ជនជាតិដើមភាគតិចស្នើឱ្យរដ្ឋ​​ពន្លឿនការចុះបញ្ជីដីសមូហភាព និងបញ្ឈប់ការគំរាម​កំហែង

សហគមន៍ជនជាតិដើមភាគតិចមួយចំនួន​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព ផ្តល់​ការ​គាំទ្រ​ចំពោះ​ចម្កា​រវិ​ល​ជុំ និង​បញ្ឈប់​ការ​គំរាម​​កំហែង​គ្រប់​ទម្រង់​ ដែល​ប៉ះ​ពាល់​ដល់សិទ្ធិ​របស់​ពួក​គេ។

ការ​ស្នើនេះ បានធ្វើឡើង​ស្របពេល​​ទិវា​អន្តរ​ជាតិ​ជន​ជាតិ​ដើម​ភាគ​តិច​ពិភព​លោក ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​​ទី​៩ ខែសីហា ឆ្នាំ​២០២៥។ ទិវាអន្តរជាតិជនជាតិដើមភាគតិច ត្រូវបាន​អង្គ​ការ​សហប្រជា​ជាតិ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ និង​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ នៅថ្ងៃ​ទី៩ ខែសី​ហា ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ស្មើភា​ព​សម្រាប់​ប្រជាជន​ជន​ជាតិ​ដើម​ភាគ​តិច​ទូទាំង​ពិភព​លោក។

លោក តាគុំ ណៃ ប្រធាន​​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ អូរ​តាបូក និង​ជាជ​ន​ជាតិ​ដើម​ភាគ​តិចព្រៅ នៅ​ស្រុក​តាវែង ខេត្ត​រតនគិរី មាន​ប្រសាសន៍ថា ​ជន​ជាតិ​ដើម​ភាគ​តិ​ចនៅ​​តំបន់​នោះ ទាំង​ស្រុង​ពឹង​ផ្អែក​ជីវភាព​លើ​ចម្ការ​វិល​ជុំ ដូច​ជា ការ​ដំឡូង ជាដើម។ ប៉ុន្តែ លោក​ថា ក្រោយការពង្រីកឧទ្យានជាតិវីរៈជ័យ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៣ ដោយកែប្រែពីទំហំ ៣៣២ ៥០០ ហិកតា មកផ្ទៃដីទំហំ ៤០៥ ៧៦៦ ហិកតា​នោះ ​បា​​ន​ធ្វើ​ឲ្យ​សហគមន៍​មិន​អាច​ប្រើ​ប្រាស់​ចម្ការ​វិល​ជុំ​ដូច​ពី​មុន​ទៀត​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ពួកយើងនៅហ្នឹង ប៉ុន្តែគេលែង​ឱ្យ​កាប់​ចម្ការ​វិល​ជុំ​ទៀត ហើយ​យើង​ចង់​បាន​ដីដែល​ពួក​គាត់​អាស្រ័យ​ផល ចម្ការ​វិលជុំ​ជូ​ន​ឱ្យ​ពួ​ក​គាត់​វិញ​ឱ្យ​បាន​ដូច​ពី​មុន ហើយ​បច្ចុប្បន្ន​នេះយើង​នៅ​តែ​ការ​ពារ​ព្រៃ​ឈើ ការ​ពារ​ផង និង​ប្រើប្រាស់​បែប​លក្ខណៈ​ជន​ជាតិ​ដើម​ភាគ​តិច​ គឺ​យើងចង់​បាន​បែប​នេះ»។

ជាមួយគ្នានេះដែរ ប្រធានសហគមន៍ជនជាតិដើមភាគតិចម្ហូន ស្រុកកោះញែក ខេត្តមណ្ឌលគិរី លោក ប្រង់ ណុប ក៏បានសង្កត់ធ្ងន់ពីបញ្ហាដីដែលមិនទាន់ចុះបញ្ជីសមូហភាព និងការគម្រាមកំហែងគាបសង្កត់ពីមន្ត្រីបរិស្ថាន ដោយមិនឱ្យពួកគាត់​កាប់​ឆ្ការ​​​ដី​​ចម្ការ​​វិល​​ជុំ​ ដែល​ពួកគាត់​ធ្លាប់​ធ្វើ​ពី​មុនបាន​ឡើយ។

លោកមានប្រសាសន៍​ថា៖ «ប្រជាសហគមន៍ឧស្សាហ៍មកសួរខ្ញុំ កាល​ណាយើ​ង​បាន​ចុះ​បញ្ជី​ដូច​គេ ឱ្យ​កាប់​ស្ការ​ធ្វើ​ចំការ​បាន ព្រោះ​យើង​វា​ប្រឈម​បញ្ហា​ច្រើន ជំពា​ក់ធ​នាគារ​ក៏ច្រើ​ន កម្ចី​ក៏​ច្រើន មន្ត្រី​បរិស្ថាន​បាន​រឹត​ត្បិត​មិនឱ្យ​យើ​ង​កាប់​ឆ្ការ​ រុក​រាន​​​ដី​​​ដែល​យើង​ធ្លាប់​អាស្រ័យ​ផល​ពី​មុន ដី​ណា​ក៏ជា​ការ​ងារ​របស់​គាត់ ការពារធនធានធម្មជាតិ គាត់ក្តាប់យកទាំងអស់ហ្នឹង ហើយយើងចង់ឱ្យមានការចុះបញ្ជីសមូហភាព ដូចកាលរស់នៅពីដើមកន្លងមក​» ។

លោកបានស្នើឲ្យរដ្ឋាភិបាលជួយជំរុញថ្នាក់ក្រោម ឱ្យចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីអនុញ្ញាត​ឱ្យសហគមន៍អាចប្រើប្រាស់ធនធានធម្មជាតិដោយសេរី និងរក្សាអត្តសញ្ញាណរបស់ពួកគេ។

មិនខុសពីសហគមន៍ផ្សេងទៀតនោះទេ លោក ជុំ សុភឿត ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ ស្រុកឆែប ខេត្តព្រះវិហារ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ចំពោះបញ្ហាដីធ្លី និងចុះបញ្ជីដីសមូហភាពជូនសហគមន៍។​

លោកមានប្រសាសន៍ថា៖ « យើងចង់បានជាដីសមូហភាព ដីកប់សព ដីជំនឿ ព្រោះចង់បានសិទ្ធនៅក្នុងការរស់រានមានជីវិត រស់រានដោយបែបជនជាតិដើមភាគតិច ដោយសារកន្លងមកជនជាតិដើមភាគតិចយើងបានបាត់បង់កន្លែងរស់នៅជាច្រើនកន្លែង ដីធ្លីក៏ត្រូវបានគេយក ផ្ទះសម្បែងក៏ត្រូវបាត់បង់ កន្លែងឃ្វាលគោក្របី កន្លែងបូជា​ បាត់បង់ជាច្រើនកន្លែង ដែលធ្វើឱ្យគ្រួសារមួយចំនួនត្រូវបានចំណាកស្រុកជាច្រើន […] យើងទាមទារសិទ្ធិសេរីភាពពេញលេញនៅក្នុងការបង្កើតមុខប្រកបរបរចិញ្ចឹមជីវិត លក្ខណៈប្រពៃណីពីដើមមក​» ។

តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជនជាតិ​ដើមភាគតិចដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ មានចំនួន ២៤ក្រុម​ រួមមាន ​ជន​ជាតិដើមភាគតិច​​​​ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន  មិល ព័រ រដែ សំរែ សួយ ស្ពុង ទំពួន ​ស្ទៀង​​ ថ្មូន រអង និងស្អូច ដែលមានចំនួន​ប្រមាណជា ១,៣៤ភាគរយ នៃប្រជាជនកម្ពុជាសរុប។

ពួកគេ​កំពុង​រស់នៅ​តាម​ខេត្ត​ចំនួន១៥ ដូចជា​ខេត្តរតនគិរី​ មណ្ឌលគិរី​ ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមាន​ជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមាន​ជ័យ និង​សៀមរាប ហើយ​ពួកគាត់​ភាគច្រើន​ប្រកប​ការងារ​ធ្វើស្រែ​ចម្ការ​វិលជុំ​ប្រមូលផល​អនុផល​ព្រៃឈើ ការ​ប្រមាញ់​សត្វ ការនេសាទ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ប្រពៃណី​គ្រួសារ​។

យោងតាមប័ណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្តីពីបច្ចុប្បន្ន​ភាព​នៃកា​រទទួល​បាន​ប័ណ្ណកម្មសិទ្ធិដមូហភាពជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា ឆ្នាំ​២០២៥ បាន​ឱ្យ​ដឹងថា ក្នុង​ចំណោមសហគមន៍​ជនជាតិ​ដើមភាគតិចចំនួន ៤៨៨សហគមន៍ គឺ​មានសហគមន៍ចំនួន​ ៤៣​បាន​ចុះបញ្ជី លើ​ផ្ទៃដី ៤១ ៥៣៨.៣២ហិកតា។

ប្រភពដដែល​បន្តថា ជាមធ្យម​មាន​តែប័ណ្ណ​កម្មសិទ្ធដីសមូហភាពចំនួន ៣,៣០ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ចេញ​ក្នុ​ងមួយ​ឆ្នាំ ដែល​ទាប​ជាង​គោល​ដៅ​ផ្លូវ​ការ​ចំនួន ១០ក្នុងមួយឆ្នាំ ដែលករណីនេះ បានធ្វើឱ្យ​ជន​ជាតិ​ភាគ​តិច​មាន​ក្តីកង្វល់​ និង​បង្ហាញ​ពីភាពយឺតយ៉ាវ​ក្នុងកា​រផ្តល់​កម្មសិទ្ធិ​ដី​សមូហភាព​ដល់​ជនជាតិ​ដើម​ភាគតិច​ ដែល​មានសិទ្ធិ​ទទួលបាន​លំនៅ​ឋាន​ សមរម្យ និង​ដីធ្លី តាម​ប្រពៃណី​របស់​ពួកគេ​ដែល​ធានា​នៅ​ក្នុង​ច្បាប់​អន្តរ​ជាតិ​ និង​ច្បាប់​ជាតិ។

​CCHR ក៏បាន​ផ្តល់អនុសាសន៍​ដល់រាជរដ្ឋាភិបាល ធ្វើយុទ្ធនាការ​ពន្លឿន​កា​រចុះ​បញ្ជី​ដី ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ១០​ប័ណ្ណ​ក្នុ​ងមួយ​ឆ្នាំ ពង្រឹងការ​ទទួលស្គាល់​ផ្លូវច្បាប់​តាមរយៈការ​ធ្វើ​វិសោធន​កម្ម​លើ​ក្រមបរិស្ថាន និង​ធនធាន​ធម្មជាតិ បញ្ឈប់​ការ​រិតត្បិត​កំណត់​ទំហំដី និង​ប្រភេទដី​ដែលជា​កម្មវត្ថុ​នៃ​ការ​ចុះ​បញ្ជី​ បែងចែកកញ្ចប់ថវិការ​ដ្ឋ​មួយ​ចំនួន​ដើម្បី​គាំទ្រ​ដំណើរ​ការ​ផ្តល់​កម្មសិទ្ធិ​ដីសមូហភាព​ជូន​ជនជាតិ​ដើម​ភាគតិច និង​បញ្ឈ់​កា​រផ្តល់​ដីព្រៃរបស់​រដ្ឋដល់​ក្រុម​ហ៊ុន​ឯកជន​នៅ​តំបន់​ដែល​ជនជាតិ​ដើមភាគ​តិច​រស់នៅ។

អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ពិត ករុណា មានប្រសាសន៍ថា ដំណើរការនៃការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិច គឺមានបីដំណាក់កាល និងមានក្រសួងបី​ពាក់​ព័ន្ធ គឺ​ក្រសួងរៀបចំ​​ដែន​ដី នគរ​រូប​នីយ​កម្ម និង​សំណង់ ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​មហាផ្ទៃ។

លោកមានប្រសាសន៍ថា៖ « ក្រសួងអភិវឌ្ឍន៍ជនបទ មានតួនាទីនៅក្នុងការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ហើយតម្រូវឱ្យជនជាតិដើមភាគតិច ទទួលស្គាល់ហើយប្រកាសស្វ័យអត្តសញ្ញាណថាគាត់ជាជនជាតិដើមភាគតិច បន្ទាប់មកទើបគាត់យកអត្តសញ្ញាណនោះ រៀបចំចុះទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចទៅក្រសួងមហាផ្ទៃ ទើបពួកគាត់អាចលើកករណីនេះទៅក្រសួងដែនដី ដើម្បីស្នើសុំចុះបញ្ជីដីធ្លីបាន»។

Press Start Cambodia បាន​ព្យាយាម​​​​​​​ទាក់​​ទង​​​​សុំ​ការ​អត្ថាធិប្បាយជុំវិញករណីនេះ​​​ពី ​លោក​​ សេង ឡូត ​​​អ្នកនាំ​ពាក្យ​ក្រសួងរៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញសង្គម​តេឡេក្រាមដែរ ប៉ុន្តែ​មិន​​​ទទួល​បាន​​កា​រ​ឆ្លើយតបឡើយ ​គិតត្រឹមថ្ងៃ​០៨ ខែសីហា ឆ្នាំ២០២៥ ​នេះ​​​​។

លោក ហ៊ាន ប៊ុនហៀង អ្នកសម្របសម្រួលលេខាធិការដ្ឋាន នៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា កត់​សម្គាល់​ថា នីតិវិធីនៃការចុះបញ្ជីដីសមូហភាព​សម្រាប់​ជន​ជាតិ​ដើមភាគតិច នា​ពេល​បច្ចុប្បន្ន ហាក់​នៅ​មាន​ដំណើរ​ការ​យឺត​យ៉ាវ​ដដែល គឺដោយសារមានភាពស្មុគស្មាញ បញ្ហាតម្លៃខ្ពស់ និងមាន​រយៈពេលយូរ​។

លោកថា៖ « ជនជាតិដើមភាគតិចភាគច្រើន គឺពឹងផ្អែកទៅលើដីធ្លី និងធនធានធម្មជាតិ ហើយការគ្រប់គ្រងដីធ្លីរបស់ពួកគាត់ គឺគ្រប់គ្រងបែបប្រពៃណីបុរាណរបស់ពួកគេ ហើយយើងត្រូវទទួលស្គាល់ថា ជន​ជាតិ​ដើម​ពិតជាមករស់នៅមុន​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ ដូច្នេះ​ត្រូវ​ទទួល​ស្គាល់​សិទ្ធ​ប្រើ​ប្រាស់​ចាត់​ចែង​​របស់​គាត់ ហើយរកដំណោះស្រាយរួមគ្នា ហើយ មានសហគមន៍ជាច្រើនដែលកំពុងតែស្នើសុំការចុះបញ្ជីដីសមូហភាពនេះ​​ »​​។

លោកបន្ថែមថា៖ «នៅក្នុងក្រមបរិស្ថានបានចែងថាជនជាតិដើមភាគតិច អាចអនុវត្តចំការវិលជុំបានលុះត្រាតែចុះបញ្ជីដីធ្លី ចុះបើសហគមន៍រាល់ថ្ងៃ មិនទាន់ចុះទេ ចឹងធ្វើដោយខុសច្បាប់ហើយបើពួកគាត់មិនទាន់​ចុះ ហើយរដ្ឋទើបតែចុះបាន ៤០សហគមន៍ជាងហ្នឹង ចុះសហគមន៍ផ្សេងទៀត មិនបាច់ធ្វើស្រែចំការទេ ចាំតែគេចុះបានធ្វើ? ចឹងយើងត្រូវតែយល់ហើយរកដំណោះស្រាយ​រួមគ្នា»។​

ជាមួយគ្នានេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿននៅក្នុងការចុះបញ្ជីដីសមូហភាព ជូនជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់​អាចអាស្រ័យផលស្របច្បាប់ លើដីប្រពៃណីពីបុរាណរបស់ពួកគាត់។

យោងតាមប័ណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សិទ្ធិទទួលបានដីធ្លីរបស់ជ​នជា​តិដើម​ភាគ​តិច ត្រូវបានការពារយ៉ាងមុតមាំដោយច្បាប់អន្តរ​ជាតិ ដែលត្រូវបាន​បញ្ចូល​នៅ​ក្នុង​រដ្ឋធម្មនុ​ញ្ញ​នៃព្រះ​រាជាណា​ចក្រ​​កម្ពុជា មាត្រា​៣១។

ប្រភពដដែល បន្តថា ជនជាតិដើមភាគតិចសរុប​​ប្រមាណ ១៧២ ៩៨០​នាក់ ស្មើ ១,១១% នៃប្រជាជនកម្ពុជា​​សរុប ហើយ​បើ​តាមការប៉ានប្រមាណ គឺមានជនជាតិដើមភាគតិចចំនួន ៤៨៨ សហគមន៍ ដែលកំពុងប្រកបមុខរបរចិញ្ចឹម​ជីវិត​តាម​បែប​កសិកម្ម​ប្រពៃណីរ​បស់​ពួក​គេ រួម​ទាំង​ការ​ធ្វើ «កសិកម្ម​​វិល​ជុំ» ឬ «ចំការវិលជុំ»។ ជំនឿ ប្រពៃណី និងអត្តសញ្ញាណរបស់សហគមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា មានទំ​នាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដីធ្លី និង​ធន​ធាន​ធម្ម​ជាតិ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍