តំបន់មាត់ទន្លេ គឺជាទីប្រជុំជនដ៏ស្រស់ស្អាតនិងមានភាពទាក់ទាញមួយ នៃរាជធានីភ្នំពេញ ដែលប្រមូលផ្តុំដោយទស្សនីយភាពដ៏គួរឱ្យចង់គយគន់និងសម្បូរដោយភ្ញៀវទេសចរ អាគារខ្ពស់ៗ ការិយាល័យ ហាងទំនើប និងសណ្ឋាគារប្រណិតៗ អមដោយទន្លេបួនមុខប្រសព្វគ្នាមានទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោមនិងទន្លេបាសាក់ ប៉ុន្តែបើគេក្រឡេកមើលជ្រុងម្ខាងនៃដងទន្លេមេគង្គដែលនៅទល់មុខនោះ គេនឹងឃើញមានសហគមន៍នេសាទតូចមួយបន្តរស់នៅយ៉ាងសាមញ្ញនិងស្ងៀមស្ងាត់ ដោយយកទូកធ្វើជាផ្ទះ និងប្រកបរបរនេសាទ ដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ។

ទូកតូចធំត្រូវបានតំរៀបបន្តគ្នានៅតាមច្រាំងទន្លេប្រៀបដូចជាកោះមួយកំពុងអណ្តែតលើទឹក ក្មេងៗនាំគ្នារត់លេងនៅលើផ្ទះទូកហាក់ដូចជាគ្មានការភ័យខ្លាច ខណៈចាស់ៗអង្គុយរុំខ្សែមង ខ្លះកំពុងដោះត្រីចេញពីមង ហើយយូរៗម្តង មានសម្លេងបញ្ឆេះម៉ាស៊ីនទូក ដែលគេអាចដឹងបានថា ទូកចាប់ផ្តើមចេញទៅនេសាទជាថ្មី។ ជីវិតនៅទីនេះ ហាក់ដូចជាមិនបានផ្លាស់ប្តូរទៅតាមភាពស៊ីវីល័យដែលនៅជុំវិញពួកគាត់នោះទេ ប៉ុន្តែអ្វីដែលប្រែប្រួលនោះ គឺផលនេសាទ ដែលទន្លេទាំងនេះ បានផ្តល់ឱ្យ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ច្រើនទសវត្សរ៍មកហើយនោះ។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍នេសាទនៅតំបន់ជ្រោយចង្វារ ប្រឈមនឹងផលលំបាកនៅក្នុងរបរនេសាទត្រីរបស់ពួកគេ ដែលនេះបង្ហាញពីផលប៉ះពាល់កាន់តែខ្លាំងឡើងមកលើប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេមេគង្គដែលជួយទ្រង់ទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់នោះ។
ចំនួនត្រីមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ
ការធ្លាក់ចុះនៃផលនេសាទបានប៉ះពាល់ដល់សហគមន៍នេសាទជាច្រើននៅក្នុងកម្ពុជា។ ជាក់ស្តែងនៅសហគមន៍នេសាទនៅតំបន់ជ្រោយចង្វារ ដែលមានសមាជិកជាង១៣០គ្រួសារនិងរស់អាស្រ័យលើទឹកទន្លេ ដើម្បីប្រកបរបរនេសាទត្រីច្រើនទសវត្សរ៍មកនេះ កំពុងប្រឈមនឹងការបាត់បង់ចំណូលនិងអនាគតមិនប្រាកដប្រជា។
លោក ម៉ាត់ លី មានអាយុ ៣២ឆ្នាំ ដែលប្រកបរបរនេសាទអស់រយៈពេល២០ឆ្នាំមកហើយនិយាយថា ចំណូលពីរបរនេសាទរាល់ថ្ងៃមិនគ្រប់គ្រាន់ទេ ដោយពេលខ្លះលោកអាចរកបានត្រីលក់បានត្រឹម៥ម៉ឺនរៀល ហើយពេលខ្លះទៀតបានរួចតែថ្លៃសាំងប៉ុណ្ណោះ។
នោះ បាននិយាយថា៖ «ពីមុនយើងអាចរកបានខ្ទង់ពី២០ ទៅ៣០គីឡូក្នុងមួយថ្ងៃ តែឥឡូវយ៉ាងច្រើនបានត្រឹម៥គីឡូក្នុងមួយថ្ងៃ»។
មិនខុសគ្នាប៉ុន្មានពីលោក ម៉ាត់ លី អ្នកនេសាទម្នាក់ទៀតគឺអ្នកស្រី ស៊ីណុប អាយុ៥៥ឆ្នាំ បានឱ្យដឹងថា ឆ្នាំនេះខ្សត់ត្រីជាងឆ្នាំណាៗទាំងអស់ ហើយបើធៀបនឹងពីរឆ្នាំមុន ផលត្រីមានការធ្លាក់ចុះយ៉ាងគំហុក ដែលធ្វើឱ្យអ្នកស្រីនិងអ្នកនេសាទផ្សេងទៀតបារម្ភអំពីបញ្ហាប្រឈមនឹងកង្វះស្បៀងអាហារផងដែរ។
អ្នកស្រីថា៖ «មិនបាច់ទៅប្រៀបធៀបជាមួយ១០ឬ៥ឆ្នាំមុនអីទេ។ ឥឡូវនេះគឺខ្សត់ជាង២ឆ្នាំមុនឆ្ងាយ ពិបាកជាងពីរឆ្នាំមុនទៀត។ ពីរឆ្នាំមុនមួយថ្ងៃរកបានពី៣០ទៅ ៤០គីឡូ តែឆ្នាំនេះរកបាន៥គីឡូហ្នឹងតឹង»។
បើយោងតាមរបាយការណ៍ The Living Planet Report ឆ្នាំ២០២៤ ដែលចេញផ្សាយដោយអង្គការ WWF អន្តរជាតិ កាលពីខែតុលា ឆ្នាំ២០២៤ ហើយបានដកស្រង់ទិន្ន័យសំខាន់ៗពីរបាយការណ៍ស្រាវជ្រាវវិទ្យសាស្ត្រដែលមានចំណងជើងថា «Science of The Total Environment» ចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ លេខ ៨៩១ បានបង្ហាញថា បឹងទន្លេសាបក្នុងប្រទេសកម្ពុជា ដែលជាជម្រកនៃជលផលទឹកសាបដ៏ធំរបស់ពិភពលោក បច្ចុប្បន្ននេះកំពុងប្រឈមនឹងវិបត្តិដោយការធ្លាក់ចុះបរិមាណត្រី ៨៧,៧% ចន្លោះពីឆ្នាំ២០០៣ដល់២០១៩។ ការនេសាទហួសកម្រិត ការបាត់បង់ទីជម្រក និងបម្រែបម្រួលនៃលំហូរទឹក ដែលបង្កផលប៉ះពាល់ទៅដល់ជីវៈចម្រុះជលផល និងសហគមន៍មូលដ្ឋានដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីទាំងនេះផង។
ទំនប់វារីអគ្គសនី និងការប្រែប្រួលអាកាសធាតុ
ការសាងសង់ទំនប់វារីអគ្គិសនីអាចនឹងកាត់បន្ថយបរិមាណត្រីសម្រាប់ការទទួលទានប្រមាណពី២០% ទៅ៥០% ក្នុងនោះគ្រាន់តែទំបន់វារីអគ្គសនីសេសាន២ តែមួយនាំឱ្យទិន្នផលត្រីធ្លាក់ចុះ៩.២%។ ទោះបីជាអាងស្តុកទឹកដែលបង្កើតឡើងដោយទំបន់វារីអគ្គិសនីអាចផ្តល់ទីកន្លែងសម្រាប់ចិញ្ចឹមត្រីនិងទិន្នផលវាវីវប្បកម្មដែលជាដំណោះស្រាយសម្រាប់លើបញ្ហាធ្លាក់ចុះទិន្នផលត្រីក៏ដោយ ក៏មិនអាចឆ្លើយតបទៅកំណើននៃតម្រូវការផលិតត្រីបានឡើយ ព្រោះថាទិន្នផល វារវីប្បកម្មមានការកើនឡើងច្រើនជាង៣០០% នាទស្សវត្សរ៍ចុងក្រោយនេះ ប៉ុន្តែបដិភាគរបស់វានៅតែតិច បើប្រៀបធៀបទិន្នផលត្រីសរុបនៅកម្ពុជា។ បើតាមរបាយការណ៍ ដែលចេញដោយវិទ្យាស្ថានសភាកម្ពុជា ខែតុលា ឆ្នាំ២០១៤។
លោក ហម ឧត្តម ទីប្រឹក្សាឯករាជ្យសម្រាប់អភិបាលកិច្ចធនធានធម្មជាតិតាមដងទន្លេមេគង្គ ឱ្យដឹងថា ប៉ះពាល់ដែលនាំឱ្យខ្សត់ត្រីបណ្តាលមកពីការបំពុលទឹកទន្លេដោយសំរាម និងកាកសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជាទំនប់វារីអគ្គិសនី ។ល។
លោកបញ្ជាក់ថា៖ «បញ្ហាទាំងអស់ខាងលើនេះសុទ្ធសឹងតែធ្វើប៉ះពាល់ដល់ទន្លេ គ្រាន់តែតិចនិងច្រើន ជាងគ្នាប៉ុណ្ណោះ។ បន្ថែមពីលើនេះ ការថយចុះទិន្នផលនៃការនេសាទត្រី មិនមែនទើបតែចាប់ផ្តើម២ឆ្នាំចុងក្រោយនេះទេ វាបានថមថយចុះបណ្តើរៗស្របពេលដែលចំនួនប្រជាពលរដ្ឋឬគ្រួសារដែលបរិភោគត្រីមានការកើនឡើង»។
លោកបានបានពន្យល់បន្ថែមថា ពេលដែលទឹកជំនន់ធម្មជាតិមិនហូរចាក់មកទន្លេសាប អ្នកវិទ្យាសាស្រ្តសន្មត់ថា វាមានការពាក់ព័ន្ធខ្លាំងជាមួយបរិមាណទឹកទន្លេមេគង្គ (មានន័យថា បើទឹកទន្លេមេគង្គតិច ទឹកជំនន់រដូវវស្សាដែលត្រូវហូរមកទន្លេសាបក៏តិចដែរ)។ ទន្លេសាបពឹងផ្អែកលើជំនន់ទន្លេមេគង្គជាង៥០%។
លោកនិយាយថា៖ «អ្វីដែលគួរអោយកត់សម្គាល់ជាងគេ គឺនៅឆ្នាំ២០១៩ នៅពេលដែលកម្រិតទឹកបឹងទន្លេសាបមានការស្រកចុះខ្លាំង នៅរដូវទឹកឡើង ដូចនេះត្រីមានតិចមែនទែនពេលនោះ»។
លោកបញ្ជាក់ទៀតថា ផ្នែកខាងលើនៃទន្លេមេគង្គមានការសង់សង់ទំនប់វារីអគ្គិសនី ជាច្រើន (ជាង១0ទំនប់នៅលើដងទន្លេមេនៃទន្លេមេគង្គ ប្រមាណជាង២០០ទំនប់នៅដៃទន្លេមេគង្គ ក្នុងប្រទេសចិន ឡាវ ថៃ វៀតណាម និងកម្ពុជា)។
លោក ម៉ាត់ លី និយាយថា ពេលទឹកឡើង មានខេត្តពីរដែលជាជង្រុកត្រី គឺខេត្តក្រចេះនិងខេត្តកំពង់ឆ្នាំង ប៉ុន្តែថា តាំងពីមានការធ្វើថាមពលវារីអគ្គិសនី ទិន្នផលត្រីពីមួយឆ្នាំទៅមួយឆ្នាំមានការថយចុះ។
លោកថា៖ «ពីមុនពេលគេមិនទាន់ធ្វើទំនប់វារីអគ្គិសនីបានសម្បូរ(ត្រី) ពីមុនមកធ្លាប់រកបានត្រីក្អែក មួយសុទ្ធតែ ៦ទៅ៧គីឡូឯណោះ ឥឡូវគ្មានទេ។ បើមាន មានតែត្រីក្អែកមួយត្រឹម១គីឡូឬ២គីឡូអស់ហើយ។ តាំងពីធ្វើអាហ្នឹងមក(ទំនប់វារីអគ្គិសនី) ត្រីធំៗលែងធ្លាក់មក»។
បុរសសម្បុរស្រអែមរូបនេះឱ្យដឹងទៀតថាបច្ចុប្បន្ននេះអាកាសធាតុប្រែប្រួល ខែវស្សាចាប់ផ្តើមមកដល់ ដែលធ្វើឱ្យទឹកឡើងនិងពិបាករកត្រីជាងពេលទឹកស្រកឆ្ងាយ។
លោកថា៖ «ពេលភ្លៀងជោកជាំអ៊ីចឹងទៅបាត់ត្រីអស់ ដូចវាអាក់តែម្តង ទាល់តែមេឃស្រឡះបានរកបានវិញទៅ។ ការរកត្រីមិនដូចខែប្រាំង ខែ១១ ទេ។ លោកឱ្យដឹងទៀតថា ខែ១១ មានត្រីចុះមក រកអីក៏បានដែរ(ត្រី បង្កង) ដល់ធ្លាក់មកដល់ខែពីរខែបីខ្សត់ត្រីវិញ»។
ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានបទល្មើសឧបករណ៍អួនអូសទឹកសាប ៥៣វង់ ម៉ាញ់១៤វង់ ឆក់ត្រជាក់និងក្តៅ១,៤៧៣គ្រឿង ឈិបយន្ត២៣គ្រឿង អួនហ៊ុម៣៣វង់ របាំងស្បៃមុងនិងសាច់អួនជាង១លាន៦សែនម៉ែត្រ លូនិងលបជាង ១ម៉ឺន៥ពាន់មាត់ បង្គោលចម្រឹងជាង ៧៦ម៉ឺន៨ពាន់ដើម ឈ្នក់រួមផ្សំភ្លើង១១៩វង់ កាណូត១៧៦គ្រឿង និងម៉ាស៊ីន៨៤គ្រឿង។ ក្នុងចំណោមបទល្មើសទាំងនេះមានសំណុំរឿងចំនួន៧១ករណីត្រូវបានបញ្ចូលទៅតុលាករ ចេញដីកាកោះ២០នាក់ និងឃុំខ្លួន៣១នាក់។
លោក ម៉ាត់ លី ជាអ្នកប្រកបរបរនេសាទបានឱ្យដឹងទៀតថា ក្រៅពីចំនួនអ្នកនេសាទកើនឡើងដែលធ្វើឱ្យរកត្រីពុំបាន នៅមានអ្នកនេសាទផ្សេងទៀតដែលគាត់ប្រើឧបករណ៍ដូចជា មងក្រប នៀម ចារ៉ានិងមានឧបករណ៍ឆក់ត្រីដទៃទៀតផងដែរ។
លោកថា៖ « មងក្របហ្នឹងដូចដែកឆក់អ៊ីចឹង ខ្លាំងដូចគ្នា។ បើរកត្រឹមត្រូវដូចយើងដាក់មងធម្មតា មិនខ្វះទេត្រី មួយឆ្នាំទៅមួយឆ្នាំ»។
លោកបានទទូចទៀតថា ឱ្យប្រជានេសាទគិតពីផលប្រយោន៍រួមជាធំនិងចៀសវាងការប្រើឱបករណ៍ដែលគ្រោះថ្នាក់ខ្លាំងនិងនាំឱ្យត្រីឆាប់ផុតពូជដូចជាមងក្រប និងដែកឆក់។
លោកបន្ថែមថា “ត្រីទន្លេយើងសម្បូរណាស់ វាណាស់តែគេបំផ្លាញតើ។ មុខរបរពួកគាត់រកខ្លាំងៗពេក អាមងក្របហ្នឹងត្រីចាប់ពី ៥០គីឡូអីយកបានទាំងអស់ ហើយមងពួកខ្ញុំមានតាមក្រឡា ហើយក៏មានតាមរដូវដែរ»។
ចំណែក អ្នកស្រី ស៊ីណុប ដែលប្រកបរបរនេសាទនៅតំបន់ជ្រោយចង្វារនេះដែរ បានយល់ស្របនឹងការលើកឡើងរបស់លោក ម៉ាត់ លី ដែរ ហើយថា មងក្របគឺជាឧបករណ៍មួយប្រភេទ ដែលអាចធ្វើឱ្យត្រីផុតពូជ។
អ្នកស្រីនិយាយថា “បើមងក្របនៅតែមាន ហេងស៊យ២ឆ្នាំទៅមុខទៀតលែងមានត្រី។ យើងចង់ឱ្យបានត្រីដូចមុន វាមិនបានទេ បើឧបករណ៍ខុសច្បាប់ ការចោលសំរាមនៅតែមាន»។
វិស័យជលផល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដោយហេតុថា ប្រូតេអ៊ីននៃរបបអាហារសម្រាប់គ្រួសារខ្មែរ ៧៦% ទទួលបានមកពីត្រី បន្ថែមលើការបង្កើតការងារប្រមាណជា ២ លាននៅទូទាំងប្រទេស បើតាមអង្គសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក មាស នី អ្នកវិភាគសង្គម បានឱ្យដឹងថា បញ្ហាធនធានជលផលនៅបឹងទន្លេសាបមានចំនួនបីធំៗ។ ក្នុងនោះ ការប្រព្រឹត្តបទល្មើសខុសច្បាប់នៅតែមាន ទីពីរស្ថានភាពទន្លេសាបបច្ចុប្បន្ន មានការធ្វើទំនប់បិទជិត ពុំមានការហូរចេញឬហូរចូលដែលធ្វើឱ្យបញ្ហាត្រីក៏ខ្សត់តាមហ្នឹង ចំណែកទឹកមិនអាចឡើងបានខ្ពស់ដូច កាល១០ឆ្នាំ មុននោះទេ។
លោកថា៖ « រួមសេចក្តីមក កម្រិតទឹកឡើងនៅបឹងទន្លេសាប នៅក្នុងរដូវវស្សាហ្នឹងក៏មានកាន់តែតិច បើតាមការមើលជាក់ស្តែងនៃ ៣ទៅ៤ ឆ្នាំចុងក្រោយនេះ»។
លោក មាស នី បានបន្ថែមថា កត្តាសំខាន់មួយទៀតដែលបណ្តាលឱ្យផលនេសាទធ្លាក់ចុះ គឺការបាត់បង់ជម្រកត្រីពង ដោយសារតែការកាប់បំផ្លាញព្រៃលិចទឹក ដែលធ្វើឱ្យបឹងទន្លេសាបកាន់តែរាក់ទៅៗនៅប៉ុន្មានឆ្នាំចុងក្រោយ។
លោកបានសង្កត់ធ្ងន់ទៀតថា៖ « វាប្រហែលជាមកពីកម្រិតនៃជម្រៅ កាន់តែរាក់អ៊ីចឹង ធ្វើឱ្យទឹកហូរចូលបឹងទន្លេសាបខុសពីធម្មតាដែរ។ បញ្ហាទាំងបីខាងលើនេះហើយ ដែលប៉ះពាល់ដល់ជីវជម្រុះ ដែលលែងជួយគាំទ្រពូជត្រីនៅក្នុងស្រុកយើង ជាពិសេសបឹងទន្លេសាប»។
ទោះបីជាយ៉ាងណា លោក ខូវ គួង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អះអាងថា តាមការពិនិត្យជាក់ស្តែងនិងតាមការចុះស្រាវជ្រាវប្រមូលព័ត៌មានពីប្រជានេសាទ បង្ហាញថា ផលត្រីជាមានការកើនឡើង ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកនិយាយថា៖ «តាមការពិនិត្យជាក់ស្តែងនិងតាមការចុះស្រាវជ្រាវប្រមូលព័តមានពីប្រជានេសាទ បង្ហាញថាប្រជានេសាទប្រមាណ៧០%បាននិយាយថាត្រីកើនឡើង ប៉ុន្តែការនេសាទដោយឧបករណ៍របាំងសាច់អួន បានផលតិចជាងមុនបន្តិច ដោយសារមិនអនុញ្ញាតឱ្យពួកគាត់ធ្វើខុសច្បាប់ដោយដាក់របាំងវែងនិងប្រើសាច់អួនក្រឡាញឹកដូចមុនទៀត។ យ៉ាងណាមិញ នៅពេលចំនួនអ្នកនេសាទកើនឡើង ផលត្រីនេសាទបានក្នុងម្នាក់ៗក៏បានថយចុះផងដែរ»។
ទន្ទឹមនឹងការលើកឡើងពីការកើនឡើងផលត្រី លោក ខូវ គួង ទទួលស្គាល់អំពីការលំបាកក្នុងការបង្ក្រាបបទល្មើសនេសាទ ដោយសារតែការយល់ដឹងរបស់ប្រជានេសាទនៅមានកម្រិត កន្លែងនេសាទធំទូលាយនិងសមត្ថកិច្ចមានចំនួនកំណត់ ស្របពេលចំនួនអ្នកនេសាទកើនឡើង ដែលធ្វើឱ្យផលនេសាទត្រីរបស់ម្នាក់ៗក៏មានការថយចុះផងដែរ។
ទោះបីជាយ៉ាងណា ដើម្បីបំពេញតម្រូវការជីវភាពនិងឆ្លើយតបនឹងតម្រូវការកើនឡើងនេះ លោក ខូវ គួង បាននិយាយថា រដ្ឋបាលជលផលក៏ដូចសមត្ថកិច្ចពាក់ព័ន្ធបានខិតខំពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ក៏ដូចជាខិតខំជំរុញការអភិវឌ្ឍវារីវប្បកម្ម នៅតាមសហគមន៍នេសាទដើម្បី ឱ្យប្រជានេសាទកាត់បន្ថយការពឹងផ្អែកលើផលនេសាទធម្មជាតិ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមការពារកន្លែងអភិរក្សជលផល។
Press Start Cambodia មិនអាចសុំការអធិប្បាយពី អ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ លោក ឃឹម ហ្វីណង់ ជុំវិញបញ្ហានេះបានទេ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។
ទន្លេមេគង្គផ្តល់ត្រីជាង ៤,៥ លានតោនក្នុងមួយឆ្នាំៗដែលស្មើនឹង៨0%នៃប្រភពប្រូតេអ៉ីនដល់ប្រជាជនរាប់លាននាក់ដែលរស់នៅក្នុងតំបន់មហាទន្លេមេគង្គ។ ទន្លេមេគង្គក៏ជាប្រភពទឹកស្អាតដ៏សំខាន់ និងប្រភពចំណូលដែលផ្តល់ការងារជិត៨០% នៃប្រជាជនរស់នៅក្នុងតំបន់ផងដែរ បើតាមរបាយការណ៍របស់អង្កការអភិរក្សអន្តរជាតិកម្ពុជា ចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២៤៕