កាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ សាលាដំបូងខេត្តកំពង់ស្ពឺ បានបើកសវនាការជំនុំជម្រះលើករណី លោក សុខ ស៊ុនណារ៉េត ក្នុងសំណុំរឿង «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន»។ យ៉ាងណាមិញ នៅក្នុងសវនាការនោះ គេពុំបានឃើញវត្តមានរបស់អាជ្ញាធរដែលជាសាក្សីក្នុងសំណុំរឿងនេះឡើយ។
មេធាវីការពារសិទ្ធិឱ្យ លោក សុខ ស៊ុនណារ៉េត គឺលោក អ៊ឺម ផាន់ណា បានឱ្យដឹងថា តាមព័ត៌មានដែលទទួលបានពីសហការីនៅខេត្តកំពង់ស្ពឺ គឺតុលាការបានសម្រេចផ្តន្ទាទោស លោក សុខ ស៊ុនណារ៉េត ជាប់ពន្ធនាគារ ៤ឆ្នាំ ព្រមទាំងបញ្ជាឱ្យរឹបអូសវត្ថុតាង រួមមាន រថយន្តមួយគ្រឿង និងទូរស័ព្ទមួយគ្រឿង។
លោកថា៖ «ខ្ញុំមិនមានការយល់ឃើញយ៉ាងម៉េចទេចំពោះសេចក្ដីសម្រេចហ្នឹង ព្រោះអាហ្នឹងជាឆន្ទានុសិទ្ធិរបស់តុលាការ ហើយខ្ញុំបានទទួលការស្នើសុំពឹងពាក់ពីខាងក្រុមគ្រួសាររបស់ លោក សុខ ស៊ុនណារ៉េត និងជាកូនសុំឲ្យជួយបន្តនីតិវិធីហ្នឹង ប្តឹងអំពីសេចក្ដីសម្រេចរបស់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺ និងទៅសាលាឧទ្ធរណ៍បន្តទៀត»។
លោក ស៊ន សារ៉ាក់ កូនប្រុសរបស់ លោក សុខ ស៊ុនណារ៉េត បានបង្ហាញការខកចិត្តទៅនឹងការសម្រេចរបស់តុលាការ ដោយថាជារឿងអយុត្តិធម៌។
លោកបន្តថា៖ «ក្នុងរឿងនេះ យើងទទួលរូងនូវភាពអយុត្តិធម៌ យើងមិនបានប្រព្រឹត្តខុសក្នុងបទចោទរបស់គេ យើងមានការសោកស្តាយ និងខកចិត្តខ្លាំងចំពោះការដាក់បន្ទុកនេះ[…] ចង់ស្នើឱ្យតុលាការ ឬក៏អ្នកដែលពាក់ព័ន្ធហ្នឹង គឺពិចារណាឡើងវិញ ផ្តល់យុត្តិធម៌ឱ្យគាត់ ដើម្បីឱ្យគាត់អាចមានយុត្តិធម៌ពិតប្រាកដសម្រាប់គាត់ផង ព្រោះគាត់ជាមនុស្សដែលល្អ ស្អាតស្អំ គាត់អត់ដែលប្រព្រឹត្តបទល្មើសអីទៅខុសច្បាប់អីទេ មួយជីវិតគាត់ធ្វើការបម្រើតែរដ្ឋាភិបាលហ្នឹង ចុងក្រោយរដ្ឋាភិបាលតបស្នងសងគុណឱ្យគាត់បែបនេះទៅវិញ»។
លោក ស៊ន សារ៉ាក់ ឱ្យដឹងទៀតថា គ្រួសារ និងមេធាវីការពារក្តីឱ្យលោក សុខ ស៊ុនណារ៉េត នឹងពិភាក្សាគ្នា ក្នុងការរៀបចំបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខនេះ ដើម្បីទាមទារយុត្តិធម៌ដល់ឪពុករបស់លោក។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក ភេង សុភ័ណ បានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះ ដោយលោកគ្រាន់តែផ្ញើសាលក្រមផ្តន្ទាទោស លោក សុខ ស៊ុនណារ៉េត ដែលតុលាការបានសម្រេចដាក់ពន្ធនាគារ ៤ឆ្នាំ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក អាន ភិនដែលតាមដានករណីនេះ យល់ថា ការផ្តន្ទាទោសទៅលើ លោក ណារ៉េត មានលក្ខណៈធ្ងន់ធ្ងរ ខណៈដែលលោក ណារ៉េត កំពុងមានជំងឺប្រចាំកាយ និងធ្លាប់ជាទាហានបម្រើជាតិ មាតុភូមិជាច្រើនឆ្នាំមកហើយ។
លោកថា៖ «ក្នុងនាមសង្គមស៊ីវិល ខ្ញុំស្នើសុំឱ្យតុលាការធ្វើការបន្ធូរបន្ថយ ឬដោះលែងគាត់ឱ្យមានសេរីភាព ដោយសារតែគាត់មានគុណបំណាច់ជួយជាតិរយៈពេលជាង៤០ឆ្នាំមកហើយទី១។ ទី២គាត់នៅក្នុងពន្ធនាគារមានអាការៈមិនសូវស្រួល គាត់ចេះតែចុក ហើយគាត់មានជំងឺប្រចាំកាយផង យើងចង់ឃើញឱ្យមានការដោះលែង ឱ្យគាត់មានសេរីភាព»។
គួរបញ្ជាក់ថា លោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ដែលជាអតីតមន្ត្រីយោធា និងជាឪពុកលោក ស៊ន តារា អ្នកអត្ថាធិប្បាយនយោបាយដ៏សកម្មមួយរូប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយរកឃើញថា លោករក្សាទុកនូវសារធាតុញៀនខុសច្បាប់នៅក្នុងរថយន្ត។
តែយ៉ាងណា លោក សុខ ស៊ុនណារ៉េត កន្លងមក ធ្លាប់បានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ ថា លោកជាមនុស្សស្អាតស្អំ ស្របពេលដែលលោកជាអតីតយោធិន ចូលបម្រើការងារជូនជាតិដោយភក្ដភាព ស្ទើរពេញមួយជីវិតទៅហើយនោះ៕