អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch-HRW) បានលើកឡើងថា ពលករខ្មែរជាច្រើននាក់ ដែលត្រឡប់មកពីប្រទេសថៃ កំពុងខ្វះការគាំទ្រ និងរងសម្ពាធបំណុល ប៉ុន្តែមន្ត្រីក្រសួងការងារ បានច្រានចោលការលើកឡើងនេះ ដោយថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ឱកាសការងារជាច្រើនកន្លែង និងវគ្គបណ្តុះបណ្តាលជំនាញដល់ពលករទាំងនោះ។
នៅក្នុងរបាយការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលបានចុះផ្សាយនៅពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលកម្ពុជាថា កំពុងតែបរាជ័យនៅក្នុងការផ្ដល់កិច្ចគាំពារ ទៅដល់ពលករខ្មែររាប់សែននាក់ ដែលកំពុងជំពាក់បំណុលវ័ណ្ឌក ក្រោយត្រឡប់មកពីប្រទេសថៃ ដោយសារបញ្ហានៅតាមព្រំដែន។
របាយការណ៌នោះ បន្តថា៖ «រដ្ឋាភិបាលកម្ពុជា មិនអាចធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការរស់នៅដោយសមរម្យ ជាហេតុបណ្ដាលឲ្យគ្រួសារជាច្រើនត្រូវជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ។ រដ្ឋាភិបាលគួរតែអនុវត្តតាមការសន្យារបស់ខ្លួន ក្នុងការស្វែងរកការងារសម្រាប់អ្នកដែលវិលត្រឡប់មកពីថៃវិញ និងអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីការពារប្រជាជនកម្ពុជាទាំងអស់ ពីការអនុវត្តការទារបំណុលបែបឃោរឃៅ»។
បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស របាយការណ៍នេះ ផ្អែកលើបទសម្ភាសន៍ជាមួយអតីតពលករខ្មែរចំនួន ៥៦នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានត្រឡប់មកពីប្រទេសថៃ នៅក្នុងអំឡុងខែឧសភា ដល់ខែកញ្ញា។
ក្នុងចំណោមអតីតពលករទាំងអស់ មួយចំនួនបានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្សថា ពេលដែលពួកគេត្រឡប់មកកម្ពុជាវិញ ពួកគេត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយលើអាហារ និងថ្នាំសង្កូវ ដើម្បីទុកលុយសងបំណុល។ នេះបើតាមការឱ្យដឹងនៅក្នុងរបាយការណ៍ដដែលនោះ។
ជាមួយគ្នានេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានស្រង់ការលើកឡើងរបស់វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបានចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដែលថា ធៀបនឹងចំនួនពលករខ្មែរសរុបជិតមួយលាននាក់ ដែលត្រឡប់មកពីថៃវិញ ក្នុងនោះមានពលករប្រហែលមួយភាគបី គឺមកពីគ្រួសារដែលមានបំណុលចន្លោះពី ៥ ០០០ដុល្លារ ដល់ ៨ ០០០ដុល្លារ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានច្រានចោលការលើកឡើងនេះ ដោយលោកថា របាយការណ៍នេះ មិនឆ្លុះបញ្ចាំងពីការពិត ពីស្ថានភាពជាក់ស្ដែងក្នុងសង្គមកម្ពុជា។
លោកបានប្រាប់ Press Start Cambodia នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកានេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនឲ្យបានដឹងថា ក្នុងចំណោមពលករសរុបដែលបានត្រឡប់មកកម្ពុជាវិញ ក្រសួងការងារបានរកការងារជូនពួកគាត់បានប្រមាណជាង ៤៥ម៉ឺនឱកាសការងារហើយ ដែលពលករអាចរកការងារបាន ទាំងក្នុងវិស័យនិងក្រៅវិស័យ។ […] ជាមួយគ្នានេះយើងមានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទទួលយកមនុស្សចំនួន ១លាន ៥សែននាក់ ដែលគិតមកត្រឹមពេលនេះ ទើបតែមាន ១៤ម៉ឺននាក់បានចុះឈ្មោះស្នើសុំចូលរៀន»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ប្រសិនបើអង្គការឃ្លាំមើលសិទ្ធិមនុស្សពិតជាខ្វល់ចំពោះស្ថានភាពនៅកម្ពុជា គួរតែជួយផ្សព្វផ្សាយឱ្យអតីតពលករចូលរួមរៀនជំនាញវិជ្ជាជីវៈ ដែលរដ្ឋាភិបាលបានរៀបចំជូនពួកគាត់ ដោយមានតម្លាភាព និងបត់បែនតាមតម្រូវការរបស់ពលករ។
លោកបានបញ្ជាក់ថា៖ «ក្រសួងការងារនៅតែទទូចបងប្អូនឲ្យពិចារណាឱកាសការងារនៅក្នុងស្រុក ដែលសម្បូរបែប និងការងារដែលធានាថាពួកគាត់មិនមានហានិភ័យ ប្រើប្រាស់ភាសាដូចគ្នា និងចំណាយតិចជាងការស្នាក់នៅក្រៅប្រទេស»។
លោក ស៊ុន មេសា បានរំលឹកផងដែរថា ក្រសួងការងារដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល បានផ្ដល់ឱកាសការងារជូនទៅដល់ពលករ នៅតាមបន្ទាត់ព្រំដែន នៅតាមទីតាំងមណ្ឌលសុំចត តាំងពីខេត្តបន្ទាយមានជ័យ រហូតទៅដល់ទៅដល់ខេត្តកោះកុង ព្រមទាំងបានពង្រីកនៅទូទាំងប្រទេស។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មានពលរដ្ឋខ្មែរប្រមាណ ៩២ម៉ឺននាក់ បានវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ កំឡុងមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
ប្រធានសហជីពពលកម្មជាតិកម្ពុជា លោក សំ សឿន យល់ថា របាយការណ៍របស់ HRW ហាក់មើលតែមួយជ្រុង និងរិះគន់តាមអារម្មណ៍ ដោយមិនបានមើលសព្វគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់រដ្ឋាភិបាល។
លោកបន្តថា ពលករខ្លះមិនបានចូលទីផ្សារការងារទេ ព្រោះតែពួកគាត់ជាមនុស្សចាស់ វ័យជំទង់ដែលមិនទាន់គ្រប់អាយុ ឬជ្រើសរើសចូលទៅវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា ពាណិជ្ជកម្មតូចៗ ការងារកសិកម្មគ្រួសារ និងការចិញ្ចឹមសត្វជុំវិញផ្ទះ។ គាត់ឱ្យដឹងថា ករណីទាំងនេះមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីផ្លូវការទេ ព្រោះពួកគាត់រកការងារតាមរយៈសាច់ញាតិ មិនមែនតាមក្រសួងការងារនោះទេ។
ប្រធានសហជីពរូបនេះ និយាយថា៖ «ធាតុពិតដែលខ្ញុំនៅក្នុងកិច្ចការវិស័យការងារនេះ ហើយជាពិសេសគឺខាងសហជីព យើងបានចូលរួមជាមួយនឹងក្រសួងការងារ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីសម្របសម្រួលឲ្យបងប្អូនពលករត្រឡប់មកពីប្រទេសថៃមានការងារធ្វើនៅតាមរោងចក្រសហគ្រាសនានា»។
ចំណែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា យល់ឃើញថា នៅពេលដែលកំណើនពលរដ្ឋ ឬពលករខ្មែរដ៏ច្រើនគំហុកត្រឡប់មកពីថៃ ចូលប្រទេសវិញ ក្នុងរយៈពេលដ៏ខ្លីបែបនេះ គឺមិនមែនជារឿងងាយស្រួលទេសម្រាប់រដ្ឋាភិបាល។
លោកក៏បានកត់សម្គាល់ដែរថា ទីផ្សារការងារនៅកម្ពុជាភាគច្រើន មានតែក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលធ្វើឱ្យពលករដែលធ្វើការក្នុងវិស័យផ្សេងៗពិបាកក្នុងការរកការងារធ្វើឱ្យត្រូវនឹងជំនាញ ហើយពួកគាត់ ជាពិសេសមនុស្សប្រុសបានងាកទៅប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ។
លោក អាត់ ធន់ ថ្លែងថា៖ «ការដែលរដ្ឋផ្ដល់ការងារបានឱ្យខ្លះ វាជារឿងដែលល្អហើយ ប៉ុន្តែខ្ញុំគិតថា ដោយសារតែប្រទេសយើងមិនបានត្រៀម ហើយយើងក៏មិនមានការងារឲ្យធ្វើគ្រប់គ្រាន់សម្រាប់ពលករ ដូចនេះវាជៀសមិនផុតទេ។ ជាពិសេសការងារក្រៅតែពីរោងចក្រកាត់ដេរ ហាក់បីដូចជាមិនសូវមានទេ កន្លងមកយើងមើលឃើញ ដោយសារតែមិនសូវមានការងារធ្វើជាពិសេសប្រុសៗតែម្ដង ក៏ចាប់ផ្ដើមរកស៊ីក្រៅប្រព័ន្ធដូចជារត់កង់បីជាដើម[…] ក្រៅពីការងារកាត់ដេរយើងមើលឃើញថា ពលករពិបាកធ្វើការនៅក្នុងការងារកសិកម្ម បើងាកទៅមើលខាងទេសចរណ៍ ទោះបីជាឥឡូវនេះមានភ្ញៀវកើនឡើងតិចតួចក៏ពិតមែន ក៏ឱកាសការងារនៅក្នុងវិស័យនេះនៅតែមានភាពលំបាកផងដែរ» ។
យ៉ាងណា លោកថា អ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើ គឺគិតអំពីកម្លាំងពលកម្មទាំងអស់ បែងចែកការងារទៅតាមប្រភេទ ដូចជា ការងារសម្រាប់ពលករទូទៅ ការងារសម្រាប់ពលករមានជំនាញ និងការងារសម្រាប់ពលករពេញកម្លាំង។
សម្រាប់ លោក រ៉ាង សារ៉ាត់ ជាពលករខ្មែរដែលទើបតែត្រឡប់មកពីប្រទេសថៃ បាននិយាយថា តាំងពីត្រឡប់មកវិញ រូបលោកនៅមិនទាន់អាចរកការងារធ្វើពេញម៉ោងបាននៅឡើយទេ ដោយបច្ចុប្បន្ន លោកបំពេញការងារជាអ្នកដឹកជញ្ជូន នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃជាបណ្ដោះអាសន្ន។
លោកថា៖ «ខ្ញុំត្រឡប់មកវិញដោយសារតែបញ្ហានៅតាមព្រំដែននេះឯង។ ឥឡូវនេះ ខ្ញុំជាអ្នកដឹកជញ្ជូននៅខាងប៉ោយប៉ែត រកការងារមិនស្រួលទេ។ ចំណូលរៀងពិបាកដែរ កាលនៅថៃរកបានគួរសម ប៉ុន្តែទោះម៉េចក៏ដោយ ខ្ញុំអត់ចង់ទៅវិញទេ បើសិនជានៅនេះ រកការងារបានល្អហើយចំណូលរៀងគួរសម»។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មានពលរដ្ឋខ្មែរប្រមាណ ៩២ម៉ឺននាក់ បានវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ កំឡុងមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ៕

