បទយកការណ៍៖ ​​ខ្សែភាពយន្តខ្មែរនៅតែប្រឈមមុខខ្វះទីផ្សារ

ក្រោមពន្លឺព្រាលៗ ដែលជះពី​​​​ផ្ទាំងបញ្ចាំងកុន បង្ហាញទឹកមុខអ្នកទស្សនាជាច្រើននាក់ កំពុងអង្គុ​យ​មើលខ្សែរឿងដោយយកចិត្តទុកដាក់។ខ្សែរឿងនាំអារម្មណ៍អ្នកមើលឱ្យស្លុងនឹងតួអង្គនី​មួយៗ​ ដែ​ល​លាយឡំដោយឈុតកម្សត់ សំណើច មនោសញ្ចេតនា ផ្សារភ្ជាប់សេចក្ដីស្រលាញ់រវាងម្ដាយ និ​ង​កូន និងការជម្នះលើឧបសគ្គជីវិតរបស់ក្រុមស្ត្រីវាយស្គរ ដែលគេស្គាល់ឈ្មោះថា «ក្រុមមេធា»​ ។​

ពន្លឺតិចៗ និងភាពស្ងប់ស្ងាត់បានរសាត់ទៅ ជំនួសដោយសំឡេងទះដៃសាទរ ជាមួយការ​បង្ហាញស្នាមញញឹម និងការគាំទ្រដល់ភាពយន្តឯកសារ ដែលមានចំណងជើងជាភាសាខ្មែរថា «ម៉ែអើយ ផ្កាយរះក្នុងខ្លួនកូន»។

កញ្ញា សាន់ ធីតាពៅ ដែលជាបុគ្គលិកបម្រើការ​ឱ្យក្រុមហ៊ុនឯកជនមួយកន្លែង ក្នុងទីក្រុងភ្នំពេញ នាង​និ​យា​​យថា លើសពីការកម្សាន្ត ការមកមើលរឿងផ្ទាល់នៅរោងកុន ជាការលើកទឹកចិត្តដ​ល់ផលិត​​ក​រ និងជាឱកាសស្វែងយល់អំពីបច្ចេកទេសពីអ្នកដឹកនាំរឿង។ មិនត្រឹម​តែប៉ុណ្ណឹងទេ ការចំណា​​យ​ពេលមកទស្សនាខ្សែភាពយន្តនៅក្នុងរោងកុនដោយផ្ទាល់នេះ ក៏ជាវិធីអាចបង្កើតបណ្ដាញទំនាក់ទំ​ន​ងជាមួយនិងមនុស្សនៅជុំវិញខ្លួនយើងបានថែមទៀតផង។

ភ្នែកសំឡេងមិនដាក់ទៅនឹងផ្ទាំងទស្សនីយ​​ភាព ដោយប្រើពេលជិត២ម៉ោង អមដោយស្នាមញញឹមតិចៗផង ធីតាពៅ បន្តថា មូលហេតុដែលខ្លួនចំណាយពេល មកទស្សនានៅក្នុងរោងភាពយន្តនេះ នោះក៏ព្រោះ​តែរូបនាង ចង់ស្វែងយកបន្ថែមឱ្យបានល្អិតល្អន់ជាងនេះ។កត្តាសំខាន់ ក្នុងនាមជាយុវនារី រូបគេពិតជាចង់ដឹងចង់ឮអំពីវិស័យភាពយន្តនេះ តើមានការប្រែប្រួលបែបណាទៅហើយ។

ប្រភពបន្តថា៖ «ជាលើកទី១​ ដែលចូលរួមក្នុងមហោស្រព។ ត្រួសៗ បានមើលជាង ១០រឿង ភាគច្រើ​នជារឿងខ្លី និងភាពយន្តឯកសារ។ខុសគ្នា ពេលមកមើលមហោស្រពផ្ទាំងកុនធំអ៊ីចឹង អារម្ម​ណ៍​ខុសគ្នាដាច់ ទាំងអារម្មណ៍ គឺដូចទិដ្ឋភាពក្នុងសាច់រឿងអ៊ីចឹង ទាំងសំឡេង​ រូបភាព គឺខុសដាច់ពីអារម្មណ៍យើងមើលវិដេអូលើបណ្ដាញសង្គម»។

កញ្ញាបន្ថែមយ៉ាងដូច្នេះ៖ «បន្ទាប់ពីបានមើលរឿងហើយ ខ្ញុំយល់ថាការបង្កើតសាច់រឿងរបស់ខ្មែរយើង កាន់តែប្រសើរជាងមុន ព្រោះនិយាយដោយត្រង់ ខ្ញុំក៏មិនសូវចូលចិត្តមើលរឿងខ្មែរដែរពីមុន តែឥឡូវសាច់រឿងទាក់ចិត្តច្រើន រឿងនៅក្នុងមហោស្រពនេះ»។

ខែ្សភាពយន្តដែលបានដាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២៥ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យ​អ្នកផលិតភាពយន្តគ្រប់ប្រភេទទាំងថ្នាក់ជាតិ និងអន្តរជាតិ មា​ន​ឱកាសផ្សព្វផ្សាយស្នាដៃរបស់ពួកគេ។ លើសពីនេះទៅទៀត ជាការជួបជុំរវាងផលិតករភាពយន្ត ក្រុមការងារក្នុងវិស័យភាពយន្ត និងមហាជនទូទៅ ដើម្បីចែករំលែក ហើយក៏​ជាឱកាសទទួលបាននូវបទពិសោធ ចំណេះដឹង រួមទាំងការផ្សព្វផ្សាយពីវិស័យភាពយន្តកម្ពុជាជាដើម។

រីឯ កញ្ញា ម៉ាប់ ស្រីមុំ ដែលជាអ្នកដឹកនាំរឿង បានបង្ហាញចំណាប់អារម្មណ៍ថា ការយកស្នាដៃប​ញ្ចាំ​ង​តាមមហោស្រព គឺឱកាសធំធេងមួយ ក្នុងន័យថាមានក្ដីសង្ឃឹម និងភាពកក់ក្ដៅ ពេលទទួលបានការគាំទ្រ។មានសម្បុរស្រអែម ស្រីមុំ មើលឃើញថា បច្ចុប្បន្ន ការគាំទ្រលើវិស័យកុនពីទស្សនិកជន កំពុងមានរបត់មួយ នៃការផ្លាស់ប្ដូរ​ ដោយមានសន្ទុះកើនឡើង ជាពិសេសក្នុងចំណោ​ម​យុវជន។

កញ្ញាបន្តថា៖ «រឿងយើងដាក់បញ្ចាំងជាសាធារណៈ អ៊ីចឹងយើងអត់អាចរំពឹងថា អ្នកមកមើលជាអ្នកណា ស្រលាញ់រឿងយើងប៉ុនណា អារម្មណ៍គាត់ប៉ុនណា អ៊ីចឹងជាពេលមួយអាចវាស់ស្ទង់​ ស្វែងយល់ពីចក្ខុវិស័យ ទស្សនៈមនុស្សថ្មីៗ ប្លែកៗ ទាំងអ្នកផលិតកុន ព្រោះក្នុងវិស័យកុន មានជំនាញផ្សេងៗ ដែលតាមជំនាញមួយៗ សុទ្ធតែមានទស្សនៈទាំងអស់ ។ទាំងអ្នកមកមើល ដែលគាត់អត់មានបទពិសោធ អត់ដឹងរឿងក្រៅឆាកនៃការផលិត ដែលយើងបានជួប ស្ដាប់ពីគាត់ច្រើន អ៊ីចឹងវាប្រៀបដូចថាមពលមួយ ជំរុញឱ្យយើងមិនឯកោ ហើយចង់ធ្វើអីថ្មីបន្ថែមទៀត »។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) ដែលរៀបចំឡើងនៅពេលនេះ គឺជាបណ្ដុំព្រឹត្តិការណ៍ភាពយន្ត និងវប្បធម៌អន្តរជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ហើយមហោស្រពនេះ ត្រូវបាន​គេ​ប​ង្កើ​ត​ឡើងមករយៈពេលជាង ១៥ឆ្នាំមកហើយ។ ដោយឡែក សម្រាប់ឆ្នាំ២០២៥នេះវិញ មហោ​ស្រ​ពនេះ បានបញ្ចាំងភា​​ពយន្តកម្ពុជាចំនួន ៦០លើប្រភេទរឿង​ផ្សេងៗគ្នា ក្នុងចំណោមរឿងសរុបចំ​នួ​ន​ ១៥១ មកពី ៤១ប្រទេស។ហើយរឿងនីមួយៗ ហាក់បានទាក់ទាញអារម្មណ៍របស់​អ្នកទស្ស​នា​ចម្រុះប្រមាណ ១៦,០០០នាក់រួចមកហើយដែរ។

ដូចគ្នាទៅនឹងរបាយការណ៍របស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជានេះដែរ។ផលិតករភាពយន្ត កញ្ញា ស្រីមុំ និយាយថាបច្ចុប្បន្ននេះ ទីផ្សារភាពយន្តកម្ពុជាហាក់​មានស្ទុះច្រើន​ជាងមុន​។ភា​គច្រើ​ន អ្នកទស្សនាបង្ហាញអារម្មណ៍ផ្ទាល់របស់ខ្លួនពួកគេ នៅពេលសួរនាំថាតើមានកត្តាអ្វីខ្លះ ដែលជំ​រុញ​ពួកគេឱ្យគាំទ្រ វិស័យភាពយន្តនេះ។

ប្រភពបន្តថា៖ ​«ខ្ញុំចាប់អារម្មណ៍ថាឆ្នាំហ្នឹង នៅក្នុងមហោស្រព ជាឧទាហរណ៍ ខ្ញុំឃើញមុខថ្មីៗច្រើ​នមែនទែន ក្មេងៗ ដែលគាត់ចាប់អារម្មណ៍មកមើលរឿង។ មកមើលអីដែលថ្មី ជាជាងរឿងខ្មោច រឿងកំប្លែង ប៉ុន្ដែពួកគាត់មកមើលរឿងបែបជាស្នាដៃសិល្បៈ ក៏ដូចជាបែបច្នៃប្រតិដ្ឋ។ អ្វីដែលពិ​សេ​សទៀត គឺមនុស្សចាស់ៗ មកមើលកុនដែរ មានមនុស្សចាស់ទាំងស្រីទាំងប្រុសមកមើ​ល​ច្រើនដែរ ហើ​យខ្ញុំភ្ញាក់ផ្អើលមែនទែន ព្រោះខ្ញុំអត់បានអញ្ជើញគាត់ទេ គាត់មកដោយឆន្ទៈ »។

ស្របពេលការអភិវឌ្ឍវិស័យផ្សេងៗនៅកម្ពុជា ហាក់មានការងើបឡើងដ៏ឆាប់រហ័ស ។រីឯ វិស័យភា​ព​យន្តក៏ជាវិស័យមួយ ដែលបានដើរតួនាទី​សំ​ខា​ន់ និងចាំបាច់​ ដូចគ្នាដែរ បើធៀបនឹង​ក្នុ​ង​រយៈពេ​ល​​​ប៉ុ​​ន្មា​​​នឆ្នាំកន្លងទៅនេះ។

ហាក់មិនខុសគ្នាឡើយ សម្រាប់លោក Cedric Eloy ប្រធានម​ហោ​ស្រពភាពយន្តអន្តរជាតិកម្ពុជា មើលឃើញថា កម្ពុជាកំពុងបន្តអភិវឌ្ឍវិស័យភាពយន្តរបស់ខ្លួ​នបានល្អ និងមានគុណភាព ខណៈភាពជោគជ័យរបស់ CIFF គឺជាឧទាហរណ៍មួយ ដែលបានជ្រោមជ្រែង និងបានពង្រឹងជំនាញ ការផ្លាស់ប្តូរគំនិតច្នៃ​ប្រ​តិដ្ឋ ជាពិសេសទំនាក់ទំនងអន្តរជាតិ​ តាមរយៈខ្សែភាពយន្ត ដែលអាចបម្រើជាឧបករណ៍សម្រាប់ការច​ង​ចាំ ការពង្រឹងសមត្ថភាព និងការអប់រំ។ លោកថាជាក់ស្ដែងរៀងរាល់ឆ្នាំ មហោ​ស្រ​ព ​(​CIFF) បានរំលេច នៃការច្នៃប្រឌិតរបស់កម្ពុជាតាមរយៈការបង្ហាញភាព​យ​ន្តខ្លីៗជា​ហូ​រហែកន្លងទៅហើយដែរ។

លោកបន្តថា៖ «ឆ្នាំនេះ បានបញ្ចាំងភាពយន្តខ្លីរបស់កម្ពុជាចំនួន១៩រឿង ពីផលិតករភាព​យន្តវ័យក្មេងក្នុងស្រុក  ដែលកំពុងលេចធ្លោ ដោយមានខ្លះធ្វើការជាមួយបរទេសផង ក្នុងនោះក៏មានអ្នកសម្ដែងថ្មីៗដែរដើរតួក្នុងរឿងទាំងនោះ »។

​​ជាអតីតអ្នកដែលធ្លាប់ទទួលបានការបណ្ដុះបណ្ដាលទាក់ទងនឹងដំណើរការផលិតកុន កញ្ញា ម៉ាប់ ស្រីមុំ យល់ឃើញថាបច្ចុប្បន្នមានយុវជនច្រើនចាប់អារម្មណ៍លើការផលិតកុន។ជាងនេះទៀត ដោ​​​​​​យ​មើ​លឃើញពីល្បឿននៃការចូលរួមរបស់​យុវវ័យ ដូចសព្វថ្ងៃនេះ វិ​ស័​​យភាព​យន្ត​នៅ​​ក​ម្ពុ​ជា វា​នឹ​ងកាន់តែមានស្ទុះជាងបច្ចុប្បន្ន ក្នុងរយៈ​ពេលពាក់កណ្តាលទស្ស​វត្សរ៍​ខា​​ងមុខទៀ​ត​​​។

ប្រភពបន្ត៖«ខ្ញុំអត់អាចនិយាយថា(វិស័យកុននៅកម្ពុជា)លូតលាស់ប៉ុនណា ឬមិនប៉ុនណាទេ ប៉ុ​ន្ដែ​ខ្ញុំមានអារម្មណ៍វិជ្ជមាន ដោយសារឥឡូវហ្នឹង ឱកាសច្រើន អ៊ីចឹងខ្ញុំឃើញថាការអភិវឌ្ឍនឹងនៅតែមាន ហើយនឹងមានសន្ទុះខ្លាំងទៀត។ បើគិតទៅមុខ ៥ឆ្នាំទៀត ខ្ញុំនឹងរំពឹងថា នៅក្នុងរោងកុននឹងមានរឿងប្រភេទច្រើន ប្រភេទកុនថ្មីៗល្អៗ ហើយសុទ្ធតែរឿងខ្មែរទៀត»។

ស្ថិតនៅឯជ្រុងម្ខាងទៀត នៃសាលមហោស្រពឯណោះវិញ លោក លៀក លីដា នាយកប្រតិបត្តិ នៃផលិតកម្ម LD Picture ហាក់មានគំនិតផ្ទុយពីនេះបន្តិច ដោយនិយាយថា ដ្បិ​​តវិស័យភាពកម្ពុជាវិ​វ​ឌ្ឍទៅរកការផលិតកាន់តែល្អប្រ​សើ​រក្ដី ក៏សន្ទុះនៃការផលិត ខ្សែភាពយន្តហាក់ធ្លាក់ចុះ មិនដូច​ពី​ដើ​​មឡើយ។មាន​ក​ត្តា​ជា​ច្រើន ដែ​ល​​​នាំឱ្យលោក មានទុទិដ្ឋិនិយមបែបនេះ ក្នុងនោះ​សម្រាប់ខ្សែភា​យ​ន្ត​ខ្មែរ ដែលដាក់បញ្ចាំងនៅតាមរោងកុន គឺតួលេខនៃអ្នកគាំទ្រ នៅតែមានចំនួនតិចតួ​ចនៅ​ឡើ​យ​​។ចំពោះបញ្ហានេះលោកគូសបញ្ជាក់ថា ដោយសារតែភាពសម្បូរបែប នៃការកម្សាន្ដនៅលើប្រ​ព័​ន្ធ​​បណ្ដាយសង្គម និងការហូរចូលច្រើនពេក នៃចំនួនកុនបរទេស គឺជាមូលហេតុចម្បងដែល​នាំឱ្យ​ភា​ពយន្តខ្មែរ រកការគាំទ្រមិនសូវបាន ជាពិសេសទាក់ទងនឹង​បញ្ហាសេដ្ឋកិច្ចជាដើម។

លោកបន្តថា៖«ពីខាងខ្ញុំទៅ សម្រាប់វិស័យភាពយន្តទាំងមូល យើងឃើញថាថយ ព្រោះបើ​ស​ម្រា​ប់រឿងភាគវិញ គឺគ្រោងនឹងបិទទ្វារតែម្ដង ដោយសារតែខាងស្ថានីយ៍ទូរទស្សន៍មួយចំ​នួ​ន គាត់អ​ត់​​មានកញ្ចប់ថវិកាធំសម្រាប់ឱ្យផលិតករផលិតកុនភាគឱ្យបានល្អទេ ដោយសារតែពាក់ព័ន្ធប្រា​ក់​ចំ​​ណូលនិងចំណាយ»។

ក្រុមអ្នកជំនាញផលិតភាពយន្ត លើកឡើងថា ហេតុផលដែលជំរុញឱ្យភាពយន្តខ្មែរ ការវិវត្តន៍ នៃ​​ខ្សែ​ភា​ពយន្ត​​នៅតែមា​ន​ល្បឿ​​​​នយឹត​ ឬត្រូវប្រឈមមុខពិបាក​នឹង​រកទីផ្សារបើ​ធៀបនឹងភា​ពយន្ត​បរ​ទេ​​ស នោះក៏ព្រោះតែនៅតាមរោងកុន អត្រាកើនឡើងនៃភាពយន្តខ្មែរ មានតិចតួច។ក្នុងន័យនេះ​មានន័យថា ភា​ព​យ​​ន្តខ្មែរត្រូវគេ​ចាក់បញ្ចាំ​ងមិនដល់២០​ភាគរយ​ផង​ទេ​។ដើ​ម្បី​ឱ្យខ្សែភាពយន្ត​ខ្មែ​រ អា​ច​​ស្រូបទា​ញអ្ន​កគាំ​​ទ្រ​បា​ន ជាគោលការណ៍ស្តង់ដារ លុះត្រាខ្សែភា​ពយ​ន្ត​ក្នុ​ង​​ស្រុកផលិតបាន និ​ង​ដាក់បញ្ចាំ​ង​នៅ​​​តា​​ម​​រោងកុន យ៉ាងហោចណាស់ក៏ពី៥០ ទៅ៦០ភាគរយដែរ​ បើ​ធៀបនឹ​ងរឿង​ដែ​ល​នាំ​ចូល​ពីខា​ង​ក្រៅ​។

ស្រដៀងគ្នានេះដែរ លោកស្រី សូ ភីណា នាយិកាប្រតិបត្តិ នៃសមាគម ស៊ីកាដា ដែលធ្វើការលើវិស័យវប្បធ​ម៌ និងច្នៃប្រតិដ្ឋ ឱ្យដឹងថាវិស័យភាពយន្ត និងសោតទស្សន៍ ជាផ្នែកមួយ នៃឧស្សាហក​ម្មវប្បធម៌ និងច្នៃ​ប្រតិដ្ឋ។ លោកស្រីបន្តថា វិស័យនេះដើរទៅមុខរីកចម្រើនបាន លុះណា មានការចូ​លរួមពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្ហាញពីភាពប្រឈម តម្រូវការ និងស្នើការគាំទ្រ តាមរយៈគម្រោងសកម្មភាពគាំទ្រនានា និងការបង្កើតគោលនយោបាយ។

ប្រភពបន្តថា៖ «គ្រប់គ្នា គ្រប់ផលិតកម្មភាគច្រើន សុទ្ធតែត្រដរខ្យល់ទាំងអស់ ដោយ​សា​រតែការផលិតត្រូវការលុយច្រើន។ […] អ៊ីចឹងដើម្បីទទួលបានភាពចម្រើនមួយ គឺចៀសអត់ផុតពីការតស៊ូមតិខាងផ្នែកគោលនយោបាយទេ ព្រោះអ្នកដែលធ្វើគោលនយោបាយ អត់យល់អំពីការលំបាក និងអត់យល់អំពីអត្ថប្រយោជន៍ទាំងអស់ហ្នឹង ដូចអ្នកធ្វើភាពយន្តទាំងអស់ហ្នឹងទេ អ៊ីចឹ​​ងគេត្រូវការឱ្យអ្នកដែលដឹងទាំងអស់ហ្នឹង មូលមតិគ្នាលើកឡើង ជាធ្លុងមួយ ហើយត្រូវការអ្នក ដែលមានបទពិសោធ មានសមត្ថភាពពាំនាំសំឡេងរបស់ពួកគាត់ហ្នឹង ដើម្បីឱ្យមានការផ្លាស់ប្ដូរជាប្រយោ​ជន៍​ដល់វិស័យហ្នឹងទៅពេលអនាគត។បើយើងធ្វើទៅទាំងអត់មានការប្រែប្រួលគោលនយោ​បា​យ​ ទៅមុខបាន តែទៅបានតិចតួច ហើយអត់រីកចម្រើនទាំងអស់​គ្នាទេ »។

ទិន្នន័យដែលចេញដោយក្រសួ​ងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០២៣ បង្ហាញថាវិស័យឧ​ស្សា​ហកម្មភាព​យ​ន្ត​កម្ពុជា រកចំណូលបានជាង ១៥លានដុល្លារ និងបង្កើតការងារក្នុង​ និងក្រៅប្រ​ព័​ន្ធបាន​ជាង ៧ពាន់កន្លែង។លើសពីនេះ រដ្ឋាភិបាលបានដាក់ចេញនូវការលើកទឹ​ក​ចិត្តផ្នែកសារ​ពើ​​​ពន្ធសំខាន់ៗ ដើម្បីទាក់ទាញផលិតករភាពយន្តអន្តរជាតិ មកថតនៅកម្ពុជាបន្ថែម​។

លើសពីតួនាទីក្នុងការផ្ញើសារទៅប្រជាជន បង្ហាញពីតថភាពសង្គម និងវប្បធម៏ លោកស្រី សូ ភីណា បន្ថែមថា វិស័យភាពយន្តរួមចំណែកដល់សេ្ឋកិច្ចជាតិ តាមរយៈការបង្កើតមុខរបរ និងទាក់ទា​​ញទេសចរជាដើម ដូច្នេះជាវិស័យមួយ ដែលគួរយកចិត្តទុកដាក់ និងវិនិយោគ។

ប្រភពបន្តថា៖ «គ្រប់យ៉ាងសុទ្ធតែជាសេដ្ឋកិច្ចទាំងអស់ ទាំងក្នុងស្រុក និងក្រៅ។ កាលណាកុនដើរ គឺទទួលផលទៅគ្រប់ផ្នែកពាក់ព័ន្ធ។ […]មើលទីក្រុងកាន មានទេសចរប៉ុន្មានម៉ឺននាក់សម្រុកទៅ មើលភាពយន្ត ជួបសិល្បករ អ៊ីចឹងទេសចរទៅចាយលុយ អ៊ីចឹងសេដ្ឋកិច្ចនៅហ្នឹងនឹងរីកចម្រើន ​​ព្រោះទេសចរមានតម្រូវការផ្នែកទេសចរណ៍រហូត»។

ជុំវិញរឿងនេះ កញ្ញា ម៉ាប់ ស្រីមុំ យល់ឃើញថា អ្វីដែលជាឧបសគ្គចម្បង​ចំពោះខ្សែភាព​យន្តខ្មែ​រ​ដែ​លនៅតែមានសន្ទុះ នៃការងើបឡើងវិញយឺតនេះ​​ គឺ​សំខាន់បញ្ហាថវិកា។សព្វថ្ងៃនេះ មិនខ្វះ​ទេ​កា​រ​គាំ​​ទ្រ​ទៅលើការបណ្ដុះបណ្ដាល ប៉ុន្ដែការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាគីពាក់ព័ន្ធ គឺជាផ្នែកមួយយ៉ាង​សំ​ខាន់ក្នុងការផលិតភាពយន្ត។បន្ថែមពីលើនេះ ប្រសិនបើវិស័យភាព​យ​ន្ត​​ដើរយឺត ក៏ដោយសារនៅស្ទើរការគាំទ្រផ្នែកថវិកាតែម្ដង។

ប្រភពបន្តថា៖«ទាក់ទងការគាំទ្រថវិកាគឺយើងតឹងឆ្នាំហ្នឹង តែខ្ញុំអត់ដឹងឆ្នាំទៅមុខៗទៀតយ៉ាងណា​​ទេ តែខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាល ទាំងសង្គមស៊ីវិល ជាពិសេសវិស័យឯកជនគិតគូរ»។

កញ្ញារំលេចយ៉ាងដូច្នេះ៖ «អូយ! ខ្ញុំសុំខាងវិស័យឯកជនតែម្ដង ឱ្យគាត់ចាប់អារម្មណ៍ខាងភាព​យ​ន្ត ឱ្យគាត់វិនិយោគលើវិស័យហ្នឹង ព្រោះខាងវិស័យកុន និងវិស័យឯកជនអត់អាចអត់គ្នាបានទេ យើ​ងត្រូវធ្វើការជាមួយគ្នា មិនថាផ្នែកអីក៏ដោយ ចង់ឱ្យគាត់បើកចិត្ត ក្នុងន័យគាត់ត្រូវការអ្នកខាងកុ​នជួយរហូត ព្រោះបើយើងមានអ្នកបង្កើតថ្មី អ្នកច្នៃប្រតិដ្ឋច្រើន នោះសន្ទុះចង្វាក់ផលិតកម្មនឹងល្អសម្រាប់វិស័យឯកជនដែរ»។

ហាក់មិនខុសគ្នាប៉ុន្មានឡើយ លោក Cedric Eloy ប្រធានម​ហោ​ស្រពភាពយន្តអន្តរជាតិកម្ពុជា ផ្ដល់មតិយោបល់ថា ឧស្សាហកម្មភាពយន្តទូលំទូលាយទៅបាន ត្រូវការការគាំទ្រពីស្ថាប័នដ៏រឹងមាំ បណ្តាញចែកចាយ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយប្រាក់ចំណេញពីការផលិតរឿង ទៅជា​​ខ្សែចង្វាក់ផលិតកម្ម ដែលមានស្ថិរភាព និងអាចទ្រទ្រង់ដល់ក្រុមការងារទាំ​ង​អស់។

លោកបន្តថា៖ «ភាពផុយស្រួយ ដោយកង្វះមូលនិធិប្រកបដោយនិរន្តរភាព ព្រោះគ្មានស្ថាប័នផ្តល់មូលនិធិភាពយន្តផ្លូវការ ឬគម្រោងលើកទឹកចិត្តពន្ធ។ គម្លាតនៃការចែកចាយ ដោយភាពយ​ន្ត​ខ្មែរខ្លះ គ្មានកិច្ចព្រមព្រៀងលើវេទិកាឌីជីថលដើម្បីចេញផ្សាយ។ សេវាគាំទ្រដែលមិនទាន់អភិវឌ្ឍ ព្រោះរឿងខ្លះនៅតែទៅធ្វើនៅបរទេស ក្រោយផលិត។ ជាលទ្ធផល “ខ្សែសង្វាក់តម្លៃ” ក្នុងស្រុកនៅតែ​មិនទាន់ពេញលេញ »។

ត្រលប់មកកញ្ញា សាន់ ធីតាពៅ វិញ កញ្ញាបង្ហាញមោទកភាពលើការវិវឌ្ឍជាវិជ្ជមាន នៃភាពយន្តខ្មែរ។​ ក្នុងនាមអ្នកគាំទ្រម្នាក់ កញ្ញាឱ្យតម្លៃទៅលើការងារមួយ ដែលប្រកបដោយវិជ្ជាជីវៈ។ លើសពីនេះ កញ្ញាលើកទឹកចិត្តអ្នកទស្សនា មើលភាពយន្តខ្មែរឱ្យបានច្រើនប្រភេទសាច់រឿង ជាជាងផ្ដោតតែមួយមុខ។

ប្រភពពន្តថា៖ «ការដាក់បញ្ចាំង គឺវាជះឥទ្ធិពល អញ្ចឹងខ្ញុំគិតថានៅតែគាំទ្រអ្នកដែលគាត់ធ្វើរឿងដោ​យវិជ្ជាជីវៈ ព្រោះគាត់មិនមែនផលិតឱ្យតែបានទេ ទម្រាំគាត់ធ្វើបានមួយៗ គាត់សិក្សាគ្រប់ជ្រុងជ្រោយ ឆ្លងកាត់អីខ្លះ ហើយបើផលិតមិនគិតគូរទេ វានឹងជះផលអវិជ្ជមានដល់សង្គម ខ្ញុំគិតថា​អ​ញ្ចឹ​ង»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍