ យ៉ាង​ហោចណាស់​មាន​ពល​រដ្ឋ​ចំនួន​ ៣៣នាក់​ ជាអ្នក​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​បក្សជំទាស់ ក្នុងនោះ ៦នាក់​ជាមន្ត្រីមកពីគណបក្ស​ជំទាស់ ​ដែលជាប់ឆ្នោត ជា​អ្នកសារព័ត៌មាន​ ៣នាក់​ និង​អនុប្រធានសហជីព​ ១នាក់​ ដែល​ពួក​គេ​មាន​អាយុ​ចន្លោះពី ២០ឆ្នាំ ដល់ ​៧៨​ឆ្នាំ ហើយ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​ ៨២​នាក់​នោះ មាន​ស្ត្រី​ ៧នាក់​ផង​ដែរ។

អង្គកាលីកាដូអះអាងទៀត​ថា ពលរដ្ឋ​ទាំងនោះ ភាគច្រើន​ត្រូវបាន​​ចោទប្រកាន់​ពីបទ “ញុះញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាម​បញ្ញត្តិមាត្រា ៤៩៤ និង​៤៩៥ ដែល​អាច​ជាប់ពន្ធនាគាររហូត​ដល់​ ២ឆ្នាំ និង​បទ “រួម​គំនិតក្បត់” តាម​បញ្ញត្តិមាត្រា​ ៤៥៣ និង​បទ “ប្រគល់ឱ្យ​រដ្ឋ​បរទេសនូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារជាតិ​” តាម​បញ្ញត្តិមាត្រា​ ៤៤៥ នៃក្រម​ព្រហ្មទណ្ឌ​ ដោយអាជ្ញាធរ​បាន​​ប្រើប្រាស់​​លើ​មនុស្ស​ចំ​នួន​១០នាក់ ដែល​អាចឱ្យ​ពួកគេ​ប្រឈម​នឹងការ​ជាប់ពន្ធនាគារ​រហូត​ដល់​ ​១០ឆ្នាំ ​ឬ១៥​ឆ្នាំ។​

អង្គការលីកាដូក៏បាន​រកឃើញផងដែរថា ពលរដ្ឋ​មួយចំនួន​ត្រូវ​បាន​នគរបាល​ស្លៀក​​ពាក់​ស៊ីវិល​ចូល​ទៅចាប់ខ្លួន​នៅក្នុង​ផ្ទះ នៅចម្ការ កន្លែងធ្វើការ និង​នៅទីសាធារ​ណៈ​ ហើយ​ភាគច្រើន​ គឺពុំបាន​ដឹងពីមូលហេតុ​នៃការ​ចាប់ខ្លួន ឬដឹងពីដីកា​ចាប់​ខ្លួន​នោះទេ៕

សិក្ខាកាម រ៉ា ជឺយ៉ាង