នៅក្នុងព្រឹត្តិការណ៍អបអរខែមោទកភាព (Pride Month) និងសេរីភាពក្នុងការបង្ហាញខ្លួនរបស់សមាជិកសហគមន៍ LGBTQ+ ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិលជាង១០ កាលពីថ្ងៃទី២៣ ខែឧសភា នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញមានមនុស្សម្នាជាច្រើន បានទៅជួបជុំគ្នាយ៉ាងច្រើនកុះករ ដែលក្នុងនោះភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកប្តូរអត្តសញ្ញាណយេនឌ័រ។
ក្នុងព្រឹត្តិការណ៍នោះ មានការតាំងពិព៍រណ៍ ការចាក់បញ្ចាំងវីដេអូ ការសម្តែងរបាំប្រពៃណី បង្ហាញម៉ូត ព្រមទាំងមានការជជែកអំពីរឿងរ៉ាវ និងបទពិសោធន៍ជីវិត ការតស៊ូ ភាពជោគជ័យ និងបញ្ហាផ្សេងៗដែលកើតមានក្នុងសហគមន៍ និងសង្គមផងដែរ។ អ្នកប្តូរអត្តសញ្ញានយេនឌ័រមួយចំនួន បានលើកឡើងថា ពួកគេនៅតែរងការរើសអើង និងអំពើបៀតបៀន ពីសង្គមខាងក្រៅ និងនៅលើប្រព័ន្ធអ៊ីនធឺណេត។
ប៉ិត វីរៈ អាយុ ៤១ឆ្នាំ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍មោទកភាព បានលើកឡើងថា គាត់បានកំណត់អត្តសញ្ញាណខ្លួនឯងថាជាអ្នកស្រឡាញ់ភេទដូចគ្នារយៈពេល ២០ឆ្នាំមកហើយ។ ក្នុងរយៈពេល ២០ឆ្នាំនេះ គាត់បានជួបនូវបញ្ហាប្រឈម និងការរើសអើងមួយចំនួនពីសង្គមខាងក្រៅ និងនៅតាមបណ្តាញសង្គមផងដែរ។
វីរៈ បានរៀបរាប់ដោយអារម្មណ៍ស្រគត់ស្រគុំថា៖ «ភាគច្រើន គេតិទៀនពាក្យសម្តី ដូចជា ពាក្យ Bully ជារឿយៗ ពាក់ព័ន្ធទៅលើភេទច្រើនជាង ព្រោះគាត់គិតថាពេលដែលយើងចេញមុខនៅក្នុងសង្គមមក គឺគាត់ថាម្នាក់នោះមិនសូវស្អាត ម៉្ញិកម្ញក់ មិនសមជាស្រី មិនសមជាអី ធ្វើខ្លួនចេញមកខុសគេ ហើយការទើសរបស់ពួកគាត់ចេះតែមានលើអ្នកស្រឡាញ់ភេទដូចគ្នា ទោះបីជាយើងខំប្រឹងព្យាយាមប្រព្រឹត្តខ្លួនឯងឱ្យល្អប៉ុណ្ណា ក៏នៅតែមានចន្លោះប្រហោង សម្រាប់ឱ្យពួកគាត់មើល រកកន្លែងទើសយើងទាល់តែឃើញដែរ»។
ពាក្យតិទៀនទាំងនៅខាងក្រៅ និងនៅលើបណ្តាញសង្គមទាំងនោះ មនុស្សទូទៅអាចមើលថាជាការលេងសើច ប៉ុន្តែ វីរៈ និយាយថា សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាដូចជារូបគាត់ ពាក្យទាំងនេះ បានធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត និងធ្វើឱ្យពួកគាត់មានការខ្មាស់អៀន និងខ្លាចរអាមិនសូវហ៊ានដើរចេញទៅក្រៅ។
គាត់បន្តថា៖ «អ្នកខ្លះ Comment [បញ្ចេញមតិ] ប្រើភាសាថា ម៉ើ! មើលទៅអាម៉េចទេ! មើលមិនដាច់។ អ្នកខ្លះសួរថាស្រីឬក៏ប្រុស នៅលើ Content រូបភាពមកលើយើង ពេលខ្លះយើងព្យាយាមតបជាមួយគាត់ថាយើងមិនមែនស្រីទេ ប៉ុន្តែអ្នកខ្លះនៅតែប្រើប្រាស់ពាក្យសម្តីឱ្យយើងចាក់ដោតសម្រាប់យើងដែរ ពេលខ្លះគិតថាខ្លួនឯងបើកចិត្តទទួលយកហើយ ប៉ុន្តែវានៅតែមានតិចតួច [ឈឺចិត្ត ឬខូចចិត្ត]»។
ជាពិធីការិនីក្នុងព្រឹត្តិការណ៍មោទកភាពនោះ សុទ្ធ ពៅសំណាង ដែលជាអ្នកប្តូរយេនឌ័រជានារី បានលើកឡើងដែរថា គាត់ធ្លាប់ប្រឈមមុខនឹងអំពើបៀតបៀន និងការគំរាមកំហែងនានា នៅពេលប្រើប្រាស់កម្មវិធីស្វែងរកដៃគូ (Dating app) នៅលើប្រព័ន្ធអ៊ីនធឺណេត។
អ្នកនាងបន្តថា នៅពេលអ្នកប្រើប្រាស់ App នេះគេដឹងថារូបគាត់ជាអ្នកប្តូរយេនឌ័រ មានអ្នកខ្លះមិនត្រឹមតែបង្ហាញការមិនគោរពនោះទេ ប៉ុន្តែថែមទាំងបានប្រើបាស់ពាក្យពេចន៍ និងរូបភាពមិនសមរម្យទៀតផង។ ករណីនេះ បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកនាង ហើយអ្នកនាងក៏សម្រេចចិត្តឈប់ប្រើប្រាប់ App ទាំងនោះតែម្តង។
អ្នកនាងនិយាយថា៖ «គ្រាន់តែគេដឹងថាយើងជាអ្នកប្តូរយេនឌ័រចឹង គឺគេប្តូរប្រធានបទពីការសួរសុខទុក្ខ មកនិយាយរឿងរួមភេទអីចឹង ប្តូរមួយរំពេចចឹងទៅ គឺគេម៉ៃ [សរុប] ថាពួកយើងចូលចិត្តស៊ិច[ការរួមភេទ] អីចឹងទៅ ផ្ញើរូបមកថាចង់មើលអត់អីចឹងទៅ។ សម្រាប់ខ្ញុំវាប៉ះពាល់អារម្មណ៍ ពេលឃើញ Comment អាក្រក់ៗ វាប៉ះពាល់ផ្លូវចិត្តយើង ព្រោះវាហាក់បីដូចជាក្នុងក្រសែភ្នែកបុរសភាគច្រើនមើលមកពួកយើង ដូចពួកដែលឃ្លានរួមភេទអីចឹង»។
ក្នុងនាមជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា សំណាង ត្រូវការការគាំទ្រផ្លូវចិត្តយ៉ាងខ្លាំង ពីព្រោះការបង្ហាញអត្តសញ្ញាណយេនឌ័រផ្ទាល់ខ្លួនទៅខាងក្រៅ តែងតែត្រូវគេមាក់ងាយ ដែលបង្កភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ អ្នកស្រឡាញ់ភេទដូចគ្នាមួយរូបទៀត ឈ្មោះ ខៃ បាននិយាយដែរថា នៅពេលដែលខ្លួនបង្ហាញអំពីជីវិតផ្ទាល់ខ្លួន ក៏ដូចជាដៃគូស្នេហា ទាំងនៅលើបណ្តាញសង្គម និងនៅទីសាធារណៈ ខ្លួនតែងតែប្រឈមនឹងការមើលមកបែបម៉ាក់ងាយ និងមិនផ្តល់តម្លៃ។
គាត់ថា៖ «ពេលត្រូវគេមើលមកក្រោមក្រសែភ្នែកបែបហ្នឹង គេប្រើពាក្យលេបខាយនៅក្នុង comment អីជាដើម ខ្ញុំមានអារម្មណ៍ថាពិបាកទទួលយក មានអារម្មណ៍ថាខ្មាស់ ហេតុអ្វីបានជាយើងត្រូវរងភាពអយុត្តិធម៌ គ្រាន់តែយើងកើតមកដូចគេ ដូចឯងដែរ ហើយយើងចង់អោយពួកគាត់ទទួលយកពួកយើង»។
បើតាមការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅក្រោមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ បុគ្គលគ្រប់រូប រាប់ទាំងមនុស្សស្រីស្រឡាញ់ភេទដូចគ្នា មនុស្សប្រុសស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ភេទពីរ និងមនុស្សប្តូរភេទ (មនុស្សស្រឡាញ់ភេទដូចគ្នា) មានសិទ្ធិទទួលបានសិទិ្ធដូចបុគ្គលដទៃទៀតដែរ។
តែយ៉ាងណា សម្រាប់សង្គមជាក់ស្តែងវិញ ចាន់ ភក្តី វ័យ១៩ឆ្នាំ ដែលជាអ្នកប្តូរអត្តសញ្ញាណយេនឌ័រដែរនោះ បាននិយាយដែរថា រូបគាត់ និងមិត្តភ័ក្ត ហាក់មិនទទួលបានសិទ្ធិដូចបុគ្គលដទៃ ដោយសារតែពួកគាត់តែងតែជួបនូវការរើសអើង ការប្រើពាក្យពេចន៍មិនសមរម្យ និងការបដិសេធនានា ពីសំណាក់មនុស្សមួយចំនួន ដោយសារការបង្ហាញអត្តសញ្ញាណរបស់ពួកគេ ជាពិសេសនៅពេលដែលពួកគេដាក់ពាក្យសុំចូលបម្រើការងារនៅវិស័យឯកជនមួយចំនួន។
ភក្តី រៀបរាប់ទាំងអួលដើមកថា៖ «ខ្ញុំធ្លាប់ឆាតទៅសុំការងារគេ គេថាយកបាន តែទាល់តែប្រុសសុទ្ធ ឬស្រីសុទ្ធ ភេទដែលច្បាស់លាស់មួយ ពួកគេថាគេមិនទទួលយេនឌ័រដូចខ្ញុំឡើយ។ វាប៉ះពាល់អារម្មណ៍ខ្ញុំខ្លាំង ខ្ញុំគ្រាន់តែចង់ឱ្យមានការទទួលស្គាល់ខ្ញុំជាមនុស្ស ដូចអ្នកដទៃ ហេតុអ្វីដល់សម័យកាលនេះហើយ នៅរើសអើងបែបនេះទៀត ខ្ញុំចង់លុបបំបាត់ការរើសអើងនេះចេញ»។
ករណីនេះ ភក្តី ចង់ឱ្យសង្គមទទួលស្គាល់អត្តសញ្ញាណយេឌ័រអ្នកស្រឡាញ់ភេទដូចគ្នា ដោយបើកចិត្តទទួលយក បញ្ឈប់ការរើសអើង និងផ្តល់ឱកាសស្មើគ្នានៅកន្លែងធ្វើការ។
គាត់និយាយថា៖ «ខ្ញុំមិនចង់បានអ្វីពីពួកគាត់ទេ ខ្ញុំចង់ឱ្យពួកគាត់ទទួលស្គាល់ពួកខ្ញុំកាន់តែច្រើន ហើយបញ្ឈប់ការរើសអើងនៅកន្លែងការងារ និងទទួលស្គាល់ពូកខ្ញុំ ពួកខ្ញុំក៏មានសិទ្ធិនៅក្នុងការរស់រាន សិទ្ធិនៅក្នុងការបង្ហាញ ឱ្យពួកខ្ញុំធ្វើអ្វីដូចពួកគាត់បានដូចគ្នា មិនមែនពួកខ្ញុំជា Gay មិនមានប្រយោជន៍អ្វីសម្រាប់សង្គមនោះទេ» ។
អ្នកប្តូរអត្តសញ្ញាណយេនឌ័រមួយរូបទៀត ដែលសុំដាក់ឈ្មោះកាត់ថា ម សស បាននិយាយថា ការប្រើប្រាស់ពាក្យពេចន៍ និងការរើសអើងទាំងនៅក្នុងសង្គម និងនៅលើប្រព័ន្ធអ៊ីនធឺណេត បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះអារម្មណ៍ និងផ្លូវចិត្តរបស់គាត់។ ម សស បានលើកឡើងថា នៅលើបណ្តាញសង្គម រូបគាត់បានទទួលនូវឆាតបែបបៀតបៀនជាច្រើន ពីម្ចាស់គណនីហ្វេសប៊ុកមួយចំនួន នៅពេលដែលពួកគេដឹងថា រូបគាត់ជាអ្នកប្តូរអត្តសញ្ញាណយេនឌ័រ ក្នុងនោះមានអ្នកខ្លះផ្ញើរូបភាពអាសអាភាស និងពាក្យពេចន៍អសុរស ដែលមិនផ្តល់តម្លៃជាមនុស្សដូចគ្នា។
ម សស និយាយថា៖ «គេឆាតមកយើង គេសុំមើលស្អីៗ រាងកាយយើង ប្រដាប់ភេទយើង មិនឱ្យតម្លៃយើង ខ្ញុំជាអ្នកមនុស្សស្រឡាញ់ភេទដូចគ្នា ប៉ុន្តែខ្ញុំចូលចិត្តមនុស្សដែលឱ្យតម្លៃគ្នាដូចគ្នា […] ខ្ញុំមានអារម្មណ៍តូចចិត្ត អន់ចិត្តខ្លាំងមិនសប្បាយចិត្តនឹងគេម៉ាក់ងាយ ហើយគិតថាខ្លួនឯងអន់ខ្លាំងដែលត្រូវគេបៀតបៀនបែបនេះ តែមិនដឹងធ្វើយ៉ាងណា» ។
មានវ័យ ៣៧ឆ្នាំ ម សស បានអំពាវនាវឱ្យក្រសួង និងភាគីពាក់ព័ន្ធផ្សេងទៀត បង្កើនការអប់រំ និងផ្សព្វផ្សាយដល់សាធារណជន ឱ្យមានការយល់ដឹងឱ្យបានទូលំទូលាយ អំពីសិទ្ធិ តម្លៃមនុស្ស និន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ព្រោះការផ្លាស់ប្តូរអត្តសញ្ញាណយេនឌ័រ ជាធម្មជាតិរបស់ពួកគេ មិនមែននរណាម្នាក់ចង់ធ្វើបែបនេះទេ។
ជុំវិញការលើកឡើងនេះ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា កម្ពុជា គឺជាប្រទេសមួយដែលឈានមុខក្នុងតំបន់អាស៊ាន ដែលបានខិតខំក្នុងការលើកស្ទួយ ការពារ និងលើកកម្ពស់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
លោកមានប្រសាសន៍ថា៖ «កម្ពុជាមិនបានយកទោសពៃ មិនមានការដាក់ទោសចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នានោះដែរ ហើយថ្នាក់ដឹកនាំកំពូល តែងតែណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ កុំឱ្យមានការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងក៏បានណែនាំដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់ពាក្យសម្តីណាមួយ ដែលឈានទៅដល់ប៉ះពាល់ដល់បងប្អូនអ្នកដែលស្រឡាញ់ភេទដូចគ្នា»។
លោកបន្តថា កន្លងមក គណៈកម្មាធិការនេះ ក៏បានដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ដែលឈានទៅដល់ការរើសអើង ហើយប៉ះពាល់ដល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ ដោយក្នុងនោះ បានហៅភាគីទាំងសងខាងមកពន្យល់ ដើម្បីឱ្យយល់អំពីគ្នាទៅវិញទៅមក។
បើទោះបីជាទំនាក់ទំនងផ្លូវភេទដូចគ្នា មិនត្រូវបានដាក់ជាទោសព្រហ្មទណ្ឌក្តី អ្នកស្រឡាញ់ភេទដូចគ្នាទាំងនោះ មិនត្រូវបានការពារ ឬទទួលស្គាល់ដោយច្បាប់កម្ពុជាដែរ។ ច្បាប់ដែលមានជាធរមានមិនបានហាមឃាត់ជាពិសេសលើការរើសអើង ដោយផ្អែកលើទំនោរផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ហើយក៏មិនមានដែរនូវការដាក់ទណ្ឌកម្មចំពោះអ្នកដែលរំលោភសិទ្ធិមនុស្សរបស់មនុស្សស្រលាញ់ភេទដូចគ្នា។ នេះបើតាមការលើកឡើងរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
ប្រភពដដែល បន្តថា ជាញឹកញយ មនុស្សស្រឡាញ់ភេទដូចគ្នា ត្រូវប្រឈមនឹង ការរើសអើង និងការផាត់ចេញ នៅកន្លែងផ្សេងៗ ដូចជា នៅលំនៅឋាន សាលារៀន កន្លែងធ្វើការ មណ្ឌលសុខភាព និងនៅទីសាធារណៈ។ អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើន ជាពិសេសមនុស្សប្តូរភេទ ជាញឹកញយ មានអារម្មណ៍ថាខ្លួនឯកកោរ និងងាយរងគ្រោះ គ្មានជំនាញ ឬគ្មានចំណេះដឹង ដើម្បីទ្រទ្រង់ខ្លួនឯងឡើយ។
មន្ត្រីសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក លឹម បូរិន មានប្រសាសន៍ថា ថ្វីបើអំពើបៀតបៀនតាមអ៊ីនធឺណេត បានថយចុះប្រៀបធៀបនឹង ៥ទៅ៦ឆ្នាំមុន ប៉ុន្តែបញ្ហានេះនៅតែបន្តកើតមាន ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នករងគ្រោះ។
លោកថ្លែងថា៖ «នៅពេលដែលពួកគាត់ទទួលរងការបៀតបៀនទាំងអស់នេះ អ្នកខ្លះបានប៉ះពាល់ផ្លូវចិត្តពួកគាត់ បាក់ទឹកចិត្ត នៅពេលដែលពួកគាត់ហ៊ានចាប់ផ្តើមបង្ហាញហើយ បែរជាមានការរើងអើង ខ្វះការគាំទ្រពីសាធារណជន ជាពិសេស ពន្លកថ្មីដែលធ្វើឱ្យប៉ះពាល់ច្រើន»។
ករណីនេះ លោកស្នើឱ្យមានច្បាប់ ឬគោលនយោបាយណាមួយ ទាក់ទងនឹងការលុបបំបាត់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា និងស្នើឱ្យក្រសួង និងភាគីពាក់ព័ន្ធ បញ្ជ្រាបការយល់ដឹងទាក់ទងនឹងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន ដើម្បីបញ្ឈប់ការរើសអើងលើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ចែងថា កម្ពុជាទទួលស្គាល់ និងគោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ កម្ពុជាធានានូវសមភាពចំពោះមុខច្បាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយ គ្មានការរើសអើង “ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ទំនោរនយោបាយ ដើមកំណើត ឋានៈសង្គម ទ្រព្យសម្បត្តិ ឬឋានៈផ្សេងទៀត”។
របាយការណ៍របស់អ្នកជំនាញឯករាជ្យស្តីពីការការពារអំពើហិង្សា និងការរើសអើងផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ដែលចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ទោះបីជានិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ស្ថិតក្រោម “ឋានៈផ្សេងទៀត” ក៏ដោយ ប៉ុន្តែកង្វះការការពារជាក់លាក់ ចំពោះការរើសអើងផ្អែកលើមូលដ្ឋានទាំងនេះក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា បានបង្កើតនូវចន្លោះប្រហោងក្នុងកិច្ចការពារ ដែលរារាំងការកំណត់ និងរាយការណ៍អំពីស្ថានភាពនៃការរើសអើង ផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ធានាការទទួលខុសត្រូវ និងផ្តល់សំណងដល់ជនរងគ្រោះ។
ប្រភពដដែល បន្តថា កង្វះការទទួលស្គាល់ និងការការពារសិទ្ធិផ្លូវភេទ ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានេះ បង្កជាឧបសគ្គដល់បុគ្គលដែលស្រឡាញ់ភេទដូចគ្នា ក្នុងការទទួលបានពេញលេញនូវសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ សង្គម សេដ្ឋកិច្ច វប្បធម៌ និងការអភិវឌ្ឍដែលមានការរួមបញ្ចូលនៅកម្ពុជា។
ត្រឡប់មកកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាវិញ ប៉ិត វីរៈ ដែលជាអ្នកប្តូរអត្តសញ្ញាណយេនឌ័រ បាននិយាយថា បើទោះមនុស្សមួយចំនួននៅក្នុងសង្គមបច្ចុប្បន្ន នៅមានការរើសអើងទៅលើពួកគេ ប៉ុន្តែពួកគេនៅតែបន្តពង្រឹងសុខភាពផ្លូវចិត្ត និងតស៊ូជម្នះគ្រប់ឧបសគ្គ ដើម្បីឱ្យសារធារណជនបើកចិត្តទូលាយទទួលស្គាល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឱ្យកាន់តែល្អប្រសើរជាងនេះ។
វីរៈ និយាយថា៖ «សូមឱ្យប្រជាជនទូទៅ រៀនទទួលយកបរិបទរបស់អ្នកស្រឡាញ់ភេទដូចគ្នា អាកប្បកិរិយា ដែលពួកគាត់អាចនឹងគិតថាខុសឆ្គង ឬការរស់នៅខុសគេបន្តិច ប៉ុន្តែពួកយើងមិនមែនកើតមកចង់ចឹងទេ ប៉ុន្តែអារម្មណ៍ពួកយើងគឺមកបែបហ្នឹង ចឹងសូមឱ្យជួយគាត់ផង ជួយទទួលស្គាល់គាត់ គាំទ្រគាត់ផង កុំឱ្យគាត់ធ្វើការរើសអើងទៀត បើមានការរើសអើងខ្លាំងធ្វើឱ្យមានការបាក់ទឹកចិត្តកាន់តែច្រើន»៕