អភិបាលខេត្តបន្ទាយមានជ័យ​ ប្រាប់​អភិបាល​ខេត្ត​ស្រះ​កែវ​ រង​​​ចាំ​​ដំណោះ​ស្រាយ​ពីJBC ជុំវិញ​ការ​​កំណត់​​ខ្សែ​​ព្រំដែន​​​នៅ​​ឃុំ​​អូរ​​បី​ជាន់

អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់​ទៅកា​ន់​អភិបាល​ខេត្ត​ស្រះ​កែវ​ថៃ បញ្ឈប់​រាល់សកម្ម​ភាព​ដែល​ពង្រីក​ទំហំ​វិវាទ និងបង្កើនភាពតានតឹងនៅព្រំដែន​​ ដោយ​រង​ចាំ​ការ​ដោះ​ស្រាយ​ពី​គណៈកម្មការចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា-ថៃ ជុំវិញការកំណត់ខ្សែបន្ទាត់​ព្រំដែន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈលិខិតមួយចុះថ្ងៃទី០៨ ខែតុលា បានប្រាប់​អភិបាលខេត្ត​ស្រះកែវ​ថៃ​ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវតវ៉ា ជុំវិញការសង់ជម្រកបណ្ដោះអាសន្ន និង​ការប្រមូលផ្ដុំរបស់ពលរដ្ឋខ្មែរនៅតំបន់នោះ គឺស្ថិតនៅភូមិ​ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលពលរដ្ឋកម្ពុជា បានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។

លិខិតដដែល បន្ថែមថា ពលរដ្ឋខ្មែរដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្ដោះ​អាសន្ននោះ គឺជាអ្នកដែលបាត់​បង់ផ្ទះសម្បែង ដោយការរាយបន្លាលួស សំណាញ់ខ្មៅ និង​ដាក់កង់ឡានរបស់កងកម្លាំងថៃ ហើយ​ក៏ភៀសខ្លួនមកស្នាក់នៅទីតាំងនេះ។

លិខិតខាងលើ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ មិនមានសិទ្ធិក្នុងការកំណត់ព្រំដែន ក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណា​រិទ្ធ មានប្រសាសន៍នៅថ្ងៃទី០៩ ខែតុលា​នេះថា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងស្ថានភាពធម្មតា។ លោកបន្តថា មានពលរដ្ឋ​១២គ្រួសារ រស់នៅភូមិទាំងពីរដែលរងផលប៉ះពាល់ដោយថៃរាយបន្លាយលួស បានបន្តដេកយាម ជាមួយពលរដ្ឋមួយចំនួនទៀត​ដែលផ្ទះនៅក្បែរទីតាំងជម្លោះ។

បើតាមលោក លី សុវណ្ណា​រិទ្ធ គ្រួសារដែលរងផលប៉ះពាល់ពីផែនការបណ្ដេញចេញរបស់ថៃ មានចំនួន​២០២​គ្រួសារ ដែលរស់នៅភូមិទាំងពីរ ខណៈភាគីថៃ នៅមិនទាន់​ឆ្លើយតបចំពោះលិខិតរបស់រដ្ឋបាលខេត្ត ដែលបានដាក់ជូនកាលពីថ្ងៃទី០៨ ខែតុលានេះឡើយ។

លោកនិយាយថា៖ «ការត្រៀមខ្លួនក្នុងការការពារប្រជាពលរដ្ឋ​ គឺអាជ្ញាធរនិងកងកម្លាំងដែលប្រចាំការនៅតាមតំបន់ព្រំដែន គឺយើងធ្វើយ៉ាងណារក្សាសន្តិសុខ ​សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នេះជាការត្រៀមរៀបចំរបស់យើង [សម្រាប់ថ្ងៃទី១០ ខែតុលា]»

ប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ដែលត្រូវបានកងកម្លាំងថៃយកបន្លាលួសហ៊ុមព័ទ្ធផ្ទះ អ្នកស្រី ហ៊ូល ម្លិះ និយាយថា នៅថ្ងៃទី១០ខែតុលានេះ ប្រសិនបើកងកម្លាំងថៃ​រុះរើផ្ទះសម្បែងរបស់អ្នកស្រី​នោះ អ្នកស្រីនឹងទម្លុះបន្លាលួសចូលទៅរារាំងភ្លាម។ អ្នកស្រីថា គ្រួសាររបស់អ្នកស្រី មិនព្រម​ចាកចេញតាមការចង់បានរបស់ភាគីថៃនោះឡើយ។

អ្នកស្រីនិយាយថា៖ «ចេញទៅណាទៅ អត់ចេញទេ ខ្ញុំចេញទៅណា បើផ្ទះខ្ញុំដីខ្ញុំ នៅហ្នឹង ដីខ្ញុំមានប្លង់កម្មសិទ្ធិរបស់ខ្ញុំ ខ្ញុំចេញទៅណាតាមពួកវា។ [បើរុះរើផ្ទះខ្ញុំ] ឃាត់ និងទម្លុះបន្លាលួសទៅបណ្ដោយទៅ»។

កាលពីពេលកន្លងទៅ អភិបាលខេត្តស្រះកែវ ថៃ បានកំណត់ពេលឲ្យពលរដ្ឋខ្មែរនៅភូមិ​ព្រៃចាន់ និងភូមិ​ជោគ​ជ័យ​ ចាកចេញពីតំបន់ដែលថៃហៅថា Ban Nong Chan នៃ​ព្រំដែន​ខេត្ត​ស្រះកែវ ត្រឹម​ថ្ងៃ​ទី​១០ ខែ​តុលា។

កាល​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៥​ អាជ្ញា​ធរ​​កម្ពុជា​​ដាក់​​លិខិត​​តវ៉ា​​​ បន្ទាប់ពី​រដ្ឋបាល​​ខេត្ត​ស្រះកែវ​របស់ថៃ ​​ប្រកាស​​​អនុវត្ត​ច្បាប់​អាជ្ញាសឹកថៃ ​​​​លើ​​ពល​រដ្ឋ​​កម្ពុជាដែល​​រស់​នៅក្នុង​​ភូមិ​ជោគជ័យ​និង​ភូមិ​ព្រៃចាន់​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ប្រសិនបើ​ពួកគេ​មិន​ចាកចេញ។

នៅ​ក្នុង​លិខិតនោះ​ រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ អះអាងថា សកម្មភាពនៃការ​លើកបដា​របស់​រដ្ឋបាល​ខេត្ត​ស្រះកែវ​របស់ថៃ ដែលបាន​លើក​បដា​ចំនួន​៦​ផ្ទាំង​ ដោយ​ព្រមាន​ទុក​ពេល​ឱ្យ​អ្នក​ភូមិ​កម្ពុជា​រយៈ​ពេល​១៥​ថ្ងៃ​ ដើម្បីចាកចេញពី​តំបន់​មាន​ជម្លោះ​ខាងលើ​ គឺជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរមកលើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​កម្ពុជា​ ដែល​បាន​កំ​ពុង​​រស់នៅអាស្រ័យ​ផល​ក្នុង​ភូមិ​ទាំង​ពីរ ​​​តាំងពីយូរមកហើយ ​មុន​ពេល​មាន​អនុស្សរណៈនៃការ​យោគ​យល់​គ្នាស្តីពី​ការ​វាស់វែង​ និងខណ្ឌសីមា​ព្រំដែន​គោកកម្ពុជា​-ថៃ​ (MOU 2000) ចូល​ជា​ធរមាន​។​

លិខិត​ដដែលនេះ ​ក៏បាន​បញ្ជាក់ផងដែរ​ថា រដ្ឋបាល​ខេត្ត​ស្រះកែវ «មិន​មាន​សមត្ថកិច្ច​» កំណត់​ព្រំដែន​ និង​អនុវត្ត​ច្បាប់ក្នុងស្រុករបស់​​ថៃមក​លើ​សហគមន៍​កម្ពុជា​ដែល​បាន​និងកំពុង​រស់នៅ​អាស្រ័យផល​​ក្នុង​តំបន់​មិន​ទាន់​មាន​ការកំណត់​ខណ្ឌ​សីមា​ព្រំដែន​រួច​រាល់នោះទេ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា កម្ពុជាគួរស្វែងរកដំណោះស្រាយក្នុងជម្លោះព្រំដែនជាមួយថៃ តាមរយៈយន្តការក្របខណ្ឌអាស៊ាន។ លោកថា ការប៉ះទង្គិច​គ្នារវាងកម្ពុជានិងថៃ បានប្រាស​ចាកទៅនឹងរដ្ឋធម្មនុញ្ញអាស៊ាន និងគោលការណ៍សន្តិសុខ ហើយថា ប្រសិនបើអាស៊ាន​រងការបរាជ័យ ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា ថៃ នោះ ស្ថាប័ននេះនឹងចុះខ្សោយនៅពេលខាងមុខ។

បើតាមអ្នកវិភាគនយោបាយរូបនេះ ការសម្របសម្រួលរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ាន​ប្តូរវេន កន្លង​មក គឺជាដោះស្រាយដោយភាគី​ម៉ាឡេស៊ីផ្ទាល់ ដោយមិនមានការកោះប្រជុំសមាជិក​ទាំងមូលរបស់អាស៊ាន ចូលរួមឈឺឆ្អាលឡើយ។

លោកនិយាយថា៖ «បើសិនយន្តការសហគមន៍សន្តិសុខហ្នឹង​មិនដំណើរការ មិនធ្វើបានទេ វាអាចជះផលមិនល្អសម្រាប់សហគមន៍អាស៊ានខ្លួនឯងដែរ។ នៅថ្ងៃអនាគត អង្គការហ្នឹង មិនរឹងមាំទៀតទេ ប្រសិនបើជម្លោះសមាជិកនិងសមាជិក មិនអាចដោះស្រាយបាន នៅក្នុងក្របខណ្ឌ​អង្គការតំបន់ ពីព្រោះការបាញ់គ្នាហ្នឹង ប្រាសចាកនឹងគោលការណ៍ ធម្មនុញ្ញអាស៊ានហ្នឹងហើយ។ នេះទី១ ជាចំណុចសំខាន់។

កងកម្លាំងកម្ពុជា-ថៃ បានប៉ះទង្គិចគ្នាអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៥ រហូតទាល់តែមានបទឈប់បាញ់ ក្រោមការសម្របសម្រួលពីម៉ាឡេស៊ី និងសហរដ្ឋអាមេរិក។

តែយ៉ាងណា កាលពីថ្ងៃទី​១​២ និង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ កង​កម្លាំង​ប៉ារ៉ាថៃ​ និង​តម្រួត​ព្រំដែន​ថៃ ប្រដាប់​​​ដោយ​អាវុធ បាន​ធ្វើស​កម្មភាព​ចូល​មក​ត្រួត​ពិនិត្យ នៅ​ទល់​មុខ​ច្រក​ជោគ​ជ័យ និង​បាន​រាយ​បន្លា​លួស និង​ដាក់កង់ឡាន នៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ដោយ​ឡែក ​កាលពីថ្ងៃទី០៤ ខែសីហា កងទ័ពថៃក៏បានដាក់ពង្រាយបន្លាលួស​ និងយកគ្រឿងចក្រទៅ​ដាក់​នៅ​តំបន់​អាន​សេះ ខេត្តព្រះវិហារ។ យ៉ាងណា នៅថ្ងៃទី០៥ ខែសីហា ក្រោយកងទ័ព​ប្រចាំ​តំបន់​កម្ពុជា-ថៃ បានជួបពិភាក្សានិ​ង​ចរចា​គ្នា បន្លាលួសទាំងនោះ ក៏ត្រូ​វបា​ន​រុះ​រើ​ ហើយ​គ្រឿង​ចក្រ​ថៃ​ ក៏ត្រូវបានផ្អាកធ្វើសកម្មភាព៕

អត្ថបទគួរឱ្យចាប់អារម្មណ៍