ព័ត៌មានស៊ីជម្រៅ៖ អ្នក​ធ្វើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ទាម​ទារ​កំណត់​ប្រាក់​​ឈ្នួល​គោល និង​បញ្ឈប់​ការ​រើស​អើង

បុគ្គលិក​ កម្មករ​ កម្មការិនី​ក្នុង និង​​ក្រៅប្រព័ន្ធ​​ជាង ​១៥០​នាក់​ ដែល​ភាគច្រើន​ជា​ស្ត្រី​មក​ពី​វិស័យ​កម្សាន្ត​ បាន​ប្រមូល​​ផ្តុំ​គ្នា​នៅសណ្ឋាគារមួយ​នៅរាជធានីភ្នំពេញ ​កាល​ពីសប្តាហ៍​មុន​ ដើម្បី​ទាម​ទារមាន​​ការ​ទទួល​ស្គាល់​ ការ​ការ​ពារ​​ ​និង​​ផ្តល់​​ប្រាក់​ឈ្នួល​គោល​សមរម្យ​ ដោយ​អះអាងថា ពួកគេ​ប្រឈម​នឹង​ការ​រើស​អើង​ ការរំលោភ​​បំពាន​ ​និង​​ការ​​បដិសេធមិន​ផ្តល់​​អត្ថប្រយោជន៍​ផ្សេងទៀត ​ដែល​កំណត់​ដោយ​ច្បាប់​ការ​ងារយូរមក​ហើយ​។​​

នៅ​ក្នុង​វេទិកាកម្មករ ស្តីពីសំឡេង​រួមគ្នា​ ដើម្បីយុត្តិធម៌សេដ្ឋកិច្ច សម្រាប់កម្មករ-កម្មការិនី ក្នុង និងក្រៅប្រព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ អ្នក​ចូល​រួម ​ដែល​បម្រើ​ការ​នៅ​តាម​ហាង​ខារ៉ាអូខេ បៀរហ្គាឌិន និង​សេវាកម្ម​ផ្សេងៗទៀត​ បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ដែល​ពួកគេ​បាន​ជួប​ប្រទះ​នៅ​ក្នុង​ការ​បំពេញ​ការ​ងារ ខណៈ​បំពេញ​ការ​ងារ​ដោយ​គ្មាន​កិច្ច​សន្យា​ ប្រាក់​ខែ​គោល និង​ការ​ទទួល​បាន​សេវាគាំពារ​សុខភាព​និង​ការ​ការពារ​ផ្នែក​ច្បាប់​ ដោយ​ពួកគេ​បាន​សំណូម​ពរ​​ឱ្យ​រដ្ឋាភិបាលនិង​ភាគី​ពាក់​ព័ន្ធ​​ផ្តល់​ប្រាក់​ឈ្នោល​គោល​សមរម្យ​ដល់​កម្ម​ករកម្មការិនីក្រៅប្រព័ន្ធ​ និង​ធានា​ឱ្យ​មាន​ការ​ប្រព្រឹត្ត​ស្មើ​ភាព​នៅក្រោម​ច្បាប់​ការ​ងារ​របស់​​កម្ពុជា​។​

​ដៃម្ខាងកំពុង​​កាន់​ម៉ៃក្រូហ្វូន ថ្លែងនៅក្នុង​អង្គ​ពិធី​នេះ​ អ្នកស្រី រ៉ន រចនា​ ដែលបានបញ្ចប់ការសិក្សា ត្រឹមថ្នាក់ទី ៦ និង​បច្ចុប្បន្ននេះជាអ្នកប្រកបរបរផ្លូវភេទឯករាជ្យ ​​​មើលឃើញ​ថា បញ្ហាដែលអ្នកបម្រើការងារនៅក្នុងវិស័យសេវាកម្សាន្តនៅតែបន្តទទួលរងការរើសអើង ប្រាក់ខែមិនសមរម្យ ការកេងប្រវ័ញ្ចជាដើម។​

អ្នកស្រីរៀបរាប់ថា៖ « ពួកយើងអ្នកធ្វើការងារនៅសេវាកម្សាន្តនៅបន្តធ្វើការងារដោយការកេងប្រវ័ញ្ច​ពី​ម្ចាស់​ហាង ទោះបីជាដឹងថា មានការកេងប្រវ័ញ្ច ដោយសារត្រូវរាប់រងជីវភាពគ្រួសារ និងបំណុល​ ហើយពួកយើងក៏ចង់បានប្រាក់ខែដូចគេដែរ ប៉ុន្តែបញ្ហាទាំងអស់ហ្នឹង [ការកេងប្រវ័ញ្ចនៅកន្លែងការងារ] មិនមាន​អ្នកដោះស្រាយ ទើបយើងសម្រេចចិត្តចល័តពីហាងមួយទៅហាងមួយ » ។

អ្នកស្រី រចនា បានឱ្យដឹងបន្តទៀតថា ការងារនៅក្នុងវិស័យសេវាកម្សាន្តនេះ នៅតែបន្តគ្មានកិច្ចសន្យាការងារច្បាស់លាស់ មិនមានការកំណត់ប្រាក់ឈ្នួលគោល ព្រមទាំងមានការកេងប្រវ័ញ្ចនៅកន្លែងការងារជាដើម។ អ្នកស្រីក៏ស្នើឱ្យរដ្ឋាភិបាលធ្វើការកំណត់ប្រាក់ឈ្នួលច្បាស់លាស់សម្រាប់អ្នកធ្វើការនៅសេវាកម្សាន្តផងដែរ​។​

អ្នកស្រីមានប្រសាសន៍ថា៖ « ការងាររបស់ពួកយើងគឺនៅតែបន្តគ្មានកិច្ចសន្យាការងារ ការសម្រេចផ្សេងៗ គឺអាស្រ័យលើមាត់ថៅកែ​ ការធ្វើការទទួលបានប្រាក់ខែទាប ឬមិនទទួលបានប្រាក់ខែទេ ឱ្យពួកយើងស៊ីបុង ឬលុយធីប ហើយកាត់ប្រាក់ខែតាមទំនើងចិត្តថៅកែហាង ឆ្នាំនេះប្រាក់ខែរបស់កម្មករគឺ ២០៨ ដុល្លារ តែពួកខ្ញុំបានតែ 40$ 80$ 120$ អីអស់ហើយ ហើយតិចមែនទែន ហើយទទួលបានការកេញប្រវ័ញ្ចផ្សេងៗ ហើយទទួលខុសត្រូវសម្ភារៈនៅក្នុងហាង ដូចជាភ្ញៀវធ្វើបែក កែវ ចាន ជាដើម គឺពួកខ្ញុំជាអ្នកចេញសង » ។

ចំណែកឯ អ្នកស្រី សុខ ស្រីលាប ជាបុគ្គលិក នៃអង្គការបណ្តាញស្ត្រីរួបរួមគ្នា និងជាអ្នកប្រកបរបរផ្លូវភេទបានលើកឡើងថា ការងារនៅក្នុងអាជីពនេះ នៅតែបន្តនៅការរើសអើងដោយសារផ្នត់គំនិតសង្គមមិនទាន់បើកទូលំទូលាយទទួលស្គាល់ពួកគេ។

អ្នកស្រីថ្លែងថា៖ « បញ្ហាពួកយើងបន្តការរើសអើងការមាក់ងាយពីផ្នត់គំនិតសង្គម នៅតែបន្តរើសអើងលើការងារនេះ បើយល់ថា នេះជាការងារហេតុអ្វីបន្តរើសអើងពួកយើង? »។

អ្នកស្រីទាមទារឱ្យមានលក្ខខណ្ឌការងារច្បាស់លាស់ និងការកំណត់ប្រាក់ឈ្នួលគោលលើបុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យសេវាកម្សាន្ត ព្រមទាំងស្នើឱ្យសង្គមបញ្ឈប់ការរើសអើងលើអ្នកប្រកបរបរផ្លូវភេទ​។​

អ្នកស្រីមានប្រសាសន៍ថា៖ « យើងនៅតែមិនទាន់ទទួលបានកិច្ចសន្យាការងារ ហើយលក្ខខណ្ឌការងាររបស់យើងគឺអត់មាន ហើយប្រាក់ខែរបស់យើង គឹអត់សមស្របតាមក្រសួងការងារ ហើយបញ្ហារបស់យើងគឺនៅតែបន្តជួបការកាត់ប្រាក់ខែតាមទំនើងចិត្តរបស់ថៅកែ ការបង្ខំឱ្យផឹកស្រា ការរលូតកូនដោយមិនមានវិជ្ជាជីវៈ ដោយធ្វើតាមថៅកែ នៅពេលដែលស្ងាត់ភ្ញៀវនៅក្នុងហាង ថៅកែឱ្យស្ត្រីពិនិត្យទឹកនោម ហើយធ្វើការរលូតកូនភ្លាមៗ បើសិនជាចង់រក្សាការងារនេះ បើយើងជ្រើសរើសកូនយើងអត់អាចធ្វើការងារនៅហ្នឹង​ទេ ប៉ុន្តែដើម្បីក្រពះ គឺគាត់បង្ខំចិត្តរលូតដោយអត់សុវត្ថិភាព »​ ។

យោងតាមដំណើរការនៃការប្រមូលលទ្ធផលព័ត៌មាន របស់អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា ធ្វើឡើងនៅចំនួន ៨០ គ្រឹះស្ថានសេវាកម្សាន្តដែលមានដូចជា ភោជនីយដ្ឋាន ខារ៉ាអូខេ ស្រាក្រឡុក បៀរហ្គាឌិន និងក្លិបជាដើម ដោយធ្វើនៅរាជធានីភ្នំពេញ​ ខេត្តកណ្តាល សៀមរាប និងបន្ទាយមានជ័យ ក្នុងរយៈពេល ២ខែ​ ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ​២០២៥ បានរកឃើញថា ក្នុងចំណោមគ្រឹះស្ថានសេវាកម្សាន្តចំនួន ៨០ ដែលមានបុគ្គលិកសរុបចំនួន ២៣២៧នាក់ មានបុគ្គលិកចំនួន ៤៤៥ នាក់ មិនទទួលបានប្រាក់ខែ ដែលស្មើនឹងជិត ២០ % នៃបុគ្គលិក ដែលបានធ្វើការប្រមូលទិន្នន័យ។

ទន្ទឹមនឹងនេះ មានហាងចំនួន ៣ ប៉ុណ្ណោះដែលបានផ្តល់ប័ណ្ណ ប.ស.ស ដល់ បុគ្គលិក ដែលស្មើនឹង៤ភាគរយ (៤៦នាក់) នៃចំនួនគ្រឹះស្ថានសរុបដែលបានចុះប្រមូលព័ត៌មាន។ ៩៦% ឬស្មើនឹង ១៨៣៦នាក់ នៅមិនទាន់ទទួលបានបណ្ណ ប.ស.ស និងអត្ថប្រយោជន៍ផ្សេងៗពីច្បាប់។

​អ្នកស្រី សេន ចន្ធូ ប្រធានស្តីទី នៃអង្គការបណ្តាញការងារស្ត្រីរួបរួមគ្នាលើកឡើងថា កម្ពុជានៅតែបន្តអនុវត្តផ្នត់គំនិតដែលដាក់គំនាបទៅលើស្ត្រី ដែលផ្នត់គំនិតទាំងអស់នេះ បានប៉ះពាល់ទៅដល់ស្ត្រីជាពិសេសអ្នកប្រកបរបរផ្លូវភេទ ហើយស្រ្តីប្រកបរបរផ្លូវភេទនៅតែរងការធ្វើទុកបុកម្នេញពីសង្គម ទោះបីមុខរបរនេះត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាសិទ្ធិសេរីភាពរបស់អ្នកដែលស្ម័គ្រចិត្តប្រកបរបរនេះក្តី។

អ្នកស្រីថ្លែងថា៖ « សង្គមយល់ថា ការងារនេះជាការងារមិនល្អ ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រី ប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណី ចាត់ទុកថា ការងារនេះ​មិនមានតម្លៃ ហើយជាស្ត្រីមិនល្អជាដើម ដែលផ្នត់គំនិតទាំងអស់នេះ ទើបធ្វើឱ្យមិនទទួលស្គាល់ការងារនេះ ដែលធ្វើឱ្យមានការរើសអើង ការមើលងាយ ការផាត់ចេញពីការងារសង្គមជាដើម »។​

អ្នកស្រីស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការដាក់ជាបទព្រហ្មទណ្ឌលើការងារប្រកបរបរផ្លូវភេទ និងផ្តល់ការការពារពេញលេញពីច្បាប់ និងចូលរួមបង្កើនការយល់ដឹងអំពីសិទ្ធិអ្នកប្រកបរបរផ្លូវភេទ ដើម្បីកាត់បន្ថយ ឬលុបបំបាត់ការរើសអើងមើលងាយលើអ្នកប្រកបរបរផ្លូវភេទស្របតាមគោលការណ៍មិនទុកនរណាម្នាក់ចោល។​​​

ឆ្លើយតបទៅនឹងការលើកឡើងពីអ្នកធ្វើការនៅសេវាកម្សាន្ត លោក ទេស មូនី អនុប្រធាននាយកដ្ឋានអធិការកិច្ចការងារ នៃក្រសួងការងារក្រសួងការងារ បានថ្លែងនៅក្នុងវេទិកាថា ចំពោះការកំណត់ប្រាក់ឈ្នួលគោលនេះ គឺក្រសួងកំពុងតែគិតគូរលើការងារនេះ​ ដោយក្រសួងនឹងធ្វើការកំណត់ប្រាក់ឈ្នួលម្តងមួយវិស័យ។

លោកថ្លែងថា៖ « បើសួរថា អ្នកធ្វើការនៅសេវាកម្សាន្តសួរថា ការងារឬអត់ គឺការងារ ហើយសួរថា បើការងារហេតុអ្វីមិនកំណត់ប្រាក់ឈ្នួលអប្បបរមា ខ្ញុំលើកហើយថា មកទល់ពេលនេះ ទើបតែបានកំណត់វិស័យកាត់ដេរ និងសម្លៀកបំពាក់ និងដេរស្បែកជើងទេ ចំពោះវិស័យផ្សេង ក្រសួងបានកំពុងសិក្សាហើយ » ។

មិនខុសពីតំណាងក្រសួងការងារនោះទេ លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើងថា ​រដ្ឋាភិបាលមិនមានគោលនយោបាយណាមួយរើសអើងអ្នកដែលធ្វើការនៅក្នុងវិស័យសេវាកម្សាន្តនោះទេ។

លោកថ្លែងថា៖ « រាជរដ្ឋាភិបាលអត់មានគោលនយោបាយណាមួយរើសអើងបងប្អូន [អ្នកប្រកបរបរនៅសេវាកម្សាន្ត] ទេ ខ្ញុំផ្ទាល់ ខ្ញុំតែងតែបានចុះទៅតាមអាជីវកម្ម គ្រាន់តែវាមិនគ្រប់ទេ រាប់ម៉ឺនអាជីវកម្ម ហើយរាជរដ្ឋាភិបាលមិនមានគោលនយោបាយទុកនរណាម្នាក់ឱ្យឯកោទេ»។

យោងតាមទិន្នន័យរបស់អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា បានឱ្យដឹងថា ចាប់ពីឆ្នាំ​ ២០២០ ដល់ខែមិថុនា ឆ្នាំ​២០២៥ មានការចាប់ខ្លួន និងប្រើប្រាស់ហិង្សាលើអ្នកប្រកបរបរផ្លូវភេទចំនួន ៥៧៥ ករណី។ កាលពីឆ្នាំ២០១៧ មានអ្នកប្រកបរបរផ្លូវភេទម្នាក់បានស្លាប់ដោយ​សារ​លក់​ទឹក​ទន្លេ​ បន្ទាប់ពីបានព្យាយាមរត់គេចពីការចាប់ខ្លួនពីសន្តិសុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ងាកមកអ្នកស្រី រចនា វិញ អ្នកស្រីស្នើឱ្យភាគីពាក់ព័ន្ធ យកចិត្តទុកដាក់លើពួកគាត់​ និងស្នើឱ្យសង្គម បញ្ឈប់ការរើសអើងលើអ្នក​ប្រកប​របរ​​ផ្លូវភេទ។

អ្នកស្រីថ្លែងថា៖ « ខ្ញុំគិតថាការងារនេះ ដូចជាការងារទូទៅអីចឹង ហេតុអ្វីបានជាពួកខ្ញុំមិនទទួលបានដូចគេ ហេតុអ្វីបានជាពួកខ្ញុំត្រូវបានគេរើសអើង ខ្ញុំសូមស្នើសុំឱ្យបងប្អូនទាំងអស់គ្នាកុំរើសអើងពួកខ្ញុំអី ពី​ព្រោះ​ពួកខ្ញុំក៏ជាអ្នកប្រកបការងារទូទៅដូចអ្នកទាំងអស់គ្នាដែរ ហេតុអ្វីបានជាត្រូវរើសអើងការងារពួកខ្ញុំ ហើយមិនបានទៅលួចឆក់គេទេ ឬកេងប្រវ័ញ្ចអ្នកណាទេ ហេតុអ្វីបានជាអ្នកទាំងអស់គ្នាមើលងាយពួកខ្ញុំ ពួកយើងចង់មានសិទ្ធិ ពួកយើងចង់បានសិទ្ធិសេរីភាព ហើយនឹងការយកចិត្តទុកដាក់ពីក្រសួង និងអ្នកពាក់ព័ន្ធ ​»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍