បទយកការណ៍៖ កសិករនៅខេត្តកំពង់ចាម ត្អូញ​ត្អែរ​ពី​តម្លៃ​ឆៃថាវ​និង​ឆៃ​ប៉ូវ​ទាប​​ ដែល​​​ធ្វើ​​ឱ្យ​​ពួក​​គេ​ប្រឈម​​​បញ្ហា​​​​បំណុល

ចាប់ពីម៉ោង៤ទាបភ្លឺ រហូតដល់ម៉ោង១០ព្រឹកជារៀងរាល់ថ្ងៃ ប្រជាកសិករជាច្រើនគ្រួសារ រស់នៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម នាំគ្នាមមាញឹកនឹងការដាំដុះដំណាំផ្សេងៗ ដូចជា ត្រសក់ ពោត ស្ពៃ និងបន្លែបង្ការផ្សេងទៀត ដើម្បីរកប្រាក់ចំណូលគ្រាន់នឹងដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈនៅតំបន់តាមបណ្តោយ​ដងទន្លេមេគង្គ មានដីអំណោយផលសម្រាប់ការធ្វើកសិកម្ម។

ក្នុងចំណោមកសិករទាំងនោះ ក៏មានគ្រួសារជាច្រើនក្នុងឃុំនេះ បានចាប់យកការដាំដុះនូវបន្លែមួយប្រភេទ នោះគឺមើម​ឆៃថាវ ដោយកសិករខ្លះបានប្រមូលផលយកឆៃថាវស្រស់ទៅលក់ ខណៈកសិករខ្លះទៀត បាន​កែច្នៃមើមឆៃថាវ ទៅជាឆៃប៉ូវ ទុកសម្រាប់លក់វិញ ព្រោះអាចរក្សាទុកបានយូរជាងផ្លែស្រស់។

ដៃមមាញឹកជម្រះស្មៅតាមរងនៃចម្ការមើម​ឆៃថាវ នៅក្នុងចម្ការរបស់ខ្លួន លោក អៀង សំ ជាកសិកររស់​នៅ​ភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស មានប្រសាសន៍ថា លោកចាប់អាជីពដាំឆៃថាវជាង ១០ឆ្នាំមកហើយ លើដី​ទំហំ​ប្រមាណ ១ហិកតា។ ប៉ុន្តែ​ចាប់​តាំង​ពី​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ-១៩ ក្នុង​ឆ្នាំ​២០២០ រហូតមកដល់​សព្វថ្ងៃ លោកក៏បានសម្រេចកែឆ្នៃមើមឆៃ​​ថាវ​ ធ្វើជាឆៃប៉ូវ​ទុក​សម្រាប់​លក់វិញ​ ព្រោះ​លោក​ថា អាច​​រក្សា​ទុកបានយូរ។

លោកបញ្ជាក់ថា ការដាំឆៃថាវរបស់លោក មិនប្រាដកថាត្រូវធ្វើជាឆៃប៉ូវទាំងអស់នោះទេ ព្រោះឆ្នាំខ្លះ​ ប្រសិន​​បើទីផ្សារលក់​ម៉ើមឆៃថាវ​បានថ្លៃ លោកក៏លក់ជាមើមឆៃថាវ ប្រសិនបើមើមឆៃថាវបានថោក លោកក៏យកធ្វើជាឆៃប៉ូវវិញ​។

លោក អៀន សំ បញ្ជាក់យ៉ាងដូច្នេះ​៖ «ការដាំឆៃថាវនេះ ខ្ចីបុលលុយពីងបងប្អូនខ្លះ និងខ្ចីពីធនាគារខ្លះ ហើយ ជាញឹកញាប់ ក្នុងទំហំជិត១ហិកតា ត្រូវចំណាយអស់ជិត២ពាន់ដុល្លារទាំងថ្លៃពូជ ជី ការភ្ជួរដី និង ថ្លៃជួលកម្មករ ធ្វើស្មៅ ជាដើម»។

កសិករវ័យ ៦៥ឆ្នាំរូបនេះ ឱ្យដឹងទៀតថា ការដាំឆៃថាវនៅតំបន់របស់លោក មានពីរប្រភេទ គឺពូជមានរយៈពេល ៤៥​ថ្ងៃ និង ៦០​ថ្ងៃ ទើបបានប្រមូលផល។ លោក សំ ថា ពូជ ៦០ថ្ងៃ ដាំនៅរដូវប្រាំង ព្រោះវាចាញ់ទឹក និង​ពូជ ៤៥ថ្ងៃ ដាំនៅរដូវវស្សា ដែលប្រភេទដំណាំនេះអាចដុះលូតលាស់ស្ទើរពេញមួយឆ្នាំ។

លោក អៀ សំ បន្ថែមទៀតថា រដូវដាំដុះល្អ គឺនៅរដូវទឹកសម្រកគិត​ចាប់ពីខែតុលា ដល់ខែមករា កាលណាពន្យាដល់ខែកុម្ភៈឬខែ​មិនា តែង​ទទួល​រង​នូវ​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ចង្រៃ។ ទោះជាយ៉ាងណា ការដាំឆៃថាវនេះ ជួប​ផលលំបាកច្រើន ជាពិសេសការទប់ស្កាត់សត្វ​ល្អិត និង​កា​រ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត បើប្រើប្រាស់ពុំប្រុងប្រយ័ត្នខ្ពស់ទេ អាចនឹងធ្វើឱ្យដំណាំទាំងនោះ​ត្រូវងាប់អស់​ក៏មាន។

​អាជីពធ្វើឆៃប៉ូវលក់របស់អ្នកភូមិជាប់ទន្លេមេគង្គ មានស្ទើរតែគ្រប់ផ្ទះ។ អាជីពនេះ បានក្លាយជាមុខរបរចម្បង​​របស់អ្នកភូមិ ព្រោះឆៃប៉ូវ អាចរក្សាទុកបានយូររាប់ឆ្នាំ ហើយអ្នកភូមិតែងប្រមូលលក់ នៅពេលដែលទីផ្សារបានថ្លៃ។

គ្រួសារលោក អៀ សំ ជាញឹកញាប់លក់ឆៃប៉ូវ ឱ្យឈ្មួញក្នុង១ពាង តម្លៃ ៤សែនរៀន ទៅ៥សែនរៀល ប៉ុន្តែសព្វថ្ងៃនេះ ឆៃប៉ូវ ១ពាងមានតម្លៃត្រឹមតែជាង ២សែនរៀន ទៅ៣សែនរៀល។

លោកថា៖ «សូមឱ្យរដ្ឋាភិបាលគាត់ដោះស្រាយរឿងលំនឹងតម្លៃឱ្យនៅថេរ កុំឱ្យឡើងចុះ ឡើងចុះអ៊ីចឹង ងាប់​ប្រជាពលរដ្ឋអស់ហើយ មិនដឹងបានលុយអីសងរដ្ឋ[ធនាគារ]ទេ។ ម្នាក់ៗជំពាក់គេច្រើនណាស់ អ្នកភូមិខ្ញុំរត់ចោលស្រុកច្រើនណាស់ អ្នកដែលជំពាក់លុយរដ្ឋ សុទ្ធតែ២ ទៅ៣ម៉ឺន​ដុល្លារយ៉ាងនេះ»។

ជូតក្បាលនឹងក្រមា ដៃរវល់នឹងការងាររៀបចំពាងដាក់ឆៃថាវ ធ្វើជាឆៃប៉ូវនៅមុខផ្ទះ កសិករម្នាក់ទៀត លោក គឹម សួរ ឱ្យដឹងថា លោក​ដាំឆៃថាវ លើដីទំហំប្រមាណជាង ១ពាន់ម៉ែត្រការ៉េ ដែលជាដីកេរ្តិ៍​សល់ពីឪពុក​ម្ដាយ។ ការដាំឆៃថាវ យកម៉ើម មកធ្វើឆៃប៉ូវ​នេះ លោកត្រូវចំណាយច្រើនទាំងការ​​​ភ្ជូរដី ទិញ​គ្រាប់​ពូជ ជី ថ្នាំ​ការពារសត្វល្អិត និងថ្លៃជួលកម្មករ គឺអស់ជាង១ពាន់ដុល្លារ ហើយលុយទាំងនោះ​ គឺជាលុយខ្លួនឯងខ្លះ និងខ្ចីធនាគារខ្លះ។

ជាធម្មតា​​ ប្រសិនបើទីផ្សារល្អ លោកអាចចំណេញ​បានចន្លោះពី ៥០០​​ទៅ៦០០ដុល្លារ ក្នុងមួយលើក ពេល​ប្រមូលផល​​។​ បើឆ្នាំខ្លះខាត​ ដោយសារតែដំណាំខូច និង​​ទីផ្សារ​ចុះថោ​ក​ផង​នោះ លោក​អាច​បានចំណេញ​ត្រឹម​តែ ២០០ ទៅ​៣០០​ដុល្លារ​​ក្នុងមួយលើក ​ពេលប្រមូលផល។

លោក គឹម សួរ បន្តថា បច្ចុប្បន្ន​មើមឆៃថាវ មានតម្លៃពុំស្ថិតស្ថេរនោះទេ ថ្ងៃខ្លះ​បាន​ ១គីឡូក្រាម ៤០០រៀល ទៅ៦០០រៀល ដែលតម្លៃនេះ ប្រជាកសិករ​ពុំសូវបានចំណេញច្រើននោះទេ។ ចំណែក ឆៃប៉ូវវិញ លោកពុំបានលក់ជាគីឡូនោះទេ គឺជាទូទៅ លោក​ក៏ដូចជាអ្នកភូមិផ្សេងទៀត លក់ជាពាង ដោយក្នុងមួយពាងពី ៤សែនរៀន ទៅ៥សែនរៀល​។ ការ​នេះ លោកថា ឆៃប៉ូវ អាចបានចំណេញច្រើនជាងឆៃថាវ។

លោក គឹម សួរ បារម្ភថា ប្រសិនបើតម្លៃទីផ្សារឆៃថាវ និងឆៃប៉ូវ ពុំមានទីផ្សារច្បាស់លាស់ ដូចសព្វថ្ងៃ កសិករ​​កាន់តែបារម្ភពីជីវភាពខ្វះខាត ព្រោះថា​កសិករទាំងនោះ ភាគច្រើនខ្ចីបុល​ពីធនាគារ​ដើម្បីធ្វើជា​ដើមទុន។ ជាក់ស្ដែង លោកផ្ទាល់​ កំពុងជំពាក់ធនាគារ និងអ្នកភូមិប្រមាណ​​ជិត ១ម៉ឺនដុល្លារ ហើយ​ក្នុងមួយខែលោកត្រូវបង់ការប្រចាំខែប្រមាណពី ១០០ ទៅ២០០ដុល្លារ។ 

គ្រួសាររបស់​លោកដាំដំណាំឆៃថាវ យកធ្វើឆៃប៉ូវលក់ជាច្រើនឆ្នាំហើយ ព្រោះអាជីពនេះ បានជួយឱ្យ​គ្រួសារ​​លោកមានជីវភាពធូរធារ ហើយ​អាចផ្គត់ផ្គង់ឱ្យកូនៗ បានរៀនសូត្រ។ ប៉ុន្តែ លោកថា ជាង២ឆ្នាំមកនេះ ទីផ្សារកសិផលជួនឡើងជួនចុះ ដែលធ្វើឱ្យលោក​ជួប​ការលំបាក ដោយលក់មិនសូវបានចំណេញ។ លោកបន្តថា​ កសិករខ្លះ ដែលខ្ចីបុលប្រាក់គេមកធ្វើ​ដើមទុន បានក្ស័យធនជាបន្តបន្ទាប់ ព្រោះគ្មានលុយសង​គេវិញ ខណៈកសិផលមិនសូវមានទីផ្សារលក់ចេញ។

លោក គឹម សួរ និយាយ​ថា​៖ «បើនិយាយរឿងចំណេញនិយាយទៅយកដើមគេមករកស៊ី ដល់ពេលយើងរក​អត់បាន ដល់ពេលអ៊ីចឹងយើងរកលុយឯណាបង់ និងសងឱ្យគេ។ អ៊ីចឹង​ទាល់​តែទៅ​រក​ការងារ​រោងចក្របាន​អាចរកដោះសង់គេ​​បាន មួយខែបានសងៗ»។

មានសម្បុរស្រគាំ ព្រោះជាអ្នកធ្វើការងារក្រោមកម្ដៅថ្ងៃច្រើន កសិករ​វ័យ៤០ឆ្នាំ​​រូបនេះ សព្វថ្ងៃ​កំពុង​តែប្រមូល​ផល​ឆៃថាវ មកធ្វើជាឆៃប៉ូវលក់ចំនួនប្រមាណ ៥០ពាង ក្រោយពីឆៃថាវលក់បានតម្លៃទាប ដោយ​១គីឡូក្រាមបានត្រឹម ៤០០ ទៅ៥០០រៀល។ លោកបន្តថា តម្លៃនេះ កសិករពុំទទួលបានផលចំណេញនោះទេ ព្រោះការចំណាយអស់ច្រើន លុះ​​ណា​ឆៃថាវ លក់បាន១គីឡូក្រាមចាប់ពី ៨០០ ទៅ៩០០រៀល ទើបអាច​​ចំណេញ។

ទោះជាយ៉ាងណា លោក គឹម សួរ បានបញ្ជាក់ថា​«ខ្ញុំមិនបោះបង់អាជីពនេះទេ ព្រោះវាជាមុខរបរតមកតាំងពីដូនពីតា ដូច្នេះមានតែប្រឹងធ្វើតក់ៗគ្រាន់បានថវិកាខ្លះ។ ខ្ញុំនៅតែរំពឹងថាទីផ្សារកសិផលនឹងល្អប្រសើរ​ឡើងវិញ និងសូមរដ្ឋាភិបាលជួយរកទីផ្សារ»។

រីឯកសិករម្នាក់ទៀត អ្នកកស្រី នី ណាយ ដែលជាអ្នកដាំដំណាំពោត ស្ពៃ និងឆៃថាវជាដើម។ ការដាំដុះក្នុងមួយលើកៗ អ្នកស្រីថា ត្រូវចំណាយលើថ្លៃជី ភ្ជួរដី ធ្វើស្មៅ និងថ្លៃថ្នាំការពារសត្វល្អិត មិនក្រោម ១០០០​ដុល្លារ​នោះទេ នៅលើដីទំហំជិត១ពាន់ម៉ែត្រការ៉េ។ ប៉ុន្តែពេលប្រមូលផលលក់ទីផ្សារថោក ហើយពុំសូវមានឈ្មួញមកទិញ ធ្វើឱ្យលោកស្រីជំពាក់បំណុលគេកាន់តែច្រើន ព្រោះអ្នកស្រីខ្ចីលុយគេយកមកធ្វើកសិកម្ម។

ដូច្នេះអ្នកស្រីសម្រេចចិត្តបោះបង់អាជីពកសិកម្ម ហើយមកធ្វើការងាររោងចក្រវិញ ជាង១ឆ្នាំមកហើយ គ្រាន់បានថវិកាដោះបំណុលគេជារឿយៗ។ យ៉ាងណា អ្នកស្រីថា នឹងមកធ្វើកសិកម្មឡើងវិញ បើទីផ្សារបន្លែ កសិផល បានថ្លៃ និងមានស្ថិរភាព។

អ្នកស្រីថា៖ «ខ្ញុំមិនដែលគិតថាចង់បោះបង់អាជីពធ្វើកសិកម្មនេះទេ ប៉ុន្តែដោយសារតែជំពាក់គេពេក ទើប​សម្រាកធ្វើកសិកម្ម មកធ្វើការរោងចក្រដោះបំណុល។ ប៉ុន្តែបើទីផ្សារកសិផលល្អឡើងវិញ ខ្ញុំនឹងទៅធ្វើដំណាំដូចមុន បានជួបគ្រួសារ និងមើលថែកូននៅផ្ទះ»។

ពាក់ព័ន្ធបញ្ហាខ្វះទីផ្សារ​មកលើកសិផលរបស់កសិករនេះ អភិបាលស្រុកកងមាស លោក ភោគ សាវុធ បាន​លើកឡើងយ៉ាងខ្លីនៅថ្ងៃទី២៤ ខែមិថុនាថា ករណីនេះ អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​តែ​ដោះ​ស្រាយ​ជា​បណ្ដើរៗ​ហើយ។

លោកមានប្រសាសន៍ថា៖ «អារឿងនេះ វាមានគ្រប់តែកន្លែងហ្នឹង អាជ្ញាធរកំពុងតែដោះស្រាយហើយ​តើ»។

អ្នកនាំពាក្យក្រសួងកសិកម្ម លោកឃឹម ហ្វីណង់ ក៏មិនអាចសុំការឆ្លើយតប ជុំវិញរឿងនេះបានដែរ នៅថ្ងៃដដែល​នេះ។

យ៉ាងណា អ្នកនាំពាក្យក្រសួង​កសិកម្ម លោកឃឹម ហ្វីណង់ ធ្លាប់បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេស​​ប៊ុក​របស់លោកកាលពីឆ្នាំ២០២៤​ថា​ ទីផ្សារមានមិនខ្វះនោះទេ សម្រាប់កសិផល តែបញ្ហាគឺនៅត្រង់ការចាប់យកទីផ្សារដែលមាននោះមិនបាន ដោយសារថ្លៃដើមកសិផលខ្ពស់ បរិមាណផ្គត់ផ្គង់មិនមានស្ថិរភាព ដែលនេះ​គឺជាបញ្ហាប្រឈមនៃហានិភ័យទីផ្សារ។ ដូច្នេះ លោកបានជំរុញឱ្យកសិករទាំងនោះ គួរ​តែ​រៀប​​ចំជា​​សហគមន៍ កសិករទំនើប ដែលសហការជាមួយក្រសួងកសិកម្ម​ នោះទើបអាច​ដោះ​ស្រាយ​បញ្ហា​ទីផ្សារ កសិផលបានលឿន។

ដោយឡែក យុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានកំណត់ពី​ការ​​​ប្ដេជ្ញាចិត្តថានឹងលើកកម្ពស់​វិស័យ​កសិកម្ម​ឱ្យល្អប្រសើរឡើង មានការប្រកួតប្រជែងខ្ពស់ មានអ្នកជំនាញកសិកម្ម នៅតាមឃុំ-សង្កាត់ ក្នុងគោលបំណង​ធ្វើ​ឱ្យ​កសិករ​នៅ​តាម​ជនបទ​មាន​ជីវភាព​ធូរធារ។

របាយការណ៍ថ្នាក់ជាតិចុងក្រោយ ស្តីពីលទ្ធផលជំរឿនកសិកម្ម​នៅកម្ពុជា​ ឆ្នាំ២០២៣ បង្ហាញថា ស្ថាន​ភាព​​គ្រួសារប្រកបមុខរបរកសិកម្មនៅកម្ពុជា បានប្រែប្រួលរចនាសម្ព័ន្ធក្នុងវិស័យ​កសិកម្ម មកនៅត្រឹមអត្រា ៥៤,៥ភាគរយ​ប៉ុណ្ណោះ​នៅឆ្នាំ២០២៣ ដែលអត្រានេះបានធ្លាក់ចុះ ២៧,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៣ កម្ពុជាមានគ្រួសារប្រកបមុខរបរកសិកម្មដល់ជិត៨២ភាគរយ។

ទាក់ទិនរឿងនេះ ក្រុមប្រឹក្សាភិបាលរបស់អង្គការសាមគ្គីភាពកសិករកម្ពុជា លោក ឌី គន្ធា សង្កេតឃើញថា បញ្ហាកង្វះទីផ្សារលក់កសិផលនេះ​ មិនពិបាកដោះស្រាយនោះទេ ប្រសិនបើក្រសួងពាក់ព័ន្ធ មាន​ឆន្ទៈនយោបាយ​ពិតប្រាកដ។ លោកថា អាជ្ញាធរពាក់ព័ន្ធ ត្រូវតែរៀបចំទីផ្សារ កសិផលក្នុងស្រុកឱ្យបានទូលំទូលាយ ហើយ​កាត់បន្ថយការនាំចូលកសិផលពីក្រៅ​ប្រទេសឱ្យបានទាបបំផុត។

ទន្ទឹមនឹងនោះ លោកថា រដ្ឋាភិបាល ត្រូវរៀបចំសហគមន៍​​កសិករខ្មែរឱ្យមានស្តង់ដារល្អ និងបើកវគ្គបណ្ដុះបណ្ដាលបន្ថែម​ដល់កសិករ ឱ្យមានជំនាញកសិកម្មពិតប្រាកដ ពេលនោះកសិផលនឹងមានទីផ្សារ ល្អឡើងវិញ ហើយពលរដ្ឋក៏​​មានការងារធ្វើទៀងទាត់ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ដែរ។

លោក ឌី គន្ធា ថ្លែង​ថា​​៖ «កត្តាចម្បង គឺទាក់ទងនឹងឆន្ទៈនយោបាយរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា គឺអត់មានឆន្ទៈ​នយោបាយ។ កត្តាទី២ គឺខ្វះការទទួលខុសត្រូវទៅលើការអភិវឌ្ឍ​ទៅលើវិស័យកសិកម្ម តភ្ជាប់ទៅ​លើ​មុខ​កសិកម្មនីមួយៗ។ ជាតួយ៉ាង ដូចយើងឃើញ​ហើយ កសិផល​បន្លែ​របស់​កសិករខ្មែរស្ទើរតែ​ទូទាំង​ឃុំសង្កាត់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ពួកគាត់តែងតែ​ត្អូញ​ត្អែរ ​ក្រោយប្រមូលផលហើយអត់មានទីផ្សារ»

លើសពីនោះ អ្នកជំនាញផ្នែក​​កសិកម្មរូបនេះ បាន​បង្ហាញក្ដីបារម្ភលើការនាំ​​កសិផល​ចូលពីបរទេសថា អាជ្ញាធ​រ​ខ្មែរ ពុំសូវពិនិត្យពីគុណភាពកសិផលឱ្យបានត្រឹមត្រូវនោះទេ ខណៈដែលកសិផលភាគច្រើន ប្រើថ្នាំគីមីច្រើន ដែលធ្វើឱ្យកសិផលនីមួយៗ​ស្រស់ល្អ ជាងកសិផលរបស់កសិករខ្មែរ ដែល​​​ករណីនេះ វាបង្កផល​ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ។

​​របាយការណ៍ផលិតបន្លែរបស់អ្នកនាំពាក្យក្រសួងកសិកម្ម កាលឆ្នាំ២០២៤ បង្ហាញថា​ កម្ពុជាមានតម្រូវការបន្លែទូទាំងប្រទេសចំនួនប្រមាណ ១,១៥៣,១០៩តោន។ ក្នុងនោះ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ឱ្យទីផ្សារបាន ៩២៨,៧៦តោន​​ ស្មើនឹង៨១ភាគរយ នៃតម្រូវការក្នុងស្រុក​សរុប។ ដោយឡែក បន្លែប្រមាណ២​០​ភាគរយ ដូចជា ​ពពួក​ខ្លឹមបារាំង ខ្លឹមស ខ្លឹមក្រហម ការ៉ុត ដំឡូងបារាំង ស្ពៃបូកគោ ប្រូខូលី ខាត់ណាផ្កា ជាដើម កម្ពុជាបាននាំចូលពី​ប្រទេសថៃ ​វៀតណាម និងចិន​។​

កសិករដូចជា លោក អៀ សំ នៅតែរំពឹងថាទីផ្សារឆៃថាវ និងឆៃប៉ូវ នឹងល្អប្រសើរឡើងវិញ ប្រសិនបើ​រដ្ឋាភិបាល​អាចរៀបចំទីផ្សារក្នុងស្រុកឱ្យបាន​ល្អ ជាពិសេសកាត់បន្ថយ​ការនាំចូលកសិផលពីបរទេសឱ្យបានច្រើនបំផុត។​ ​

លោក អៀ សំ បញ្ជាក់យ៉ាងដូច្នេះ៖ «កន្លងមកនេះ ក្រុមឈ្មួញភាគច្រើន ចូលចិត្តរកស៊ីជាមួយឈ្មួញ​វៀត​ណាម ព្រោះពួកគេយល់ថាងាយស្រួល និងបានចំណេញច្រើនជាងរកស៊ីជាមួយកសិករខ្មែរ ដែលធ្វើឱ្យកសិផលខ្មែរភាគច្រើនមិនសូវមានមកឈ្មួញទិញ ឬបើទិញក្នុងតម្លៃទាប ជាងកសិផលវៀតណាម ដែលធ្វើ​ឱ្យកសិករខាតបង់ពុំសូវបានចំណេញ»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍