មេធាវីការពារក្តីសកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានស្នើឲ្យតុលាការដោះលែងកូនក្តីរបស់ខ្លួន ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយលើកហេតុផលថា ពួកគេជាធនធានមនុស្សសំខាន់ ដែលតែងតែចែករំលែកចំណេះដឹងពីច្បាប់ដល់ពលរដ្ឋ និងជាអ្នកមានគំរូល្អដល់សង្គម។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានបើកសវនាការជំនុំជម្រះពាក់ព័ន្ធនឹងសំណុំរឿងរបស់សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែក្នុងសវនាការនោះ មេធាវីការពារក្តីឱ្យសកម្មជនទាំង៣រូបនោះ បានស្នើសុំតុលាការប្តូរទៅជាសវនាការលើនីតិវិធីសុំនៅក្រៅឃុំជាបណ្តោះអាសន្ន មុនសវនាការអង្គសេចក្តីវិញ។
លោក សឺន ជុំជួន សហមេធាវីដែលការពារក្តីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា មានប្រសាសន៍ថា សវនាការថ្ងៃនេះ គឺជាសវនាការមុនអង្គសេចក្ដី ពាក់ព័ន្ធនឹងសំណើរសុំឲ្យនៅក្រៅឃុំ ដែលតុលាការបានអនុញ្ញាតឲ្យធ្វើជាការពិភាក្សាផ្ទាល់មាត់។
លោកបន្តថា ក្នុងសវនាការនោះ លោកបានស្នើសុំដល់តុលាការពិចារណាក្នុងការដោះលែងកូនក្តីរបស់លោកឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារពួកគេបានជាប់ពន្ធនាគារជាង ១ឆ្នាំមកហើយ ហើយសំណុំរឿងនេះ តុលាការបានបំបែកជា ៥សំណុំរឿងទៀត ដែលធ្វើឱ្យនីតិវិធីកាន់តែមានពេលយូរ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនៃការឃុំខ្លួនទៅលើកូនក្តីរបស់លោក។
មួយវិញទៀត លោកមេធាវី បានលើកហេតុផលថា ការស្នើសុំឱ្យកូនក្តីរបស់លោកទាំង៣រូបបាននៅក្រៅឃុំនេះ ដោយសារតែពួកគេជាធនធានមនុស្សសំខាន់ ដែលតែងតែចែករំលែកនូវចំណេះដឹងផ្នែកច្បាប់ ទៅដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង ហើយពួកគេក៏អាចរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម ខណៈដែលកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយថៃផងដែរ។
លោកមេធាវី សឺន ជុំជួន និយាយថា៖ «យើងបានលើកឡើងពីធនធានមនុស្សព្រោះគាត់ក៏ជាធនធានមនុស្សមួយដែលតែងតែចែករំលែកចំណេះដឹងតែងតែចែករំលែកផ្ដល់នូវគំរូល្អដល់ប្រជាពលរដ្ឋហើយគួរតែគប្បីដោះលែងស្ថិតនៅក្នុងស្ថានភាពសង្គមយើងកំពុងតែមានបញ្ហាផង ចឹងពួកគាត់អាចចេញបាននៅក្រៅឃុំហើយក៏រួមចំណែក អាចជាចំណែកមួយដោះស្រាយបញ្ហាផ្សេងៗដែលយើងកំពុងប្រឈម […] ធម្មតាយើងសិក្សាទៅលើនិតិវីធី យើងខ្ញុំជាមេធាវីតែងតែមានសង្ឃឹមថា តុលាការនឹងពិចារណា ដើម្បីឲ្យពួកគាត់នៅក្រៅឃុំ ដោយសារហេតុផលដែលយើងលើកឡើង មានហេតុផលជាច្រើនទាក់ទងទៅនឹងធនធានសង្គមផងទាក់ទងទៅនឹងសេដ្ឋកិច្ចគ្រួសាររបស់គាត់ ពាក់ព័ន្ធទៅនឹងជីវភាពផង និងហេតុផលជាច្រើនទៀត ដែលជាហេតុផលមួយដែលតុលាការគប្បីពិចារណាឲ្យពួកគាត់នៅក្នុងក្រៅឃុំ»។
កញ្ញា ភឹង សោភ័ណ បងស្រីបង្កើតកញ្ញា ភឹង សោភា បានលើកឡើងថា ការអូសបន្លាយនៃការឃុំខ្លួននេះ បានផ្តល់នូវផលអវិជ្ជមានមួយចំនួនដល់សកម្មជនទាំង៣រូប ទាំងផ្លូវចិត្ត និងផ្លូវកាយ។ កញ្ញាស្នើសុំឱ្យតុលាការពិចារណានូវសកម្មភាពរបស់បុគ្គលទាំង៣រូប ដែលតែងធ្វើដើម្បីប្រយោជន៍រួម។
កញ្ញាថា៖«ចឹងរយៈពេលនៃការអូសបន្លាយនេះ គឺវាប៉ះពាល់ទៅដល់សិទ្ធិរបស់ជនជាប់ចោទ ទី២គឺប៉ះពាល់ទៅដល់ជីវភាពធ្ងន់ធ្ងរទាំងបងស្រ៊ន ទាំងបងសិទ្ធិ មានកូនតូចៗ៦នាក់ក្នុងបន្ទុក ទាំងសោភាដែលមានឪពុកម្តាយចាស់ជរាក្នុងបន្ទុក ចឹងកត្តាទាំងអស់នេះវាប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ ពិសេសគឺបញ្ហាផ្លូវចិត្តនិងអារម្មណ៍ធ្លាក់ចុះនានា […] សុំឱ្យលោកតុលាការពិចារណាទៅលើចំណុចដែលបានកត់សម្គាល់ ទាំងផលលំបាកទាំងកិច្ចការងារល្អៗ ដែល ភឹង សោភា ស្រ៊ុន ស្រ៊ន និងសាន សិទ្ធិ ប្រឹងប្រែងធ្វើក្នុងរយៈពេល ៥-៦ឆ្នាំនេះ ដោយអប់រំផ្សព្វផ្សាយពីច្បាប់ ចឹងពួកគាត់បានបញ្ជាក់ហើយៗថា គាត់គ្រាន់តែនៅក្រៅឃុំបន្តការងារសង្គម បន្តការងារជួយសហគមន៍»។
ជុំវិញរឿងនេះ Press Start Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី បាននោះទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា សំណុំរឿងពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ដែលមានជនជាប់ចោទច្រើននេះ តុលាការបានបំបែកជា ៥សំណុំរឿង ហើយដំណើរការសវនាការនៃសំណុំរឿងនិមួយៗ នឹងរៀបចំទៅតាមលំដាប់ ចាប់ពីសប្ដាហ៍ក្រោយទៅ។
លោកបន្តថា៖ «ការដែលឃុំខ្លួនគាត់ រហូតមកដល់ពេលនេះជាងមួយឆ្នាំនេះ គឺពួកគាត់បានស្នើសុំថាចៅក្រមហាក់ដូចជាសន្និដ្ឋានទុកជាមុនថាគាត់មានទោសប៉ុន្មាន? បើបានទទួលកំហុស ចុះបើសិនជាកាត់ទោសគាត់១ឆ្នាំហើយឃុំខ្លួនដល់ជាង១ឆ្នាំ បើយើងមិនប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគាត់ដែលជាជនជាប់ចោទហើយ ចឹងពួកគាត់ស្នើ មានការដោះលែងពួកគាត់ឲ្យនៅក្រៅឃុំ ហើយគាត់មិនចូលរួមគ្រប់នីតិវិធីរបស់តុលាការ ហើយការសវនាការសុំនៅក្រៅឃុំថ្ងៃនេះ គឺនឹងប្រកាសនៅថ្ងៃពុធសប្ដាហ៍ក្រោយ»។
ករណីនេះ លោក យី សុខសាន្ត បានស្នើថា៖ «យើងស្នើសុំដោយទទូចបើរដ្ឋាភិបាលចាត់ទុកថា ប្រទេសកម្ពុជាដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវផ្តល់មតិយោបល់ឲ្យប្រជាពលរដ្ឋចង់ឆ្លុះបញ្ចាំងដើម្បីឲ្យប្រទេសជាតិយើងមានការរីកច្រើន»។
គួរបញ្ជាក់ថា សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់កម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV)៕