មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងថា ករណីជួញដូរមនុស្សក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ៤០ភាគរយ ដែលជាតួលេខមួយគួរឱ្យកត់សម្គាល់ ខណៈជនជាតិខ្មែរជាង ៦០នាក់ ដែលត្រូវបានបោកបញ្ឆោតទៅធ្វើការនៅប្រទេសចិន ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ និងនាំត្រឡប់មកវិញ។
ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១១ ដែលធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស សុខា បានលើកឡើងថា បញ្ហាជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ កំពុងក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរនៅក្នុងយុគសម័យឌីជីថល។ តួយ៉ាង ក្នុងឆ្នាំ២០២៥ លោកថា សមត្ថកិច្ចជំនាញបានជួយសង្គ្រោះពលរដ្ឋខ្មែរដែលចាញ់បោកគេ ទៅធ្វើការនៅប្រទេសចិនបានចំនួន ៦៥នាក់។
លោកថា៖ «នៅក្នុងឆ្នាំ២០២៥ យើងបានជួយសង្គ្រោះជនជាតិខ្មែរដែលបានចាញ់បោកគេទៅធ្វើការនៅប្រទេសចិនបានចំនួន ៦៥ នាក់ និងបាននាំពួកគេត្រឡប់មកផ្ទះវិញ។ យើងមិនដឹងថាមានប៉ុន្មានរយនាក់ទៀតទេដែលកំពុងតែនៅក្នុងប្រទេសនោះ ដែលកំពុងស្រែកឱ្យមានការគាំទ្រក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ » ។
ដោយឡែក យុទ្ធនាការបង្ក្រាបការឆរបោកតាមប្រព័ន្ធអនឡាញ លោក ស សុខា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ មានជនបរទេសសរុបប្រមាណ ២១ ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញពីកម្ពុជា ខណៈជាង ៣ ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ និងបញ្ជូនត្រឡប់ទៅប្រទេសដើមកំណើតវិញ។
លោកបានបន្ថែមថា៖ «រាជរដ្ឋាភិបាលបានធ្វើការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ សុវត្ថិភាពសង្គម សន្តិសុខជាតិឲ្យនៅឋិតថេរ ដោយលុបបំបាត់ឱ្យបានដាច់ខាតនូវរាល់ភាពអសកម្មនានា ព្រមទាំងការពារជនបរទេសទាំងឡាយដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាឱ្យមានសុវត្ថិភាពនៅទូទាំងប្រទេស» ។
ក្នុងទិវានោះដែរ អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា បើតាមរបាយការណ៍របស់គណៈកម្មាធិការនេះ ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានរកឃើញ និងបង្ក្រាបករណីជួញដូរមនុស្សចំនួន ១២៨ ករណី ដែលកើនឡើង ៣៧.៣៧% ធៀបទៅនឹងឆ្នាំចាស់។
លោកស្រីបញ្ជាក់ថា អំពើជួញដូរមនុស្សទាំងនេះ បង្ក្រាបបានចំនួន ១២៨ករណី ឃាត់ខ្លួនជនសង្ស័យ ២០៩ នាក់ ក្នុងនោះមានជនបរទេស ១៧ នាក់ដែលមានពីរសញ្ជាតិ និងសង្គ្រោះជនរងគ្រោះបានចំនួន ៦០៩ នាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បន្តថា បញ្ហាភៀសសឹកតាមព្រំដែនកម្ពុជា–ថៃ ក៏ក្លាយជាកត្តាបង្កភាពងាយរងគ្រោះបន្ថែម ដោយប្រជាពលរដ្ឋមួយចំនួន ត្រូវចាកចេញពីលំនៅឋានដើម្បីគេចចេញពីការប្រឈមអាវុធ។
លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការអូសទាញពីមេខ្យល់ និងបណ្តាញជនល្មើស ដែលប្រើប្រាស់ស្ថានភាពមិនស្ថិតស្ថេរនេះ ដើម្បីកេងប្រវ័ញ្ចតាមច្រករបៀងខុសច្បាប់ ឬការងារមិនច្បាស់លាស់នៅក្រៅប្រទេស។
លោកស្រីបានសង្កត់ធ្ងន់ថា៖ «យើងបានយកចិត្តទុកដាក់អប់រំណែនាំឲ្យប្រុងប្រយ័ត្នពីការអូសទាញដោយមេខ្យល់ ឬបណ្ដាញជនល្មើសដើម្បីកេងប្រវ័ញ្ច ដូចជា ការនាំចេញទៅក្រៅប្រទេសតាមច្រករបៀងដែលប្រកបដោយគ្រោះថ្នាក់ ឬការអូសទាញដោយប្រថុយប្រថានទៅរកការងារដែលមិនច្បាស់លាស់ជាដើម» ។
ចំណែក លោក ថុង ម៉េងដាវីត អ្នកវិភាគ និងសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានកត់សម្គាល់ថា ការកើនឡើងនៃអត្រាជួញដូរមនុស្សនេះ អាចបណ្ដាលមកពីកត្តាជាច្រើន រួមមាន កំណើនទេសចរណ៍ និងការកើនឡើងនៃអត្រាការឆរបោក និងការជួញដូរមនុស្សជាសកល។
លោកបានសង្កត់ធ្ងន់ថា៖ «នេះមិនមែនជាបញ្ហាសម្រាប់តែប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេសជិតខាង និងប្រទេសក្នុងតំបន់ក៏ជួបប្រទះមិនកើតកើនឡើងការជួញដូរមនុស្ស មានការឆរបោកអនឡាញដែរ» ។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគរូបនេះ យល់ឃើញថា វាជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំ២០២៦នេះ ដោយសារតែរាជរដ្ឋាភិបាលបានជំរុញយ៉ាងពេញទំហឹង ទៅលើការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ ក៏ដូចជាទប់ស្កាត់ការជួញដូរមនុស្ស។ យ៉ាងណា លោកជំរុញដល់រដ្ឋាភិបាល ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងការចូលរួមក្នុងអនុសញ្ញាអន្តរជាតិថ្មីៗ ជាជំហានសំខាន់ ក្នុងការកែលម្អប្រព័ន្ធច្បាប់ជាតិ និងពង្រឹងយន្តការប្រឆាំងឧក្រិដ្ឋកម្មឌីជីថល។
លោកបន្តថា៖ «យើងខិតខំផ្ទៃក្នុងហើយ ប៉ុន្តែទន្ទឹមនឹងនេះយើងក៏សហការជាមួយអន្តរជាតិដែរ ដែលនឹងនាំឲ្យការជួញដូរមនុស្សនេះត្រូវបានកាត់បន្ថយកាន់តែច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជា បានពង្រឹងការអនុវត្តច្បាប់ និងសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់បណ្តាញបោកប្រាស់តាមអនឡាញ ដែលមានឥទ្ធិពលឆ្លងព្រំដែន» ។
គួរបញ្ជាក់ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានរដ្ឋាភិបាលប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងការពារប្រជាពលរដ្ឋកម្ពុជា និងជនបរទសគ្រប់រូប ដែលបាននិងកំពុងស្ថិតនៅកម្ពុជាឱ្យរស់នៅប្រកបដោយសុវត្ថិភាព ភាពរីករាយ កក់ក្តៅ និងគ្មានការបារម្ភពីអំពើជួញដូរមនុស្ស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (Digital Era)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
ប្រភពដដែល បន្តថា ទិវានេះ ក៏ចង់បង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋពាក់ព័ន្ធដទៃទៀត ដើម្បីកម្ពុជា មានសុវត្ថិភាព ភាពរីករាយ និងអភិវឌ្ឍន៍៕

