ក្រសួងសុខាភិបាលបដិសេធ​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធនឹងការស្លាប់បុរសជា​ចុងភៅជនជាតិថៃ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រ​កាសព័ត៌មាន​ច្រានចោល​រាល់ការចោទប្រកាន់របស់​បណ្តាញ​សារព័ត៌មានថៃដែល​ថា​ បុរសចុង​ភៅ​​ជន​​ជាតិ​​ថៃម្នាក់​​​បាន​​ស្លាប់​ ក្រោយ​ពី​មន្ទីរ​ពេទ្យ​នៅកម្ពុជា​បដិសេធ​មិន​ព្រមទទួល​ព្យាបាល​។​

ការ​ច្រាន​ចោល​​នេះធ្វើឡើង បន្ទាប់ពី​សារព័ត៌មាន​ Khaosod English របស់​ថៃ​បាន​ធ្វើ​សេច​ក្តី​រាយការ​ណ៍​កា​ល​​ពីថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០​២៥​ ថា បុរសជនជាតិ​ថៃឈ្មោះ​​ METHACHAN YOSENG អាយុ២៤ឆ្នាំ បាន​ស្លាប់នៅ​​តំបន់​ប៉ោយ​ប៉ែត​ក្នុង​ទឹកដី​កម្ពុជាកាល​ពី​រសៀល​​ថ្ងៃអង្គារ​​ បន្ទាប់ពីមន្ទីរ​ពេទ្យ​ក្នុង​ស្រុក​ បដិ​សេធ​​មិន​ព្យាបាល​គាត់​ ដោយសារ​គាត់​គ្មាន​ប្រាក់​ឬឯកសារ​បញ្ជាក់អត្តសញ្ញាណ​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានចុះ​ថ្ងៃទី​៨ ខែ​តុលា​ ឆ្នាំ​២០២៥ ​របស់​ក្រសួង​សុខាភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា តាម​រយៈ​ការពិនិត្យ​ស្រាវជ្រាវ​ជាក់ស្តែង​ និង​ការ​​​ធ្វើ​​កោស​ល្យ​​វិច័យ ​បុរសជនជាតិ​ថៃ​​រូបនេះបាន​​ស្លាប់​​ដោយ​​សារ​គាំង​​បេះដូង ដោយ​មិន​បាន​មក​ទទួល​សេវា​ព្យាបាល​ ឬត្រូវ​បាន​បដិសេធ​ដោយ​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​ មុន​ពេល​ទទួល​មរណភាព​នោះ​ឡើយ​។​

ក្រសួង​សុខាភិបាល​បន្ត​ថា មន្ត្រី បុគ្គលិក​នៅ​គ្រប់មូល​ដ្ឋាន​សុខាភិបាល​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​​ក្រមសីល​ធម៌​វិជ្ជាជីវៈ​ ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិ​ត​អ្នក​ជំងឺ​ដោយ​គ្មាន​ការ​រើស​អើង​ ជាតិសាសន៍​ សាសនាឬនិន្នាការ​នយោបាយ​ណាមួយឡើយ​។​

ជុំវិញ​ករណី​នេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យកាល​ពីថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២៥ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដាច់ដោយ​ឡែក​មួយទៀត​​​ថា សាកសពបុរសចុងភៅជនជាតិ​ថៃ ​ឈ្មោះ METHACHAN YOSENG អាយុ២៤ឆ្នាំ មកពីស្រុក Nakhon Si Tham​ma​rat បានចូលមកធ្វើការនៅប្រទេសកម្ពុជាដោយមិនស្របច្បាប់​ និង​ស្លាប់ដោយ​សារជំងឺគាំង​បេះដូង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ។

រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បានបញ្ជាក់ថា សពរបស់​បុរស​ឈ្មោះ​ METHACHAN YOSENG​ ត្រូវ​បាន​ប្រទះឃើញដេកស្លាប់នៅមុខសំយ៉ាបអគារទុកចោលដែល​គ្មានមនុស្សរស់នៅ ដោយមិនដឹងមូលហេតុច្បាស់ និងមិនបានបញ្ជូនមកមន្ទីពេទ្យ ដើម្បីពិនិត្យ និងព្យា​បាល​​​ឡើយ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍