ព្រះមហាក្សត្រ បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យមានការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណាដែលគប់គិតជាមួយបរទេស ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា។
យោងតាមព្រះរាជក្រម ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដានេះ បានប្រកាសឱ្យប្រើនូវច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះរាជក្រមនោះ ក៏មានភ្ជាប់នូវខ្លឹមសារមាត្រា៣៣ថ្មី ដែលបានធ្វើវិសោធនកម្មដែរថា៖ « ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋសភា បានអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ ដោយសំឡេង១២៥ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដែលនឹងអនុញ្ញាតឱ្យមានការរៀបចំក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងការទទួលបានសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរផងពីពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តិអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងពលរដ្ឋខ្មែរ មានការគប់ឃិតជាមួយបរទេសជាអាទិ៍។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
សេចក្តីប្រកាសព័ត៌មាននោះ បានគូសបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍ប្រទេសជាតិ។
ក្រោយរដ្ឋសភាបានអនុម័តរួច ព្រឹទ្ធសភា ក៏បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
លោក វន ចាន់ឡូត ជាអ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យប្រាប់ Press start Cambodia នៅថ្ងៃទី២១ ខែកក្កដានេះថា ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនេះ ជាការបើកផ្លូវមួយដ៏សំខាន់ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាល ធ្វើវិសោធនកម្មនៃច្បាប់ស្តីពី សញ្ជាតិដែលក្នុងនោះពាក់ព័ន្ធទៅនឹងនីតិវិធីនៃការដកសញ្ជាតិពីជនជាតិខ្មែរ។ លោកថា បញ្ហានេះនៅតែជាក្តីបារម្ភ ព្រោះថាច្បាប់នេះថាអាចជាឧបករណ៍គាបសង្កត់ អ្នកបញ្ចេញមតិរិះគន់ និងអ្នកនយោបាយប្រឆាំងផងដែរ។
លោកបញ្ជាក់ថា៖ «ទោះបីច្បាប់នេះ មានការកំណត់លក្ខខណ្ឌជាក់លាក់ ដែលអាចឈានដល់ការដកសញ្ជាតិខ្មែរ ដោយពាក់ព័ន្ធទៅនឹងអំពើក្បត់ជាតិ ឬក៏លក្ខខណ្ឌអ្វីផ្សេងទៀតក៏ដោយ ក្តីបារម្ភនៅតែមាន ដែលថា ច្បាប់នេះអាចប្រើប្រាស់ជាឧបករណ៍នយោបាយសម្រាប់ អ្នកកាន់អំណាចប្រើប្រាស់នៅក្នុងការគាបសង្កត់ដៃគូរនយោបាយរបស់ខ្លួន ឬក៏ ដូចជាប្រឆាំងទៅហ្នឹងអ្នកបញ្ចេញមតិរិះគន់ទៅនឹងការដឹកនាំរបស់ខ្លួន»។
អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា លោក គង់ មុនីកា យល់ថា ការប្រកាសឱ្យប្រើប្រាស់នូវការកែសម្រួលមាត្រា៣៣ នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យមានការឈានទៅដកសញ្ជាតិ ជនជាតិខ្មែរពីកំណើត គឺគ្រាន់តែជាការបើកផ្លូវ តាមរដ្ឋធម្មនុញ្ញ។ លោកថា បើតាមលោកដឹង រាជរដ្ឋាភិបាលត្រូវធ្វើវិសោធនកម្មទៅលើច្បាប់ស្តីពី សញ្ជាតិមួយទៀត ដើម្បីកំណត់នូវនិយមន័យ និងលក្ខណៈវិនិច្ឆ័យ ឬលក្ខខណ្ឌផ្សេងៗទៀត ដែលបញ្ជាក់ថាតើបុគ្គលរូបណា ជនជាតិខ្មែររូបណាដែលអាចទទួលរងនូវការដកសញ្ជាតិ។
លោកបន្ថែមថា៖ «អ្វីដែលរដ្ឋាភិបាលបានបញ្ជាក់ គឺជនទាំងឡាយណាដែលប្រព្រឹត្តិ អំពើក្បត់ជាតិ បំផ្លាញផលប្រយោជន៍ជាតិ នឹងប្រឈមការដកសញ្ជាតិ។ ខ្ញុំអត់ទាន់និយាយអ្វីបានច្រើន ដោយសារថារដ្ឋាភិបាល ត្រូវធ្វើវិសោធនកម្មលើច្បាប់សញ្ជាតិមួយទៀត ដោយច្បាប់នោះ នឹងមានការកំណត់និយមន័យថា អ្នកណាដែលជាជនក្បត់ជាតិនោះ អញ្ចឹងការកំណត់និយមន័យដែលមានភាពមិនច្បាស់លាស់ វាអាចធ្វើឱ្យអ្នកនយោបាយដែលមាននិន្នាការផ្សេងពីរាជរដ្ឋាភិបាល សកម្មជន ឬប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីផលប៉ះពាល់លើសិទ្ធិសេរីភាពនានា ដែលរដ្ឋធម្មនុញ្ញយើងបានកំណត់នោះ[…]នេះជាក្តីបារម្ភ ប៉ុន្តែ ខ្ញុំយល់ថា រាជរដ្ឋាភិបាលប្រាកដជាផ្តោតតែលើជនណាដែលបានបំផ្លាញប្រទេសជាតិ ឬរួមគំនិតជាមួយបរទេសតែប៉ុណ្ណោះ ដូច្នេះខ្ញុំគិតថា ការបញ្ជាក់ជំហរច្បាស់លាស់បន្ថែមទៀតពីរាជរដ្ឋាភិបាល ក្នុងការកំណត់ច្បាស់លាស់នៅក្នុងច្បាប់ និងជួយកាត់បន្ថយក្តីបារម្ភ របស់ប្រជាពលរដ្ឋដែរ»។
ជុវិញករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានបដិសេធឆ្លើយតប ខណៈប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ករណីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានពន្យល់ច្បាស់លាស់ហើយជុំវិញច្បាប់នេះ កាលពីពេលប្រជុំរដ្ឋសភា។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងពីហេតុផលសំខាន់៣ ដែលនាំឱ្យមានការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ។
លោកថា គោលបំណង ទី១ មានគោលបំណង ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិ ប្រជាពលរដ្ឋខ្មែរចំពោះជាតិ និងប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ ទី២ ដើម្បីធានាការគោរពនូវមាត្រា៤៩ ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ និងទី៣ ដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើឃុបឃិតគ្នាជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិឯង។
លោកថា៖ «មានការលើកឡើងថា ការរៀបចំនេះមានមូលហេតុនយោបាយ ឥឡូវខ្ញុំសូមបញ្ជា្របទៅវិញតើគោលបំណងគឺជាអ្វី? គឺគោលបំណងជានយោបាយដើម្បីការពារប្រទេស មូលហេតុធំជាងគេ គឺដើម្បីលើកកម្ពស់ឧត្តមគតិជាតិមាតភុមិកម្ពុជា សួរថាតើនយោបាយទេ? អត់ខុសទេ អាហ្នឹងនយោបាយ ប៉ុន្តែនយោបាយនេះ សម្រាប់ជាតិរបស់យើង ដើម្បីការពារជាតិរបស់យើង»។
លោក កើត រិទ្ធ បានគូសបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីបើកផ្លូវឱ្យមានការរៀបចំច្បាប់ដកសញ្ជាតិ នាពេលខាងមុខ ខណៈកម្ពុជាបច្ចុប្បន្ន កំពុងតែសិក្សាថាតើគួរមានលក្ខខណ្ឌអីខ្លះដែលត្រូវដកសញ្ជាតិ។
លោកថា៖ «ទីមួយសំណួរដែលសួរថា ពេលដកសញ្ជាតិហើយឱ្យគាត់ទៅណា? ឥឡូវមុននេះខ្ញុំបញ្ជាក់ហើយថា នេះគ្រាន់តែធ្វើរដ្ឋធម្មនុញ្ញដើម្បីបើកឱ្យមានការរៀបចំច្បាប់ដកសញ្ជាតិ ត្រូវទេ? អញ្ចឹងយើងនឹងមានច្បាប់ ស្ដីពីការដកសញ្ជាតិ ហើយយើងអត់ទាន់ដឹងទេថាតើលក្ខខណ្ឌក្នុងច្បាប់ហ្នឹងចែងថា តើការដកសញ្ជាតិមានលក្ខខណ្ឌអីខ្លះ? ពលរដ្ឋខ្មែរខ្លះគាត់មានសញ្ជាតិ២ សញ្ជាតិ៣ មានសញ្ជាតិ៤ អញ្ចឹងបើសិនជាគាត់មានសញ្ជាតិច្រើន ដកសញ្ជាតិមួយក៏អត់អីដែរ ឃើញទេ? គាត់មានសញ្ជាតិផ្សេងទៀត មិនអ៊ីចឹង?»។
ការអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនេះ កើតមាន បន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងនូវគំនិតផ្តួចផ្តើមឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្ម នុញ្ញ កាលពីថ្ងៃទី២៧ ខែមិថុនា អំឡុងពិធីសំណេះសំណាលមួយនៅខេត្តព្រះវិហារ ដើម្បីដកសញ្ជាតិអ្នក ដែលគប់គិតជាមួយបរទេស ដើម្បីបំផ្លាញផលប្រយោជន៍ខ្មែរ ហើយការផ្តួចផ្តើមនេះ ត្រូវបានលើកឡើងស្របពេលដែលកម្ពុជា កំពុងមានភាពតានតឹងជាមួយប្រទេសថៃ ជុំវិញបញ្ហាជម្លោះព្រំដែន បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃ នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា បណ្តាលឱ្យយោធាកម្ពុជាម្នាក់ពលីជីវិត។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣មក ច្បាប់កំពូលរបស់ប្រទេសមួយនេះ បានធ្វើវិសោធនកម្មចំនួន ១១ដងរួចមកហើយ រួមទាំងការធ្វើវិសោធនកម្មទៅលើមាត្រា៣៣នេះ៕