លោក កឹម សុខា ស្នើឲ្យចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញទម្លាក់សាលក្រមរបស់តុលាការក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ទាមទារឲ្យចៅក្រមប្រឹក្សាជំនុំជម្រះ ទម្លាក់បទចោទដែលតុលាការក្រុងភ្នំពេញរកឃើញថាខ្លួនជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិខណៈក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញសម្រេចប្រកាសសាលដីកាដោយមិនកំណត់ពេលក្នុងរឿងក្តីព្រហ្មទណ្ឌនេះនៅពេលខាងមុខ។

សវនាការលើអង្គសេចក្តី នៅថ្ងៃចុងក្រោយ នៃការជំនុំជម្រះនៅថ្ងៃទី២នេះ ដល់ពេលដែលលោក កឹម សុខា ស្នើ​ទៅក្រុមប្រឹក្សាជំនុំជម្រះដើម្បីពិចារណាឲ្យទម្លាក់រាល់បទចោទប្រឆាំងរូបលោកបន្ទាប់ពីមេធាវីការពារក្តីលោក​ ព្រះរាជអាជ្ញា និងសហមេធវីការពារក្តីពីខាងរដ្ឋាភិបាល បានបញ្ចប់ធ្វើសេចក្តីសន្និដ្ឋាន។

លោក ផែង ហេង សហមេធាវីការពារសិទ្ធិឲ្យលោក កឹម សុខា ថ្លែងប្រាប់ក្រុមអ្នកកាសែត នៅក្រៅបរិវេណសវនាការថា នៅរសៀលថ្ងៃទី២ នៃសវនាការនេះ មានការតតាំងគ្នាពីភាគីដើមចោទ និងចុងចម្លើយ ហើយ មាន​ការ​ឆ្លើយតបពីតំណាងអយ្យការចំពោះការលើកឡើងរបស់មេធាវីលោក កឹម​ សុខា។មិនតែប៉ុណ្ណោះ មុន​បិទ​ស​វ​​នា​ការ កូនក្ដីលោកបានទាមទារឲ្យក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បដិសេធរាល់សេចក្តីសម្រេ​ច​របស់តុលាការក្រុងភ្នំពេញ។

លោកបន្តថា៖ «ជាចុងក្រោយនេះ ឯកឧត្តម កឹម សុខា គាត់បានធ្វើសំណូមពរបីចំណុច ទោះបីជា​មាន​ការ​កាត់​ពី​តំណាង​អយ្យការ ឬក៏ពីតំណាងមេធាវី​របស់រដ្ឋាភិបាលខ្លះមិនចង់ឱ្យ​គាត់មានប្រសាសន៍[.​..]ចំណុ​ចទី​១​គឺឯកឧត្តម កឹម សុខា គាត់ថាសុំឱ្យសាលាឧទ្ធរណ៍បដិសេធសាល​ក្រមរបស់សាលាដំ​បូងរាជធានីភ្នំ​ពេញហ្នឹ​ងទាំ​​ងស្រុង។ គាត់លើកមូលហេតុថា បើតម្កល់សាល​ក្រម​នេះ គឺមិនត្រឹមតែអយុត្តិធម៌សម្រាប់រូបគាត់ទេ គឺអ​យុ​ត្តិធម៌ដល់ប្រទេសជាតិទាំងមូល ហើយក៏ធ្វើ​ឱ្យមានភាពមិនទំនាក់ទំនងល្អជាមួយនឹងរដ្ឋបរទេស ឬក៏ប្រទេ​ស​ដែ​លរងការចោទប្រកាន់ថាគាត់​ត្រូវរ៉ូវជាមួយដែរ[…]គាត់បួងសួងសូមឱ្យស័ក្តិ​សិទ្ធក៏ដូចជាចៅក្រមជួយ​ផ្ដល់​យុត្តិធម៌ឱ្យគាត់ ដែលគាត់មិនបានប្រព្រឹត្តដូចការ​ចោទទេ»

លើសពីនេះទៅទៀត លោកមេធាវី ផែង ហេង អះអាងថាក្នុងនាមជាអ្នកនយោបាយចាស់វស្សា លោក កឹម សុខា មិនខ្លាចនឹងកៀរគរអន្តរជាតិឲ្យជួយកម្ពុជាក្នុងគ្រាលំបាកនេះឡើយ។បន្ថែមពីលើនេះ កូនក្តីរបស់ខ្លួនបានជម្រាបអង្គជំនុំជម្រះទៀតថាក្នុងពេលជាមួយគ្នានេះ បើលោកពិតជាទទួលបាននូវយុត្តិធម៌ តាមរយៈការជំនុំជ​ម្រះ​​នេះមែន លោកនឹងជួយជ្រោមជ្រែងគោលនយោបាយរដ្ឋាភិបាល ដើម្បីឲ្យទទួលបានការជឿទុកចិត្តពីបណ្តា​ប្រទេសទាំងនៅថ្នាក់តំបន់ និងអន្តរជាតិ។

លោកបន្តថា៖ «ចំណុចទី៣ដែលគាត់ស្នើសុំគឺថាចំពោះមុខនេះ ឱ្យតែគាត់មានសិទ្ធិសេរីភាព បើសិនជាចៅ​ក្រម​​​សម្រេចឱ្យគាត់មានសិទ្ធិសេរីភាពមិញនេះភ្លាម គាត់អាចប្រកាសភ្លាមតែម្ដងថាគាត់គាំទ្ររដ្ឋា​ភិបាល​ដើម្បី​កា​រពា​រជាតិ ដើម្បីស្រែកឱ្យអន្តរជាតិជួយរដ្ឋាភិបាល ជួយកម្ពុជាក្នុងកាលៈទេសៈ​ដែលប្រទេសជា​តិកំពុងតែ​ថៃ​ឈ្លានពានមកកម្ពុជាយើងនេះ។ ហើយគាត់ថាគាត់សង្ឃឹមថា​គាត់នឹងមានលទ្ធភាព ហើយនឹងមានកា​រអំពាវ​នា​វ ​ហើយគេប្រាកដជាអាចជួយខ្មែរយើងបាន»

ក្នុងសំណសុំរឿងព្រហ្មទណ្ឌមួយនេះ ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលឃ្លាំមើលសវនាការ តាំងពីនៅដំណាក់កាលសាលាដំបូង ដល់សាលាឧទ្ធរណ៍ភ្នំពេញ ចាត់ទុកថាជារឿងក្តីដែលអូសបន្លាយពេលយូរជាងគេ។ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការក្រុងភ្នំពេញលោក កូយ សៅ បានផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រោមបទចោទក្បត់ជាតិ ឬ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស»។តាមអំណាចសាលក្រមនេះ លោក  កឹម សុខា ត្រូវតុលាការសម្រេចដក់ហូតសិទ្ធិគ្រប់យ៉ាងរួមទាំងសិទ្ធិចុះឈ្មោះ និងឈរឈ្មោះឲ្យគេបោះឆ្នោតជាដើម។ក្នុងរយៈពេលនៃការតតាំងក្តីប្រមាណ៥ឆ្នាំ នៅសាលាដំបូង សហមេធាវីការពារសិទ្ធិលោក កឹម សុខា ចាត់ទុកថាវាជាការផ្តល់ភាពអយុត្តិធម៌ សម្រាប់កូនក្តីរបស់ខ្លួន។

រីឯ សាលាឧទ្ធរណ៍ភ្នំពេញដែលចាយពេលប្រមាណ២ឆ្នាំ ជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌមួយនេះដែរនោះ ត្រូវស​ហមេធាវីលោក កឹម សុខា រំពឹងថាតុលាការនឹងច្រានចោលសាលក្រមរបស់តុលាការក្រុងភ្នំពេញ ដើម្បីផ្តល់ភាពស្អាតស្អំសម្រាប់កូនក្តីរបស់ខ្លួន ឲ្យរួចផុតពីការចោទប្រកាន់។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលបានតាមដានសវនាការនេះដោយផ្ទាល់បាន​លើក​ឡើ​ងថា ការស្នើសុំចុងក្រោយរបស់លោក កឹម សុ​ខា គឺជាការបង្ហា​ញនូវសច្ច​ភាពនៃ​ទង្វើនយោ​បាយ​ដែលប្រ​កប​ដោយសុចរិតភាព និងតម្លាភាព។លោក​បន្ត​ថា ក្នុងនាមជាអ្នកនយោបាយដែលប្រកាន់ខ្ជាប់នូវធម៌អហិង្សា និ​ង​ផ្លូវសន្តិវិធី លោក កឹម សុខា មិន​ដែលចា​ត់ទុ​ក​ខ្មែ​​រណាជាសត្រូវឡើយ។

លោកបន្តថា៖«ការស្នើសុំគាត់គឺជាការបង្ហាញនូ​វសច្ចភាពនៃទង្វើនយោបា​យរបស់គាត់ដែល​ប្រកបដោយ​សុច្ច​រិត និងតម្លាភាព ហើយក្នុងនាមជាអ្នកនយោបាយធម៌អហិង្សា ដោយសន្តិវិធី មិនយកខ្មែរណា​ជាសត្រូ​វ[.​..} កន្លងមកឃើញថា សារនយោបាយរបស់គាត់ គឺគាត់ធ្វើយ៉ាងម៉េចឱ្យកម្ពុជារួបរួមអភិវឌ្ឍន៍ ហើយ​មិនឱ្យ​ខ្មែរ​ណាយកនិន្នាការបក្ស ហើយកុំឱ្យបែកបាក់ផ្ទៃក្នុងជាតិ»

បើតាមការសង្កេតរបស់លោក មាជ សុវណ្ណារ៉ា ក្នុងដំណើរនយោបាយជាង ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៣ រួម​ទាំងបទពិសោធន៍ជាប្រធានអង្គការសិទ្ធិមនុស្សផងនោះ គេអាចមើលឃើញច្បាស់ថា សារន​យោបា​យ​រ​បស់​លោក កឹម សុខា គឺធ្វើឡើងដើម្បីឱ្យកម្ពុជាមានការរួបរួម និងការអភិវឌ្ឍ ដោយមិនចង់ឱ្យ​ខ្មែរយកនិ​ន្នាកា​រ​បក្ស​មកធ្វើជាហេតុផលនៃការបែកបាក់ផ្ទៃក្នុងជាតិនោះទេ។

លោកបន្តថា សកម្មភាពរបស់លោក កឹម សុខា មិនមែនជាទង្វើឧក្រិដ្ឋឡើយ ផ្ទុយទៅវិញគឺ​ជាការធ្វើន​យោបា​យដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា៖ «សហគមន៍អន្តរជាតិ ប្រទេសមហាអំណាច ប្រ​ទេ​សលោកសេរី គេឃើញថាលោក កឹម សុខា មិនមែនជាទង្វើឧក្រិដ្ឋ ទង្វើណាក្រៅពីការធ្វើនយោបាយ លើ​ក​កម្ពស់ប្រជាធិបតេយ្យ និងលើកស្ទួយសិទ្ធិមនុស្ស»

ជុំវិញករណីនេះគេហទំព័រ Press Start Cambodia មិនអាចសុំការអធិប្បយពីលោក ឃុន លាងម៉េង អ្នកនាំ​ពាក្យសាលាឧទ្ធរណ៍ភ្នំពេញបា​នឡើយនៅត្រឹមល្ងាចថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៦នេះ។យ៉ាងនេះក្តី នៅថ្ងៃសវនាការលើអង្គសេចក្តី ដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃនេះ ក្រោយពីការដេញដោល និងផ្តល់សក្ខីកម្មផ្ទាល់មាត់ហើយ នៅថ្ងៃចុងក្រោយគឺថ្ងៃទី៩ មេសា នេះដល់វេនសហមេធាវីចុងចោទ និងលោក កឹម សុខា ធ្វើសេចក្តីសន្និដ្ឋាន និងស្នើសុំវិញម្តង។បើទោះជាបែបណា សហមេធាវីការពារសិទ្ធិតំណាងឲ្យប្រធានគណបក្សប្រឆាំ​ងដែលត្រូវតុលាការកំពូលរំលាយរូបនេះ អះអាងក្រៅសវនាការថា អំឡុងពេលកូនក្តីរបស់ខ្លួនធ្វើសេចក្តីស្នើ ពីក្រុមប្រឹក្សាជំនុំជម្រះ ទាំងព្រះរាជអាជ្ញា និងមេធាវីដើមបណ្តឹងរបស់រដ្ឋាភិបាលតែងជំទាស់ និងបង្កបរិយាកាសរំខាន។

មន្ត្រីជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក យី សុខសាន្ត ដែលបានតាមដានស​វ​នាការនេះដោយផ្ទាល់ អះអាងថា តាមរយៈសំណូមពរចុងក្រោយ នៃការជំនុំជម្រះ លោក កឹម សុខា ថ្លែងទាំង​ទឹកភ្នែក និងអារម្មណ៍ក្តុក្តួល។មិនតែប៉ុណ្ណោះ លោកថែមទាំងបានបដិសេធទៀតថា ការធ្វើនយោបាយរបស់លោក មិនបានក្បត់ជាតិ ដូចការចោទប្រកាន់នេះឡើយ។ជាងនេះទៅទៀតលោកបង្ហាញក្ដីបារម្ភថា ការ​ចោទ​ប្រកាន់ដែលមិនមានមូលដ្ឋានច្បាស់លាស់នេះ នឹងធ្វើឱ្យរដ្ឋបរទេ​សនានាមិន​សប្បាយ​ចិត្តក្នុង​ការធ្វើស​ហប្រតិ​បត្តិ​ការជាមួយកម្ពុជាឡើយ។

លោកបន្តថា៖ «ការចោទលោក កឹម សុខាជាសន្ទិដ្ឋិភាពជាមួយនឹងរដ្ឋបរទេសណាមួយធ្វើឱ្យប្រទេសនោះ​មិន​សប្បាយ​ចិត្តសហកា​រជាមួយរ​ដ្ឋនៃ​ប្រ​​​ទេសយើងបានទេ នេះជាការស្នើសុំរបស់លោក កឹម សុខា។គាត់​និយា​យ​ដោយក្ដុកក្ដួលក្នុងចិត្ត ១ ទស្សវត្សរ៍ហើ​យ​ដែល​គាត់អត់បានប្រព្រឹត្តអ្វីខុស គាត់និយាយ​ទាំងយំ​ទាំង​អួល​ដើម​ក​ថា គាត់ធ្វើនយោបាយជួយប្រទេសជាតិ គាត់អត់បានក្បត់ជាតិដូច​ការចោទ​ប្រកាន់ទេ[…] គាត់​នឹងចូល​រួម​ជាមួយរាជរ​ដ្ឋាភិបាលដើម្បីកសា​ងប្រទេស​កម្ពុជា​​ឡើ​ងវិញ»

អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវសត្ថកិច្ចចូលចាប់ខ្លួនពាក់កណ្តាលអាធ្រាត្រកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងគេហដ្ឋានរបស់លោក នៅខណ្ឌទួលគោកទាំងនៅមានអភ័យឯកសិទ្ធិសភាព។លោក ត្រូវតុលាការសម្រេចឃុំខ្លួននៅក្នុងផ្ទះវិញ បន្ទាប់ពីបញ្ជូនចេញពីពន្ធនាគារត្រពាំងផ្លុងដែលចាយពេលនៅទីនោះជាង១ឆ្នាំ។ក្រោយតុលាការផ្តន្ទាទោស និងដកហូតសិទ្ធិគ្រប់យ៉ាង មន្រ្តីជាន់ខ្ពស់គណបក្សជំទាស់រូបនេះ ត្រូវឃុំខ្លួននៅក្នុងគេហដ្ឋានដូចមុន និងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

លោក កឹម សុខា ដែលធ្លាប់ប្រកាសផ្តាច់ចំណងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយលោក សម រង្ស៊ី ម្តងរួចមកហើយនៅក្នុងដំណាក់កាលជំនុំជម្រះលើអង្គសេចក្តី នៅសាលាដំបូងរាជធានីភ្នំពេញ នៅពេលនេះវិញ លោកបានប្រកាសជំ​ហ​រដោយឥតលាកលៀមថាប្រសិនបើតុលាការពិតជាទម្លាក់បទចោទប្រឆាំងលើរូបលោកពិតមែន លោកក៏មិនខុសពីប្រជាជនកម្ពុជាដទៃទៀតដែរ នឹងលែងប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាលទៀតហើយ។នេះជាការលើកឡើងរបស់សហមេធាវីការពារសិទ្ធិតំណាងឲ្យលោក កឹម សុខា បានថ្លែង៕

អត្ថបទគួរឱ្យចាប់អារម្មណ៍