ព័ត៌មានស៊ីជម្រៅ៖ពលរដ្ឋស្រុកភ្នំស្រួចនៅក្បែរទីតាំងកាយភ្នំយកថ្មត្អូញត្អែរពីផលលំបាកនៃការប្រែប្រួលអាកាសធាតុ​

ពលរដ្ឋរស់នៅក្បែរទីតាំង ដែលក្រុមហ៊ុនឯកជនកំពុងធ្វើអាជីវកម្មកាយភ្នំយកថ្ម លើកឡើងថាក្នុងរយៈ​ពេ​​លប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាអាកាសធាតុបានប្រែប្រួលខុសប្លែកពីធម្មតា នៅបន្ទាប់ពីភ្នំមួយ​ចំ​នួ​ន នៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តកំពង់ស្ពឹ ត្រូវបានរដ្ឋប្រគល់ឱ្យក្រុមហ៊ុនឯកជន កាយគាស់តាមចិត្ត ដែលករណី​នេះ​​​ធ្វើ​​ឱ្យព​លរដ្ឋរស់​នៅ​​ក្នុង​សហគមន៍ ត្រូវប្រឈមុខនឹងផលលំបាកជាច្រើនរួមទាំងគ្រោះរាំងស្ងួត និង​កា​​​​​រផ្លាស់ប្តូររដូវកាល​មិន​ទៀង​ទាត់ផែមមួយកម្រិតទៀត។

នៅចម្ងាយប្រមាណជាជិត២០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ មាន​ដី​ហ៊ុយ​ត្រលោម​ សំឡេង​ម៉ាស៊ីន​វិល​ឥ​ត​​ឈប់​ឈរ​ និងមានដុំថ្មធំតូចធ្លាក់ចុះមកពីម៉ាស៊ីនវាយថ្មជាបន្តបន្ទាប់ ដែលនេះជា​ទិដ្ឋភាព​នៅ​ការដ្ឋាន​កិន​ថ្ម​ភ្នំ​មួយ​កន្លែង​នៅ​ឃុំ​តាំងស្យា​ ស្ថិតក្នុងភូមិសាស្រ្ត ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ។​

ស្រីវ័យ៤៦ឆ្នាំ សម្បុរស្រអែម ដៃកំពុងបីចៅស្រី អ្នកស្រី ម៉ី សារ៉េម ជា​ពលរដ្ឋ​រស់​នៅ​​ឃុំ​​តាំងស្យា​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ សង្កេតឃើញថា​ ក្រោយ​ពី​មាន​ការ​បាត់​បង់​ផ្នែក​ខ្លះ​នៃ​ភ្នំ​នៅ​តំបន់​នោះ​បាន​ធ្វើ​ឱ្យ​មា​ន​​​បម្រែបម្រួលអាកាសធាតុមួយចំនួនបានកើតមានឡើងនៅទីនោះដូចជា បញ្ហាភ្លៀងធ្លាក់ មិន​ទៀង​ទាត់​ និងមានរដូវរងាខ្លីជាងមុនជាដើម។

អ្នកស្រីបន្តថា៖ «ភ្លៀងអត់ទៀងអត់ទាត់ បើពីមុនភ្លៀងដល់រដូវវាភ្លៀងបានវាភ្លៀង  ដល់ ឥឡូវ ហ្នឹង ភ្លៀអត់ទៀងអត់ទាត់ភ្លៀងក៏ភ្លៀងតិច[] ពីមុនវាអត់សូវក្ដៅ ធាតុអាកាសប្រែប្រួល ជួនកាលក្ដៅឥលូវអត់​​សូវ​​រងាបើពីមុនយើងរងាប៉ុន្មានខែហ្នឹងណាចាស់ពីមុនរងារ៣ខែ៤ខែបានបាត់រងាឥឡូវអត់ផងហ្នឹខែ១១១២យើងចាប់ផ្ដើមត្រជាក់ឥឡូវអត់ផងហ្នឹងត្រជាក់ខ្លាំងណាតែមួយអាទិត្យអីហ្នឹងឈប់ត្រជាក់​​ហើយ»។​

ភ្នំរាំងពេន ដែលស្ថិត​ក្នុងភូមិសាស្រ្តឃុំតាំងស្យា ​កំពុងទទួលរង់នូវការ​វាយ​យក​ថ្ម​មិនឈប់ឈរពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។ហើយសកម្មភាពវាយភ្នំយកថ្មនេះ ​បានបង្ក​ឱ្យ​មាន​ដី​ហ៊ុយជាប្រចាំ និងនាំឱ្យមានការរំ​ខាន​​ជានិច្ចទៅ​​ដល់​ប្រជាពលរដ្ឋ។​អ្នកស្រី ម៉ី សារ៉េម ដែលមានកូន២នាក់ និងចៅម្នាក់នៅក្នុងបន្ទុករូបនេះ និយា​យ​ថា កាលពីមុនភ្នំនេះមានទំហំធំ ហើយ​ខ្ពស់​ជាង​គេ​​ តែ​បច្ចុប្បន្ន​មាន​ការ​វាយ​ភ្នំ​នេះ​យក​ថ្ម​ដែល​ធ្វើ​ឱ្យ​បា​ត់​បង់​​ផ្នែក​ខ្លះ​នៃ​ភ្នំ​រាំងពេន​នេះ​ទៅ​ហើយ។​

ប្រភពបន្តថា៖ «អត់សល់​​អី​​ទេ​​ បើ​​ឥឡូវហ្នឹងចង់អស់ហើយពីមុនខ្ពស់ណាស់ណាភ្នំហ្នឹង​[ភ្នំរាំងពេន]​ ឥឡូចង់រាបអស់ហើយខ្ពស់ហើយធំទៀតមានតែភ្នំហ្នឹងទេភ្នំរាំងពេនហ្នឹងខ្ពស់ជាងគេ»។​

ហាក់មិនខុសគ្នាទេ អ្នកស្រី សុខ នី ដែលមានសមាជិកគ្រួសារ៤នាក់ នៅក្នុងបន្ទុក និយាយ​ថាកា​ល​ពី​​ព្រៃ​​ឈើនៅក្រាស់ និងដុះហ៊ុំព័ន្ធជុំវិញភ្នំច្រើន គឺមិនសូវកើតមាន​គ្រោះ​ធម្មជាតិញឹកញាប់ ដូចនៅពេល​នេះ​​​​ទេ។ប៉ុន្តែ​​ក្រោយ​ពីក្រុមហ៊ុនឯកជន ធ្វើអាជីវកម្មកាយភ្នំយកថ្មមក គឺបានបំផ្លាញអស់ប្រភេទព្រៃ​រ​បោះ​​​​ដែ​លដុះព័ទ្ធជុំវិញភ្នំ និងជីវៈចម្រុះដែលមានគ្រប់ប្រភេទ អាស្រ័យនិងភ្នំថ្មលាក់នេះ​។ហើយផ្នែ​កខ្លះ​ទៀ​ត ក៏ត្រូវបាត់បង់ទៅតាមហ្នឹងដែរ ដែលជំរុញឱ្យ​មានការ​ប្រែ​ប្រួ​លអាកាសធាតុមិនឈប់ឈរ រហូតមក​ដ​ល់​សព្វថ្ងៃ​នេះ ដូចជាភ្លៀងលែងទៀងទាត់ និងគ្មានរដូវកាលពិតប្រាកដជាដើម​​​។

ប្រភពបន្តថា៖«ភ្លៀងកាលមុនអត់សូវមានខ្យល់កន្ត្រាក់អីទេ តែឥឡូវវាមាន។ ភ្លៀងអត់សូវទៀងទាត់ដែរ បើ ត្រូវការព្យុះហ្នឹង ព្យុះមកបាត់អត់ អត់ទៅតាមធម្មជាតិដូចពីមុនក៏អត់សូវមាន»

អ្នកភូមិនិយាយថា ភ្នំថ្មលាក់ ដែលនៅមិនឆ្ងាយប៉ុន្មានពីភ្នំរាំងពេន ដែរនោះ គឺភ្នំទាំងពីរនេះ ពួកគេ​ពុំ​​អា​ច​​ចេញចូល ដោយសេរី​ទៅប្រមូលអនុផលដូចជាកាប់ឈើយកអុសដាំស្លជាដើម បានដូចមុ​នទៀ​ត​ហើ​​យ។ម្យ៉ាង​វិញ​​ទៀ​ត មុខរបរប្រពៃណីរបស់ពួកគេ ដូចជាវាយថ្មភ្នំជាលក្ខណៈគ្រួសារ តាំងពីយូរលង់​ណា​​​ស់មកហើយ ក៏មិនអា​ច​​ធ្វើ​​​បាន​ដូចមុនទៀតដែរ។បច្ចុប្បន្ន ដោយមើលឃើញភ្នំទាំងពីរដែល​ស្ថិត​នៅ​​​​​​ក្នុងភូមិសាស្រ្តឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចេះតែបន្តរឹចរិលទៅៗ ហើយគួបផ្សំការងា​រ​​នៅ​​តាមរោងចក្រ ក៏សំបូរ អ្នកភូមិត្រូវបង្ខំចិត្តបោះបង់មុខរបរបែបប្រពៃណីនេះអស់ទៅហើយ។

ជុំវិញនឹងគ្រោះមហន្តរាយ នៃការបម្រែបម្រួលអាកាសធាតុនេះ របាយការណ៍ស្រាវជ្រាវរបស់អង្គការ We​tl​​ands International South Asia និង​សាកល​វិទ្យាល័យ​​ ​Ut​recht University​ នៅ​ប្រទេស​ហូឡង់​ ដែល​ចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២០ ទាក់ទង «ហានិភ័យបរិស្ថាននៃការជីកយកថ្ម និងការអនុវត្តជាប្រព័ន្ធសម្របខ្លួនសម្រាប់ផែនការគ្រប់គ្រងបរិស្ថាន » ​រក​ឃើញ​ថា​ សកម្មភាពនៃការវា​យថ្មភ្នំបែ​ប​នេះ​​ នឹង​ធ្វើ​​ឱ្យ​ប៉ះពាល់ដល់បរិស្ថាន ទោះបី​ជា​បច្ចេកវិទ្យា​នៃ​ការ​វាយ​យក​ថ្ម​ទាំង​នោះ​មានភាព​ទំនើប​យ៉ា​ង​​​ណា​ក៏​ដោ​យ។​ ការសិក្សាស្រាវជ្រាវដដែលបង្ហាញថា ​ការ​វាយ​យក​ថ្ម​ភ្នំនេះ ​​ធ្វើ​ឱ្យ​មាន​ការផ្លាស់ប្តូរទ្រង់​ទ្រា​យដី និងរចនាសម្ព័ន្ធប្រើប្រាស់ដី និងបាត់​បង់​​ជម្រកនៃជីវចំរុះ ការបង្កដីហ៊ុយ សំឡេងរំខាន រំញ័រ និង  ការសឹ​ករិ​ក​រិ​ល​ជា​​ដើ​ម​។

ដោយឡែក អ្នកស្រី ផុន ណាវី មានមុខរបរជាអ្នកលក់ដូរ​នៅភូមិក្រាំងខ្ជាយ នៃឃុំ​តាំងស្យា​ ស្រុក​ភ្នំស្រួច​ បានប្រាប់ថា នៅតំបន់អ្នកស្រីរស់នៅមានការវាយថ្មភ្នំបែបជាលក្ខណៈគ្រួសារ​នេះ មុនកំណើតអ្នកស្រី​ទៅទៀ​ត។ប៉ុន្តែជាង១០ឆ្នាំកន្លងទៅ សកម្មភាពនៃការ​វាយភ្នំយកថ្ម​បែបនេះ​​​ ត្រូវជំនួសដោយគ្រឿង​ម៉ា​ស៊ី​​​ន ពីសំណាក្រុមហ៊ុនឯកជនវិញទៅហើយ។ស្ថិតក្នុងវ័យ៤៦ឆ្នាំ ស្រ្តីរូបនេះ និយាយថាសព្វថ្ងៃ បន្ទាប់ពី​ភ្នំ​ត្រូវវាយកម្ទេច ក្រោមរូបភាពធ្វើអាជីវកម្មបាន​ធ្វើឱ្យ​ដើមឈើ​នៅជុំ​វិ​ញ​​​ភ្នំ និងផ្នែកខ្លះនៃភ្នំ​ត្រូ​វក្លាយជាទី​វាលរហោឋាន​។មិនត្រឹមតែប៉ុណ្ណឹងទេ ការបាត់បង់ធនធម្មជាតិដែលធ្លាប់មាននៅនឹងភ្នំទាំងនោះ បាន​បង្ក​​ទៅជាគ្រោះរាំងស្ងួត ឡើងកម្ពៅខុសធម្មតា។ជាពិសេសជាងនេះទៀត គឺការផ្លាស់ប្តូររដូវកាល​លែង​ទៀង​ទា​ត់ ដែលធ្វើឱ្យរបបទឹកភ្លៀង ម្តងមានម្តងអត់។កក្តានេះ នាំឱ្យកសិករត្រូវជួបផលលំបាកមួយ​កម្រិតប​ន្ថែម​ទៀត ព្រោះតែពួកគេធ្វើស្រែចម្ការ មិនសូវបានផលដូចមុនទៀតឡើយ។

ប្រភពបន្តថា៖ «ឥឡូវវាប្រែប្រួលក្ដៅជាងមុនណាអូន វាអត់សូវមានដើមឈើធំៗដូចមុន អាកាសធាតុប្រែប្រួល​​​ជាងមុនអូនឯងមើលថ្នើថ្នឹងក្ដៅបាត់ហើយ បើពីមុនមេឃខែហ្នឹងអត់សូវក្ដៅប៉ុន្មានដែរទេ​[…​]​ឡូវនេះអត់ទេ ខែប្រាំងក៏ភ្លៀង ខែនេះក៏ភ្លៀងដែរ បើពីមុនដឹងខែវស្សាភ្លៀង ដល់ពេលឥឡូវអាប្រាំងក៏ភ្លៀ អាវស្សាក៏វាទឹកលិចអស់ហើយ»

ភ្នំធម្មជាតិ មិនមែនមានតែ២ទីតាំងដែលស្ថិតនៅក្នុងឃុំតាំងស្យាមួយនេះទេ ដែលកំពុងទទួលការ​បំផ្លិច​បំ​ផ្លា​ញ​ ពោលមានតំបន់ផ្សេងទៀត នៅក្នុងខេត្តកំពង់ស្ពឺនេះ ក៏មានស្ថានភាពមិនខុសគ្នាប៉ុន្មានដែរ។​តា​ម​រយៈកា​រផ្តល់បទសម្ភាសន៍ ពីពលរដ្ឋនៅក្នុងសហគមន៍ បានបដិសេធថា ពួកគេមិនដែល​ដឹង​ថា​តើ​ក្រុម​ហ៊ុន ដែលកំពុងធ្វើអា​ជីវកម្មវាយ​ភ្នំ​យ​​ក​ថ្មនេះ ជាកម្មសិទ្ធិរបស់អ្នក​ណានោះទេ។

ហើ​យម្យ៉ាងវិញទៀ​ត អា​ជ្ញា​​ធរ​ពាក់ព័ន្ធរួមទាំង អាជ្ញាធរឃុំក៏​​​ពុំដែលបានជូនដំណឹង ឬមានការចុះសិក្សាពី​ហេតុប៉ះពា​ល់​បរិ​ស្ថា​ន និង​សង្គមម្តងណាដែរ មុននឹ​ង​ដា​ក់​គំ​រោ​ងធ្វើអាជីវកម្មនេះ។ប៉ុន្តែ គេសង្កេត​ឃើញ​ផ្ទាំ​​ងពាណិ​ជ្ជកម្ម ដែ​ល​​គេ​ដា​ក់​នៅនឹងមុខផ្លូវចូលទៅការរដ្ឋានថ្ម គឺមានឈ្មោះ ជាក្រុមហ៊ុនចិន។​មុនទៅ​ដ​ល់​គោលដៅ នៃភ្នំរាំង​ពេ​ន និងភ្នំថ្មលាក់ ដែលស្ថិតនៅក្នុងឃុំតាំងស្យានេះ គឺអក្សរធំៗ នៅលើផ្ទាំ​ងប៉ា​ណូ អក្សរចិនអមដោ​យ​​អ​ក្ស​រខ្មែរ​ដាក់ថា រោងចក្រិនថ្ម​ស៊ុយ​តាយ ដែលជាក្រុមហ៊ុនរបស់ចិន កំពុងធ្វើ​សក​ម្ម​ដឹក​ជញ្ជូន និង​គា​ស់​​​កា​យថ្ម គគ្រឹកគគ្រេង។

ឆ្លើយតបបញ្ហានេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ថា ក្រសួងសាម៉ី​តែង​តែ​ស​ហ​ការជាមួយក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជានិច្ច ដោយតម្រូវឱ្យក្រុមហ៊ុនដែលធ្វើអាជីវកម្មវាយថ្មភ្នំទាំងអស់ ត្រូវ​​សិក្សាជាមុនពី​តម្លៃ នៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និងសង្គម​មុន​នឹង​ដំណើរការអាជីវកម្ម។

លោកបន្តថា៖ «ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នេះ​យើង​គិត​គ្រប់​ជ្រុងជ្រោយ​ ទាំង​បរិស្ថាន​នៅ​ជុំវិញ​តំបន់​អាជីវកម្ម​ ក៏​ដូច​ជា​សុខភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ […]ក្នុង​នោះ​យើង​ធ្វើម៉េ​ចកា​រ​គ្រ​​ប់គ្រងគុណភាពខ្យល់ ជាពិសេសអាការហ៊ុយធីលី[…]សំឡេង រំញ័រ ដែល​កើត​ចេញ​ពី​អាជីវកម្ម ក្នុង​ការ​ធ្វើ​កា​​របំ​ផ្ទុះ ការកិន ការដឹកជញ្ជូនថ្មអីជាដើម។ទី២ យើងធ្វើម៉េចឱ្យគាត់​មាន​ប្រព័ន្ធក្នុង​ការ​គ្រប់​គ្រង​ការដ្ឋា​នឱ្យ​បា​ន​ត្រឹមត្រូវ ដូចជាយើងសាងសង់ប្រឡាយព័ទ្ធជុំវិញ ដាំដើមឈើ ហើយ​ធ្វើម៉េច​ការពារ​គុណភាព​ទឹក​នៅ​ក្បែ​រហ្នឹ​​​ង​ឬក៏ដី​ស្រែចំការរបស់ប្រជាជនធ្វើ​ម៉េចកុំឱ្យមានផលប៉ះពាល់[​…]យើងគិតគូរពីសុខ​ភាពសុវ​ត្ថិភា​ពរប​ស់ក​ម្មក​រនិយោជិក ហើយនិងប្រជាពលរដ្ឋដែលរស់នៅជុំវិញ​គម្រោង»។​

​​បើតាមលោក ខ្វៃ អាទិត្យា ប្រសិនបើករណីក្រុមហ៊ុនធ្វើអាជីវកម្មវាយថ្មភ្នំមិន​គោរពតាមការណែ​នាំ​របស់​ក្រ​សួ​ង​​​បរិស្ថាន និងស្ថាប័នពាក់ព័ន្ធ និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន នោះក្រសួង​នឹងចាតវិធានការ​ចំពោះ​ក្រុមហ៊ុ​ន​​ទាំ​ង​នោះ ហើយអាចឈានដល់ការបិទអាជីវកម្ម​ករណីក្រុមហ៊ុនទាំងនោះនៅតែ​មិនគោរពតាមការ​ដូចដែ​ល​មា​​​​ននៅក្នុងកិច្ចសន្យា។

ហាក់មិនខុសគ្នាទេ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ប្រាប់គេហទំព័រ Press Start Cam​b​o​d​i​a កាលពីថ្ងៃទី៣០ ខែឧសភា​ ​ថា​ ការ​វាយ​ថ្មភ្នំនេះនឹងមិនធ្វើឱ្យមានផលអាក្រក់ចំពោះសង្គម និងបរិ​ស្ថា​ន​ទេ​។លើសពីនេះទៀតសព្វថ្ងៃនៅកម្ពុជាមានតម្រូវការថ្មជាចាំបាច់សម្រាប់ការអភិវឌ្ឍន៍តែយ៉ាងណា លោ​ក​​​ថារដ្ឋបា​លខេត្តកំពង់ស្ពឺបា​នព្យាយាមកាត់ប​ន្ថយនូវផល់ប៉ះពាល់​នានាពីការវាយ​ថ្មភ្នំនេះ មិនធ្វេស​ប្រ​​ហែ​​​សម្ត​ងណាឡើយ។

លោកបន្តថា៖ «អូ!​ ពាក់ព័ន្ធជាមួយនិងការវាយថ្មភ្នំដូចវាមិនទាក់ទងនឹងបម្រែបម្រែលអាកាសធាតុណាទេ​​អូន ។​អូនឯងដឹងហើយពាក់ព័ន្ធជាមួយនិងការអភិវឌ្ឍន៍យើងសព្វថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជាហ្នឹងយើងត្រូវការណាស់សម្រប់ថ្មសម្រប់អីហ្នឹងដែលធ្វើការអភិវឌ្ឍន៍ណា។អ៊ីចឹ​​​ហើយក្នុងនាមរដ្ឋបា​​ខេត្តហ្នឹងយើងត្រូវតែខិតខំប្រឹងប្រែងណាស់ធ្វើយ៉ាងម៉េចដើម្បីយើងទី១គឺការផ្គត់ផ្គង់ហើយទី២នោះ​​​គឺយើងបញ្ចៀសខាងនូវផលប៉ះពាល់ផ្សេងៗជូនទៅដល់បងប្អូនប្រជាពលរដ្ឋណា»។​

ចំណែកឯ កញ្ញា លាង សុវណ្ណា ជាសកម្មជនបរិស្ថាន បានប្រាប់ថា ការ​វាយ​ភ្នំយកថ្ម​នៅ​ស្រុក​ភ្នំស្រួច​ខេត្ត​កំព​ង់​ស្ពឺ​​នេះ ​ចាប់​ផ្ដើមតាំងពីរូបនាំង នៅកុមារភាពមកម៉្លេះ។ហើយសកម្មភាពបែបនេះ នៅតែបន្តដល់​ពេ​ល​​​បច្ចុប្បន្ន រហូតភ្នំខ្លះប្រែក្លាយទៅជាតំបន់វាលតំនាប់អស់ទៅហើយ។

​កាល​គាត់​នៅ​កុមារ​មក​ម៉្លេះ ហើយ​ការ​វាយ​យក​ថ្ម​ភ្នំ​នោះ​បាន​ដំណើរការ​ជា​បន្តបន្ទាប់​រហូ​ត​​ដល់​ភ្នំ​មួយ​ចំនួ​ន​​បាន​រាប​ទៅ​ហើយ។​លើសពីនេះទៅទៀត អ្វីដែលជាក្តីបារម្ភនោះ គឺនៅត្រង់ថា ការវាយយកថ្ម​ភ្នំនេះ​បា​ន​បង្ក​ផលប៉ះពាល់ទាំងបរិស្ថាន និងសង្គមធ្ងន់ធ្ងរ ដែលនាំឱ្យមានផលវិបាកទៅដល់ប្រព័ន្ធអេកូឡូស៊ី រួមទាំងការបាត់បង់ទីជម្រកសម្រាប់សត្វព្រៃក្នុងតំបន់ និងបណ្តាលឱ្យមានការ​កើនឡើងនូវសំណឹក និងការផ្លា​ស់ប្តូរទម្រង់ប្រព័ន្ធបង្ហូរទឹក ដែលអាចមានផលប៉ះពាល់រយៈពេលវែងដល់បរិស្ថានថែមទៀត។

បើទោះជាបែបណា គេរកមិនឃើញពីទិន្នន័យ ដែលរដ្ឋត្រូវទទួលបានចំណូល ពីការបង់ពន្ធនៃអា​ជីវកម្ម​កា​យ​ភ្នំយកថ្មនេះទេ។មិនថាតែខេត្តកំពង់ស្ពឺឡើយ។សូម្បីតំបន់ដទៃទៀត ដែលក្រុមហ៊ុនធ្វើអាជីវកម្មថ្ម នេះ​គឺមិន​ដែ​​ល​ឃើញរដ្ឋាភិបាល បញ្ចេញទិន្នន័យ ឬតួលេខថ្មីណាមួយ​ពីចំណូលដែលបា​នមក​ពីកា​រ​ប​ង់​​ព​ន្ធ កាយ​ភ្នំ​នេះ​ដូច​គ្នា​ដែរ។ប៉ុន្តែ បើគេពិនិត្យទៅលើទិន្នន័យ កាលពី៥ឆ្នាំមុន បង្ហាញថា ​ក្រុមហ៊ុន ឆាយណា ស៊ុយ តាយ រ៉ក់ ហ្វេកធើរី ដែលអនុវត្តគំរោងស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិ​ក្រាំង​ខ្ជាយ ឃុំ​តាំងស្យា ស្រុ​ក​​​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺនេះ ក្រុមហ៊ុនមិនត្រឹមតែសន្យាឱ្យបានពីការអនុវត្តតាមគោលការណ៍ច្បាប់ តា​ម​​​រ​យៈ​ការសិក្សាពីហេតុប៉ះពាល់បរិស្ថាន និងសង្គមទេ។កិច្ចសន្យានេះ ក្រុមហ៊ុន ឆាយណា ស៊ុយតាយ ក៏​រដ្ឋ​ប​ង្គាប់ឱ្យផ្តល់ចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ និងសួយសារអាករបន្ថែមទៀតដែរ។

គេហទំព័រ Press Start Cambodia មិនអាចស្នើសុំការបំភ្លឺជុំវិញរឿងនេះ ពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រ​សួង​រ៉ែ និងថាមពល និងលោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ បានទេដោយទូរស័ព្ទពុំអាចទាក់ទងបាន។

យ៉ាងនេះក្តី លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិ​វឌ្ឍន៍ លោកទទួលស្គាល់ថា​ថ្មភ្នំពិតជាមានសារៈសំខាន់សម្រាប់ការអ​ភិវត្តន៍ហេដ្ឋារចនាស​ម្ព័​ន្ធ​​​​​ស​ង្គម​​ដូ​ច​​ជា​​ផ្លូ​វថ្នល់ និងសំណ​ង់​អា​គារ​ផ្សេងៗជាដើម។ប៉ុន្តែស្របពេលដែលរ​ដ្ឋផ្តល់សិទ្ធិឱ្យវិស័យឯ​ក​ជ​ន ទាញយកធនធានធម្មជាតិទាំងនោះ ទៅប្រើប្រាស់គួរសិក្សាឱ្យបានល្អិតល្អន់ ទៅលើផល​ប៉ះពា​ល់​បរិស្ថាន និងសង្គមឱ្យបានដិតដល់ផង។ជាពិសេស ត្រូវគិតគូរឱ្យបានហ្មត់ចត់​​ចំ​​ពោះ​​​ពល​រដ្ឋ​​ដែលនៅ​តំ​​បន់​ជុំវិញការរដ្ឋានបំផ្ទុះយកថ្មភ្នំ។

លោកបន្តថា៖«រដ្ឋអំណាចក៏គួរតែយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់ថែមទៀតទៅដល់សុខុមាលភាពរបស់ប្រជា​​ពលរដ្ឋដែលគាត់រស់នៅជិតទៅនឹងការដ្ឋានទាញយកថ្មភ្នំដោយសារមានការបំផ្ទុះម្ដងៗវាអាចនឹងធ្វើឱ្យរំជួយឬក៏ប៉ះពាល់ទៅដល់សំណង់គេហដ្ឋានក៏អាចទៅដល់ហេដ្ឋារចនាសម្ព័ន្ធវត្តអារាមក្នុងតំបន់​​ផងដែរកម្លាំងរំជួយរបស់ម៉្សៅ ​TNT ហើយម៉្យាងវិញទៀត ផលប៉ះពាល់ចំពោះ​បរិស្ថានក៏​យើងគួ​រតែ​គិ​​តគូរ ជាពិសេសត្រូវតែបើកទូលាយនូវរាល់ឯកសារពាក់ព័ន្ធទាំងអស់មិនថានៅលើ​ website​ ក៏ម​ធ្យោ​បាយសាធារណៈដទៃណាទៀតដែលធានាបានថាអ្នកសិក្សាស្រាវជ្រាវអង្គការសង្គមស៊ីវិលប្រជា​ព​ល​​រដ្ឋគឺយើងអាចចូលទៅមើលនូវរាល់ឯកសារសំខាន់ៗពាក់ព័ន្ធនឹងអស់នោះ»។​

ត្រឡប់ទៅអ្នកស្រី សារ៉េម វិញ អ្នកស្រីចង់ឱ្យភាគីពាក់ព័ន្ធជួយកា​រពារកុំឱ្យបាត់បង់ភ្នំនៅតំបន់ដែ​លអ្នក​ស្រី​​រស់​​នៅ ព្រោះអ្នកស្រីយល់ថា កាលណាបាត់បង់ភ្នំទៅអាចនឹង​បណ្ដាលឱ្យមានគ្រោះធម្ម​ជាតិកើត​ឡើ​ង​​។

អ្នកស្រីនិយាយថា៖ «ចង់ឱ្យគេជួយរក្សាទុកហ្នឹងណា អត់ចង់ឱ្យបាត់បង់ភ្នំ។ យើងតែបាត់បង់ភ្នំអស់ ចា​ប់​​​ផ្ដើម​មាន​រំជួយ​ដី​មាន​អី​ចឹង​ណា ​ខ្យល់ព្យុះខ្យល់អីចឹងទៅ ខ្យល់កន្ត្រាក់»

អត្ថបទគួរឱ្យចាប់អារម្មណ៍