សហគមន៍ដីធ្លីត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលរួមទិវាអន្តរជាតិនារី

ប្រជា​ពលរដ្ឋ​ជាង១០០នាក់មកពី​សហគមន៍ចំនួន​ពីរក្នុង​ខេត្ត​ព្រះវិហារ ត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យចូលរួមកម្មវិធីប្រារព្ធទិវាអន្តរជាតិនារី ដោយអាជ្ញាធរអះអាងថា ប្រារព្ធមិនចំថ្ងៃទិវាអន្តរជាតិនារី។

​សេចក្តី​រាយការណ៍​របស់​អង្គការការពារ​សិទ្ធិមនុស្ស​លីកាដូកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៦​ បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ប្រមាណ​១៤០​នាក់ មក​ពី​សហ​គមន៍សាមគ្គីរៀបរយ និងសហគមន៍ត្រពាំង​កកោះ ត្រូវបាន​នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំហាម​ឃាត់​មិនឱ្យបន្តដំណើរទៅកាន់ទីតាំង​ប្រារព្ធកម្មវិធី ដោយហេតុថា មិន​មែន​ជា​ថ្ងៃ​ប្រា​រព្ធ​ទិវាអន្តរជាតិនារី។

អង្គការលីកាដូ​បន្ត​ថា កម្មវិធីនេះរៀបចំដោយសហគមន៍ដីធ្លីឫស្សីស្រុកក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយ​​​អ្នកចូលរួមមកពីសហគមន៍ផ្សេងទៀត អាចមកចូលរួម​កម្មវិធីនេះបាន ខណៈលោក​អភិបាល​ស្រុករវៀង​ ខេត្ត​ព្រះវិហារ​ ក៏បាន​ថ្លែងសារ​​ក្នុងកម្មវិធីនេះ​​ផងដែរ។

បើតាម​អង្គការលីកាដូថា អ្នកចូលរួមកម្មវិធី​នេះ បានអំពាវនាវឱ្យអាជ្ញាធរគោរពដល់​​សិទ្ធិស្រ្តី និងដោះស្រាយបញ្ហាដីធ្លី ព្រមទាំងស្នើឱ្យប្រគល់ដីរបស់ពួកគាត់ត្រឡប់​មកវិញ ដែលពួកគាត់ជាជនរងគ្រោះដីធ្លី។

អង្គការ​លីកាដូបាន​ដក​​ស្រង់សម្តី​ប្រជាពលរដ្ឋ ​ដែល​ចោទ​ថា សហ​គមន៍ដីធ្លី​ឫស្សីស្រុក​ មាន​បញ្ហា​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡូបមេន ដែល​បាន​ចាប់ផ្តើម​ឈូស​ឆាយ​ដីនិង​ដំណាំរបស់ពួកគាត់​កាលពីខែកញ្ញា ឆ្នាំ​២០២៥​។

អង្គការលីកាដូ​បន្តទៀត​ថា ក្រុមហ៊ុននេះ ទទួល​បាន​អាជ្ញាប័ណ្ណរុករក​រ៉ែមួយចំនួន​ក្នុង​ខេត្ត​ព្រះវិហារ​ ជាក្រុមហ៊ុន​​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​កូន​​របស់​លោក ទ្រី ភាព គឺលោកស្រី ទ្រី ដាលីន លោក ទ្រី ដាលុច និង​លោក ទ្រី ដាភ័ស្ត ហើយថា បើ​តាម​ពលរដ្ឋ​ ក្រុមហ៊ុន​បាន​ផ្តល់​ជម្រើស​ឱ្យ​ទទួល​យក​នូវ​សំណង​បន្តិចបន្តួច​ បន្ទាប់​ពីដំណាំ​របស់ពួកគាត់​ត្រូវ​បាន​ឈូស​ឆាយ​ និង​គំរាម​កំហែង​មិន​ឱ្យ​ចូល​ទៅកាន់ដី​ចម្ការ​របស់​ពួក​គាត់៕

អត្ថបទគួរឱ្យចាប់អារម្មណ៍