កម្មករផ្នែកប៉ាក់ចំនួន ៧០នាក់ នៅរោងចក្រកាត់ដេរបូវឃើរ ហ្គាមេន បានទទួលយកការទូទាត់សំណងដើម្បីបញ្ចប់កិច្ចសន្យាការងារជាមួយរោងចក្រ ខណៈកម្មករ៦នាក់ទៀត សម្រេចចូលធ្វើការវិញ ក្រោយពីការចរចារកដំណោះស្រាយលើវិវាទការងារនេះបានបញ្ចប់។
កម្មការិនីរោងចក្របូវឃើរ អ្នកស្រី ម៉េត និមល អាយុ ២៩ឆ្នាំ បានប្រាប់ Press Start Cambodia នៅថ្ងៃទី០២ ខែតុលានេះថា ក្រុមកម្មករនិយោជិតជាង ៧០នាក់ ធ្វើការនៅរោងចក្រកាត់ដេរបូវឃើរ ហ្គាមេន ហ្វេកធើរី បានប្រមូលផ្ដុំគ្នាតវ៉ាមុខក្រុមហ៊ុននៅស្រុកអង្គស្នួល ខេត្តកណ្ដាល ចាប់ពីថ្ងៃទី២៩ ខែកញ្ញា មក ក្រោយពីថៅកែរោងចក្របានបញ្ឈប់ពួកគេពីការងារ ដោយលើកហេតុផលថាកម្មករបោះបង់ចោលការងារ ទាំងដែលពួកគាត់នៅបន្តធ្វើការរហូតដល់ថ្ងៃឈប់សម្រាកពេលបុណ្យភ្ជុំបិណ្ឌ។
តែយ៉ាងណា កម្មការិនីដែលអះអាងថាបានធ្វើការនៅរោងចក្ររយៈពេលប្រមាណ ៨ឆ្នាំរូបនេះ បានបញ្ជាក់ថា តាមរយៈការចរចារវាងភាគីទាំងពីរ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ កម្មករផ្នែកប៉ាក់ដែលធ្វើការតវ៉ា បានសម្រេចចិត្តទទួលដំណោះស្រាយដែលក្រុមហ៊ុនទូទាត់ឱ្យចំនួន ៣ចំណុច កាលពីរសៀលថ្ងៃទី០១ខែតុលា ក្នុងនោះរួមមាន ប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារ ដោយមិនបានទទួលសំណងជំងឺចិត្ត និងប្រាក់ជូនដំណឹងឡើយ ប៉ុន្តែខាងក្រុមហ៊ុនបានផ្តល់ប្រាក់ប៉ះប៉ូវបន្ថែមក្នុងម្នាក់ ២០៨ដុល្លារ។
អ្នកស្រីថា៖ «ដោយសារតែពួកយើងអត់មានជម្រើសរើសទេ ក្រសួងគេចេញមកគេឱ្យយើងតែប៉ុណ្ណឹង ហើយខាងក្រសួងការងារហ្នឹងគេក៏និយាយថា បើសិនជាខាងរោងចក្រឱ្យលើសហ្នឹង ក៏គេអត់ឱ្យខាងខ្ញុំ គេនិយាយប្ដេជ្ញាចិត្តអត់ឱ្យពួកខ្ញុំ[…]ពួកខ្ញុំអត់មានជម្រើសទេ គេថាបើពួកខ្ញុំអត់ព្រម ពួកខ្ញុំមានតែទៅដល់តុលាការ ហើយពួកខ្ញុំជាកម្មករ ពួកខ្ញុំអត់ចេះច្បាប់ទេ អត់ឈ្នះគេទេ ច្បាប់ឥឡូវនរណាគេមានលុយឈ្នះហើយ»។
បើតាម អ្នកស្រី និមល ខាងភាគីរោងចក្របានអនុញ្ញាតឱ្យក្រុមកម្មករ ចូលធ្វើការផ្នែកដេរដែរ ក៏ប៉ុន្តែអ្នកស្រីមិនទទួលយកទេ ព្រោះមិនចង់ធ្វើផ្នែកដេរដែលខុសជំនាញ។
ចំណែក អ្នកស្រី សំ ចាន់ដារ៉ា អាយុ៣៤ឆ្នាំ ជាកម្មការិនីធ្វើការនៅរោងចក្របូវឃើរ លើកឡើងដែរថា អ្នកស្រីសម្រេចចិត្តទទួលយកដំណោះស្រាយ ដើម្បីបញ្ចប់កិច្ចសន្យាការងារនៅរោងចក្រនេះ ព្រោះអ្នកស្រីយល់ថា ការដែលក្រុមហ៊ុនប្តូរអ្នកស្រីពីផ្នែកប៉ាក់ ទៅផ្នែកដេរ គឺខុសពីជំនាញរបស់អ្នកស្រី។
អ្នកស្រីថា ការចរចាដោះស្រាយដោយការទូទាត់ត្រឹម ៣ចំណុច និងការផ្តល់ប្រាក់ប៉ះប៉ូវបន្ថែមតិចតួចនេះ គឺពួកគាត់យល់ព្រមទទួលយកទាំងមិនសប្បាយចិត្ត។
អ្នកស្រីថា៖ «ពួកខ្ញុំថាអត់យុត្តិធម៌ទេ ព្រោះអីក្រុមហ៊ុនហ្នឹងអត់មានការងារឱ្យធ្វើទេ ហើយថាយកឱ្យចូលធ្វើហ្នឹងគឺកន្លែងផ្សេងដែលខុសចំណេះជំនាញរបស់ពួកខ្ញុំ[…] គេឱ្យពួកខ្ញុំឡាយ[Live តាមបណ្តាញសង្គម]សុំទោសក្រុមហ៊ុន ទាំងដែលក្រុមហ៊ុនអ្នកខុសលើពួកខ្ញុំ អញ្ចឹងពួកខ្ញុំសម្រេចចិត្តតាមក្រុមហ៊ុនចាត់ចែងឱ្យទៅ ដោយពួកខ្ញុំអត់សម្រេចចិត្តឡាយទេ គ្រាន់តែទទួលយកលុយដែលក្រុមហ៊ុនចាត់ចែងឱ្យ ហើយបញ្ចប់ការងារម៉ង»។
រីឯកម្មការិនីធ្វើការនៅរោងចក្របូវឃើរមួយរូបទៀត ដែលមានផ្ទៃពោះជាង ៧ខែ អ្នកស្រី ស្រី សរ បាននិយាយថា អ្នកស្រីសម្រេចចិត្តចូលធ្វើការងារវិញនៅថ្ងៃទី១ ខែតុលា នៅផ្នែកប៉ាក់ដដែល បន្ទាប់ពីការចរចារកដំណោះស្រាយបានបញ្ចប់ ដោយខាងរោងចក្របានគិតប្រាក់ឈ្នួល ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា និងផ្តល់អាទិភាពដល់កម្មការិនីដែលមានផ្ទៃពោះ និងកម្មការិនីដែលទើបតែសម្រាលកូនរួច។ តែយ៉ាងណា អ្នកស្រីថា ខាងរោងចក្របានបញ្ជាក់ថា ប្រសិនជាមិនមានការងារនៅផ្នែកប៉ាក់ គេនឹងផ្លាស់ប្តូរគាត់ទៅផ្នែកដេរវិញ។
អ្នកស្រីបន្តថា៖ «អ្នកឈប់ពួកគាត់ខ្លួនទទេ តែខ្ញុំពោះធំ គេផ្តល់អាទិភាពឱ្យពួកខ្ញុំចូលធ្វើការវិញ ខាងរោងចក្រគាត់ថាលុយដែលពួកខ្ញុំតវ៉ា តាំងពីថ្ងៃទី៣ ដល់ថ្ងៃទី៣០ គាត់គិតលុយឱ្យពួកខ្ញុំវិញ ហើយអ្នកពោះធំ៣នាក់ និងអ្នកកូនខ្ចី២នាក់នៅកន្លែងប៉ាក់ដដែល»។
លោក សុខ ចន្ធី ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យនៅរោងចក្របូវឃើរ បានលើកឡើងថា ការចរចារកដំណោះស្រាយវិវាទការងារនៅរោងចក្របូវឃើរនេះ បានបញ្ចប់ជាស្ថាពរហើយ ដោយខាងភាគីថៅកែបានផ្ដល់សំណងដល់កម្មករចំនួន ៣ចំណុច គឺប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារ រួមទាំងប្រាក់ប៉ះប៉ូវបន្ថែម។ លោកថា ការដែលកម្មករនិយោជិតទាំង៧០នាក់នេះ ទទួលយកសំណងដើម្បីបញ្ចប់កិច្ចសន្យាការងារនេះ គឺជាសិទ្ធិរបស់ពួកគាត់ក្នុងការសម្រេចចិត្ត។
លោកលើកឡើថា៖ «មួយទៀតក៏ជាការកង្វល់ហ្នឹងគឺ ខ្ញុំសូមសំណូមពរដល់ក្រុមហ៊ុន ពេលដែលផ្នែកផ្សេងៗដែលអត់ឥវ៉ាន់ធ្វើ អត់ការបញ្ជាទិញពី Adidas គឺសូមឱ្យក្នុងការចាត់ចែងទៅផ្សេងៗហ្នឹង ឬក៏ប្ដូរផ្នែកគាត់ សូមឱ្យគាត់ហ្នឹងជូនដំណឹងទៅកម្មករជាមុន ដើម្បីកុំឱ្យកម្មករហ្នឹងគិតថា ក្រុមហ៊ុនប្តូរផ្នែកគាត់ តាមតែចិត្តអ៊ីចឹងណា»។
បុគ្គលិកទំនាក់ទំនងវិជ្ជាជីវៈរបស់រោងចក្របូវឃើរ ហ្គាមេន អ្នកស្រី ចាន់ វាសនា បាននិយាយថា ការទូទាត់សំណងដល់កម្មករដែលត្រូវបានអនុវត្តទៅតាមច្បាប់ និងមានការត្រួតពិនិត្យផ្ទាល់ពីក្រសួងការងារ ។ អ្នកស្រីបន្តថា ខាងរោងចក្របានទូទាត់មានបីចំណុចសំខាន់ៗ រួមមាន ប្រាក់ខែចុងក្រោយដែលនៅសល់ ប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារក្នុងឆមាសចុងក្រោយ ព្រមទាំងប្រាក់ប៉ះប៉ូវបន្ថែមសម្រាប់កម្មករ។ អ្នកស្រីបន្ថែមថា មានកម្មករមានផ្ទៃពោះចំនួន ៣នាក់ ដែលបានត្រឡប់មកធ្វើការវិញនៅក្នុងរោងចក្រ។
អ្នកស្រីថា៖ «យើងបញ្ជាក់ថា យើងទូទាត់ មានបីចំណុច គឺបីចំណុច ទីមួយគឺលុយប្រាក់ខែចុងក្រោយដែលនៅសេសសល់ ប្រាក់បំណាច់ឆ្នាំដែលនៅសេសសល់ ប្រាក់អតីតភាពការងារនៅក្នុងឆមាសចុងក្រោយ ក៏ដូចជាប្រាក់ប៉ះប៉ូវបន្ថែមសម្រាប់បងប្អូនជាកម្មករនិយោជិក ដែលគាត់ធ្វើការចាប់ពី ០៥ឆ្នាំឡើងទៅ គឺយើងទូទាត់ជូនគាត់ ២០៨[ដុល្លារ]ក្នុងម្នាក់ ក្រោម ០៥ឆ្នាំ គឺ ១០៤[ដុល្លារក្នុងម្នាក់] ប៉ុន្តែក្រុមហ៊ុនពេលដែលទូទាត់ជាក់ស្ដែងយកទាំងនាក់ ក្រោម ០៥ឆ្នាំទៅ អ្នកលើស ០៥ឆ្នាំហ្នឹង គឺយើងប៉ះប៉ូវជូនគាត់ ២០៨[ដុល្លារ]ទាំងអស់»។
អ្នកស្រី ចាន់ វាសនា បានគូសបញ្ជាក់ដែរថា ចំពោះពាក្យចចាមអារ៉ាមដែលថា ក្រុមហ៊ុនបានបង្ខំកម្មករឲ្យថតវីដេអូ(Live)សុំទោសនោះ ជារឿងមិនពិតឡើយ។ អ្នកស្រីថា មានតែកម្មករខ្លះស្នើសុំកុំឲ្យរោងចក្រផុសរូប ឬដាក់ឈ្មោះពួកគាត់ក្នុងបញ្ជីណាមួយ ដើម្បីជៀសវាងការប៉ះពាល់ដល់ឱកាសរកការងារថ្មី។
អ្នកស្រីបានលើកឡើងដែរថា រោងចក្រនៅតែបន្តផ្តល់ឱកាសការងារជូនកម្មករដដែល បើពួកគាត់ចង់ដាក់ពាក្យមកធ្វើការវិញ ហើយការជ្រើសរើសណាមួយ គឺអាស្រ័យទៅលើតម្រូវការជាក់ស្តែងនៃផ្នែកនីមួយៗ។
អ្នកស្រីថា៖ «ក្រុមហ៊ុនខ្ញុំគឺនៅតែបន្តផ្តល់ឱកាសការងារជូនពួកគាត់ បើសិនជាពួកគាត់យល់ថា ពេលណាមួយវេលាណាមួយ ដែលគាត់ចង់ដាក់ពាក្យមកធ្វើការ រោងចក្រយើងអីហ្នឹង គាត់ដាក់ចុះ ខ្ញុំអត់មានបញ្ហាទេ ប៉ុន្តែបើភ្លាមៗពេក វាជារូបភាពមួយមិនល្អដែរ សម្រាប់ក្នុងស្ថាប័នខ្ញុំទាំងមូល អ៊ីចឹងពួកគាត់ចង់ដាក់ពាក្យមកធ្វើការវិញ ក៏ដាក់មកធ្វើការវិញបាន ប៉ុន្តែមិនមែនជាការងារផ្នែកប៉ាក់ទេ វាអាស្រ័យទៅលើពេលវេលាណាមួយកាលៈទេសៈណាមួយ ដែលគាត់ដាក់មក ក្រុមហ៊ុនមានតម្រូវការជ្រើសរើសផ្នែកណាគាត់ទៅធ្វើការនៅផ្នែកហ្នឹងជាក់ស្ដែង»។
ជុំវិញរឿងនេះ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុល នាង មានប្រសាសន៍ថា មកដល់ពេលនេះ វិវាទការងារនៅរោងចក្រកាត់ដេរបូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា) បានដោះស្រាយចប់សព្វគ្រប់ហើយ ក្នុងនោះកម្មករចំនួន៧០នាក់បានឯកភាពជាមួយក្រុមហ៊ុនក្នុងការដោះស្រាយបញ្ចប់កិច្ចសន្យាការងារ និងមួយចំនួនទៀតចូលធ្វើការវិញ។
លោកបន្តថា៖ «បញ្ហាវាសំខាន់ទៅលើការកើតឡើងនៃវិវាទមួយៗ យើងតែងតែធ្វើការសម្របសម្រួលទៅតាមវិវាទ គឺសម្បទានគ្នាទៅវិញទៅមកដើម្បីបញ្ចប់វិវាទ អញ្ចឹងហើយកន្លែងខ្លះបានល្អប្រសើរទៅ កន្លែងខ្លះក៏មិនបានពេញចិត្តគ្រប់ៗគ្នាទេ តែទោះជាយ៉ាងណា ក៏បងប្អូនបានឯកភាពជាមួយនិងក្រុមហ៊ុនហើយដែរ ដោយចូលរួមយល់ព្រម ព្រមផ្តិតមេដៃ។ ហើយមកដល់ពេលនេះ រោងចក្រ មានស្ថានភាពល្អ ដំណើរការធម្មតា អញ្ចឹងមានកម្មករជាង៣០០០នាក់កំពុងធ្វើការ»។
លោក គង់ អាទិត្យ ប្រធានសហជីពការងារកម្ពុជា លើកឡើងថា យោងតាមច្បាប់ស្តីពីការងារ ករណីនិយោជកបញ្ឈប់កម្មករខុសច្បាប់ គឺនិយោជកត្រូវផ្ដល់សំណងលើកម្មករនិយោជិតចំនួន ៥ចំណុច រួមមាន ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ឆ្នាំ ប្រាក់ជូនដំណឹងជាមុន និងប្រាក់សំណងជំងឺចិត្ត។
លោកថា៖ «សំខាន់លើភស្តុតាងថាតើគាត់អនុវត្តម៉េចបើគាត់បានដើរតាមនិតិវិធីត្រឹមត្រូវហើយអីហើយ អាហ្នឹងយើងអនុវត្តតាមជាក់ស្តែងដែលក្រុមហ៊ុនអនុវត្តត្រឹមត្រូវ[…]សំណងជំងឺចិត្ត បើការចរចាគ្នាវាត្រូវ បើក្រុមហ៊ុនគេ willing [មានឆន្ទៈ]ក្នុងការឱ្យ តែបើអត់ទេអាហ្នឹងទាល់តែមានការប្តឹងផ្តល់យូរ។ តែភាគច្រើនក្រុមហ៊ុនគេតែងតែគេចវេសអារឿងហ្នឹង»។
បើតាមក្រុមកម្មករ រោងចក្រកាត់ដេរបូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា)នេះ មានកម្មករ-កម្មការិនីធ្វើការសរុបចំនួន ៣ ៣៨៩នាក់ ក្នុងនោះមានកម្មករផ្នែកប៉ាក់ប្រមាណជិត ១០០នាក់៕

