បទយការណ៍៖ របាយការណ៍អន្តរជាតិបង្ហាញពីក្រុមឧក្រិដ្ឋជនចិនខ្លះនៅពីក្រោយការវិនិយោគតំបន់ម៉ឺនជ័យ

លើកំណាត់ផ្លូវជាតិលេខ៨ ក្នុងស្រុកកំចាយមារ នៃខេត្តព្រៃវែង គេសង្កេតឃើញផ្លូវថ្នល់ខូចខាតជាអន្លើៗ ខណៈកន្លែងខ្លះ កំពុងដាក់គ្រឿងចក្រជួលជុល។ យ៉ាងណាការបើកបរ នៅតែអាចទៅមុខបាន។ បន្ដដំណើរមកដល់ផ្សារក្របៅ ក្នុងឃុំក្របៅ ទីនេះជាទីប្រជុំជនមានផ្លូវបែកជាបី។ ផ្លូវទៅត្រង់ គឺសំដៅដល់តំបន់អភិវឌ្ឍអន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ ឯផ្លូវបត់ស្ដាំ គឺចូលទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ដែលស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ជាប់នឹងទល់ដែនវៀតណាម។

ឆ្លងកាត់ផ្សារក្របៅនេះ គេចាប់ផ្ដើមឃើញស្លាកសញ្ញាអក្សរខ្មែរ លាយឡំអក្សរចិន នៅតាមបណ្ដាហាងជាហូរហែ ខណៈហាងអាជីវកម្មថ្មីៗទាំងនោះ មានខ្លះទើបសង់រួច ខ្លះទៀតនៅជាគ្រោងឆ្អឹងធ្វើពីដែក ប្រក់ស័ង្កសីនៅឡើយ សង់លើដីទើបឆូសឆាយថ្មី។ ចំណែកដីទំនេរខ្លះទៀតនៅតាមបណ្ដោយផ្លូវនេះ មានដាក់ស្លាកថា «ដីសម្រាប់លក់ ឬជួល» មានទាំងភាសាខ្មែរ និងចិនផង។

ស្ថិតក្នុងច្បារដំណាំខាងក្រោយឃ្លាំងមួយកន្លែង ខណៈកំពុងអង្គុយជម្រះស្មៅនៅរងដំឡូងគ មានជួតក្បាលនឹងក្រមាផង នោះគឺអ្នកស្រី មឿន ម៉ៃ ដែលជាចាស់ទុំម្នាក់ រស់នៅឃុំក្របៅ ស្រុកកំចាយមារ​ កៀកទៅនឹងតំបន់ច្រកព្រំដែនម៉ឺនជ័យ។ ស្ថិតក្នុងវ័យ ៧២ឆ្នាំទៅហើយ អ្នកស្រីជាសាក្សីម្នាក់ ដែលមើលឃើញ និងឆ្លងកាត់ការផ្លាស់ប្ដូរទិដ្ឋភាពក្នុងតំបន់នេះ។

អ្នកស្រី ម៉ៃ ឱ្យដឹងថា​ នៅទីនេះពីមុន និងឥឡូវខុសគ្នាដូចមេឃ និងដី ខុសគ្នាត្រង់ថាដើមឡើយទីនេះជាតំបន់ព្រៃ ហើយប្រមាណ១០ឆ្នាំមុននេះ អ្នកស្រុកភាគច្រើនធ្វើចំណាកស្រុកទៅក្រៅ ដូចជាទីក្រុងភ្នំពេញ ប៉ោយប៉ែត និងប្រទេសថៃជាដើម ដើម្បីរកការងារធ្វើ ហើយមួយចំនួនទៀតធ្វើចម្ការដំឡូងមី កៅស៊ូ ចន្ទីជាដើម ខណៈបច្ចុប្បន្នមានការអភិវឌ្ឍផ្លាស់ប្ដូរច្រើន ដែលស្រូបទាញកម្លាំងមនុស្សពីខេត្តផ្សេងៗមកធ្វើការនៅតំបន់នេះវិញ។លើសពីនេះ អ្នកស្រីថា ការវិនិយោគ ក៏ធ្វើឱ្យតម្លៃដីឡើងថ្លៃ ដែលមានអ្នកខ្លះត្រូវប៉ាន់ដីលក់ និងជួលដីជួលផ្ទះឱ្យចិនជាហូរហែ។

អ្នកស្រីបន្តថា៖ «វិនិយោគចិននៅជិតព្រំដែនធំ តំបន់ហ្នឹងឥឡូវគេលែងទៅថៃអស់ហើយ ព្រោះថានៅម្ដុំយើងមានការងារធ្វើ កូនដែលធ្វើការរោងចក្រ មកធ្វើការឯហ្នឹងអស់ អ្នកដែលទៅធ្វើការឆ្ងាយៗ មកវិញអស់ មានទាំងមកតាំងពីកំពង់សោម កំពង់ធំ ស្វាយរៀងអី និយាយទៅច្រើនខេត្តមកធ្វើការហ្នឹង»

បើតាមអ្នកស្រី ម៉ៃ តំបន់នេះកាន់តែប្លែក នៅពេលបង្កើតច្រកព្រំដែនអន្តរជាតិ និងវត្តមានជនជាតិចិន និងការសាងសង់អគារតូចធំជាច្រើន ក្នុងរយៈ១ឆ្នាំចុងក្រោយនេះ បានផ្ដល់ការងារលើផ្នែកសំណង់ តួ​យ៉ា​ងកូនចៅសាច់ញាតិអ្នកស្រីក៏មានការងារធ្វើគ្រប់គ្នានៅតំបន់អភិវឌ្ឍរបស់ចិននេះដែរ ហើយសូម្បីតែវ័យប្រហែលអ្នកស្រីទៅហើយ ក៏អាចរកប្រាប់ចំណូលប្រមាណជាង ២០០ដុល្លារក្នុងមួយខែ ដោយការជួល និងចាំឃ្លាំងឱ្យថៅកែជនជាតិចិន។

អ្នកស្រីបន្តថា៖​«ចិនមកច្រើនមិនមែនថាអស់បារម្ភទេ បារម្ភដែរ តែរាល់ថ្ងៃវាមិនទាន់ឃើញមានប​ញ្ហា​​​​អី ឃើញបើតាមសប្បាយចិត្តជាងគេពួកអ្នកផ្សារ ដោយសារលក់ដាច់ តែចិនក៏គេមានហាងគេដែ​​រ​​ដា​ក់​​អក្សរចិន [] បើថាកើតអីទៅថ្ងៃខាងមុខទៀត យើងមិនទាន់ដឹងដែរ»

នៅឯផ្លូវកាច់ជ្រុងផ្លូវបំបែកទៅច្រកព្រំដែនឯនេះវិញ អ្នកស្រី ធួក ចាន់ថេង អាជីវករនៅប្រជុំជនផ្សារក្របៅ ដៃកំពុងមមាញឹក ថ្លឹងស្ករសច្រកថង់ទុក។ អ្នកស្រី មករស់នៅទីតាំងនេះប្រមាណ ២០ឆ្នាំមកហើយនោះ និងមើលឃើញថា មានលំហូរមនុស្សមករស់នៅតំបន់នេះច្រើន ទាំងខ្មែរ ចិន និងជនជាតិដទៃ តាំងពីបើកមានច្រកព្រំដែនម៉ឺនជ័យ ដែលធ្វើអាជីវកម្មបោះដុំលក់រាយអីវ៉ាន់ចាប់ហួយរបស់អ្នកស្រី កាន់តែប្រសើរកាក់កប។

អ្នកស្រី ចាន់ថេង ថា ម៉ឺនជ័យដែលពីមុនជាតំបន់ដាច់ស្រយាលមានតែព្រៃ តែពេលនេះបានប្រែក្លាយមុខមាត់ថ្មីមិននឹកស្មានដល់ ហើយមានហាងតូចធំរីកដុះកាល់ ដែលវាហួសពីការស្មានរបស់អ្នកស្រី។

ប្រភពបន្តថា៖ «រាល់ថ្ងៃលក់ដាច់ច្រើន អ្នកមកទិញមានទាំងខ្មែរទាំងចិន។ ចិននៅម្ដុំផ្សារនេះ គេមកបើ​កហាងលក់ដូរដែរ ហាងចិនមានតែចិនគ្នាគេទេចូលទិញ។ សាសន៍ផ្សេងក៏មានមកនៅដែរ តែគេនៅផ្លូវទៅព្រំដែន ឥឡូវគេសង់ទីក្រុងធំណាស់ ល្ងាចៗឡើងកូនគេជូនទៅមើលដែរ ធ្លាប់ឃើញ អគារគេធំៗហាស តែសុត្ធតែសាសន៍គេនៅ»។

រដ្ឋាភិបាលកម្ពុជាបានបង្កើតច្រកទ្វារព្រំដែនម៉ឺនជ័យនៅឆ្នាំ២០១០។​៤ឆ្នាំក្រោយមក ពោ​ល​គឺនៅឆ្នាំ២​​​​​០​១៤ ច្រទ្វារនេះបានដំឡើងកម្រិតពីច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យ ទៅជា «ច្រកទ្វា​រព្រំដែនអន្តរជា​តិ​ម៉ឹនជ័យ» ដែលក្រោយមកភាគីវៀតណាម ក៏បានឯកភាពដំឡើងកម្រិ​ត​ច្រកទ្វារតំបន់ព្រំដែនរបស់ខ្លួនទៅជាព្រំដែនអន្តរជាតិ «តឺនណាម» ដែរនៅឆ្នាំ២០១៧។ច្រកទ្វារព្រំដែ​នអន្តរជា​​តិម៉ឺនជ័យ-តឺនណាម (កម្ពុជា-វៀតណាម) បានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអា​សន្ន​កម្រិតថ្នាក់ខេត្តព្រៃវែង និ​​ងខេត្តតៃនិញ ឬជាអតីតខេត្តរោងដំរី កាលពីឆ្នាំ២០២១។

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូ​មិ​ម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ រំពឹងចង់ប្រែក្លា​យតំបន់នេះទៅជាតំបន់ឧស្សាហកម្មកែច្នៃ សម្រាប់ផ្គង់ផ្គង់ក្នុងស្រុក និងនាំចេញ ដែលជំរុញឱ្យអា​ជ្ញា​ធរខេត្តព្រៃវែង ទាក់ទាញវិនិយោគិន មកបណ្តាក់ទុនលើវិស័យឧស្សាហកម្ម ពិសេសឧស្សាហកម្មកែ​ច្នៃផលិតផលកសិកម្មជាដើម។

លោកបន្តថា៖ «គោលដៅថ្ងៃក្រោយ សូមឱ្យខេត្តយកចិត្តទុកដាក់ទៅលើការទាក់ទាញវិនិយោគ មកកាន់តំបន់នេះ [ម៉ឺនជ័យ] ថ្ងៃក្រោយអាចក្លាយទៅជាតំបន់ឧស្សាហកម្ម ក៏អាចថាបាន ព្រោះវាបម្រើឱ្យការដឹកជញ្ជូនជិត ហើយតំបន់កែច្នៃ។ ទាញខាងវៀតណាមគាត់មកដាក់រោងចក្រ កែច្នៃនៅខាងកម្ពុជា ដែលកម្ពុជាមានផលិតផលជាវត្ថុធាតុដើម ដែលនេះជាលទ្ធភាពនៃការពង្រីកធ្វើពាណិជ្ជកម្ម តែអាចតភ្ជាប់ការផលិតសម្រាប់ការនាំចេញ ឬការផ្គត់ផ្គង់ក្នុងស្រុក»

នៅប្រមាណ ៥គីឡូម៉ែត្រ មុនដល់ច្រកព្រំដែន មើលពីចម្ងាយទៅ គេនឹងឃើញបណ្តុំសំណង់អគារតូ ចធំ ជាមួយនឹងដងម៉ាស៊ីនស្ទួចគ្រឿងសំណង់វិលទៅមក។ ទីនេះប្រៀបដូចជាបណ្ដុំទីក្រុងមួយ កំពុងផុសដុះដាលឡើងកណ្ដាលវាលស្រែអមដោយចម្ការកៅស៊ូ ស្វាយចន្ទី និងដំឡូងមីខៀវស្រងាត់។ បើមើលតាមផែនទី Google Maps ទីតាំងអគារទាំងនេះ គេឱ្យឈ្មោះថា «ទីក្រុងពាណិជ្ជកម្មម៉ឺនជ័យ» ដែ​លមានទាំងបញ្ជាក់ជាភាសាចិននៅពីក្រោមដែរ ស្ថិតនៅលើដី​ នៃតំបន់អភិវឌ្ឍន៍ច្រកទ្វារអន្តរជាតិម៉ឺនជ័យព្រៃវែង។

លើបណ្ដោយផ្លូវ នៃគម្រោងអគារដ៏ស្កឹមស្កៃមួយនេះ ឡានគ្រឡូកស៊ីម៉ងត៍ ឡានដឹកសម្ភារសំណង់បរកាត់បន្តកន្ទុយគ្នាមិនដាច់ នាំឱ្យដីហុយទ្រលោមឡើង ខណៈមានកម្មករដើរទៅមកនៅមុខសំណង់អគារតូចធំកំពុងសាងសង់ ដែលមានរបងព័ទ្ធខ្ពស់មើលពុំឃើញខាងក្នុង និងផ្ទុយពីម្ខាងផ្លូវជាប់នេះ ដែលជាដីវាលស្រែ ដីចម្ការ និងមានរោងលក់ម្ហូបប្រក់តង់ បាំងឆ័ត្រនៅបណ្ដាក់គ្នាផង ដែលជាដាក់លក់ស​ម្រា​ប់​កម្មករទីនេះ។

ដើរសំដៅតូបអាហារ ក្នុងសម្លៀកបំពាក់អាវដៃវែងខោជើងវែង មានពាក់មួកពាក់ម៉ាស់ និងដៃកាន់បំ​ព​ង់​ទឹក្រហមកផង អ្នកស្រី ជាប ទឿម គឺជាអ្នកសម្អាតផ្នែកខាងក្រៅ នៃគម្រោងទីក្រុងពា​ណិ​ជ្ជកម្មម៉ឺនជ័យ។ ជាអ្នករស់នៅក្នុងឃុំក្របៅស្រាប់ អ្នកស្រីរៀប់រាប់ថា មុនមានការអភិវឌ្ឍន៍សំ​ណង់អ​គារដោយក្រុមហ៊ុនចិនក្នុងតំបន់នេះ អ្នកស្រី និងគ្រួសារប្រកបរបរដាំដំឡូងមី​ ខណៈបច្ចុប្បន្ន អ្នកស្រី និងស្វាមី ទទួលបានការងារនៅតំបន់អភិវឌ្ឍន៍នេះ បានរយៈពេលជាង ៦ខែមកហើយ។

អ្នកស្រី ទឿម សប្បាយចិត្តនឹងការងារនៅក្បែរផ្ទះនេះ តួនាទីផ្នែកសម្អាត ធ្វើការ១ថ្ងៃ៨ម៉ោង មានថ្ងៃស​ម្រាក១ថ្ងៃ ទទួលបានប្រាក់កម្រៃ ២៥០ដុល្លារក្នុងមួយខែ គួបផ្សំនឹងប្រាក់ស្វាមីទៀតអាចផ្គត់ផ្គង់គ្រួសា​​រ​បា​នសមរម្យ បើធៀបនឹងការងារធ្វើចម្ការពីមុន

អ្នកស្រីបន្តថា៖ «មានអីការងារ មិនមានធ្វើច្រើនទេ ខ្ញុំនៅខាងក្រៅសម្អាតថ្នល់ ចាប់សំរាមអី។ បើអ្នកខាងក្នុងឮគេថាបានប្រាក់ខែច្រើនៗជាង តែធ្វើការនៅក្រៅនេះចុះ ស្រួលដែរ»

កម្មករម្នាក់ទៀតធ្វើការក្នុងការដ្ឋានអគារចិននេះដែរ និងធ្លាប់ជាអ្នកធ្វើការផ្នែកហ្គេមអនឡាញបានរ​យៈ​​​​​ពេលពីរខែផងនោះដែលឈ្មោះហៅក្រៅ ល.រ. ម​ក​​ពីស្រុកអង្គរជុំ ខេត្តសៀមរាប។

កំពុងអង្គុយហូបបាយ នៅអាហាររដ្ឋានមួយកន្លែស្ថិតនៅខាងមុខការរដ្ឋាន យុវជន ល.រ. រៀបរាប់ថា ខ្លួនបញ្ចប់ការសិក្សាថ្នាក់ទី៨ រួចក៏សម្រេចចិត្តដើរធ្វើការសំណង់តាមឪពុកដោយសារបញ្ហាជីវភាពខ្វះ​​មុខខ្វះ​ក្រោយ​។ រូបគេបានមកដ​ល់​គម្រោងសាងសង់របស់ចិននេះ កាលពីឆ្នាំមុន ហើយក៏មាន​គេ​ណែ​នាំ​ឱ្យសាកល្បងដាក់ពាក្យធ្វើការផ្នែកហ្គេមអនឡាញតាមរយៈមិត្តភក្តិ ដោយសារទទួលបានប្រាក់ខែជាង ៥០០ដុល្លារក្នុង១ខែ ថែ​មទាំ​ងមានការផ្គត់ផ្គង់កន្លែងស្នាក់នៅ និងអាហារជាដើមនៅក្នុងនោះ រូប​គេ​​ក៏សម្រេច​ចិត្តធ្វើ​កា​រតែម្ត​ង​។ប៉ុន្ដែលោកត្រូវធ្វើការរហូត ១២ម៉ោងវេនយប់។

លោកបន្តថា៖«ការងារអនឡាញហ្នឹងមានប្លុកខ្មែរ ប្លុកបរទេស។ គេមិនទាមទារអីច្រើចទេ គេសួរយើ​ង​ចេះវ៉ៃ typing អត់ ហើយចេះអង់គ្លេសប៉ុន្មានភាគរយ ចេះវ៉ៃបាន ១៧ពាក្យឡើងទៅ ចេះអង់គ្លេស៣​០​​ភាគរយ គេយកហើយ បើធ្វើការឆ្នើមគេមានប្រាក់រង្វាន់លើកទឹកចិត្តដល់យើងទៀត»។

និយាយក្នុងលក្ខខណ្ឌលាក់មុខលាក់ក្រោយ រួចក៏បន្ថយសំឡេងបន្តិចម្តងៗ ពេលខ្លះ​សឹងស្តាប់​មិន​ច​ង់​​បាន ដោយមិនអាចរៀបរាប់អំពីករណីគេធ្វើបាប និ​ង​​ចាប់បង្ខាំងបាន។ប៉ុន្ដែជំនួសមកវិញ យុវជនរូបនេះ​អះអាងថា ខ្លួនគេមិនបានជួយបញ្ហាទាំងនេះនោះដោយផ្ទាល់ទេ​ រូបគេត្រូវបង្ខំចិត្តឈប់ដោយ​សា​​រ​បញ្ហាទ្រាំអត់ងងុយគេងមិនបាន និងមិនចេះនៅមួយកន្លែង។

លោកបន្តថា៖​ «រឿងហ្នឹង ខ្ញុំអត់ហ៊ាននិយាយដែរ ជាក់ស្ដែងតាមកន្លែង កន្លែងខ្លះវាពិបាក ខ្ញុំមិនហ៊ាននិយាយទេ តែខ្លះចូលទៅគេថាស្រួល ហើយកន្លែងខ្ញុំ ខ្ញុំខាងតបឆាតគេ និងណែនាំគេសួរគេថាចង់លេងលេ្បងអនឡាញអីអត់ ហើយគេដាក់លុយ១ដុល្លារហ្វ្រីបានប៉ុនា្មនដុល្លារ  និយាយទៅរកភ្ញៀវឱ្យក្រុមហ៊ុនគេ បើយើងរកមិនបាន គេមិនយកយើងទេ។ មានទៅតាមវេប វេបថៃ វេបភីលីភីន វេបចិន បើចិនគេរកភ្ញៀវខាងឌូបៃ តែខ្ញុំទាក់ទងភាគច្រើនថៃ ភីលីពីន ពេលខ្លះប្រើ google translate»។

មកដល់ពេលនេះ យុវជន លួត រ៉ូ បានសម្រេចចិត្តឈប់ពីការងារដែលធ្លាប់រងការចោទ​ប្រកាន់​ថា​ជា​កា​រ​ងារ​ដែល​ខុសច្បាប់គឺហ្គេមអនឡាញ ហើយមកធ្វើការផ្នែ​ក​ជាងពិតានវិញម្តង ដែលការងារផ្នែកនេះ គេ​ទទួលបានប្រាក់កម្រៃ ៦៨ ០០០.០០ក្នុង១ថ្ងៃ ដោ​យ​គិតទាំងថែមម៉ោង និងផ្ដល់សេរីភាពជាងស​ម្រា​​ប់រូបគេ។ ទោះយ៉ាងណា លោក លួត រ៉ូ ប្រាប់ថាខ្លួនមានប្អូនស្រីម្នាក់ទៀត ដែលសព្វថ្ងៃកំពុងធ្វើការផ្នែ​កហ្គេមអនឡាញនេះនៅឡើយ និងត្រូវគេផ្ទេរឱ្យទៅធ្វើការនៅតំបន់បាវិត ខេត្តស្វាយរៀងវិញ។

លោក ស៊ូ ភួង​ មេឃុំក្របៅ បានឱ្យដឹងថា លំហូរនៃការវិនិយោគរបស់ចិន និងជនជាតិចិន ក្នុងតំបន់ម៉ឺនជ័យមានកាន់តែច្រើន បន្ទាប់ពីមានច្រកព្រំដែនអន្តរជាតិ ខណៈរយៈពេល១ឆ្នាំចុងក្រោយនេះ លោ​​​​​កថាមានគម្រោងបណ្ដុំអគារចម្រុះមួយកន្លែងក្នុងតំបន់ម៉ឺនជ័យកំពុងសាងសង់លើផ្ទៃដីប្រមាណ ​១០០ហិកតា បានផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឃុំក្របៅទាំងមូល ដែលមាន ១១ភូមិ រួមនឹ​​​ង​​ប្រជាជនមកពីខេត្តផ្សេងៗដែរ ប្រមាណជាង ៥ ០០០នាក់ ដែលធ្វើការនៅទីនោះ។

លោក ភួង បញ្ជាក់បន្ថែមថា ក្រៅពីគម្រោងសាងសង់អគារធំៗរបស់ចិននៅតំបន់ម៉ឺនជ័យ ក៏មានដែរគម្រោងវិនិយោគចិនដទៃទៀតនៅក្បែរនោះ ដោយឃើញមានពីរកន្លែងផ្សេងទៀតនៅឯឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពោលគឺនៅមិនឆ្ងាយប៉ុន្មានពីតំបន់ម៉ឺនជ័យ ក្នុងស្រុកកំចាយមារ សុទ្ធសឹងជាគម្រោងសាងសង់ និងដំណើរការសាងសង់ទាំងយប់ទាំងថ្ងៃ ហើយគម្រោងទាំងនោះនៅកៀកផងដែរនឹងផ្ទះលោក ហេង សំរិន អតីតប្រធានរដ្ឋសភា​។

លោកបន្តថា៖«ដីអ្នកភូមិនៅហ្នឹងលក់ឱ្យអ៊ីចឹង តែចិនគេអ្នកចេញលុយ។ អភិវឌ្ឍជាក់ស្ដែង ផ្ដល់កា​រ​ងា​រនៅនេះ លើផ្នែកសំណង់ ដែលភាគច្រើនខ្មែរធ្វើ ហើយការងារនៅប្លុកចិននោះ មានអ្នកអនាម័យ ស​ន្និសុខ ចុងភៅ អ្នកលើកម្ហូបជាដើម ហើយមានជនជាតិផ្សេងៗដែរ ធ្វើការក្នុងហ្នុង តាំងពីអាហ្វ្រិក បង់ក្លាដេស វៀតណាមអី មានសាសន៍ចម្រុះ មិនមែនតែចិន និងខ្មែរទេ ទាំងនៅម៉ឺនជ័យនេះ និងតំ​ប​ន់​ឃុំកក់​ អន្លង់ជ្រៃជាប់នេះហ្នឹង»។

យ៉ាងណាមិញ លោក ស៊ូ ភួង ពុំអាចបញ្ជាក់បានទេថាតើការវិនិយោគនៅតំបន់ម៉ឺនជ័យគេធ្វើលើអ្វីខ្លះ និងបម្រើដល់សេវាកម្មអ្វីខ្លះ ខណៈលោកក៏ពុំបានទទួលព័ត៌មានលម្អិតអំពីបញ្ហានេះដែរ។ប៉ុន្តែមេឃុំ​រូប​នេះ ទទួលស្គាល់ថា នៅក្នុងតំបន់ម៉ឺនជ័យដែលចម្រុះទៅដោយជនជាតិច្រើនសាសន៍ ជាពិសេស​ជន​ជាតិចិន គឺពិតជាមានបង្កប់ការងារហ្គេមអនឡាញ។

បើតាមលោ​ក​មេឃុំរូបនេះ ចំនួនជនជាតិចិន និងបរទេសផ្សេងទៀត មករស់នៅតំបន់ម៉ឺនជ័យ និងតំបន់ជុំវិញនោះ មានច្រើន ដែលលោកប៉ាន់ប្រមាណថាអាចមានដល់ខ្ទង់ម៉ឺននាក់។ ក្នុងនោះដែរ លោ​កថាអាជ្ញាធរអាចចូលក្នុងតំបន់អគារចិនបាន លុះណាមានការអញ្ជើញ ឬហៅទៅដោះស្រាយជម្លោះចិន និងចិនឈ្លោះ​គ្នា និងប៉ះទង្គិចនឹងជនជាតិផ្សេង ដែលក្នុងនាមអាជ្ញាធរ លោកបង្ហាញក្ដីបារម្ភ ក៏ដូចជាជំរុញ និងចាំសហការនឹងសមត្ថភាព ក្នុងការស៊ើបអង្កេតលើចំណុចសង្ស័យ ភាពមិនប្រក្រតីផ្សេងៗ ដើម្បីបញ្ចៀ​​​សបញ្ហាផ្សេងៗកុំឱ្យកើតមានជូនប្រជាជន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់។

លោកបន្ថែមថា៖ «ចិនមកនៅនេះ យើងបារម្ភថាទៅមុខទៀតមានហានិភ័យដែរ ព្រោះមានល្បែងមានអីច្រើនដូចដឹងស្រាប់ តែយើងក៏សហប្រតិបត្តិការជាមួយប៉ូលីសដើម្បីសន្តិសុខសណ្ដាប់ធ្នាប់តំបន់ បើសិនចិន ឬក៏ខ្មែរអីវ៉ៃគ្នាក្នុងហ្នុង គេអញ្ជើញប៉ូលីស និងក្រុមប្រឹក្សាឃុំទៅសហការសម្របសម្រួល បើមានសកម្មភាពបែបណាដែលយើងដឹង យើងអាចឃាត់ ឬក៏អប់រំ ឬក៏បណ្ដេញចេញអីអ៊ីចឹង»។

កាសែត The Japan News ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០​២​៥ បានឱ្យដឹងគម្រោងវិនិយោគចិនសាងសង់ជាបន្តបន្ទាប់នៅតំបន់ព្រំដែនកម្ពុជាក្នុងប៉ុន្មា​ន​​ឆ្នាំថ្មីៗនេះ។ស្រដៀងគ្នាគ​ម្រោ​ង​នៅប៉ោយប៉ែត និងបាវិតដែរ គម្រោងអគារតំបន់ម៉ឺនជ័យ មានស​ណ្ឋា​គារធំៗ មានព័ទ្ធរបងខ្ពស់ៗ មានកាស៊ីណូ មន្ទីរពេទ្យ និងមានអ្វីគ្រប់បែបយ៉ាង ដែលមនុស្សត្រូវកា​រ ចាប់ពីទំនិញប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់កន្លែងកម្សាន្ត ផ្សារទំនើប បន្ទប់ខារ៉ាអូខេ និងសូម្បីតែ​​ក្លឹបរាត្រី ប្រៀបបីដូចទីប្រជុំជននៅក្នុងប្រទេសចិនអ៊ីចឹងដែរ។   

តាមសេចក្តីរាយការណ៍ គេជឿថាក្រុមឧ​ក្រិដ្ឋកម្មជនជាតិចិននៅពីក្រោយប្រតិបត្តិការទាំងនេះ និងសង្ស័យថាពួកគេបានប្រើប្រាស់កន្លែ​​​ង​ទាំងនេះដូចជាកាស៊ីណូជាមូលដ្ឋានសម្រាប់មជ្ឈមណ្ឌល​ឆ​បោ​ក​​​ដ៏​ធំរបស់ពួកគេ។ក្នុងនោះដែរ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២​០​២៥ បានបង្ហាញថា គម្រោងវិនិយោគចិន ឈរនៅលំពូលតារាងនៅកម្ពុជា ​ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៥ នេះ មានប្រមាណជាង ៥២ភាពរយ ក្នុងទុនវិនិយោគតម្លៃប្រមា​ណ ៧,២ ពាន់លានដុ​ល្លារអាមេរិក ដែលអនុម័តដោយស៊ីឌីស៊ី។

ឆ្លើយតបនិងបញ្ហានេះ លោក ស៊ីវ សុខុម អធិការនគរបាលស្រុកកំចាយមារ ឱ្យដឹងថា សមត្ថ​កិច្ចប្រុ​ងប្រៀ​បជានិច្ច មិនឱ្យមានបាតុភាព និងសកម្មភាពឆបោកអនឡាញកើតឡើងទេ បើមានសមត្ថកិច្ចនឹងចុះបង្ក្រាបភ្លាមៗ ពោលគឺចាំអនុវត្តតាមបញ្ជាជានិច្ចនូវផែនការថ្នាក់លើក្នុងក្របខណ្ឌទូទាំងប្រទេ​ស​​ដូចនឹងតំបន់ផ្សេងដែរ។ លោកបន្តថា សមត្ថកិច្ច មានការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដោយប្រុងប្រយ័ត្នដើម្បីការពារសុខសុវត្ថិភាពតំបន់ទាំងមូល។យ៉ាងណាលោកឱ្យដឹងថា ដ្បិ​ត​មានលំហូរនៃជនជាតិចិនមករស់នៅក៏ពិតមែន សម្រាប់​នៅស្រុកកំចាយមារ និង​​តំ​បន់​ម៉ឺ​ន​​ជ័យ គឺ​មិនទាន់មានករណីបោកប្រាស់តាមប្រព័ន្ធអនឡាញនៅឡើយទេ។

លោកបន្តថា៖ «កន្លងទៅ យើងធ្វើដែរ មានការងារខ្លះពាក់ព័ន្ធនឹងករណីហិង្សា វាមានក្នុងតំបន់ហ្នឹង(ម៉ឺ​​នជ័យ) រួចអនុវត្តតាមនីតិវិធីបន្តបន្ទាប់អ៊ីចឹង ហើយអនាគតក្នុងនាមសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន យើងមានផែនការដើម្បីទប់ស្កាត់លើបទល្មើស»។

លោក ស៊ីវ សុខុម ពន្យល់បន្ថែមអំពីនីតិវិធី និងការចុះបង្ក្រាប ប្រសិនបើនៅទីតាំងដែលមានជនជាតិចិនរស់នៅច្រើន មានការរាយការណ៍ និងការសហការពីជនរងគ្រោះក្នុងតំបន់នោះផ្ទាល់៖ «ចំណុចនេះដែរ យើងត្រូវគិតថា ទីតាំងមួយៗ គឺមិនចេះតែចុះទៅឆែកឆេរដោយគ្មានមូលហេតុទេ ប៉ុន្ដែបើមានការរាយការណ៍ សហការពីទីតាំង ដែលមានជនជាតិចិន ឬក៏មកបោះទីតាំងវិនិយោគ រកស៊ីជាដើមនេះ នោះគឺមានមូលហេតុ ករណីកើតឡើង គឺយើងត្រូវតែចុះ ហើយបើអត់មានអីផង យើងចុះទៅ វាអាចប៉ះពាល់ដល់ការរកស៊ីបងប្អូនយើង។ ជាគោលការណ៍ ថ្នាក់ដឹងនាំឱ្យបានណែនាំដែរ ពាក់ព័ន្ធនឹងការឆែកឆេរផ្ដេសផ្ដាសអី គឺមិនអាចទេ យើងអត់អាចចេះតែដើរឆែក ដើរចូលដោយគ្មានរឿងអី ម៉េចកើត»។

លោក អំ សំអាត នាយក​ទទួលបន្ទុក​​​កិច្ចការ​ទូទៅ នៃ​​​អង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លើកឡើងថាបញ្ហាឧស្សាហកម្មឆបោកតាមប្រព័ន្ធអនឡាញ បានក្លាយជាបញ្ហារួមរបស់ពិភពលោក និងនៅតែជាកង្វល់មួយនៅឡើយ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាង ក្នុ​ង​តំបន់ និងអន្ដរជាតិ ដើម្បីបង្រ្កាបបណ្ដាញក្រុមឧក្រិដ្ឋជន ក៏ដូចជាបោសសម្អាតមូលដ្ឋានទីតាំងរប​ស់ពួកគេ។

យ៉ាងណាមិញ សម្រាប់ការបង្ក្រាបការឆបោកអនឡាញនៅកម្ពុជា លោក សំអាត មើលឃើញថាមានសកម្មភាពខ្លាំងក្លា និងបង្ក្រាបច្រើនសស្រាក់សស្រាំពេលមានបទបញ្ជាម៉ឺងម៉ាត់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប៉ុន្ដែហាក់បានស្ងប់ស្ងាត់ទៅវិញពេលមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកបន្តថា៖ «កន្លែងណាក៏ដោយឱ្យតែមានជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺត្រូវដាក់ចេញយុទ្ធនាការបង្ក្រាបបន្តបន្ទាប់ឱ្យមានប្រសិទ្ធភាព មិនមែនបង្ក្រាបកន្លែងនេះ អត់កន្លែងនោះទេ។ បើបង្ក្រាបតំបន់នេះ ទៅកើតតំនប់នោះ អ៊ីចឹងត្រូវមានការបង្ក្រាបទ្រង់ទ្រាយធំ ទូលំទូលាយ រាល់តំបន់ជាទូទៅតែម្ដង»

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក បានចេញរបាយការណ៍ដោយបង្ហាញថា កម្ពុជានៅត្រូវបានមើលឃើញថាជាមជ្ឈមណ្ឌលមួយ របស់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ក្នុង​ចំ​ណោមប្រទេសដទៃទៀតនៅក្នុងតំបន់។ជាងនេះទៀត អាមេរិក បានដាក់ទណ្ឌកម្ម ក៏ដូចជាដាក់ក្នុងបញ្ជីខ្មៅលើគោលដៅចំនួន១០នៅកម្ពុជា រួមមានកាស៊ីណូ និងបុគ្គលសង្ស័យដែលមានទំនាក់ទំនង​ជា​មួយមជ្ឈមណ្ឌលឆបោក។

រីឯការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក បានឱ្យដឹងថាឧស្សាហកម្មឆបោកនៅអាស៊ីអាគ្នេយ៍បានគំរាមកំហែងដល់សន្តិសុខហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិក និងបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្ថិតក្នុងស្ថានភាពទាសករសម័យទំនើប។វិទ្យាស្ថា​​នសន្តិភា​ព​សហរដ្ឋអាមេរិក មានមនុស្សប្រមាណ ៣សែននាក់មកពីប្រទេសជាច្រើនត្រូវបានបង្ខំ និងទាញឱ្យចូ​លទៅក្នុងបណ្តាញឆបោកអនឡាញខុសច្បាប់នៅក្នុងតំបន់នេះ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍